បារាំង​​ប្រើ​​ឧស្ម័ន​​បង្ក្រាប​បាតុករ​ ២៥ម៉ឺន​នាក់​ធ្វើឱ្យ​អ្នក​រងរបួស​ និង​ចាប់ខ្លួន​ឡើង​ដល់​ជាង​ ១ម៉ឺន​នាក់​

សិស្ស​ គ្រូបង្រៀន​ និង​អាណាព្យាបាល​ជាង​ ២៥ម៉ឺន​នាក់​ បាន​ធ្វើ​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​បារាំង​ ក្នុង​ថ្ងៃ​ដ៏​​​ធំ​បំផុត​នៃ​យុទ្ធនាការ​ទាមទារ​លក្ខខណ្ឌ​ប្រសើរ​ជាង​មុន​សម្រាប់​វិទ្យាល័យ​ ដែល​បាន​ប្រឈមមុខ​នឹង​ការ​ប៉ះទង្គិច​គ្នា​យ៉ាង​ហិង្សា​​ជាមួយ​នគរបាល។​

នាយករដ្ឋមន្ត្រី​បារាំង​ លោក​ Sébastien Lecornu​ បាន​និយាយ​ថា​ បុគ្គលិក​សាលា​យ៉ាងហោចណាស់​ ២១៥នាក់​ និង​ [សិស្ស] ៨៥នាក់​បាន​រងរបួស​ ចាប់តាំងពី​បាតុកម្ម​បាន​ចាប់ផ្តើម​ ដោយ​លោក​បាន​ហៅ​តួលេខ​នេះ​ថាជា​ «ចំនួន​អ្នក​រងគ្រោះ​ធ្ងន់ធ្ងរ​បំផុត​ក្នុង​រយៈពេល​ជាច្រើន​ទសវត្សរ៍​ដែល​ប្រព័ន្ធ​សាលារៀន​បាន​ជួបប្រទះ»។​

ប្រធានាធិបតី​ លោក​ Emmanuel Macron​ បាន​កោះហៅ​រដ្ឋមន្ត្រី​សំខាន់ៗ​ទៅកាន់​វិមាន​ Élysée​ សម្រាប់ការ​ចរចា​នៅ​​យប់​​ថ្ងៃទី៦​ ខែតុលា។​

ក្រសួង​មហាផ្ទៃ​ បាន​និយាយ​ថា​ មនុស្ស​ ២០ម៉ឺន​នាក់ ​បាន​ចូលរួម​ក្នុង​ក្បួន​ដង្ហែ​នៅ​តាម​ទីក្រុង​នានា​ រួមមាន​ Marseille, Nantes​ និង​ Lyon​ ដោយ​មាន​ ៥៦ ០០០នាក់​ទៀត​ចូលរួម​បាតុកម្ម​នៅ​ប៉ារីស។​

អ្នក​រៀបចំ​បាន​ប៉ាន់ប្រមាណ​ថា​ ចំនួន​សរុប​មាន​រហូត​ដល់​ ៤៥ម៉ឺន​នាក់។​ បាតុកម្ម​ភាគច្រើន​ប្រព្រឹត្ត​ទៅ​ដោយ​សន្តិវិធី​ ប៉ុន្តែ​ផ្នែក​ខ្លះ​បាន​បញ្ចប់​ដោយ​អំពើ​វិនាសកម្ម​ និង​ការ​ប៉ះទង្គិច​គ្នា​ជាមួយ​នគរបាល​បង្ក្រាប​បាតុកម្ម​ ដែល​បាន​បាញ់​ឧស្ម័ន​ទឹកភ្នែក​ និង​ប្រើ​ដំបង​ដេញ​បង្ក្រាប។​ មនុស្ស​ជិត​ ៥០០នាក់​ត្រូវបាន​ចាប់ខ្លួន​ ហើយ​មន្ត្រី​នគរបាល​ ៤៣នាក់​បាន​រងរបួស។​

សហជីព​ និង​ក្រុម​សិទ្ធិ​មនុស្ស​បាន​ចោទប្រកាន់​នគរបាល​ថា​បាន​ប្រើប្រាស់​កម្លាំង​ហួសហេតុ​ ហើយ​អង្គការ​ Amnesty International​ បាន​ជំរុញ​ឱ្យ​ «បញ្ចប់​ការ​បង្ក្រាប​របស់​នគរបាល​ដែល​ហួសប្រមាណ»។​ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ លោក​ Laurent Nuñez​ បាន​និយាយ​ថា​ ការ​ឆ្លើយតប​របស់​នគរបាល​គឺ​មាន​សមមាត្រ​​នៅក្នុង​ «ស្ទើរតែ​គ្រប់​​ករណី​​ទាំងអស់»។​

នៅ​ប៉ារីស​ សិស្សានុសិស្ស​បាន​កាន់​បដា​ដែល​មាន​ពាក្យស្លោក​ «ក្រោម​សៀវភៅ​សិក្សា​របស់​យើង​ គឺ​មាន​កំហឹង»​ និង​ «សាលារៀន​គ្មាន​ថវិកា​ =​ ប្រទេស​គ្មាន​អនាគត»។​ សិស្ស​ម្នាក់​ឈ្មោះ​ Anna​ បាន​ប្រាប់​ថា៖​ «ការ​​ទាម​ទារ​របស់​​យើង​​គឺ​​សាមញ្ញ៖​ លក្ខខណ្ឌ​សិក្សា​ប្រសើរ​ជាង​មុន​ គ្រូបង្រៀន​គ្រប់គ្រាន់​ និង​អគារ​សាលារៀន​​សមរម្យ»។​

ការិយាល័យ​របស់​លោក​ Lecornu​ បាន​និយាយ​ថា​ មន្ត្រី​នគរបាល​ ៧១៥នាក់​បាន​រងរបួស​ ក្នុង​បាតុកម្ម​ដែល​​បាន​រីក​រាល​ដាល​​​ទូទាំង​ប្រទេស។​ សាលារៀន​ចំនួន​ ២៤​ ត្រូវបាន​ដុត​ ឬ​កម្ទេច​ចោល​ ហើយ​មនុស្ស​ជាង​ ៦ ១០០នាក់ ​ត្រូវបាន​ចាប់ខ្លួន​ ដែល​ស្ទើរតែ​ទាំងអស់​ជា​អនីតិជន។​ វិទ្យាល័យ​ជាង​ ៩០០​ ត្រូវ​បិទ​ផ្លូវ​ ឬ​​បិទទ្វារ​កាលពី​ថ្ងៃទី៦​ ខែតុលា។​

Océanne​ អាយុ​ ១៨ឆ្នាំ​ បាន​និយាយ​ថា៖​ «យើង​គ្រាន់តែ​ចង់​សង្គ្រោះ​ការ​អប់រំ​របស់​យើង​ និង​ទទួលបាន​ការ​អប់រំ»។​ គ្រូ​បង្រៀន​ និង​​សហជីព​ជាច្រើន​ក៏​បាន​ចូលរួម​ហែក្បួន​ដើម្បី​ «ការពារ​សិស្ស​វិទ្យាល័យ»​ ផងដែរ។​

ករណី​ហិង្សា​ធ្ងន់ធ្ងរ​រួមមាន​ ក្មេងប្រុស​អាយុ​ ១៥ឆ្នាំ​ម្នាក់​ត្រូវ​ដាច់​ដៃ​ យុវជន​អាយុ​ ១៦ឆ្នាំ​ម្នាក់​បាត់បង់​ការ​មើលឃើញ​នៃ​​ភ្នែក​ខាងស្តាំ​ ហើយ​ក្មេងប្រុស​អាយុ​ ១៤ឆ្នាំ​ម្នាក់ទៀត ​បាត់បង់​ធ្មេញ​ភាគច្រើន​ដោយសារ​គ្រាប់បែក​ដៃ​របស់​នគរ​បាល។​

លោក​ Lecornu​ បាន​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​ដោះស្រាយ​ការ​ទាមទារ​សំខាន់ៗ​របស់​សិស្ស​ រួមទាំង​ការ​ជំនួស​គ្រូ​ដែល​អវត្តមាន​ និង​​ការ​​ជួស​ជុល​​អគារ​​ចាស់ៗ​ ប៉ុន្តែ​លោក​បាន​បញ្ជាក់​ថា៖​ «ការ​ដុត​សាលារៀន​នឹង​មិន​ជួយ​ជួសជុល​វា​ឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ