កម្ពុជា​នឹង​បន្ត​រង​ឥទ្ធិពល​ព្យុះ​សង្ឃរា​​​ពី​​សមុទ្រ​​ចិន​​ខាង​ត្បូង​​រយៈ​ពេល​​៥​ថ្ងៃ​

រូបថត៖ ហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម

ក្រសួង​​ធន​ធាន​​ទឹក​ និង​​ឧតុ​និយម​ ឱ្យ​​ប្រុង​ប្រយ័ត្ន​​ខ្ពស់​​ពី​​ស្ថាន​ភាព​​អាកាស​ធាតុ​​ ដែល​​បង្ក​ឡើង​​ពី​​ឥទ្ធិ​ពល​​ព្យុះ​​សង្ឃរា​ បក់​​មក​ពី​​សមុទ្រ​​ចិន​​ខាង​ត្បូង​​បន្ត​ទៀត​ ដែល​​បង្ក​ឱ្យ​​បាតុភូត​​​ភ្លៀង​ ផ្គរ​​រន្ទះ​ និង​​ខ្យល់​​កន្ត្រាក់​​ មាន​​​រយៈ​ពេល​​៥​ថ្ងៃ​។​

​បើ​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ ចុះ​ថ្ងៃទី​​០៦​ ខែ​តុលា​ ឆ្នាំ​២០២៦​ ស្តីពី​ស្ថានភាព​ព្យុះ​សង្ឃរា​​ទី​២៨​ ឈ្មោះ​ ណូឡូ​ (Nolo)​ T2628​ និង​ព្យុះ​ទី​២៩​ ឈ្មោះ​ កូហ្គូម៉ា​ (Koguma)​ T2629​ រួម​ជាមួយ​​នឹង​ព្យុះ​ទី​២៧​ ឈ្មោះ​ ឆយវ៉ាន​ (Choi-Wan)​ T2627​ ផង​ដែរ​។​

​ក្រសួង​បន្ត​ថា​ ស្ថានភាព​បែបនេះ​នឹង​​ធ្វើឱ្យ​ធាតុអាកាស​ គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​ប្រមាណ​​ជា​៥​ថ្ងៃ​ ចាប់ពី​ថ្ងៃទី​០៦​ ដល់​ ថ្ងៃទី​១០​ ខែ​តុលា​នេះ​ មាន​ឥទ្ធិពល​លើ​តំបន់​វាលទំនាប​ តំបន់​ខ្ពង់រាប​ និង​តំបន់​មាត់សមុទ្រ​​ក្នុង​ប្រទេស​កម្ពុជា​។​

​បើ​តាម​ប្រភព​ខាងលើ​ តំបន់​វាលទំនាប​ មាន​​ខេត្ត​​​បន្ទាយមានជ័យ​ បាត់ដំបង​ ពោធិ៍សាត់​ កំពង់ឆ្នាំង​ សៀម​​រាប​ កំពង់​ធំ​ កំពង់ចាម​ ត្បូងឃ្មុំ​ ព្រៃវែង​ កណ្តាល​ តាកែវ​ ស្វាយរៀង​​ និង​រាជធានី​ភ្នំពេញ​ អាច​មាន​ភ្លៀងធ្លាក់​​ជាមួយ​ខ្យល់​​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​ ៥០%​។​

​តំបន់​​ខ្ពង់រាប​ មាន​ខេត្ត​កំពង់ស្ពឺ​ ប៉ៃលិន​ ឧត្តរមានជ័យ​ ព្រះវិហារ​ ក្រចេះ​​ ស្ទឹងត្រែង​ រតនគិរី​ មណ្ឌលគិរី​ ជួរភ្នំ​ដង​រែក​ និង​តំបន់​ជួរភ្នំ​ក្រវាញ​​ អាច​មាន​ភ្លៀងធ្លាក់​ជាមួយ​ខ្យល់​កន្ត្រាក់​ និង​​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​ ៦០%​។​

​ចំណែក តំបន់​មាត់សមុទ្រ​ មាន​ខេត្ត​កោះកុង​ ព្រះសីហនុ​ កំពត​ កែប​ និង​ជួរភ្នំ​បូកគោ​ អាច​មាន​ភ្លៀងធ្លាក់​ជាមួយ​​ខ្យល់​កន្ត្រាក់​ និង​ផ្គរ​រន្ទះ​គ្របដណ្តប់​លើ​ផ្ទៃដី​ ៧០%​។​ រលក​សមុទ្រ​បោកបក់​ខ្លាំង​ដែល​មាន​កម្ពស់​មធ្យម​​អប្បបរមា​​កន្លះ​​ម៉ែត្រ​ (០,៥០​ម៉ែត្រ​)​ និង​កម្ពស់​មធ្យម​អតិបរមា​ជិត​២​ម៉ែត្រ​ (១,៧៥​ម៉ែត្រ​)​។​

​តាម​ការ​ព្យាករ​ខាងលើ​ ក្រសួង​អំពាវនាវ​ឱ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ឥទ្ធិពល​ព្យុះ​សង្ឃរា​នេះ​ ជាពិសេស​អ្នកធ្វើ​ដំណើរ​តាម​​ផ្លូវ​គោក​ និង​ផ្លូវទឹក​។​ ជុំវិញ​ការ​ប្រែប្រួល​អាកាសធាតុ​​នេះ​ ក្រសួង​ថា​ នឹង​ជូនដំណឹង​ជា​ថ្មី​បើ​​មាន​ករណី​ប្រែប្រួល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ