ប្រទេសកម្ពុជា កំពុងស្ថិតក្នុងចំណោមប្រទេស ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារបំណុលមីក្រូហិរញ្ញវត្ថុធ្ងន់ធ្ងរជាងគេបំផុតនៅលើពិភពលោក ខណៈខ្សែភាពយន្តឯកសារស៊ើបអង្កេតថ្មីមួយ ដែលមានចំណងជើងថា «Debt Inc.» បានចេញផ្សាយដោយលាតត្រដាង ខ្សែសង្វាក់ហិរញ្ញវត្ថុអន្តរជាតិ និងចោទសួរអំពីអ្នកទទួលខុសត្រូវចំពោះផលវិបាកផ្នែកសង្គមដ៏ធ្ងន់ធ្ងរនេះ។
នេះបើតាមការផ្សាយលើទំព័រហ្វេសប៊ុករបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ដែលបានបង្ហោះនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២៦។
បើតាមសារនោះ កម្ពុជា ស្ថិតក្នុងចំណោមប្រទេសដែលមានពលរដ្ឋជំពាក់បំណុលមីក្រូហិរញ្ញវត្ថុធ្ងន់ធ្ងរជាងគេបំផុតលើពិភពលោក។ «Debt Inc.» គឺជាវីដេអូឯកសារមួយ ដែលធ្វើការស៊ើបអង្កេតទៅលើប្រភពហិរញ្ញវត្ថុអន្តរជាតិ ដែលនៅពីក្រោយវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ហើយស្វែងរកអ្នកដែលគួរតែទទួលខុសត្រូវទៅលើផលវិបាក ដែលបានកើតឡើងនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។
អ្នកសារព័ត៌មានផ្នែកស៊ើបអង្កេត អ្នកនាង Claire Stam បានស្រាវជ្រាវ និងសិក្សាទៅលើខ្សែសង្វាក់ហិរញ្ញវត្ថុ ដែលចាប់ផ្តើមពីពលរដ្ឋកម្ពុជា ដែលជាអ្នកខ្ចីប្រាក់រហូតដល់ស្ថាប័នអន្តរជាតិ និងអ្នកវិនិយោគអន្តរជាតិ ដែលបានជួយផ្តល់ហិរញ្ញប្បទាន ដើម្បីពង្រីកវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ឱ្យរីកធំធាត់យ៉ាងឆាប់រហ័សដូចបច្ចុប្បន្ន។
ដោយមានចំនួនឥណទានសរុប ប្រហាក់ប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស (GDP) វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាត្រូវបានគេរកឃើញថា មានជាប់ពាក់ព័ន្ធនឹងបញ្ហានៃពលរដ្ឋជាប់បំណុលវ័ណ្ឌក បញ្ហាបង្ខំឱ្យកូនបំណុលលក់ដីក្រៅប្រព័ន្ធតុលាការ និងការរំលោភបំពានសិទ្ធិមនុស្សផ្សេងទៀត។
ប្រជាពលរដ្ឋខ្មែរជាង ១៦ ម៉ឺនគ្រួសារ (១៦៧.០០០ គ្រួសារ) បានលក់ដី ដើម្បីដោះបំណុលមីក្រូហិរញ្ញវត្ថុ ស្របពេលដែលអ្នកទាំងនោះបានកាត់បន្ថយម្ហូបអាហារប្រចាំថ្ងៃ កូនៗត្រូវឈប់រៀនដើម្បីធ្វើការងារដោះបំណុល ហើយករណីមួយចំនួនដែលបានចងក្រង គឺកូនបំណុលធ្វើអត្តឃាត ដោយសារជំពាក់បំណុលវ័ណ្ឌក។
វីដេអូឯកសារ ដែលមានចំណងជើងថា «Debt Inc.» រួមបញ្ចូលនូវបទពិសោធន៍ជាច្រើនរបស់ប្រជាពលរដ្ឋកម្ពុជាដែលជាកូនបំណុល និងរងផលប៉ះពាល់ដោយសារកម្ចីមីក្រូហិរញ្ញវត្ថុ ការសម្ភាសន៍ជាមួយអ្នកតំណាងមកពីអង្គការ FIAN អាល្លឺម៉ង់ អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សក្នុងវិស័យធុរកិច្ច OECD Watch សាស្ត្រាចារ្យ Dr. Frank Bliss និង Dr. Milford Bateman អ្នកសារព័ត៌មាន Jack Brook និង Gerhard Klas ហើយនិងអ្នកនាង Mirjam ’t Lam នាយកប្រតិបត្តិ ក្រុមហ៊ុនសាជីវកម្ម Oikocredit ជាដើម។
វីអូឌី មិនអាចរកប្រតិកម្មភ្លាមៗពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេគិតត្រឹមម៉ោងផ្សាយនេះ៕









