បញ្ហាវិវាទដីធ្លីរបស់អ្នកស្រី សែម សុខគា នៅតំបន់អន្ទង់អាំង ឬភ្នំ១៥០០ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយអ្នកស្រីព្រមទទួលយកការដោះដូរដីដែលជាគោលនយោបាយរបស់រដ្ឋ ជាថ្នូរនឹងការប្រគល់ដីរបស់អ្នកស្រីទៅឱ្យរដ្ឋគ្រប់គ្រង និងរក្សាជាតំបន់ទេសចរណ៍។
នេះបើតាមកំណត់ហេតុសាកសួរ និងស្តាប់ការបំភ្លឺរបស់អ្នកស្រី សែម សុខគា ដែលកត់ត្រាដោយក្រសួងយុត្តិធម៌ ក្នុងកិច្ចប្រជុំរកដំណោះស្រាយលើបញ្ហាវិវាទដីធ្លី នៅតំបន់សហគមន៍ការពារធម្មជាតិ (តំបន់អភិរក្សអន្ទង់អាំង) នៅភូមិក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ក្រសួងយុត្តិធម៌ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦នេះ។
ក្នុងកំណត់ហេតុនោះ បានលើកឡើងថា អ្នកស្រី សែម សុខភា បានសុខចិត្តប្រគល់ដីដែលគាត់បានទាមទារស្ថិតនៅតំបន់អភិរក្សអន្ទង់អាំង និងដីមួយកន្លែងទៀតដែលកំពុងតម្កល់នៅធនាគារ ប្រគល់ជូនរដ្ឋវិញ និងសុខចិត្តទទួលយកនូវដីដែលជាគោលនយោបាយរបស់រដ្ឋ។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញបញ្ហានេះ ពីអ្នកស្រី សែម សុខគា ផ្ទាល់បានទេនៅរសៀលថ្ងៃអង្គារនេះ។
យ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងក្នុងទំព័រហ្វេសប៊ុករបស់លោក ដោយបានអរគុណចំពោះអ្នកស្រី សែម សុខគា ដែលបានឆ្លើយតបនឹងការអំពាវនាវរបស់លោក កាលពីថ្ងៃទី១ ខែតុលា ដើម្បីចូលមកដោះស្រាយបញ្ហាដីធ្លីនេះ ហើយលោកក៏បានអរគុណដល់មន្ត្រីក្រោមឱវាទ ដែលបានដោះស្រាយបញ្ហាដីធ្លីនៅតំបន់នេះ ស្របតាមគោលនយោបាយឈ្នះ-ឈ្នះរបស់រដ្ឋាភិបាល។
លោកបានគូសបញ្ជាក់ឡើងវិញដែរថា តំបន់អន្ទង់អាំង ឬបុប្ផាលាក់ខ្លួន នៅភ្នំ១៥០០ នឹងត្រូវថែរក្សាជាតំបន់សាធារណៈរបស់រដ្ឋ ដោយនឹងត្រូវរៀបចំដាំដើមឈើឡើងវិញ ក្នុងគោលដៅប្រែក្លាយទៅជាតំបន់ទេសចរណ៍ធម្មជាតិ សម្រាប់ប្រជាពលរដ្ឋ និងទេសចរណ៍អាចទៅកំសាន្តបាន។
គួររំលឹកថា កាលពីអំឡុងពាក់កណ្តាលមីនា ឆ្នាំ២០២៥ អាជ្ញាធរខេត្តពោធិ៍សាត់ បានដាក់កម្លាំងចុះរុះរើផ្ទះប្រជាពលរដ្ឋជាង ២០គ្រួសារ ឱ្យរាបដល់ដី នៅចំណុចតំបន់អន្ទង់អាំង ឬភ្នំ១៥០០ ក្នុងឃុំអន្លង់រាប ក្នុងស្រុកវាលវែង ដោយអាជ្ញាធរចោទថាពលរដ្ឋទាំងនោះថា រស់នៅខុសច្បាប់លើដីតំបន់ការពារបៃតង ខណៈពលរដ្ឋមួយចំនួន រួមទាំងអ្នកស្រី សែម សុខគា ផងដែរ បានរងការចោទប្រកាន់ថា បានទៅរុករានដីព្រៃតំបន់ការពារដោយខុសច្បាប់។
មកដល់ពេលនេះ ប្រជាពលរដ្ឋដែលរងការបណ្តេញចេញ មានអ្នកខ្លះបានរត់ភៀសខ្លួនទៅកាន់តំបន់ផ្សេង និងខ្លះទៀតកំពុងប្រឈមមុខនឹងការចោទប្រកាន់តាមប្រព័ន្ធតុលាការ ខណៈពលរដ្ឋមួយចំនួនតូច បានទៅរស់នៅតំបន់ថ្មី ដែលអាជ្ញាធរបានរៀបចំឱ្យ នៅឃុំប្រមោយ ស្រុកវាលវែង ដែលសង្គមស៊ីវិលអះអាងថា មិនទាន់មានការរៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ មុនពេលជម្លៀសពលរដ្ឋចេញ។
សម្រាប់អ្នកស្រី សែម សុខគា ធ្លាប់បានអះអាងថា អ្នកស្រីបានទិញដីនៅតំបន់នោះ តពីគេទំហំ ១ហិកតា ដោយមានប្លង់រឹង និងដី២ហិកតាទៀត មានលិខិតទិញលក់ ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន កាលពីឆ្នាំ២០១៤ ប៉ុន្តែបែរជាអាជ្ញាធរថាជាដីតំបន់ការពារទៅវិញ និងបានប្តឹងអ្នកស្រីទៅតុលាការ ពីបទ រុករានដីព្រៃតំបន់ការពារថែមទៀត។ ការណ៍នេះ បានធ្វើឱ្យអ្នកស្រីមិនសុខចិត្ត និងបានតវ៉ាតាំងពីនៅថ្នាក់មូលដ្ឋាន រហូតដល់ក្រសួងស្ថាប័ននានានៅថ្នាក់ជាតិជាច្រើនលើកច្រើនសារ ដើម្បីទាមទារឱ្យមានដំណោះស្រាយសមរម្យសម្រាប់អ្នកស្រី៕









