ចក្រភពអង់គ្លេស បង្ហាញពីការព្រួយបារម្ភពីការបោះឆ្នោតមិនត្រឹមត្រូវនៅកម្ពុជា នាអាណត្តិថ្មីទៀតខាងមុខនេះ ដោយចោទជាសំណួរទៅកាន់អ្នកជំនាញសិទ្ធិមនុស្ស UN ពីយន្តការជំរុញបែបណា ដើម្បីឱ្យការបោះឆ្នោតនៅកម្ពុជាមានលក្ខណៈសេរី និងយុត្តិធម៌ អាចទទួលយកបាន។
នេះបើតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់បេសកជនចក្រភពអង់គ្លេស ប្រចាំអង្គការពាណិជ្ជកម្មពិភពលោក (WTO) និងអង្គការសហប្រជាជាតិ (UN) ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ដែលត្រូវបានថ្លែងក្នុងកិច្ចសន្ទនាអន្តរកម្មស្តីពីកម្ពុជា។
ការសម្តែងក្តីបារម្ភនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ដោយតំណាងចក្រភពអង់គ្លេសបានគូសបញ្ជាក់ថា ទោះបីជាខ្លួនស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការកាត់បន្ថយភាពក្រីក្រយ៉ាងណាក្តី ក៏ប៉ុន្តែការរួមចង្អៀតនៃលំហនយោបាយ និងការកំហិតសេរីភាពពលរដ្ឋ នឹងធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្ត និងភាពស្របច្បាប់នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ២០២៨ ខាងមុខ។
តំណាងចក្រភពអង់គ្លេស បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍នោះថា ខ្លួនចែករំលែកនូវក្តីបារម្ភដូចគ្នានឹងអ្នករាយការណ៍ពិសេស អំពីការបង្រួញលំហពលរដ្ឋ និងលំហនយោបាយ ព្រមទាំងផលប៉ះពាល់អវិជ្ជមាន ដែលអាចកើតមានលើទំនុកចិត្តនៃការបោះឆ្នោតខាងមុខ។
ភាគីអង់គ្លេស បានលើកឡើងថា ទោះបីជាចក្រភពអង់គ្លេសទទួលស្គាល់ និងគាំទ្រដល់បំណងប្រាថ្នារបស់កម្ពុជា ក្នុងការចាកចេញពីស្ថានភាពប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៩ និងសរសើរពីវឌ្ឍនភាពនៃការបង្ក្រាបមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Scam Centers) ក៏ដោយ ប៉ុន្តែកម្ពុជាត្រូវតែប្រាស្រ័យទាក់ទងបែបស្ថាបនា ជាមួយអនុសាសន៍របស់អ្នករាយការណ៍ពិសេស UN។
តំណាងចក្រភពអង់គ្លេស គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែលើកកម្ពស់បរិយាកាសបើកចំហ និងបរិយាបន្ន ដែលអនុញ្ញាតឱ្យគ្រប់សំឡេងទាំងអស់អាចចូលរួមក្នុងដំណើរការប្រជាធិបតេយ្យបានដោយសេរី និងគ្មានការភ័យខ្លាច។
ជាមួយគ្នានេះ ភាគីអង់គ្លេសបានដាក់សំណួរដេញដោលទៅកាន់អ្នករាយការណ៍ពិសេស UN ថា៖ «តើវិធានការណាខ្លះដែលនឹងជួយបង្កើតលក្ខខណ្ឌអំណោយផលបំផុត សម្រាប់ការបោះឆ្នោតដោយសេរី បរិយាបន្ន និងគួរឱ្យទុកចិត្តបាននៅកម្ពុជា ក្នុងរយៈពេលពីរឆ្នាំខាងមុខនេះ?»។
ក្តីបារម្ភរបស់សហគមន៍អន្តរជាតិនេះ ចំពេលដែលប្រព័ន្ធតុលាការនៅកម្ពុជារងការរិះគន់ថា គណបក្សកាន់អំណាចបន្តប្រើប្រាស់ជាឧបករណ៍ ដើម្បីសម្លាប់ជីវិតនយោបាយមេដឹកនាំបក្សប្រឆាំងដែលមានសក្តានុពល ដូចជា លោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម។
យ៉ាងណាជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា បានលើកប្រហាក់ប្រហែលនឹងក្តីបារម្ភរបស់សហគមន៍អន្តរជាតិដែរ ដោយលោកថា កន្លងមក សេចក្តីរាយការណ៍នានាបង្ហាញថា ការបោះឆ្នោតជាបន្តបន្ទាប់មកនេះ មានការគំរាមកំហែង ការទិញទឹកចិត្ត និងភាពមិនឯករាជ្យនៃប្រព័ន្ធបោះឆ្នោតជាដើម។
លោកគូសបញ្ជាក់ថា ការវាយតម្លៃលើបរិយាកាសបោះឆ្នោតថា មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ គឺត្រូវមានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ចាប់ពីមុនការបោះឆ្នោត អំឡុងពេលបោះឆ្នោត និងក្រោយបោះឆ្នោត។ លោកបានបន្ថែមថា ប្រសិនបើនៅតែមានការធ្វើទុក្ខបុកម្នេញ និងការរឹតត្បិតសិទ្ធិសេរីភាពនយោបាយ និងសង្គមស៊ីវិលនោះ ដំណើរការបោះឆ្នោតមិនអាចរាប់ថា មានភាពត្រឹមត្រូវ និងយុត្តិធម៌ពេញលេញបានឡើយ។
លោកថា៖ «បាទ! អ្វីដែលខ្ញុំសង្កត់ជាបញ្ហាចម្បងហ្នឹង គឺខ្ញុំចង់ឱ្យមានការដោះលែងអ្នកដែលមានទោសពាក់ព័ន្ធទៅនឹងការបញ្ចេញមតិ ហើយគួរបើកលំហក្នុងការប្រកួតប្រជែងហ្នឹង ដោយស្មើមុខស្មើមាត់ ដែលមិនមានការរើសអើង។ អញ្ចឹងខ្ញុំគិតថា បើសិនជាបញ្ហានេះវាមានបើកទូលាយឡើង នោះខ្ញុំគិតថាវា វាគ្រប់គ្រាន់ហើយសម្រាប់កម្ពុជា សម្រាប់ខ្មែរនិងខ្មែរ អាចនិយាយគ្នាបានណា បាទ»។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា បានគូសបញ្ជាក់ថា ការរៀបចំការបោះឆ្នោតដែលខ្វះការទទួលស្គាល់ពីភាគីនយោបាយពាក់ព័ន្ធ អាចនឹងបង្កើតឱ្យមានវិបត្តិសង្គម ដែលវានឹងរារាំងដល់លំហូរអ្នកវិនិយោគសុចរិតផងដែរ ហើយទីបំផុត នឹងគំរាមកំហែងដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ក្នុងវិស័យការងារ។
លោកថា៖ «ទាក់ទងនឹងវិបត្តិទាំងអស់ហ្នឹង វាអាចជះឥទ្ធិពលទៅដល់ប្រទេសដែលជា ដែលគេចង់មកចាប់ដៃគូជាមួយរដ្ឋាភិបាល ហើយឬក៏អ្នកដែលគេចង់រកស៊ីមកវិនិយោគទុនជាមួយនិងប្រទេសយើង អាហ្នឹងគេក៏ពិចារណាដែរ ដូចកន្លងមកយើងឃើញហើយណា ការដាក់ទណ្ឌកម្មពីខាងសហគមន៍អឺរ៉ុបក្ដី ពីអាមេរិកក្ដី និងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបក្ដី អាហ្នឹងវាជះឥទ្ធិពលមិនល្អទេដល់ដំណើរការអភិវឌ្ឍនៃប្រទេសយើង បាទ»។
វីអូឌី មិនអាចរកការពន្យល់ពីអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានទេ នៅថ្ងៃទី៦ ខែតុលានេះ។ ប៉ុន្តែ កន្លងមកទាំងគណបក្សកាន់អំណាច និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ធ្លាប់ប្តឹងអ្នកនយោបាយបក្សប្រឆាំងច្រើនរូប ទារសំណងជំងឺចិត្តរហូតជាង ១លានដុល្លារក៏មាន ជុំវិញការរិះគន់ថា ដំណើរការបោះឆ្នោតមានភាពមិនប្រក្រតី និងលួចបន្លំសន្លឹកឆ្នោតជាដើម។
យ៉ាងណា នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៦៣ នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វីស អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ លោក Thomas Andrews លោកបានសម្តែងក្តីបារម្ភយ៉ាងជ្រាលជ្រៅ ជុំវិញការបន្តរឹតត្បិតលំហសេរីភាពពលរដ្ឋ និងប្រព័ន្ធផ្សព្វផ្សាយ ដោយលោកបានទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ និងសកម្មជនសង្គមជាង ១០០នាក់ ជាប្រញាប់ និងដោយឥតលក្ខខណ្ឌ ព្រមទាំងបានអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ ក្នុងការការពារប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនផងដែរ។
លោកសង្កត់ធ្ងន់ថា ដំណើរការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងគួរឱ្យទុកចិត្តបាន មិនអាចកើតឡើងទៅបានឡើយ ដរាបណារាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តបិទខ្ទប់លំហនយោបាយ និងរឹតត្បិតសេរីភាពជាមូលដ្ឋាន។ លោកបានគូសបញ្ជាក់ថា ការបន្តឃុំខ្លួនមេដឹកនាំ និងសកម្មជនគណបក្សប្រឆាំង ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការហាមឃាត់ការធ្វើសកម្មភាពនយោបាយ គឺជាឧបសគ្គដ៏ធំបំផុតដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ភាពស្របច្បាប់នៃការបោះឆ្នោតនាពេលខាងមុខ។
សម្រាប់លោក Thomas Andrews ប្រសិនបើកម្ពុជាចង់ឱ្យសហគមន៍អន្តរជាតិទទួលស្គាល់លទ្ធផលឆ្នោត រាជរដ្ឋាភិបាលត្រូវតែបើកផ្លូវឱ្យមានការប្រកួតប្រជែងដោយស្មើភាព ដោះលែងអ្នកទោសនយោបាយ និងស្តារបរិយាកាសប្រជាធិបតេយ្យឡើងវិញជាបន្ទាន់។
លើសពីនេះលោកថា ការបោះឆ្នោតខាងមុខ មិនអាចចាត់ទុកថាសេរី និងត្រឹមត្រូវ បានឡើយ ប្រសិនបើគ្មានការស្តារលំហប្រជាធិបតេយ្យ និងការបើកផ្លូវឱ្យគណបក្សប្រឆាំងចូលរួមដោយស្មើភាពនោះទេ។ ហើយថា ការដោះលែងសកម្មជននយោបាយ និងការលើកកម្ពស់សេរីភាពបញ្ចេញមតិ គឺជាលក្ខខណ្ឌចាំបាច់បំផុត ដើម្បីធានាថាការបោះឆ្នោតទទួលបានការទទួលស្គាល់ និងមានភាពស្របច្បាប់ពីសហគមន៍អន្តរជាតិ៕









