លោក​ ហ៊ុន ម៉ាណែត​​ បង្ហាញ​​ភស្តុតាង​​រឹង​មាំ​​ពី​​​ថៃ​​បាញ់​​បំផ្លាញ​​​ប្រាសាទ​​ព្រះ​វិហារ​ ប៉ុន្តែ​​មិន​​ប្តឹង​​ថៃ

ខណៈ​​ដែល​​ថៃ​​នៅ​តែ​​បន្ត​​សម្រុក​​សាង​សង់​​សំណង់​​រឹង​ មាន​​ជីក​​ប្រឡាយ​ ធ្វើ​​ផ្លូវ​​បេតុង​ សាង​សង់​​លេណ​ដ្ឋាន​​កង​ទ័ព​ និង​​​ធ្វើ​​របង​​ព្រំដែន​​បេតុង​​លើ​​​ដី​​ខ្មែរ​​ ថែម​ទាំង​​នៅ​តែ​​បន្ត​​រុល​​ចូល​​វាទ​​យក​​ដី​​ខ្មែរ​​យ៉ាង​​គឃ្លើន​​កើន​​រហូត​​ដល់​​ជាង​ ៨០​ ទីតាំង​ ចាប់​តាំង​ពី​​ក្រោយ​​បទ​​ឈប់​​បាញ់​​កាល​ពី​​ថ្ងៃ​ទី​​២៧​ ​ខែធ្នូ​​ ឆ្នាំ​២០២៥​ មក​ លោក ហ៊ុន ម៉ាណែត បាន​​បង្ហាញ​​ពី​​ភស្តុតាង​​រឹង​មាំ​​ថា​ ​ថៃ​​បាន​​បាញ់​​បំផ្លាញ​​ប្រាសាទ​​ព្រះ​វិហារ​​ជាង​ ៥០០​ កន្លែង។

ប៉ុន្តែ​យ៉ាងណាក្តី​ លោក​នាយករដ្ឋមន្ត្រី​​នៅតែ​មិនបាន​និយាយ​ពី​ការ​ប្តឹង​ថៃ​ និង​ថែមទាំង​វាយប្រហារ​លើ​ខ្មែរ​ម្ចាស់​​ស្រុក​ ដែល​​ជំរុញ​ឱ្យ​ប្តឹង​ថៃ​ថែមទៀត​ ធ្វើឱ្យ​មាន​ក្តី​​បារម្ភ​កាន់តែ​ខ្លាំង​ពី​ការ​បាត់បង់​ទឹកដី​​ខ្មែរ​កាន់តែ​ច្រើន​​បន្ថែម​ទៀត​ទៅ​ថៃ។

នៅក្នុង​ខេត្ត​ពោធិ៍សាត់​ កាលពី​ថ្ងៃទី​​១​ ខែ​តុលា​ លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ថា​ ថៃ​​​បាន​​បាញ់​​មក​លើ​ប្រាសាទ​​​ព្រះ​វិហារ​ ៥០០​ កន្លែង​ ហើយ​បាន​ចោទប្រកាន់​កម្ពុជា​​ទាំង​បំពាន​​ថា​ បាន​យក​ប្រាសាទ​បេតិក​ភណ្ឌ​​​ពិភពលោក​​​មួយ​នេះ​​ធ្វើ​ជា​មូលដ្ឋាន​ទ័ព​ ឯ​ លោក មួង ណារ៉េត បែរ​ជា​បន្ទរ​ទៅតាម​ការ​ចោទប្រកាន់​របស់​​​ថៃ​ទៅ​វិញ។

បើ​តាម​ លោក ហ៊ុន ម៉ាណែត ក្រសួង​វប្បធម៌​ ​បាន​ចេញ​បំភ្លឺ​រួចហើយ​ថា​ លេណ​​ដ្ឋាន​​​នៅ​តំបន់​ប្រាសាទ​​ព្រះ​​វិហារ​ ជា​លេណ​ដ្ឋាន​​ជម្រក​​សម្រាប់​អ្នក​អភិរក្ស​ប្រាសាទ​ទៅ​ជ្រក​ ហើយ​ទាហាន​​ក៏​អាច​ទៅ​ជ្រក​បាន​ដែរ​ ខណៈ​​ការ​បាញ់​គ្នា​រយៈពេល​ ៥​ ថ្ងៃ ​ក្នុង​សង្គ្រាម​ឈ្លានពាន​លើក​ទី១​ កាលពី​ខែ​កក្កដា​ ឆ្នាំ២០២៥​ ឃើញ​មាន​​​ស្ត្រី​ជាច្រើន​ជាប់​នៅ​ទីនោះ​ ​ដោយ​សារ​​រត់​អត់​ទាន់។

លោក​ថា៖ «គេទេគេមកចោទ គេមកវាយកម្ទេចបស់យើងហើយ ហើយ​រូប​ថត​គេ​សើច​ក្អាក​ក្អាយ​គេ​ថា គេ​បាញ់​តែ​កន្លែង​យោធា​យើង​ទេ! បាញ់​ស្អី​ទៅ​លើ​អាដៃ​យោង​ហ្នឹង​មាន​ទាហាន​ឯណា​ទៅ​ដាក់​លេណ​ដ្ឋាន​លើ​អាដៃ​យោង​ហ្នឹ? គេ​បាញ់​កម្ទេច​ ៥០០​កន្លែង​ ប្រាសាទ​របស់​Notice។ ប៉ុន្តែ​ខ្មែរ​ខ្លួន​ឯង​នៀក! បើ​ថា​វៀច​មាត់​ក៏​វៀច តែ​វៀច​ទាំង​ចិត្ត ចេញ​​មក​និយាយ​ថា​មក​ពី​ទាហាន​ខ្មែរ​ឯង​ហ្នឹង​ទៅ​ដាក់​លេណដ្ឋា​ន ចឹង​ទាហាន​គេ​មក​បាញ់​ចំ​តែ​ទាហាន​ឯង​ហ្នឹង​ឯង ទៅជា​អ៊ី​ចឹង​ទៀត?»។

លោក ហ៊ុន ម៉ាណែត បាន​ចោទសួរ​ថា​ តើ​បងប្អូន​​ប្រជាពលរដ្ឋ​ខ្មែរ​មាន​ការ​ឈឺចាប់​ទេ​ នៅ​​ពេល​ថៃ​បាញ់​ស្រោច​​មក​​លើ​ប្រាសាទ​ព្រះវិហារ​ ប៉ុន្តែ​​បែរជា​មាន​ខ្មែរ​​​មួយ​ចំនួន​ខំ​បន្ទរ​តាម​ថៃ។

លោក​ថា៖ «អ៊ីចឹងបានថាត្រឹមអាវៀចមាត់​​កុំក្តៅក្រហាយពេក បើវៀច​ទាំង​ចិត្ត ចិត្ត​ហ្នឹង​មិន​មែន​ចិត្ត​ធម្មតា​ទេ រឿង​​គណបក្ស​រឿង​រិះ​គន់​រដ្ឋាភិ​បាល រឿង​មួយ​ តែ​រិះគ​ន់​ដោយ​គ្មាន​យុត្តិធ​ម៌​ទៅ​ដល់​បេតិក​ភណ្ឌ​របស់​យើង​ដែល​គេ​បំ​ផ្លាញ ​រិះ​គន់​វាយ​ប្រហារ​ទៅ​ដល់​កង​ទ័ព​យើង​ទាំង​អយុត្តិ​ធម៌ តែមិ​ន​មែន​ជាក​ង​ទ័ព​របស់​យើង​ផង កន្លែង​សម្រាប់​ស៊ីវិល​ ហើយ​គ្មាន​ច្បាប់​ណា​ហាម​ធ្វើ​កន្លែង​ជ្រក​គ្រាប់​របស់​ស៊ីវិល​ ដែល​ធ្វើ​ការ​លើ​ហ្នុង​នៅ​ក្នុង​កន្លែង​តំបន់​​សង្គ្រាម​ទេ»។

លោក ហ៊ុន ម៉ាណែត ថ្លែង​ថា​ កម្ពុជា​​បាន​នាំ​ទាំង​អ្នកកាសែត​ នាំ​ទាំង​តំណាង​អង្គការ​យូណេស្កូ​ និង​ក្រុម​អ្នក​​សង្កេតការណ៍​អាស៊ាន​ ​ទៅ​ពិនិត្យ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ ​​ដោយ​គ្មាន​ការ​លាក់លៀម​អ្វី​ឡើយ​ ប៉ុន្តែ​អ្វី​ដែល​​ពិបាក​​គឺ​ខ្មែរ​គ្នាឯង​ ​និយាយ​បន្ទរ​តាម​ការ​ចោទប្រកាន់​របស់​ថៃ។

យ៉ាងណាក្តី​ លោក មួង ណារ៉េត អ្នក​ធ្វើ​អត្ថាធិប្បាយ​លើ​បណ្តាញ​សង្គម​ បាន​ចាត់ទុក​ការ​ថ្លែង​របស់​ លោក ហ៊ុន ម៉ា​ណែត ថា​ជា​ការ​មួលបង្កាច់​លាបពណ៌​លើ​រូប​លោក​ ខណៈ​លោក​​តែងតែ​​ថ្កោលទោស​ចំពោះ​អំពើ​ឈ្លាន​ពាន​របស់​ថៃ​ ​មក​​លើ​ដែន​អធិបតេយ្យភាព​កម្ពុជា​ និង​តែងតែ​ជំរុញ​​ហើយ​ជំរុញ​ទៀត​ សូម​ឱ្យ​រដ្ឋាភិបាល​ លោក ហ៊ុន ម៉ាណែត ប្តឹង​ថៃ​​ទៅកាន់​តុលាការ​អន្តរជាតិ​ ដើម្បី​ទាមទារ​​ឱ្យ​ថៃ​ដក​កងទ័ព​ចេញពី​ទឹកដី​កម្ពុជា​ និង​សង​ការ​ខូចខាត​មិនថា​តែ​មក​​លើ​ប្រាសាទ​ព្រះវិហារ​ ប្រាសាទ​តាក្របី​ ឬ​ទីតាំង​ផ្សេងៗ​ទៀត​ប៉ុណ្ណោះ​​ទេ​ ថែមទាំង​ត្រូវ​សង​ការ​ខូចខាត​ដែល​យោធា​​ថៃ​ ​បាន​បំផ្លិចបំផ្លាញ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​កម្ពុជា​ផង​ដែរ។

លោក​ថា៖ «បង្ហាញមកភស្តុតាងណាដែលថាមួង ណារ៉េត និយាយថា ទាហានខ្មែរដាក់​ទ័ព​នៅ​ប្រាសាទ​ព្រះ​វិហារ​សម​នឹង​ត្រូវ​ឱ្យ​ថៃ​វាយ ហើយ​ខ្ញុំ​គាំទ្រ​លើក​ទឹក​ចិត្ត​ឱ្យ​ថៃ​វាយ​មើល​ងាយ​ទាហាន​ខ្មែរ​ ម៉ោះ​ដាក់​ម៉ោះ​ចេញ​មក​ឱ្យ​អស់​មក​ វីដេអូ​​ប៉ុន្មា​នហើ​យ​អត់​ពិបាក​រក​ទេ យក​មន្ត្រី​ទីប្រឹក្សា​របស់​លោ​ក​រៀប​ចំ​ជា​វីដេអូ​មួយ​ហើយ​យក​មក​បញ្ចាំង​ម៉ោះ បើ​ឃើញ​តែ​មួយ​ មួង​ ណារ៉េត នឹង​ឈប់​ធ្វើ​សូ(Show)​ពិសេស​នេះ​អស់​មួយ​ជីវិត។ តោះ​ភ្នាល់​គ្នា ហើយ​បើ​លោក​ហ៊ុន ម៉ា​ណែត រក​មិន​ឃើញ​ទេ ចុះ​ចេញ​ពី​នាយក​រដ្ឋ​មន្ត្រី​ទៅ បាន​ហើយ​ ហើយ​សុំ​ទោស​ជា​សាធារណៈ មិន​បាច់​សុំទោស​ មួង ណារ៉េត ទេ​ ថា​លោក​និយាយ​មាត់​ឥត​គម្រប»។

ចំណែក​ លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​​ថ្លែង​ថា​ អ្វី​ដែល​ លោក ហ៊ុន ម៉ាណែត ត្រូវ​ធ្វើ​ជា​បន្ទាន់​ មិនមែន​មក​វាយប្រហារ​ខ្មែរ​គ្នាឯង​ ​​ដែល​ជំរុញ​ឱ្យ​ប្តឹង​ថៃ​នោះ​ទេ​ ប៉ុន្តែ​គឺ​​ត្រូវ​ប្រញាប់​ដាក់​ពាក្យ​ប្តឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ​ ដើម្បី​ទាមទារ​ឱ្យ​ថៃ​ទទួលខុសត្រូវ​ និង​ផ្តល់​​សំណង​ចំពោះ​ការ​បាញ់​​​ផ្លោង​យ៉ាង​សន្ធាប់ ​មក​​លើ​​ប្រាសាទ​​​ព្រះវិហារ​ បណ្តាល​ឱ្យ​ខូចខាត​យ៉ាង​ដំណំ។ លោក ហ៊ុន ម៉ាណែត បាន​​ទទួល​ស្គាល់​ថា​ ថៃ​បាន​បាញ់​មក​លើ​​ប្រាសាទ​ព្រះវិហារ​ប្រមាណ​​ ៥០០​ កន្លែង​ វា​ជា​ភស្តុតាង​រឹងមាំ​ ដូច្នេះ​​ត្រូវ​តែ​​ប្រញាប់​​ប្តឹង​ថៃ​ មិនមែន​ត្រូវ​ចំណាយ​ពេល​​​មក​តាម​រក​រឿង​ខ្មែរ​គ្នាឯង​នោះ​ទេ។

លោក​ថា៖ «ហើយ​ការ​បាញ់​របស់​ថៃ​មក​លើ​ប្រាសាទ​ព្រះ​វិហារ​នេះ ជា​ភស្តុតាង​ដ៏​រឹង​មាំដែ​លមា​ន​ទម្ងន់​ក្នុង​ការ​ប្តឹង​ថៃ​ទៅ​កាន់​តុលាការអ​ន្តរ​ជាតិ ប៉ុន្តែ​លោក​ហ៊ុន ម៉ាណែត មិន​ត្រឹម​តែ​មិន​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរ​ជា​តិប៉ុណ្ណោះ​ទេ បែរ​ជា​ធ្វើកា​រ​វាយ​ប្រហារ​ខ្មែរ​គ្នា​ឯង ជាពិសេស លោក មួង ណារ៉េត ដែល​ជំរុញ​ឱ្យ​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរ​ជាតិ​ទៅ​វិញ។ ដូច្នេះ​មាន​ន័យ​ថា លោក​ហ៊ុន ម៉ាណែត គ្មាន​ឆន្ទៈ​ក្នុង​ការ​ប្តឹង​ថៃ​ដើម្បី​ទាម​ទារ​សំណង​ពី​ការ​ខូច​ខាត ដែល​ថៃ​បាន​ទម្លាក់​គ្រាប់ និង​បាញ់​ផ្លោង​មក​លើ​ប្រាសាទ​ព្រះ​វិហារ​នោះ​ទេ»។

មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) បាន​ស្រាវជ្រាវ​រកឃើញ​ថា​ ទាហាន​ថៃ​បាន​​ទម្លាក់​គ្រាប់បែក​ និង​បាញ់​ប្រហារ​ចំនួន​ ៥០១​ គោលដៅ​លើ​តួ​ប្រាសាទ​ព្រះវិហារ​ ដែល​បង្ក​​ឱ្យ​ខូចខាត​ប្រាសាទ​ចំនួន​ជាង​ ៥៦០​ កន្លែង។

លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​ បាន​ថ្លែង​ថា​ ការ​ទម្លាក់​គ្រាប់បែក​ និង​ការ​បាញ់​​ប្រហារ​មក​លើ​ប្រាសាទ​​ព្រះ​វិហារ​​​​ពី​​សំណាក់​​យោធា​​ថៃ​​​នេះ​ មាន​ផែនការ​យុទ្ធសាស្ត្រ​ យុទ្ធវិធី​ ការ​សម្របសម្រួល​ និង​ដឹកនាំ​​បញ្ជាការ​យ៉ាង​ច្បាស់លាស់​ ក្នុង​គោលបំណង​កម្ទេច​ប្រាសាទ​ព្រះវិហារ​ដែល​ជា​មរតក​ដូនតា​ខ្មែរ​ និង​ជា​​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ដ៏​កម្រ​ និង​កម្សត់​បំផុត។

លោក​អគ្គនាយក​ស៊ីម៉ាក់​ មាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ យុត្តិធម៌​ពិត​នឹង​មាន​ចំពោះ​ប្រាសាទ​ព្រះវិហារ​ ហើយ​យោធា​​ថៃ​ដែល​បំផ្លិចបំផ្លាញ​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ​ នឹង​​ត្រូវ​ទទួលទោស​តាម​ច្បាប់​អន្តរជាតិ​​ជា​កំហិត​​ ព្រមទាំង​ទទួល​បណ្តាសា​របស់​ដូនតា​បុព្វបុរស​ខ្មែរ​​ ដែល​ជា​អ្នក​កសាង​ប្រាសាទ​ព្រះវិហារ​សម្រាប់​​មរតក​មនុស្សជាតិ​នេះ។

ប៉ុន្តែ​យ៉ាងណាក្តី​ អ្នកជំនាញ​កិច្ចការ​ព្រំដែន​ពី​បក្ស​ប្រឆាំង​ យល់ថា​ កម្ពុជា​មិន​ត្រឹមតែ​មិន​ទទួលបាន​យុត្តិ​​ធម៌​ពី​​ថៃ​​ប៉ុណ្ណោះ​​ទេ​ ថែមទាំង​ថៃ​នៅតែ​បន្ត​គឃ្លើន​ឈ្លានពាន​យក​ទឹកដី​កម្ពុជា​បន្ថែម​ទៀត​​ ខណៈ​កងទ័ព​កម្ពុជា​ខ្សោយ​គ្មាន​សព្វាវុធ​ទំនើប​ និង​បើ​នៅតែ​មិន​ព្រម​ប្តឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ​ទេនោះ។

លោក អ៊ុំ សំអាន លើកឡើង​ថា​ បើ​តាម​ច្បាប់​អន្តរជាតិ​ នៅ​ពេល​ដែល​ថៃ​បាន​ទម្លាក់​គ្រាប់បែក​ពី​យន្តហោះ​ និង​បាញ់​​ផ្លោង​មក​លើ​ប្រាសាទ​ព្រះវិហារ​​ ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ វា​គឺ​ជា​បទឧក្រិដ្ឋកម្ម​សង្គ្រាម​ ដូច្នេះ​ប្រសិនបើ​ លោក ហ៊ុន ម៉ាណែត ប្តឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ​​ មេដឹកនាំ​ថៃ​ និង​មេ​យោធា​ថៃ​ត្រូវ​មាន​ទោសទណ្ឌ​ ហើយ​ថៃ​ត្រូវ​សង​សំណង​ការ​ខូចខាត​មក​ឱ្យ​កម្ពុជា។ ប៉ុន្តែ​ លោក ហ៊ុន ម៉ាណែត បែរ​​ជា​មិន​​ប្តឹង​​ថៃ​ ហើយ​នៅតែ​បន្ត​តវ៉ា​ចំពោះ​ការ​ឈ្លានពាន​របស់​ថៃ​ ថា​តើ​អាច​ទាមទារ​សំណង​ ឬ​ទាមទារ​ទឹកដី​ពី​ថៃ​មក​វិញ​បាន​យ៉ាង​ដូចម្តេច?។

លោក​ថា៖ «រឿងដែលលោកហ៊ុន ម៉ាណែត ​មិនប្តឹងថៃ រឿងថៃទម្លាក់គ្រាប់​មកលើប្រាសាទ​​ព្រះវិហារ​មកលើលំនៅ​ឋាន​​​ជនស៊ីវិល ដូច​ជា សាលា​រៀន មន្ទីរ​ពេទ្យ ផ្លូវ​ថ្នល់ ធ្វើ​ឱ្យ​ស្លាប់​និង​របួស​ដល់​ពលរដ្ឋ​ខ្មែរ ដើម្បី​ទាម​ទារ​ទឹក​ដី​មក​វិញ​​​នោះ​ទេ វា​នឹង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បូរណ​ភាព​ទឹក​ដី​កម្ពុជា ទឹក​ដី​កម្ពុជា​ចំនួន ៨១​ទីតាំង​ មិន​អាច​ទាម​ទារ​បាន​មក​​វិញ ហើយ​ថៃ​នឹង​បន្ត​ឈ្លាន​ពាន​យក​ទឹក​ដី​ថែម​ទៀត នៅ​ពេល​លោក​ហ៊ុន ម៉ាណែត មិន​ព្រម​ប្តឹង​ថៃ​ទៅ ICC និង​មិន​​ព្រម​ប្តឹង​ថៃ​​ទៅ ICJ»។

សម្រាប់​ លោក ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​ ក្នុង​ស្មារតី​ប្រយុទ្ធ​ការពារ​ កូនខ្មែរ​គ្រប់រូប​មិនថា​ស្ថិតក្នុង​និន្នាការ​​នយោ​បាយ​​ណា​ និង​អង្គការ​ចាត់តាំង​ណា​ទេ​ ត្រូវតែ​មាន​​កាតព្វកិច្ច​ដាច់ខាត​ចូលរួម​ការពារ​បូរណ​​ភាព​ទឹក​​ដី​ ជាពិសេស​​ប្រាសា​ទ​ព្រះវិហារ​​ដ៏​កម្សត់​របស់​​ដូនតា​ខ្មែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ