ប្រេងឥន្ធនៈកំពុងត្រូវបានដឹកជញ្ជូនពីកូរ៉េខាងត្បូងទៅរុស្ស៊ី តាមនាវាដឹកប្រេងដែលរងទណ្ឌកម្ម ខណៈក្រុងម៉ូស្គូប្រញាប់ប្រញាល់ស្វែងរកការផ្គត់ផ្គង់ ចំពេលសង្គ្រាមនៅអ៊ុយក្រែននៅតែបន្ត។ ចំណាត់ការនេះត្រូវបានអ្នកជំនាញលើកឡើងថា “ធ្វើឱ្យប៉ះពាល់” ដល់ការគាំទ្ររបស់ទីក្រុងសេអ៊ូលចំពោះទីក្រុងកៀវ។
ការវិភាគរបស់ Guardian លើកំណត់ត្រាកំពង់ផែ និងទិន្នន័យតាមដាននាវាបានរកឃើញថា ក្នុងខែកក្កដា និងសីហា ប្រេងឥន្ធនៈជាង ១៧៦.០០០ តោន (ភាគច្រើនជាប្រេងម៉ាស៊ូត) ត្រូវបានបូមដាក់នាវាដឹកប្រេង ៧ គ្រឿង នៅកូរ៉េខាងត្បូង ហើយបានធ្វើដំណើរ ១៤ ជើងទៅកាន់តំបន់ចុងបូព៌ារុស្ស៊ី។ នាវា ៣ គ្រឿងស្ថិតក្រោមទណ្ឌកម្មរបស់អង់គ្លេស និងសហភាពអឺរ៉ុប ហើយនាវាមួយបានទទួលទំនិញតាមរយៈការផ្ទេររវាងនាវានិងនាវានៅក្នុងដែនទឹកកូរ៉េខាងត្បូង ដើម្បីលាក់បាំងប្រភពដើម។
លោក Isaac Levi អ្នកវិភាគនៅ CREA បាននិយាយថា “វាជារឿងគួរឱ្យភ្ញាក់ផ្អើលដែលនាវាដឹកប្រេងរងទណ្ឌកម្មបានបូមយកប្រេងនៅកំពង់ផែកូរ៉េខាងត្បូង ហើយដឹកជញ្ជូនទៅរុស្ស៊ី។ រឿងនេះធ្វើឱ្យប៉ះពាល់ដល់របបទណ្ឌកម្ម និងការគាំទ្ររបស់កូរ៉េខាងត្បូងចំពោះអ៊ុយក្រែន”។
កន្លងមក ទីក្រុងសេអ៊ូលបានបញ្ជូនជំនួយមនុស្សធម៌ និងបរិក្ខារយោធាមិនប្រល័យជីវិតទៅឱ្យអ៊ុយក្រែន។ ប៉ុន្តែ កូរ៉េខាងត្បូងតែងតែព្យាយាមរក្សាតុល្យភាពរវាងការគាំទ្រអ៊ុយក្រែន និងបំណងប្រាថ្នាក្នុងការកែលម្អទំនាក់ទំនងជាមួយរុស្ស៊ី ដោយបានបដិសេធការបញ្ជូនអាវុធដោយផ្ទាល់។
ទោះបីជាការជួញដូរប្រេងនេះ ពាក់ព័ន្ធនឹងនាវារងទណ្ឌកម្មក៏ដោយ វាហាក់ដូចជាមិនបំពានច្បាប់កូរ៉េខាងត្បូងទេ ដោយសារវិធានការរបស់ទីក្រុងសេអ៊ូលភាគច្រើនផ្អែកលើការត្រួតពិនិត្យការនាំចេញលើគ្រឿងម៉ាស៊ីន និងគ្រឿងអេឡិចត្រូនិក។ ទោះជាយ៉ាងណា ការដឹកជញ្ជូនទាំងនេះធ្វើឱ្យកូរ៉េខាងត្បូងមើលទៅដូចជាមានចំណុចខ្សោយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិច។
គេមិនទាន់ច្បាស់ទេថា តើនរណាជាម្ចាស់ ឬជាអ្នកលក់ប្រេងនោះទេ។ ក្នុងចំណោមនោះ នាវា Layla បានដឹកប្រេងម៉ាស៊ូត ៥៧.០០០ តោនទៅ Vladivostok។ នាវា Astoria ដាក់ទង់ជាតិរុស្ស៊ី បានបូមប្រេងជិត ១១.០០០ តោន ដោយប្រកាសថាឆ្ពោះទៅជប៉ុន ប៉ុន្តែបានបើកទៅ Vladivostok។ ចំណែកនាវា Chongchon បានទទួលប្រេងប្រហែល ២៦.០០០ តោនពីនាវា Celeste I នៅក្រៅកំពង់ផែ Yeosu រួចឆ្ពោះទៅ Vladivostok ដូចគ្នា។
សមត្ថភាពចម្រាញ់ប្រេងរបស់រុស្ស៊ីត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ដោយសារការវាយប្រហារដ្រូនរបស់អ៊ុយក្រែន ដោយទិន្នផលប្រេងម៉ាស៊ូតធ្លាក់ចុះជិត ៣០%។ ទីភ្នាក់ងារសម្ងាត់យោធាអ៊ុយក្រែន (HUR) និយាយថា រុស្ស៊ីត្រូវបានបង្ខំឱ្យនាំចូលប្រេងដើម្បីផ្គត់ផ្គង់ដល់សង្គ្រាម។
ទិន្នន័យពី Kpler បង្ហាញថា អ្នកទិញរួមមានក្រុមហ៊ុនរដ្ឋ Rosneft និងក្រុមហ៊ុន NNK ដែលស្ថិតក្រោមទណ្ឌកម្ម។ ក្នុងខែសីហា រុស្ស៊ីបាននាំចូលផលិតផលប្រេងតាមសមុទ្រ ៣៦៨.០០០ តោន ដែលនៅក្នុងនោះកូរ៉េខាងត្បូងស្រូបយក ១១២.០០០ តោន (៣១%) ស្ថិតនៅលំដាប់ទីពីរទល់នឹងឥណ្ឌា។
ការបូមប្រេងនៅកំពង់ផែកូរ៉េខាងត្បូង បានកើនឡើងក្នុងខែកក្កដា ចំពេលប្រធានាធិបតី Lee Jae Myung បានសន្យាផ្តល់ប្រាក់ ១០០ លានដុល្លារសម្រាប់ស្តារអ៊ុយក្រែនឡើងវិញ។
ក្រសួងការបរទេសកូរ៉េខាងត្បូង មិនបានឆ្លើយតបចំពោះការដឹកជញ្ជូននេះទេ ប៉ុន្តែបានបញ្ជាក់ថា ខ្លួនចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិដើម្បីបញ្ចប់សង្គ្រាម និងបានពង្រីកការត្រួតពិនិត្យការនាំចេញលើមុខទំនិញមិនមែនយុទ្ធសាស្ត្រចំនួន ១.៤០២ មុខ។
ចំណែក ក្រសួងការបរទេសអង់គ្លេស បានថ្លែងថា ខ្លួននៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការតាមដានទណ្ឌកម្មឱ្យមានប្រសិទ្ធភាព និងបង្កើនសម្ពាធសេដ្ឋកិច្ចលើរុស្ស៊ី៕









