អ្នក​ឃ្លាំមើល​៖ ប្រាក់​​ឈ្នួល​កម្មករ​ឡើង​ដល់​៣០០​​ដុល្លារ​​​ក៏​​​ថៅ​កែ​​មិន​រត់​ដែរ​បើ​​​ទប់​ស្កាត់​អំពើ​​​ពុក​រលួយ

គណបក្ស​កម្លាំង​ជាតិ និង​ក្រុម​អង្គ​ការ​សង្គម​ស៊ីវិល បង្ហាញ​​ការ​ខក​​ចិត្ត​​ដូ​ច​គ្នា​ ចំពោះ​​រដ្ឋាភិ​បាល​ដែល​​បាន​​ដំ​​ឡើង​​ប្រាក់​​ឈ្នួល​អប្បបរមា​​​ដល់​​កម្មករ​​ក្នុង​​វិស័យ​​កាត់​​ដេរ បាន​ត្រឹម​ ២ដុល្លារ​​បន្ថែម​​សម្រាប់​​​​​​​​​ឆ្នាំ​​២០២៧ ខណៈ​​តម្លៃ​​ទំនិញ​នៅ​លើ​ទីផ្សារ​មាន​គម្លាត​ខ្ពស់​​ខ្លាំង មិន​ស៊ី​សង្វាក់​គ្នា​ទៅ​នឹង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ​បាន ដែល​​ការណ៍​នេះ ពួក​គេ​បង្ហាញ​​ការ​ព្រួយ​បាម្ភ​ពី​វិបត្តិ​កាន់​តែ​ធ្ងន់​ធ្ងរ ​ក្រោម​សម្ពាធ​បំណុល​​ បើ​គ្មាន​អ្វី​ប្រែ​ប្រួល។ 

ជំនួស​ឱ្យក្តីបារម្ភនេះ គណបក្សកម្លាំងជាតិ​ ពន្យល់ថា ថៅកែ​រោង​ចក្រ​នឹងមិ​ន​រត់​ចេញ​ពី​កម្ពុជា ដោយ​សារ​​ការ​ដំឡើង​​ប្រាក់​ឈ្នួល​ដល់ជា​ង​ ២៥០​​ដុល្លារ​ក្នុង​មួយ​ខែ ដូច​ការ​​ព្រ​មាន​​របស់​​មន្ត្រី​​មួយ​​ចំនួន​​​នោះ​​ទេ តែ​​​​ថា​​​ផ្ទុយ​​​ទៅ​​វិញ ប្រាក់​​​ឈ្នួល​​អប្បប​រមា​នេះ​ ទោះ​​ដំឡើង​​ដល់ ៣០០​ដុល្លារ​​ក្នុង​មួយ​​ខែ​ក៏​​ដោយ ក៏​​ថោកែ​​មិន​​រត់​​ដែរ ឱ្យ​​តែ​​រដ្ឋាភិ​បាល​​អាច​​ទប់​​ស្កាត់​​អំពើ​​ពុក​​រលួយ​​បាន​។

ក្នុង​សន្និសីទសារព័ត៌មាន​នៅព្រឹក​ថ្ងៃ​ទី​០៦ ខែ​តុលា ឆ្នាំ​២០២៦នេះ ​​ប្រធាន​គណបក្ស​កម្លាំងជាតិ​ លោក ជា មុនី បាន​​លើកឡើងថា ប្រាក់​​ឈ្នួល​អប្បបរមា​របស់​កម្មករនិយោ​ជិត ដែល​នឹង​ដំឡើងត្រឹម ២១២​ដុល្លា​រ​ក្នុ​ងមួយខែ នៅឆ្នាំ​២០២៧ ជាកម្រិ​តមួយ​ទាប ដែលកម្មករ​ពិបាក​នឹង​មានជីវភាពរស់នៅសមរម្យ ខណៈតម្លៃទំនិញ​លើទីផ្សារ​មិនមានតុល្យភាព​នឹង​កា​រចំណាយ។ លោកបង្ហាញ​ការ​​​គាំទ្រ​ចំពោះកា​រស្នើរបស់​សហព័ន្ធ​សហជីពដែលបានស្នើកន្លងមក ចំនួន ២៥០.៦៦ដុល្លារ បើទោះបីជាចំនួននេះនៅទាប​ក៏ដោយ។

លោក​អះអាង​​ថា បើទោះជាប្រាក់ឈ្នួល​កម្មករ​ឡើង​ដល់​ ៣០០ដុល្លារ​ក្នុ​ងមួយ​ខែ ក៏​ខាង​រោង​ចក្រ​នៅតែមាន​លទ្ធ​ផល​​ផ្តល់​​ឱ្យ​កម្មករ​​​បាន​ដែរ ឱ្យ​តែ​រដ្ឋាភិ​បាល​អាច​ទប់​ស្កាត់​អំពើ​ពុក​រលួយ​ក្រោម​តុ​ក្នុង​វិស័យ​កាត់ដេរនេះបាន។ ​

លោក ជា មុនី​ ថ្លែងថា៖ «គ្មាន​ឧស្សាហកម្មកាត់​ដេរណាគេ​​អាច​រើ​បាន​ទេ​ ​ក្នុង​តម្លៃ​ប្រាក់​បៀវត្ស​​​​កម្មករ​​​ត្រឹម​ ២៥០​ដុល្លារ ឬក៏​៣០០ដុល្លារ​​​ ឥលូវ​​ខ្ញុំវៃ ៣០០ដុល្លារ ក៏អត់​រត់​ដែរៗ[…] [រោង​ចក្រ]អាធំៗហ្នឹង​មិនងាយ​បិទទេ តែបើ​អាតូច​ៗអាច​បិទ អាចបិទដោយសារ​អី វា​ពាក់ព័ន្ធ​ទៅ​នឹង​កត្តា​ច្រើន​​​ ប្រហែលជា​អស់​លោកនៅ​ក្នុង​ឧស្សា​ហកម្មកាត់​ដេរអត់ទាន់​យល់ទេ ជួន​​កាល​​​នាយក​​ក្រុមហ៊ុន​ខ្លះ គាត់​ពិបាក​ចិត្ត​ក្នុង​ពេល​​ឃោស​នា​គណបក្ស​នយោបាយ​ម្តងៗណា បងប្អូន​​ខ្ញុំអត់និយាយ​ចំទេ ថៅកែ​ខ្លះគាត់ថា​​ចំណាយ​ ៥ពាន់ ១ម៉ឺន​ដុល្លារ គាត់ទៅ​ដេក​​នៅសឹង្ហហ្គាពួ គាត់​ថា​ខ្ជិល​ណាស់ គេ​មក​រកសួរ​​សុំនេះសុំនោះៗ អាហ្នឹង​វា​ជា​ចំណាយ​ក្រោម​​តុ ចំណាយ​​ដែល​ខុស​កា​រគ្រោងទុក​របស់​រោង​ចក្រ​សហគ្រាស​ ចឹង​រោង​ចក្រ​តូច​ៗ​ហ្នឹង​អត់អាច​នៅបានទេ គាត់ចំណាយក្រោយ​តុ​ច្រើន​ពេក​ ពុក​រលួយ​ច្រើនពេក​​ ចឹង​​គាត់​អាច​បិទ ប៉ុន្តែអាធំអត់បិទទេ។ តម្លៃប្រាក់បៀវត្ស ២៥០ដុល្លារ ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា ខ្ញុំថា ទាប​ណាស់ ហើយ​ចាយ​អត់គ្រាន់ទេ ចែករំលែកទៅ»។

បើតាមលោក ជា មុនី កា​រដែល​លោកសម្អាង​ថា រោង​ចក្រ​មិនអាចបិទទ្វារ​បាន បើទោះដំឡើង​​​ប្រាក់ឈ្នួល​​កម្មករ​ដល់ ២៥០ ទៅ ​៣០០ដុល្លារនោះ ដោយសារតែ​ប្រទេស​ជិត​ខាងខ្លះ​​ដែល​​​មាន​​ឧស្សាហកម្មកាត់​​ដេរ​ដែរ ខាងរដ្ឋាភិបាល​គេ​តម្រូវ​ឱ្យ​ខាង​​​រោង​ចក្រ​​បង់ពន្ធ​​ទាំង​ពេលបើកដំណើរការ​រោង​ចក្រ ទាំង​ពេល​​​នាំ​​ចេញ ខណៈដែល​​កម្ពុជា​មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជា​ង​បណ្តា​ប្រទេស​មួយ​ចំនួន។​

មេដឹកនាំបក្សប្រឆាំងរូបនេះ បន្តថា បើសិនជារដ្ឋាភិបាល យល់​ថា​មិនអាចដំឡើងប្រាក់​ឈ្នួល​​គោល​​​​នៅ​ឆ្នាំ​២០២៧ ឱ្យ​បានដល់​ ២៥០ដុល្លារ បាន ដោយសារ​តែ​ការពិភាក្សា​រឿង​​ប្រាក់ឈ្នួលបាននេះបញ្ចប់នោះ​ ​លោកថា រដ្ឋាភិបាល ក៏អាចមានជម្រើសផ្សេង​ៗ ដោយ​​​ដំឡើង​​ប្រាក់រង្វាន់ទៀងទាត់ និង​បន្ថែមលើប្រាក់អតីតភាព​ការ​ងារវិញ នោះក៍ជា​វិធី​សាស្ត្រ​ជួយសម្រួល​ដល់ជីវភាពកម្មក​របាន​ផងដែរ។

នៅថ្ងៃនេះដែរ សហភាពសហជីព​កម្ពុជា ក៏បានចេញ​សេចក្តីថ្លែងការណ៍​មួយ​ជុំវិញ​បញ្ហា​ប្រាក់​ឈ្នួល​កម្មករ​នៅ​ឆ្នាំ​២០២៧​​ផងដែរ ដោយ​ថា ការ​ដំឡើ​ងប្រាក់​ឈ្នួលចំនួន ២៥០ដុល្លារ​ក្នុង​មួយ​ខែ​ឱ្យ​កម្មករ​ មិន​មែន​ជា​ឧបសគ្គ​ធ្វើ​ឱ្យ​និយោជក​រត់​ចេញពី​កម្ពុជា​នោះទេ ហើយ​ការ​ដែល​និយោជក​រត់ចេញ និងរារែក​មិន​មក​វិនិយោគ​នៅ​កម្ពុជា គឺ​មក​ពី​តម្លៃ​​អគ្គិសនីខ្ពស់ ប្រេង​ឥន្ធនៈ​ខ្ពស់ ការិយាធិបតេយ្យ ថ្លៃ​សេវា​ភ្នាក់ងារ​ខ្ពស់ និង​អំពើពុករលួយ។

សហជីពនេះ បានចាត់ទុក​​​ការដែល​រដ្ឋាភិបាល និយោជក និង​សហជីពមួយចំនួន​ធំ មិន​បានគាំទ្រ​​ការ​ដំឡើង​​​ប្រាក់​ឈ្នួល​ឱ្យ​កម្មករ-កម្មការិនី គឺជា​ការ​ប្រមាថ​ដល់​​កម្មករ ដែល​ពួកគេ​ខិត​​ខំ​ប្រឹង​ប្រែង​ធ្វើ​ការ​​ងារ​​រក​​ប្រាក់​ចំណេញ​ឱ្យ​ថៅកែ និង​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​រដ្ឋ។ ការណ៍​​នេះ សហភាព​សហជីពកម្ពុជា បាន​​អំពាវនាវ​ដល់​​កម្មករ​-កម្មការិនី ​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ស្រប​ច្បាប់ ក្នុងការ​ទាមទារ​ប្រាក់ឈ្នួល​សម្រាប់​រស់នៅសមរម្យ និង​ស្នើដល់រដ្ឋាភិបាល​ពិចារណា​​ឡើងវិញ អំពីការ​ដំឡើង​ប្រាក់ឈ្នួល​ដល់​កម្មករ​សម្រាប់ឆ្នាំ​២០២៧។

ចំណែក ​លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា បានលើកឡើងថា ការ​ដំឡើងប្រាក់ឈ្នួល​កម្មករ ២១២​ដុល្លារ​ក្នុង​មួយ​ខែ​​សម្រាប់ឆ្នាំ២០២៧ ជា​កម្រិត​មួយ​ទាប ដែលមិន​ឆ្លើយ​តប​នឹង​ការ​កើនឡើង​នូវអតិផរណា​ក្នុង​ទីផ្សារនោះទេ ដូច្នេះកត្តានេះនឹង​ធ្វើឱ្យសេដ្ឋកិច្ច​គ្រួសារ ឬ​ជីវភាព​កម្មករ​កាន់​តែ​ប្រឈម​​​ការ​​​លំបាកខ្លាំង។

អ្នកស្រីថា៖ «បើយើងក្រឡេកទៅមើលជីវភាពរបស់កម្មករ​ ការ​ចំណាយ​របស់កម្មករ​ជា​ប្រចាំ​ថ្ងៃមើល​​​ ដោយសារ​តែ​គាត់ប្រាក់ឈ្នួល​តិច ចឹង​គាត់​បង្ខំចិត្តនៅក្នុងកា​រហូប ឬក៏​ញ៉ាំអាហារមិន​គ្រប់គ្រាន់​ ខ្វះសារធាតុ​បំប៉នទៅដល់សុខ​ភាព​របស់​គាត់​ ធ្វើឱ្យ​គាត់មាន​បញ្ហា​នៃការ​​ដួល​សន្លប់ជា​​បន្តបន្ទាប់ ហើយ​បន្ទាប់មកតម្រូ​វការនៅក្នុងការ​ចំណាយ​របស់គាត់​ផ្សេង​​ ក្រៅពីអាការ​ហូបចុកហ្នឹង វា​មានថ្លៃ​ទឹក​ ថ្លៃ​ភ្លើង ថ្លៃជួលផ្ទះ​ ថ្លៃ​ធ្វើដំណើរ ថ្លៃ​ឧបត្ថម្ភឱ្យ​កូនគាត់រៀន​​សូត្រ​​អីជា​ដើម​ ពួកគាត់មាន​ឪពុកម្តាយ​ចាស់ជរានៅក្នុង​បន្ទុក​អីជា​ដើម ហើយ​និង​កត្តា​បំណុលគាត់​ជាដើម ចឹង​សរុប​មកវិញ យើ​ង​មើល​កា​រចំណាយ​របស់កម្មករនិយោ​ជិត​​​​គឺមានច្រើនមែនទែន ត្រង់ហ្នឹង​ហើយដែល​យើងមើល​​ឃើញ​​ថា កម្មករនិយោជិត​ហ្នឹង បើសិន​ណា​ប្រាក់ឈ្នួល​ អត់អាច​ឡើង​ទៅតាមអ្វី​ដែល​យើង​ស្នើសុំ​ហ្នឹង​ទេ ប្រាកដ​ណាស់វា​មាន​ផល​ប៉ះពាល់​ទៅ​ដល់​កត្តាទាំង​ប៉ុន្មាន​​ដែល​ខ្ញុំបាន​លើកឡើងហ្នឹង​ឯង»។

អ្នកស្រីបន្ថែមថា បើទោះជា​រដ្ឋាភិបាល បានជជែកពិភាក្សាពីបញ្ហាប្រាក់ឈ្នួល​របស់កម្មករនិយោជិតសម្រាប់ឆ្នាំ​២០២៧ ​ចប់​ហើយ​ក៏ដោយ ក៏រដ្ឋាភិបាលអាចពិចារណា​ឡើងវិញ​ ​និង​អាច​ជជែក​ជាមួយ​​ក្រុមហ៊ុន​​ម្ចាស់​ប្រេន​ធំៗដែល​វិនិយោគ​នៅ​កម្ពុជា ក្នុង​កា​រជួយ​ធ្វើ​ម៉េចឱ្យ​ដំឡើងប្រាក់ឈ្នួល​ដល់កម្មករ​បាន​ផងដែរ ដើម្បីឱ្យ​កម្មករ​អាច​រស់នៅបានសមរម្យ និង​ថ្លៃថ្នូរជាមនុស្ស។ 

កាលពីរសៀលថ្ងៃ​ទី​០៥ ខែតុលា ម្សិលមិញ អង្គការសង្គមស៊ីវិល សហជីព និងសហគមន៍​ចំនួន ៧៣ ក៏​បាន​ចេញ​សេច​ក្តី​ថ្លែង​​ការណ៍រួម បង្ហាញ​ពី​​ការ​​​ខក​​​​ចិត្តដែលប្រាក់ឈ្នួល​កម្មករ​ឡើង​បាន ២១២​ដុល្លារ សម្រាប់​ឆ្នាំ​២០២៧​​ ផង​ដែរ ដែល​ការណ៍នេះ ធ្វើឱ្យ​ពួកគេ​មាន​​​​វិមតិ​សង្ស័យ​​ជុំវិញ​​ឯករាជ្យ​​ភាព​ ​តម្លា​​ភាព​ ​សុចរិត​ភាព​ ​និង​ប្រសិទ្ធ​ភាព ​ក្នុង​ការ​បំពេញ​​តួនាទី​របស់​ក្រុមប្រឹក្សា​​ជាតិ​​ប្រាក់ឈ្នួល​អប្បបរមា​។

​ពួកគេថា ប្រាក់ឈ្នួល​ ២១២ដុល្លារនេះ នៅ​​មាន​ក​ម្រិ​ត​​ទាប​ខ្លាំង ​​​​បើ​ប្រៀបធៀប​ជាមួយ​សំណើ​របស់​​សហ​ព័ន្ធ​សហជីព​ ​ដែល​​ស្នើ​ដំឡើង​ប្រាក់ឈ្នួល​អប្ប​បរ​មា​​ចំនួន​ ​២​៥​០​.​៦​៦​ ​ដុល្លារ​ ដែល​ផ្អែកតាមរបក​គំហើញ​នៃការ​ស្រាវ​ជ្រាវ​ទៅលើការ​ចំណាយ​ជាក់ស្តែង​របស់​កម្មករ។

សេចក្តីថ្លែងការណ៍រួមនោះ​​​ ​បានគូសបញ្ជាក់ថា៖ «​ជាក់​ស្តែង​ការដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ចំនួន​ ​២​ ​ដុល្លារ​​អាមេរិក​​​សម្រាប់​​ឆ្នាំ​២​០​២​៧​ ​នេះ​ ​មាន​កំណើន​​ត្រឹមតែ​ ​០​.​៩​៥​ ​ភាគរយ​ប៉ុណ្ណោះ​ ​ខណៈ​អតិផរណា​​ផ្អែក​តាម​ការ​ព្យាករ​របស់​ស្ថាប័ន​មូល​និធិរូបិយវត្ថុអន្តរជាតិ​ (​I​M​F​) ​មាន​​ប្រមាណ​ ​៣​.​១​% ​ដែល​​អត្រា​អតិផរណា​នេះ​ទាមទារ​ការដំឡើង​ប្រាក់ឈ្នួល​យ៉ាងតិច​ចំនួន​ ​៦​.​៥​១​ ​ដុល្លារ​អាមេរិក​ ​ទើប​​អាច​រក្សា​​អំណាច​​ទិញ​ (Purchasing​ ​Power​) ​ទប់ទល់​ទៅ​នឹង​តម្លៃ​ទំនិញ​លើ​ទី​ផ្សារ​​បាន​។​ ​ដូច្នេះ​ ​ការដំឡើង​ ​ប្រាក់ឈ្នួល​ចំនួន​ ​២​ ​ដុល្លារ​ ​ដែល​មិនបាន​បំពេញ​សូម្បីតែ​ស្តង់​ដារ​អប្បបរមា​នេះ​ ​ពុំមែន​ជា​ការដំឡើង​ប្រាក់ឈ្នួល​ទេ​ ​តែ​ជា​ការ​កាត់បន្ថយ​ប្រាក់ឈ្នួល​ទៅវិញ​»។​

ដោយ​មើលឃើញថា កម្មករ​និយោជិត​ ​គឺជា​កម្លាំង​ពលកម្ម​ស្នូល​​របស់​​​ប្រទេស​កម្ពុជា​ ​និង​​បាន​​ចូល​​រួម​ចំណែក​​យ៉ាង​​​សំខាន់​​​ដល់​​ការ​​អភិវឌ្ឍ​​សេដ្ឋ​កិច្ច​​ជាតិ​ ក្រុមអង្គការសង្គមស៊ីវិល ​សហជីព និ​ងសហគមន៍​ទាំង ៧៣ ​អំពាវ​នាវ​ដល់​ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​ ​និង​ភាគី​ពាក់ព័ន្ធ​ ​ពិចារណា​​ឡើង​វិញ​​​​ចំពោះ​​សំណើ​របស់​សហ​ព័ន្ធ​សហជីព​ស្នើ​ដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​ចំនួន​ ​២​៥០.​៦​៦​ ​ដុល្លារ។

​ពួកគេ​បានគូសបញ្ជាក់បន្ថែមថា៖ «ប្រាក់ឈ្នួល​ដែល​គ្រប់គ្រាន់​ ​មិនមែន​ត្រឹមតែ​ជា​ការ​បង្ហាញ​ពី​ចំនួន​តួលេខ​តែ​មួយ​​ប៉ុណ្ណោះ​​ទេ​ ​ប៉ុន្តែ​ជា​មូលដ្ឋាន​ដែល​អាច​ធានា​សន្តិសុខ​ផ្នែក​ហិរញ្ញវត្ថុ​ ​សុខុ​មាល​ភាព​​របស់​គ្រួសារ​ ​និង​ស្ថិរភាព​សង្គម​។​ ​កម្មករ​ ​និយោជិត​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​រស់នៅ​ ​គឺជា​កម្លាំង​ដ៏​សំខាន់​​ក្នុង​​ការ​ទ្រទ្រង់​ឱ្យ​អាជីវកម្ម​ ​សហគមន៍​ ​និង​សេដ្ឋកិច្ច​ជាតិ​មាន​និរន្តរភាព​»​។​ ​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងជា​ប្រធាន​​ក្រុម​​ប្រឹក្សា​​ជាតិ​ប្រាក់​ឈ្នួល រួមទាំងអ្នកនាំពាក្យក្រសួង​ការ​ងារ លោក ស៊ុន មេសា បានទេ​នៅថ្ងៃ​អង្គារ​នេះ។

ប្រធានកម្មវិធីមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) លោក ឃុន ថារ៉ូ យល់ថា ប្រាក់ឈ្នួល​អប្បបរមា​ គួរ​តែ​ជា​ឧបករណ៍​ការ​ពារ​កម្មករ​និយោជិត​ពីភាពក្រីក្រ មិន​មែន​ធ្វើ​ឱ្យ​កម្មករ​នៅ​បន្ត​ជាប់​ផុង​ក្នុងភាពក្រីក្រនោះទេ​។

លោក​បន្ថែមថា៖ «ចឹង​ខណៈពេលដែលយើងនឹង​អាច​ចាកចេញពី​ប្រទេស​ដែលមានការ​អភិវឌ្ឍតិច​តួច ទៅប្រទេស​​ដែលមានការ​អភិវឌ្ឍ​ ប្រជាពលរដ្ឋ​មាន​ចំណូល​មធ្យម​នៅក្នុង​​ឆ្នាំ​២០៣០ ចឹង​ខ្ញុំគិត​ថា ការ​ដំឡើង​​​ប្រាក់ឈ្នួល​គួរ​​វា​ត្រូវ​ឆ្លើយតបទៅ​នឹង​អន្តរ​ការ​​ដែល​យើ​ងកំពុង​តែ​ជំរុញ​ឱ្យ​មាន​នូវ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​ជាតិ​​ ហើយ​និងការ​លើកកម្ពស់នូវ​​​ជីវភាព​រស់​នៅ ការ​ងារ​សមរម្យ​សម្រាប់​ប្រជាពលរដ្ឋ ចឹងអ្វីមួយ​ដែលជា​មូលដ្ឋាន​គ្រឹះនៃ​សេចក្តីថ្លៃ​ថ្នូ​ក្នុងនាមជាមនុស្សហ្នឹង​​ គឺប្រាក់ឈ្នួលដែលអាច​ធានាឱ្យ​មាននូវ​​ការ​លើកកម្ពស់ ធានាឱ្យ​មាន​​ជីវភាព​សមរម្យ​​សម្រាប់កម្មករ​និយោជិត»។

ចំណែក មន្ត្រីអង្កេត​ជាន់ខ្ពស់​នៃសមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត ក៏ជំរុញ​​ឱ្យ​រដ្ឋាភិបាល​ពិចារណា​ឡើងវិញ​លើការដំឡើងប្រាក់ឈ្នួល​ដល់កម្មករ​និយោជិតសម្រាប់​ឆ្នាំ​២០២៧នេះ​ផងដែរ ដោយ​​លើក​​ហេតុ​ផល​​ថា រោង​​ចក្រ​​បិទមិន​មែនដោយសារ​ការ​ដំឡើងប្រាក់ខែ​ដល់កម្មករទេ ប៉ុន្តែ​ដោយសារ​តែមិនមានកម្មករ​ធ្វើការ ព្រោះ​តែកម្មករ​​បានប្រាក់ខែតិចទៅវិញទេ។ លោកថា អ្វីដែល​រដ្ឋាភិបាល​គួរ​គិតគូរបន្ថែមនោះ​ គឺធ្វើយ៉ាងណាកែ​លម្អ​លក្ខ​ខណ្ឌ​ការ​ងារ​ល្អប្រសើរ​សម្រាប់កម្មករ និង​​ដំឡើងប្រាក់ឈ្នួល​សមរម្យ។

លោកថា៖ «[រដ្ឋាភិបាល]លោក​បង្កើនប្រាក់បៀវត្សឱ្យ​កម្មករ​គ្រប់គ្រាន់​​ ហើយមានលក្ខខណ្ឌការ​ងារល្អសម្រាប់កម្មករ ខ្ញុំយល់ថា កំណើនអ្នករកស៊ី​វិនិ​យោគ​ធំៗ​គេ​នឹង​ចូលមក ប៉ុន្តែ​បើសិនជា​រដ្ឋាភិបាលលោក​អត់សូវយក​ចិត្ត​ទុកដាក់ទៅលើ​ប្រាក់​បៀវត្ស​កម្មករ​ ដែលធ្វើឱ្យ​ប៉ះពាល់​​ដល់សុខភាព​ ដល់​ធុរកិច្ច​ សិទ្ធិមនុស្សរបស់គេហ្នឹង ប្រហែល​ជា​អ្នក​រក​ស៊ី​ស្រប​ច្បាប់​គេ​មិនហ៊ាន​ចូលទេ។ ហើយ​រដ្ឋាភិបាល​គួរ​កែទម្រង់​ជ្រើស​រើស​រក​ប្រទេស​ណា​មួយ​ដែល​គេ​ផ្តល់​ប្រាក់​បៀវត្ស​ល្អសម្រាប់​​កម្មករ​​ វា​ល្អជាង​ទៅប្រៀប​ធៀប​ប្រទេស​​ដែលមានប្រាក់​ខែទាប»។   

របាយ​ការណ៍ អំឡុងខែមករា ឆ្នាំ​២០២៦ ក្រ​សួ​ង​​ការ​​ងារ ​បញ្ជាក់​ថា កម្មករ​និយោ​ជិត​ក្នុង​វិស័យ​កាត់​ដេរ មាន​​​​ប្រមាណ​ជាង ១លាន​នាក់ ក្នុងនោះ​មាន​ស្ត្រី​​ច​ន្លោះ​​ពី ​៧៥ ទៅ​ ​៨០​ភាគរយ។

ប្រាក់ឈ្នួល​អប្បបរមាឆ្នាំ​២០២៦ របស់កម្មករនិយោជិត គឺទទួលបាន ២១០ដុល្លារ​ក្នុងមួយ​ខែ។ ក្រៅពី​​ប្រាក់​ឈ្នួល​គោល កម្មករ​​និយោជិត​ក៏ទទួលបាន​អត្ថប្រយោជន៍​បន្ថែមផ្សេង​ទៀត​ផងដែរ ដូចជា ប្រាក់​ថ្លៃ​ធ្វើ​ដំណើរ និង​ស្នាក់​នៅ​ចំនួន ៧ដុល្លារ​ក្នុង​មួយ​ខែ ប្រាក់​រង្វាន់ធ្វើកា​រទៀង​ទាត់ ១០ដុល្លារ​ក្នុង​មួយ​ខែ ​ប្រាក់អតីត​ភាពការ​ងារ ប្រាក់បាយ​​ថ្ងៃ​​ត្រង់ និងប្រាក់ថែមម៉ោង អាស្រ័យ​លើ​កា​រកំណត់​របស់​រោង​ចក្រ​និមួយ​ៗ។

យ៉ាងណា បើតាម​​​ការសិក្សាអំ​ពី​ប្រាក់​ឈ្នួល​រស់​នៅ​សមរ​ម្យ​របស់​​អង្គការសង់ត្រាល់ ដែល​តែង​តែ​ផ្អែក​លើកា​រ​​គណនា​ស្តង់​​​​ដារ​​​​ជីវភាព​​​រស់​នៅ​​សមរម្យ និង​​ផ្អែក​លើ​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ ថ្លៃ​ផ្ទះ​ជួល បន្ទុក​គ្រួសារ និង​​អតិផរណា ​បាន​​​​លើក​​​​ឡើង​​ថា ប្រាក់​ឈ្នួលគោល​​​​ដែល​កម្មករ​គួរ​ទទួល​បាន​ពិត​ប្រាកដ ​​ដើម្បី​រស់​​នៅ​ដោយ​ថ្លៃ​ថ្នូរ គឺ​​ចន្លោះ​ពី​ ៣០០ ទៅ ៤៥០ ដុល្លារ ក្នុង​មួយ​ខែ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ