មិនខុសពីរាល់ឆ្នាំ សហជីពភាគច្រើនលើសលប់ តែងនាំគ្នាបោះឆ្នោតមិនឱ្យមានការដំឡើងប្រាក់ឈ្នួលដល់កម្មករ ខណៈការដំឡើង ២ ដុល្លារ បែរជាធ្វើឡើងដោយសារការអន្តរាគមន៍របស់នាយករដ្ឋមន្ត្រី។
ជាក់ស្ដែង នៅក្នុងកិច្ចប្រជុំចុងក្រោយរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលមានសមាសភាពត្រីភាគី កាលពីថ្ងៃទី៣០ ខែកញ្ញា សមាជិកភាគច្រើនក្នុងចំណោមសមាជិកក្រុមប្រឹក្សាសរុប ៥១ រូប បានបោះឆ្នោតគាំទ្រតួលេខប្រាក់ឈ្នួលអប្បបរមា ២១០ ដុល្លារ។ ក្នុងនោះ សមាជិកចំនួន ៤៧ រូប បានបោះឆ្នោតគាំទ្រតួលេខ ២១០ ដុល្លារដដែល ពោលគឺមិនដំឡើងប្រាក់ឈ្នួល ខណៈសមាជិក ៣ រូប បានគាំទ្រតួលេខ ២២៥ ដុល្លារ ដែលស្នើឡើងដោយសហជីព និងសន្លឹកឆ្នោតមួយមិនបានការ។
បន្ទាប់ពីការបោះឆ្នោតរួចមក រដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ ប្រាប់អ្នកសារព័ត៌មានថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចបន្ថែមប្រាក់ចំនួន ២ ដុល្លារ ទៅលើតួលេខ ២១០ ដុល្លារ សម្រាប់ឆ្នាំ២០២៧ កើនឡើងដល់ ២១២ ដុល្លារ។
ទោះបីមានឈ្មោះថាបានដំឡើងប្រាក់ឈ្នួល និងមានការប្រៀបធៀបប្រាក់ឈ្នួលកម្មករខ្មែរជាមួយប្រទេសក្រីក្រ និងមធ្យមមួយចំនួនជាហូរហែ ប៉ុន្តែអ្នកឃ្លាំមើល សហជីព រួមទាំងសង្គមស៊ីវិល បានលើកជាចម្ងល់ និងការសង្ស័យថា តើសហជីពទាំងនោះត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វីឱ្យប្រាកដ។
ក្រោយបញ្ចប់ការបោះឆ្នោតដំឡើងប្រាក់ឈ្នួលនេះដែរ សហជីពមួយចំនួនបានផ្ដល់បទសម្ភាសន៍ដល់ស្ថាប័នសារព័ត៌មានក្នុងស្រុក ប្រាប់មិនឱ្យកម្មករជឿលើមតិដែលលើកឡើងជំរុញឱ្យមានការដំឡើងប្រាក់ខែ ដោយចោទថាមតិទាំងនោះជាការរិះគន់ ដើម្បីប្រយោជន៍នយោបាយបក្សប្រឆាំង។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ប្រាប់វីអូឌីថា បច្ចុប្បន្នមានសហជីពតិចតួចបំផុតដែលមានភាពឯករាជ្យ ការពារផលប្រយោជន៍កម្មករ ខណៈសហជីពមួយចំនួនមានចរិតការពារប្រយោជន៍ថៅកែ និងរដ្ឋាភិបាល។ លោកបន្តថា វត្តមានសហជីពប្រភេទនេះ គឺជាឧបសគ្គសម្រាប់កម្មករក្នុងការទាមទារនូវសិទ្ធិ និងផលប្រយោជន៍របស់ខ្លួន ពិសេសគឺការដំឡើងប្រាក់ឈ្នួលនេះតែម្តង។
លោកគូសបញ្ជាក់ថា ក្នុងស្ថានភាពសេដ្ឋកិច្ចកាន់តែមានអតិផរណា ទំនិញឡើងថ្លៃ កម្មករត្រូវពិនិត្យតាមដានទៅលើអត្តចរិតសហជីពដែលខ្លួនជ្រើសរើស ដើម្បីធានាថាពួកគេពិតជាបានការពារផលប្រយោជន៍កម្មករពិតប្រាកដមែន។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «យើង(កម្មករ)គប្បីមានការពិនិត្យទៅលើអ្នកដែលជាតំណាងរបស់យើង ដែលជាសហជីពហ្នឹង ថាដើរតួបម្រើផលប្រយោជន៍មកដល់យើងឬអត់? ប្រសិនជាមិនបានទេ គួរតែបញ្ឈប់ក្នុងការគាំទ្រ ហើយស្វះស្វែងរកសហជីពណាដែលមានភាពឯករាជ្យ ហ៊ានចេញមុខទាមទារការពារនូវសិទ្ធិ និងផលប្រយោជន៍របស់កម្មករពិតប្រាកដ អាហ្នឹងទើបសិទ្ធិ និងសេរីភាព និងផលប្រយោជន៍ផ្សេងៗនឹងអាចធ្លាក់មកដល់ពួកគាត់»។
បញ្ហាប្រាក់ឈ្នួលទាប បានបង្កបញ្ហាប្រឈមជាច្រើនដល់ការរស់នៅ និងសុខភាពរបស់កម្មករ។
បើតាមអង្គការសង់ត្រាល់ បានឱ្យដឹងថា គ្រួសារកម្មករកាត់ដេរចំនួន ៧៥% ជំពាក់បំណុល ហើយកម្មករចំនួន ៥៦% ពឹងផ្អែកលើការធ្វើការងារបន្ថែមម៉ោង។ ជាលទ្ធផល គ្រួសាររបស់កម្មករត្រូវបានបង្ខំចិត្តកាត់បន្ថយការចំណាយលើម្ហូបអាហារ និងការអប់រំ ដើម្បីទូទាត់ថ្លៃចំណាយសម្រាប់ការរស់នៅ។
តាមរយៈបញ្ហាប្រឈមនេះ ក្រុមអង្គការសង្គមស៊ីវិល បានអំពាវនាវនៅមុនការប្រជុំសម្រេចទៅកាន់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា និងបានដាក់លិខិតស្នើសុំជាថ្មីម្តងទៀត នៅថ្ងៃទី៥ ខែតុលា ស្នើឱ្យរដ្ឋាភិបាលពិចារណាឡើងវិញ លើការដំឡើងប្រាក់ឈ្នួល ផ្អែកលទ្ធផលនៃការស្ទង់មតិឆ្នាំ២០២៦ អំពីការចំណាយរបស់គ្រួសារក្នុងចំណោមកម្មករកម្ពុជា ព្រមទាំងបានទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្រិត ២៥០,៦៦ ដុល្លារអាមេរិក។
ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) អ្នកស្រី យ៉ាង សុភ័ណ្ឌ បញ្ជាក់ថា តួលេខនេះ គឺកើតឡើងពីការចង់បានរបស់កម្មករ និងផ្អែកលើស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន ដើម្បីផ្ដល់ជីវភាពសមរម្យមួយដល់កម្មករនិយោជិត។ អ្នកស្រីបន្តថា តាមរយៈការបោះឆ្នោតក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា វាគឺជាសេរីភាពក្នុងការសម្រេចចិត្តរបស់សហជីពនីមួយៗ តែវាក៏បង្ហាញឱ្យឃើញថាតើសហជីពណាជាសហជីពដែលជួយកម្មករពិតប្រាកដ ហើយសហជីពណាបម្រើឆន្ទៈរបស់កម្មករពិតប្រាកដ។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ថ្លែងថា៖ «អញ្ចឹងបើសិនជាអាច គួរតែរកវិធីសាស្ត្រ ឬក៏រកមធ្យោបាយណានៅក្នុងការគិតគូរ នៅក្នុងការដំឡើងជូនកម្មករសារជាថ្មី ឬក៏រកមធ្យោបាយក្នុងការដោះស្រាយបែបណា ដើម្បីធានានូវការរស់នៅរបស់កម្មករនិយោជិត។ ព្រោះធម្មជាទូទៅ អ្នកដែលមានសិទ្ធិនៅក្នុងការដំឡើងប្រាក់ឈ្នួលជូនកម្មករនិយោជិត គឺមានតែប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតីហ្នឹងឯង ដែលលោកមានសិទ្ធិនៅក្នុងការសម្រេចទៅលើប្រាក់ឈ្នួលអប្បបរមារបស់កម្មករថា តើឆ្នាំ២០២៧ ប្រាក់ឈ្នួលប៉ុន្មាន ទើបអាចឱ្យកម្មករនិយោជិតហ្នឹង រស់នៅសមរម្យ ថ្លៃថ្នូរជាមនុស្សនៅក្នុងសង្គម»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្ស លោក យី សុខសាន្ត លើកឡើងថា ការដំឡើងប្រាក់ឈ្នួលឱ្យកម្មករមិនអាចធ្វើឱ្យពួកគេក្លាយជាអ្នកមានឡើយ ដោយវាអាចជួយត្រឹមធ្វើឱ្យពួកគេមានជីវភាពរស់នៅសមរម្យ ពិសេសមានអាហារហូបចុកដែលមានអាហាររូបត្ថម្ភត្រឹមត្រូវ។ លោកបន្តថា ការប្រៀបធៀបប្រាក់ឈ្នួលជាមួយប្រទេសផ្សេងដែលទាបជាងកម្ពុជា គឺមិនមែនជាដំណោះស្រាយឡើយ តែវាអាចធ្វើឱ្យប៉ះពាល់ដល់រូបភាពវិនិយោគក្នុងប្រទេសផងដែរ។
លោក យី សុខសាន្ត ថ្លែងថា៖ «អញ្ចឹងបើសិនជាចង់ឱ្យកម្មករមានកម្លាំងពលំសម្រាប់ជួយទៅរដ្ឋាភិបាល ក្នុងការធ្វើគេហៅថារោងចក្រសហគ្រាសល្អ មិនប៉ះពាល់ដល់សុខភាពរបស់គាត់ គួរតែពិចារណាទៅលើការដំឡើងប្រាក់ខែដល់ពួកគាត់! ការស្នើសុំរបស់គាត់នេះ ខ្ញុំជឿថា វាមិនហួសហេតុពេកទេ សម្រាប់ត្រឹម ២៥០ អីហ្នឹង វា វាមិនគ្រប់គ្រាន់ទេ ប៉ុន្តែវាល្អជាង ២១២ សម្រាប់ឆ្នាំ២០២៧»។
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់សហជីព និងសង្គមស៊ីវិលជាង ៧០ ស្ថាប័ន ចេញផ្សាយថ្ងៃទី៥ ខែតុលា បានលើកឡើងដែរថា ការបោះឆ្នោតរបស់សមាជិកភាគច្រើន លើសលប់លើការរក្សាតួលេខ ២១០ ដុល្លារអាមេរិក និងការចេញសេចក្តីសម្រេចភ្លាមៗនៅថ្ងៃដដែល ប្រកាសយកតួលេខ ២១០ ដុល្លារអាមេរិក ក្នុងមួយខែ ជាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៧ នាំឱ្យមានវិមតិសង្ស័យជុំវិញឯករាជ្យភាព តម្លាភាព សុចរិតភាព និងប្រសិទ្ធភាពក្នុងការបំពេញតួនាទីរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
លិខិតរួមដដែល បន្តថា ការដំឡើងចំនួន ២ ដុល្លារអាមេរិកនេះ មានកម្រិតទាបខ្លាំងបើប្រៀបធៀបជាមួយសំណើរបស់សហព័ន្ធសហជីព តាមរយៈលិខិតចុះនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២៦ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងការងារ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដែលស្នើដំឡើងប្រាក់ឈ្នួលចំនួន ២៥០,៦៦ ដុល្លារ។
សំណើរបស់សហព័ន្ធសហជីពក្នុងការដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន ២៥០,៦៦ ដុល្លារនេះ ទទួលបានការគាំទ្រយ៉ាងច្រើនពីសហព័ន្ធសហជីព និងអង្គការសង្គមស៊ីវិលប្រមាណជាង ១០០ ស្ថាប័នតាមរយៈសេចក្តីថ្លែងការណ៍រួម ព្រមទាំងទទួលបានការគាំទ្រពីអង្គការអន្តរជាតិ រួមមាន សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី (Asia Floor Wage Alliance) និងសម្ព័ន្ធយុទ្ធនាការសម្លៀកបំពាក់ស្អាត (Clean Clothes Campaign) ផងដែរ៕









