ការ​តស៊ូរ​បស់​អ្នកស្រី​ ​សែម សុខគា មាន​ពន្លឺ​យុត្តិ​ធម៌​ក្រោម​​ភ្លើង​​ខៀវ​​លោក ហ៊ុន ម៉ាណែត

អ្នកស្រី សែម សុខ​គា ជា​​ជន​រង​គ្រោះ​ក្នុង​​រឿង​ដី​ធ្លី​នៅ​តំបន់​​អន្ទង់​អាំង ខេត្ត​ពោធិ៍​សាត់ នឹង​​ជួប​​ជាមួយ​​ក្រសួង​​យុត្តិ​ធម៌ និង​​អាជ្ញាធរ​ពាក់​ព័ន្ធ នៅ​ព្រឹក​​​ថ្ងៃ​អង្គារ​ស្អែក​​នេះ ដើម្បី​រក​​ដំណោះ​ស្រាយ​ ក្រោយ​​កា​រ​អំពាវនាវ​​របស់​​​​នាយក​រដ្ឋ​មន្ត្រី។

ក្នុ​ងពិធីសម្ពោធផ្លូវ​ជាតិ​លេខ​១០ នៅ​ខេត្ត​ពោធិ៍សាត់ កាលពីថ្ងៃទី​០១ ខែតុលា លោក​​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត ​បានអំពាវនាវ​ឱ្យ​អ្នកស្រី សែម សុខគា ចេញមុខ​​មក​រក​ដំណោះ​ស្រាយ​ដោយ​សន្តិ​វិធី និង​គ្មានកា​រ​ចាប់​ខ្លួន ​​ជាមួយ​ក្រសួងយុត្តិធម៌​​ និង​អាជ្ញាធរពាក់ព័ន្ធ ដោយ​លោក​ថា កន្លងមក មន្ត្រី​ក្រសួង​​​​យុត្តិ​ធម៌​​បាន​អញ្ជើញ​អ្នកស្រីមក​រកដំណោះស្រាយ​ជាច្រើនលើកហើយ តែស្ត្រីរូបនេះមិន​សហការ។

ជាមួយគ្នានេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ដែលនៅសេសសល់ មិន​ទាន់ទទួលយកគោលនយោបាយ​របស់រដ្ឋាភិបាល ផ្តល់កា​រយោគយល់ និង​ចូលរួមសហការរកដំណោះស្រាយ​ទាំង​អស់​គ្នា ខណៈលោកអះអាងថា រដ្ឋ​មិន​យកដីរបស់​ប្រជាពលរដ្ឋ​នៅតំបន់​នោះ ទៅឱ្យ​ឯកជន​ធ្វើការ​អភិវឌ្ឍ​នោះទេ ដោយរក្សា​ដី​​​ប្រវែង​ ៤គីឡូម៉ែត្រ​ នៅតំបន់អន្ទង់អាំងនោះ ជា​ដីទេសភាពធម្មជាតិ ជាកន្លែង​​រួម​សម្រាប់​បម្រើ​ផល​ប្រយោជន៍​​សាធារណៈ។

ជុំវិញ​ករណីនេះ អ្នកស្រី សែម សុខា រស់នៅតំបន់អន្ទង់អាំង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្ត​ពោធិ៍សាត់ បានឱ្យ​ដឹង​នៅថ្ងៃទី​០៥ ខែតុលា ឆ្នាំ​២០២៦នេះថា អ្នកស្រី នឹង​ទៅជួបជាមួយខាង​​ក្រសួ​ងយុត្តិធម៌ ដើម្បី​រកដំណោះស្រាយ​រឿងបញ្ហាដីធ្លី នៅម៉ោង ១០ព្រឹក ថ្ងៃទី០៦ខែ​តុលា ស្អែកនេះ នៅ​ខេត្ត​ពោធិ៍សាត់ ​ក្រោយ​​មានភ្លើង​ខៀវពី​នាយក​រដ្ឋមន្ត្រី។

អ្នកស្រីបន្តថា កន្លងមក ​អាជ្ញាធរ​ខេត្តប្រាប់ថាពលរដ្ឋ និងអ្នកស្រីថា ដីដែលពួកគាត់​រស់នៅ​ និ​ងអាស្រ័យ​ផល ​​ស្ថិត​ក្នុង​តំបន់​អន្ទង់អាំង​ ដែលជាតំបន់អភិរក្ស ខណៈដែល​អ្នកស្រីអះអាង​ថា ដីអ្នកស្រីនៅក្រៅតំបន់​អន្ទង់អាំង ទើបមាន​ការ​តវ៉ា​ទាមទារ​រក​យុត្តិធម៌មក​ដល់​សព្វថ្ងៃ។ តែយ៉ាងណា អ្នកស្រីថា នៅពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់​ថា នឹង​យក​ដីនៅផ្លូវ​អន្ទង់អាំងប្រវែង ៤គីឡូម៉ែត្រ ជា​ដីសាធារណៈរបស់រដ្ឋ និងបម្រើ​ផល​​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​នោះ អ្នកស្រី​ក៏បាន​ឯក​ភាព ដោយ​សង្ឃឹមថា អាជ្ញាធរ​នឹង​រក​ដំណោះស្រាយ​​សមស្រប​សម្រាប់គាត់ ខណៈដែល​គាត់​បានខ្ចីលុយ​ធនាគារ ដើម្បី​ទិញដីនៅតំបន់នោះ។ ​

អ្នកស្រី សែម សុខគា និយាយថា៖ «ដល់ថ្ងៃនេះ គឺនាយករដ្ឋមន្ត្រី​និយាយច្បាស់​លាស់​ហើយ ថា​យកទុ​ក​ជា​សម្បត្តិ​រដ្ឋ សម្រាប់ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ខ្មែរ ចឹង​ខ្ញុំអត់ប្រឆាំង​ទេ ខ្ញុំសុំ​ថា មានការ​ដោះដូរដោយ​យ​​សម​ស្រប​ណាមួយ​ដែល​​ខ្ញុំអាចទទួល​យក​បាន​ ខ្ញុំប្រគល់ដីនេះជូនរដ្ឋ[…]ខ្ញុំកន្លងមក ខ្ញុំ​​អត់បានដឹង​ថា​ ដី​នេះត្រូវ​យក​ទៅជា​សម្បត្តិរដ្ឋ ខ្ញុំគិតថា ជា​សម្បត្តិរបស់​​ក្រុមហ៊ុន​ឬរបស់ឯកជន​ណា​ម្នាក់ ដល់អីចឹង​ខ្ញុំមានការ​តវ៉ា សូមកុំឱ្យខ្ញុំមានទោស​ពៃអី ហើយនិង​​សុំឱ្យខ្ញុំ ថ្ងៃអង្គារ​​​ ទៅដោះស្រាយ​​ដោយ​មិនមានសម្ពាធ ឬមួយក៏ដោះស្រាយ​ដោយសន្តិវិធី»។

ស្ត្រី​រូប​នេះ ក៏​បានអះអាងជាថ្មីដែរ​ថា អ្នកស្រីបានទិញដីតពីគេ​​ទំហំ១ហិកតា ដោយមានប្លង់រឹង​ និ​ងដី២ហិកតាទៀត មានលិខិត​​ទិញ​លក់​ ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន កាលពីឆ្នាំ២០១៤ ​ប៉ុន្តែ​បែរ​ជា​អាជ្ញាធរ​ថា​ជាដីតំបន់ការ​ពារ​ទៅ​វិញ និ​ង​បាន​ប្តឹង​​អ្នកស្រីទៅតុលាការ​​ ពីបទ រុករាន​ដីព្រៃតំបន់ការ​ពារថែមទៀត។

អ្នកស្រី សុខគា បានក៏អំពាវនាវ​ទៅកាន់ក្រសួង​យុត្តិធម៌ដែរថា៖ «ខ្ញុំចង់បាន​ឱ្យ​ខាង​ក្រសួង​យុត្តិធម៌​ ជួយ​រក​យុត្តិធម៌​​ដល់​រូប​នាង​ខ្ញុំ ដែលខ្ញុំអត់បានប្រព្រឹត្ត​ក្នុងកា​រកាប់​ទន្ទ្រាន​រានព្រៃ ដូចការ​ចោទ​របស់តុលាការ​ទេ សុំឱ្យមានការ​លើក​លែង​ទោស សូមកុំឱ្យមានការ​អូស​ដំណើរនឹងរឿង​​​បទ​ព្រហ្មទណ្ឌ ពីការ​កាប់​ទន្ទ្រាន​ព្រៃ​អី ព្រោះ​ខ្ញុំអត់បានប្រព្រឹត្ត​​ទេ ឯកសារ​ខ្ញុំមាន​នូវ​ការ​លក់ទិញ​ពិតប្រាកដ​មែន»។

វីអូឌី មិនអាចសុំការ​បញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បាន​ទេ នៅរសៀល​ថ្ងៃចន្ទនេះ។

យ៉ាងណា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងកាលពីថ្ងៃទី០១ខែតុលាថា៖ «​ប្អូនស្រី[អ្នកស្រី សែម សុខគា]​ដែលបីកូន​ហើយ ទៅ​ថា រដ្ឋបាល​នេះ​អាក្រក់ណាស់ យាប់​ជាង​អាពត​ទៀតស្អី​ទៀត សូម​ចេញមក​! យើងមិនចាប់​ មិន​យក​អូស​ដំណើរទេ ដោះស្រាយ​គោល​ការណ៍ឱ្យ​ជូន​​បាន តែ​និយាយ​គ្នា​ឱ្យ​ច្បាស់​តើចង់បានស្អី?[…] ខ្ញុំអំពាវនាវ​ឱ្យ​ប្អូនស្រី​ចេញមក ជួបជាមួយក្រុមការ​ងារ​ទៅ យើង​ដោះស្រាយ វាគ្មាន​រឿង​អីទៅ​ធ្វើបាប​គាត់ទេ បើថា​ឥឡូវ​គាត់​ចង់បាន​ដី ឥឡូវ​ដីគាត់​នៅ​ណាឱ្យពិតប្រាកដ ចង់បានដីយ៉ាងម៉េច ដោះស្រាយ​យ៉ាងម៉េចមក​និយាយគ្នាទៅ»។

ជុំវិញ​បញ្ហាដីធ្លីនេះ ​កាលពីអំឡុង​ពាក់កណ្តាល​មីនា ឆ្នាំ​២០២៥ អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ បានដាក់កម្លាំងចុះ​​​​​​រុះ​រើ​​ផ្ទះ​ប្រជា​ពលរដ្ឋ​​​​​ជាង ២០គ្រួសារ ឱ្យ​រាបដល់ដី នៅចំណុច​តំបន់​អន្ទង់អាំង ឬភ្នំ១៥០០ ក្នុង​​ឃុំ​អន្លង់​រាប ក្នុង​ស្រុកវាល​​​វែង ដោយ​​​អាជ្ញាធរ​ចោទថាពលរដ្ឋ​ទាំងនោះថា ​រស់នៅ​ខុស​ច្បាប់​​​លើ​ដី​តំបន់​ការ​ពារ​បៃតង ខណៈ​ពលរដ្ឋ​មួយ​ចំនួន​រង​ការ​ចោទប្រកាន់ថា ​បានទៅរុករានដីព្រៃ​​តំបន់ការ​ពារ​ដោយ​​ខុស​ច្បាប់​។ មកដល់ពេលនេះ ប្រជា​ពលរដ្ឋ​ដែលរ​ង​ការ​បណ្តេញ​ចេញ មានអ្នកខ្លះបាន​រត់​ភៀស​​​ខ្លួន​ទៅកាន់តំបន់ផ្សេង និងខ្លះទៀត​កំពុង​​ប្រឈមមុខនឹង​ការ​ចោទប្រកាន់​​​តាម​​​ប្រព័ន្ធ​តុលាការ ខណៈពលរដ្ឋមួយចំនួន​តូច បាន​ទៅរស់នៅតំបន់ថ្មី ដែល​អាជ្ញាធរ​បានរៀបចំ​ឱ្យ នៅ​ឃុំប្រមោយ​ ស្រុកវាលវែង ដែលសង្គមស៊ីវិល​អះអាងថា មិនទាន់មានការ​រៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មុនពេល​ជម្លៀស​ពលរដ្ឋ​ចេញ។ ​

នាយកគ្រប់គ្រ​ងទូទៅនៃអង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍ថា ជាទូទៅ នៅពេល​ដែលមាន​​បញ្ហា​វិវាទដីធ្លី គឺត្រូវ​តែ​មានដំណោះស្រាយរួម​​​ណាមួយ តាមរយៈការ​ជជែកគ្នាដោយ​សន្តិវិធី ដើម្បី​ផ្តល់​នូវ​ភាព​យុត្តិ​ធម៌ដល់ភាគីពាក់ព័ន្ធ ជាពិសេស​ពលរដ្ឋ​ដែលរង​​ផល​ប៉ះពាល់​ពិតប្រាកដ។

លោកថា៖ «ចឹង​សង្ឃឹមថា ករណីដីធ្លីរបស់អ្នកស្រី សែម សុខគា ក៏ដូចជា​ពលរដ្ឋ​ផ្សេង​ទៀតនៅក្នុង​តំបន់ហ្នឹង នឹង​មានដំណោះស្រាយ​មួយ​ ដែលអាចទទួលយកបាន​ទាំង​អស់គ្នា ពីសំណាក់អាជ្ញាធរ និងស្ថាប័ន​ដែលពាក់ព័ន្ធ ទៅតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី»។

បើតាម​លោក សំអាត អ្នកស្រី សែម សុខគា នៅព្រឹកថ្ងៃអង្គារ​នេះ អ្នកស្រី សែម សុខគា បាន​ទៅ​ការិយា​ល័យ​​​អង្គ​ការ​​លីកាដូ ដើម្បី​សុំពិគ្រោះយោបល់​​​ពាក់ព័ន្ធនឹង​បញ្ហា​សិទ្ធិ និង​ផ្លូវ​ច្បាប់ ពាក់ព័ន្ធនឹង​រឿង​ជម្លោះដីធ្លី​របស់អ្នកស្រី នៅ​ខេត្ត​ពោធិ៍​សាត់​នេះ ព្រមទាំងសុំឱ្យ​ក្រុមគ្រូព្រទ្យអង្គការ​លីកា​ដូជួយពិនិត្យ​បញ្ហា​សុខ​ភាព​របស់អ្នកស្រីផងដែរ។​

កាលពីឆ្នាំ​១៩៩២ រដ្ឋាភិបាល​កម្ពុជា បាន​ផ្តល់សច្ចាប័ន​​ជាមួយអង្គ​ការសហ​ប្រជាជាតិ​ ​លើកតិការ​​​សញ្ញា​​អន្តរជាតិ ស្តី​ពី​​​​សិទ្ធិ​​​សេដ្ឋកចិ្ច សង្គម​កិច្ច និង​វប្បធម៌ ដែល​រាប់បញ្ជូលទាំងសិទ្ធិលំនៅដ្ឋានសមរម្យ និងការ​​ធានាសិទ្ធិ​រស់រាន​មាន​ជីវិត។

បើតាមចំនុច៦ នៃកតិការសញ្ញាអន្តរជាតិ ការបណ្តេញចេញដោយបំពាន គឺជាការរំលោភបំពាន​ដ៏កម្រោល លើសិទ្ធិមនុស្ស​ជាច្រើន ដែល​បានទទួលស្គាល់ជាអន្តរជាតិ រួមទាំងសិទ្ធិមាន​ផ្ទះសម្បែង អាហារ ទឹក សុខភាព ការអប់រំ ការ​ងារ សន្តិសុខ សេរីភាពចាកផុតពីការប្រព្រឹត្តឃោឃៅ អមនុស្សធម៌។

លើសពីនេះ មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញកម្ពុជា ចែងថា «សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទ​ទួ​លការពិនិត្យ និង​ដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ