វិភាគ៖ ​តើ​ចំណូល​ស្គេម​ចិញ្ចឹម​​​អំណាច​​និង​​ធ្វើ​​ឱ្យ​​ប្រជាធិ​ប​តេយ្យ​​ថយ​ក្រោយ​​យ៉ាង​​ដូច​ម្តេច?

ចំណូល​​បាន​​មក​​ពី​​សកម្ម​ភាព​​​ឧក្រិដ្ឋ​កម្ម​​ឆបោក​​តាម​​ប្រព័ន្ធ​​អន​ឡាញ​ ​បាន​​ប​ង្ក​​ជា​​ផល​​ប៉ះ​ពាល់​​យ៉ាង​​ធ្ងន់​ធ្ងរ​​បំផុត​​ចំពោះ​​ប្រទេស​​កម្ពុជា​​ដែល​​ទំហំ​​នៃ​​វិបត្តិ​​នេះ​ ​ត្រូវ​​គេ​​​ជឿ​​ថា​​​គឺ​​លើស​​ពី​​ការ​​ខូច​ខាត​​កេរ្តិ៍​ឈ្មោះ​ និង​​មុខ​មាត់​​នៅ​​លើ​​ឆាក​​អន្តរ​ជាតិ​​ទៅ​​ទៀត។

ប្រាក់​ចំណេញ​ខុសច្បាប់​ទាំងនេះ​​ បាន​ក្លាយ​​ជា​ប្រភព​ទុន​ដ៏​សំខាន់​ក្នុង​ការ​ទ្រទ្រង់​ និង​ពង្រីក​អំពើ​ពុករលួយ​ព្រម​ទាំង​​ត្រូវ​បាន​យក​ទៅ​ប្រើប្រាស់ ​ដើម្បី​ទិញ​ខែល​ការពារ​ផ្លូវច្បាប់ ​​និង​ពង្រឹង​បណ្តាញ​ផលប្រយោជន៍​រវាង​ក្រុម​ឧក្រិដ្ឋ​ជន​​ និង​​អ្នក​​មាន​​អំណាច​​នៅ​ជួរ​ក្នុង​រដ្ឋាភិបាល។

នៅ​ពេល​ដែល​យន្តការ​ច្បាប់​មិន​ត្រូវ​បាន​អនុវត្ត​​ដោយ​ស្មើភាព ​និង​មាន​តម្លាភាព​ក្រុម​អ្នក​មាន​ប្រាក់ ​​និង​អំណាច​​អាច​គេច​ផុត​ពី​ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​​ច្បាប់​​យ៉ាង​ងាយស្រួល ​ខណៈ​ដែល​ជនរងគ្រោះ​ស្លូតត្រង់​​ត្រូវ​​ប្រឈមមុខ​​នឹង​ភាព​អយុត្តិធម៌ ​និង​ការ​លំបាក​យ៉ាង​ខ្លាំង ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ។ ហេតុដូច្នេះ​​ហើយ​​​​ការ​រីករាលដាល​ឥត​ឈប់ឈរ​នៃ​បទល្មើស​ស្គេម​​អនឡាញ​នេះ ​​មិនមែន​ជា​បទល្មើស​ធម្មតា​​នោះ​ទេ ​ប៉ុន្តែ​វា​គឺ​ជា​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នៃ​ប្រព័ន្ធ​គ្រប់​គ្រង​​រដ្ឋ ​ដែល​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ​ត្រូវ​​តែ​ទទួល​ខុសត្រូវ​ទាំងស្រុង​ចំពោះ​មុខ​ពលរដ្ឋ​​និង​​ច្បាប់។

ស្ថានភាព​នៃ​ការ​រឹតត្បិត​លំហ​នយោបាយ​នា​ពេល​កន្លង​មក​ បាន​ធ្វើ​ឱ្យ​យន្តការ​ត្រួតពិនិត្យ​ និង​​ទប់​ទល់​អំណាច​​រដ្ឋ​មាន​ភាព​ទន់ខ្សោយ​យ៉ាង​ខ្លាំង។ តាម​ការ​រាយការណ៍​​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ​នៅ​ថ្ងៃទី១៧ ​​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​តុលាការ​​កំពូល ​​បាន​​សម្រេច​រំលាយ​​គណបក្ស​សង្គ្រោះជាតិ ​កាលពី​ថ្ងៃទី១៦ ​​ខែវិច្ឆិកា ​ព្រម​ទាំង​បាន​ហាមឃាត់​មន្ត្រី​​ជាន់​ខ្ពស់​​នៃ​​គណបក្ស​នេះ​ចំនួន ​១១៨រូប​ មិន​ឱ្យ​ធ្វើ​សកម្មភាព​នយោ​​បាយ​​រយៈពេល ​​៥​ឆ្នាំ។

បន្ថែម​លើស​ពី​នេះ ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ​បាន​កត់ត្រា​ថា​នៅ​ថ្ងៃទី២៥ ​ខែឧសភា ​ឆ្នាំ២០២៣​ ក្រុម​ប្រឹក្សា​​ធម្ម​នុញ្ញ​​បាន​​តម្កល់​​​​សេចក្តី​​សម្រេច​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ​ដែល​បដិសេធ​មិន​​ឱ្យ​គណបក្ស​​ភ្លើង​ទៀន ​ចុះ​ឈ្មោះ​ចូលរួម​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ។ ការ​ផាត់​ចេញ​នូវ​គូប្រកួត​ប្រជែង​នយោបាយ​សំខាន់ៗ​ទាំង​នេះ ​បាន​កាត់បន្ថយ​ជម្រើស​​ដ៏​សមស្រប​របស់​ប្រជាពលរដ្ឋ ​ព្រមទាំង​​បាន​កាត់បន្ថយ​​សម្ពាធ​នយោបាយ​ ​ដែល​ត្រូវ​​ជំរុញ​​ឱ្យ​​​គណបក្ស​​កាន់​​អំណាច​ទទួល​ខុសត្រូវ​ និង​កែលម្អ​កំហុស​​​ឆ្គង​នៃ​ការ​ដឹកនាំ​របស់​ខ្លួន។

ជាមួយ​គ្នា​នេះ​ដែរ ​ការ​ផ្លាស់ប្តូរ​ប្រភព​នៃ​ជំនួយ​​អន្តរជាតិ​ នាំ​ឱ្យ​មាន​ការ​ប្រែប្រួល​បរិបទ​នយោបាយ​យ៉ាង​សំខាន់។ សារ​ព័ត៌​មាន VOA បាន​រាយការណ៍​នៅ​ថ្ងៃទី១៦ ​ខែកក្កដា ​ឆ្នាំ២០១៦ ​​ថា​ចិន​បាន​សន្យា​ផ្តល់​ជំនួយ​ឥត​សំណង​ជិត ​៦០០​​​​លាន​​ដុល្លារ ​ដល់​កម្ពុជា។

ផ្ទុយទៅវិញ​នៅ​ថ្ងៃទី២៧ ​ខែកុម្ភៈ ​ឆ្នាំ២០១៨ ​សេតវិមាន​អាមេរិក ​​បាន​ប្រកាស​ផ្អាក ​​និង​កាត់បន្ថយ​ជំនួយ​មួយ​ចំនួន​ ដល់​ស្ថាប័ន​រដ្ឋាភិបាល​ ​ដោយសារតែ​ការ​ធ្លាក់ចុះ​នៃ​ប្រជាធិបតេយ្យ ​ទោះបីជា​កម្មវិធី​មនុស្សធម៌​មួយ​ចំនួន​​សម្រាប់​ប្រជាពលរដ្ឋ​នៅតែ​បន្ត​ក៏ដោយ។

វត្តមាន​នៃ​ប្រភព​ទុន​និង​ជំនួយ​ជំនួស​ពី​បរទេស​ ​​បាន​ជួយ​កាត់បន្ថយ​ឥទ្ធិពល​នៃ​សម្ពាធ​ពី​បណ្តា​ប្រទេស​លោកខាង​លិច ​ដែល​​ជា​ហេតុ​ធ្វើ​ឱ្យ​ជំនួយ​ពី​​ចិន ​ក្លាយ​ជា​ឧបករណ៍​​ជួយ​ឱ្យ​គណបក្ស​កាន់​អំណាច​អាច​បង្កើន​​​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​​បន្ថែម​​ទៀត។

បញ្ហា​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​បំផុត​​មួយ​ទៀត ​គឺ​ទំនាក់ទំនង​រវាង​ប្រាក់​បរិច្ចាគ​សប្បុរសធម៌ ​និង​ឥទ្ធិពល​នយោ​​បាយ។ ការ​​ស៊ើបអង្កេត​របស់​វិទ្យុ​អាស៊ីសេរី​ ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី១៦ ​ខែកុម្ភៈ ​ឆ្នាំ២០២៥​ បាន​​រកឃើញ​ថា ​កាកបាទក្រហម​កម្ពុជា ​​បាន​ទទួល​​ប្រាក់​វិភាគទាន​ជាង​ ៧,២​លាន​​ដុល្លារ​ ចាប់តាំងពី​ឆ្នាំ២០២០ ​ពី​បណ្តា​ក្រុមហ៊ុន ​និង​បុគ្គល​ ​​​ដែល​​របាយការណ៍​ស៊ើបអង្កេត​បាន​ភ្ជាប់​ទំនាក់ទំនង​ទៅ​​​នឹង​ទីតាំង​ប្រតិ​បត្តិការ​ស្គេម ​​និង​ការ​រំលោភ​​សិទ្ធិមនុស្ស។ ករណី​​នេះ ​បាន​ចោទ​ជា​សំណួរ​ថា​​តើ​ថវិកា​ទាំងនោះ​ អាច​ជា​​ប្រភព​​ចំណូល​ដែល​បាន​មក​ពី​​សកម្មភាព​ឧក្រិដ្ឋកម្ម ​​ឬ​ត្រូវ​​បាន​ផ្ទេរ​ទៅ​ទ្រទ្រង់​គណបក្ស​កាន់​​អំណាច​ដែរ​ឬ​​ទេ ​ដែល​ករណី​នេះ​​ទាមទារ​ឱ្យ​មាន​ការ​ស៊ើបអង្កេត​​ដោយ​ឯករាជ្យ​ លើ​​​ប្រភព​​ដើម ​និង​ការ​ប្រើប្រាស់​ថវិកា​ទាំង​នោះ។

សកម្មភាព​បរិច្ចាគ​ប្រាក់​មិន​អាច​យក​រៀបចំ​ធ្វើ​ជា​ខែល ​ដើម្បី​ជំនួស​ឱ្យ​ការ​ទទួល​​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​បាន​​​ឡើយ។ ប្រសិន​បើ​បុគ្គល​ដែល​រង​ការ​ចោទប្រកាន់​ពី​បទល្មើស​ ​អាច​ទទួល​បាន​កិត្តិយស ​និង​ការ​កោតសរសើរ ​តាម​រយៈ​​ការ​​បរិច្ចាគ​ប្រាក់​ដោយ​គ្មាន​​ការ​ត្រួតពិនិត្យ​​​ប្រភព​ថវិកា​​ឱ្យ​បាន​ត្រឹមត្រូវ​ នោះ​អំពើ​សប្បុ​រស​ធម៌​​នឹង​​ក្លាយ​​​ជា​ឧបករណ៍​​​សម្អាត​​កេរ្តិ៍ឈ្មោះ​ឱ្យ​​ក្រុម​ឧក្រិដ្ឋជន។

ប្រសិនបើ​អំណោយ​ទាំងនោះ​ ត្រូវ​ភ្ជាប់​ទៅ​នឹង​គុណបំណាច់​នយោបាយ ​​វា​នឹង​ក្លាយ​ជា​មធ្យោបាយ​រក្សា​ការ​គាំទ្រ​​ផ្នែក​នយោបាយ ​ខណៈ​ដែល​ប្រជាពលរដ្ឋ​គ្រប់រូប​មាន​សិទ្ធិ​ទទួល​បាន​សេវា​សាធារណៈ​ពី​រដ្ឋ​ ដោយ​មិន​​​ចាំបាច់​​ជំពាក់​គុណ​បំណាច់​​នយោបាយ​​ពី​បុគ្គល​ណាម្នាក់​ឡើយ។

ទន្ទឹម​នេះ ​របាយការណ៍​​របស់​អង្គការ​លើកលែង​ទោស​អន្តរជាតិ ​ចុះ​ថ្ងៃទី២៦ ​ខែមិថុនា ​ឆ្នាំ២០២៥ ​បាន​កំណត់​​ទីតាំង​ស្គេម​​​យ៉ា​ង​ហោច​ណាស់ ​៥៣​​កន្លែង ​ដែល​មាន​ការ​រំលោភ​សិទ្ធិមនុស្ស។ បន្ថែម​លើ​នេះ ​​របាយការណ៍​ថ្មី​ ​នៅ​ថ្ងៃទី៨ ​ខែមិថុនា ​ឆ្នាំ២០២៦ ​បាន​រកឃើញ​​​ភស្តុតាង​នៃ​ការ​អន្តរាគមន៍​​ពី​រដ្ឋ​នៅ ​​​២៤​ទីតាំង​ ​ក្នុង​ចំណោម ​៨៦​ទីតាំង​ និង​បាន​លើក​ឡើង​ពី​ការ​គប់​គិត​គ្នា​ ​រវាង​សមត្ថកិច្ច​ប៉ូលិស​ និង​អ្នក​គ្រប់គ្រង​ទីតាំង​​មួយ​ចំនួន។ ទោះបីជា​មាន​ប្រតិបត្តិការ​ដោះ​លែង​មនុស្ស​រាប់ពាន់​នាក់​ក៏ដោយ​ ​ការ​ខ្វះខាត​វិធានការ​ការពារ​ជនរងគ្រោះ ​​និង​ការ​ខកខាន​ក្នុង​ការ​នាំ​ខ្លួន​អ្នក​​ពាក់​ព័ន្ធ​ មក​ទទួលទោស ​នៅតែ​ជា​ចំណុច​ខ្សោយ​ដ៏​ធ្ងន់​ធ្ងរ។

ការ​ខ្វះខាត​ថវិកា​​សម្រាប់​ជួយ​សង្គ្រោះ​ជនរងគ្រោះ ​បាន​ធ្វើ​ឱ្យ​វិបត្តិ​នេះ​កាន់តែ​អាក្រក់​ទៅៗ។ ភ្នាក់ងារ​សារព័ត៌​មាន AP បាន​រាយការណ៍​នៅ​ថ្ងៃទី១២ ​ខែកុម្ភៈ ​ឆ្នាំ២០២៥ ​ថា ​​ការ​ផ្អាក​ជំនួយ​ពី​អាមេរិក​បាន​ប៉ះពាល់​យ៉ាង​​​ខ្លាំង​ដល់​ជម្រក​សុវត្ថិ​ភាព ​និង​ប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ នៅ​ពេល​ដែល​អង្គការ​ជួយ​ជនរងគ្រោះ​​ប្រឈម​​នឹង​​ការ​ខ្វះ​ខាត​​ធនធាន​ ខណៈ​បណ្តាញ​ឧក្រិដ្ឋជន​នៅតែ​អាច​ប្រមូល​ផល​ចំណេញ​បាន​ជន​​រងគ្រោះ​នឹង​រឹតតែ​ងាយ​រងគ្រោះ​ដោយ​សារ​ការ​កេងប្រវ័ញ្ច​ជា​ថ្មី។

ការ​វិវត្ត​ថ្មីៗ​នេះ ​ក៏​តម្រូវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ការ​បកស្រាយ​ឱ្យ​បាន​ច្បាស់លាស់ ​និង​មាន​តម្លាភាព។ AP បាន​រាយ​ការណ៍​នៅ​ថ្ងៃទី២៣ ​ខែកញ្ញា ​ឆ្នាំ២០២៦ ​ថា ​លោក ហ៊ុន ម៉ាណែត បាន​​អះអាង​​ពី​ការ​លុបបំបាត់​មជ្ឈ​មណ្ឌល​​ស្គេម​ខ្នាត​ធំ​ទាំងអស់ ​ប៉ុន្តែ​សារព័ត៌មាន CamboJA បាន​រាយការណ៍​នៅ​ថ្ងៃទី៥​ ខែតុលា ​ថា​ សមត្ថកិច្ច​​បាន​ឃាត់ខ្លួន​មនុស្ស​​ ៥៨៧​នាក់ ​នៅ​អគារ​មួយ​​ក្នុង​ក្រុង​ប៉ោយប៉ែត ​កាលពី​ថ្ងៃទី៤ ​ខែតុលា។

លោក ទូច សុខៈ បាន​បញ្ជាក់​ថា ​ករណី​នេះ ​ជា​បទល្មើស​ល្បែង​ភ្នាល់​តាម​អនឡាញ ​ប៉ុន្តែ​សារព័ត៌មាន​មួយ​ចំនួន​​បាន​​ហៅ​ថា​ជា​ស្គេ​ម។ ដូច្នេះ​អាជ្ញាធរ​ត្រូវតែ​បង្ហាញ​ភស្តុតាង​ឱ្យ​បាន​ច្បាស់លាស់ ​អំពី​ប្រភេទ​សកម្ម​ភាព​​ និង​អត្តសញ្ញាណ​​អ្នក​គ្រប់គ្រង​ទីតាំង​នោះ។

ការ​ចាប់​ឃាត់ខ្លួន​មនុស្ស​ក្នុង​ចំនួន​ច្រើន ​មិន​ប្រាកដ​ថា​ពួកគេ​សុទ្ធតែ​ជា​ក្រុម​ឆបោក​នោះ​ទេ។ អាជ្ញាធរ​ចាំ​បាច់​​ត្រូវ​ស៊ើប​អង្កេត​ស្វែងរក​ការ​ឆបោក​ការ​បង្ខំ​ ​ឱ្យ​ធ្វើ​ពលកម្ម​ឬ​ការ​លាង​​លុយ​កខ្វក់ ​ព្រមទាំង​ផ្តល់​ការ​ការ​ពារ​​​ដល់​​ជន​រង​​គ្រោះ។ ការ​ប្រើប្រាស់​ពាក្យ​ត្រឹម «ល្បែងភ្នាល់» មិន​​គួរ​ក្លាយ​ជា​ហេតុផល​ដើម្បី​បញ្ចប់​ការ​ស៊ើប​អង្កេត​លើ​បទល្មើស​ធ្ងន់​ធ្ងរ​​ផ្សេង​ទៀត​​ឡើយ។

យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន AKP ថ្ងៃទី២៤​ ខែកញ្ញា ​ឆ្នាំ២០២៦​ ​សេចក្តី​ប្រកាស​ក្រុង​ភ្នំពេញ ​​បាន​ដាក់ចេញ​​នូវ​ការ​​ប្តេជ្ញាចិត្ត ​១១​ចំណុច ​រួមមាន​ការ​កាត់ផ្តាច់​បណ្តាញ​ឧក្រិដ្ឋកម្ម​ការ​តាមដាន​ប្រភព​លុយ​និង​​ការ​ការពារ​ជនរងគ្រោះ។

ការ​​ប្តេជ្ញា​ទាំងនេះ ​ត្រូវតែ​បង្ហាញ​ឡើង​តាមរយៈ​លទ្ធផល​ជាក់ស្តែង​ ​ដោយ​អ្នក​រៀបចំ​អ្នក​​ផ្តល់​ដើមទុន​ និង​អ្នក​​​កាង​ការ​ពារ​ត្រូវ​ប្រឈមមុខ​នឹង​ការ​ស៊ើបអង្កេត​តាម​ច្បាប់។ ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ​មិនមែន​ជា​​ភស្តុតាង​បញ្ជាក់​​​ថា​​បញ្ហា​ត្រូវ​បាន​ដោះស្រាយ​​នោះ​ទេ។

រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវតែ​អនុញ្ញាត​ឱ្យ​មាន​ការ​ត្រួតពិនិត្យ​ដោយ​ឯករាជ្យ ​​និង​ផ្តល់​ការ​ការពារ​ដល់​អ្នក​បក​អាក្រាត​ការពិត ​ដើម្បី​ឱ្យ​ការ​ប្រឆាំង​បទល្មើសស្គេម​ ​អាច​ជួយ​ស្តារ​នីតិរដ្ឋ​ពិតប្រាកដ ​ដោយ​មិន​បន្សល់​ទុក​នូវ​ប្រព័ន្ធ​​កាង​ការពារ​អ្នក​មាន​អំណាច​នោះ​ឡើយ៕

អត្ថបទដោយ៖ សុក្រឹត្យ ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ