លោក​ ហ៊ុន ម៉ាណែត​ រង​ការ​រិះ​គន់​ពី​ការ​ផ្ញើ​សារ​ខ្វះ​ការ​ទទួល​​ខុស​​ត្រូវ​​ក្នុង​នាម​ជា​មេ​ដឹក​នាំ​

ក្រោយ​មាន​ការ​រិះ​គន់​ជុំ​វិញ​ការ​ថ្លែង​របស់​នាយក​រដ្ឋ​មន្ត្រី​ លោក​ ហ៊ុន ម៉ាណែត​ ដែល​ឱ្យ​ពល​រដ្ឋ​រង​គ្រោះ​បាត់​បង់​ផ្ទះ​សម្បែង​ភូមិ​ករ​ ឱ្យ​ទៅ​ទារ​សំណង​ពី​ថៃ​ដែល​ជា​អ្នក​ឈ្លាន​ពាន​នោះ​ នៅ​ថ្ងៃ​ពុធ​នេះ​ លោក​ ហ៊ុន ម៉ាណែត​ បាន​ចេញ​មក​បក​ស្រាយ​ថា​ អ្វី​ដែល​លោក​បាន​និយាយ​នោះ​ គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​កាន់​ពល​រដ្ឋ​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ដែល​ឈឺ​ឆ្អាល​ក្នុង​ន័យ​វាយ​ប្រហារ​រដ្ឋា​ភិបាល​ប៉ុណ្ណោះ​។​

យ៉ាង​ណា​ អ្នក​ឃ្លាំ​មើល​យល់​ថា​ សារ​របស់​លោក​ ហ៊ុន ម៉ាណែត​ បាន​ឆ្លុះ​បញ្ចាំង​ពី​ការ​មិន​ទទួល​ខុស​ត្រូវ​ ចំពោះ​ជាតិ​ និង​​ប្រជា​ពល​រដ្ឋ​ ១៧​លាន​នាក់​ ក្នុង​នាម​ជា​មេ​ដឹក​នាំ​នោះ​ទេ​ ដែល​ការណ៍​នេះ​ ពួក​គេ​បាន​ជំរុញ​​ឱ្យ​លោក​ ហ៊ុន ម៉ាណែត​ សុំ​ទោស​ពល​រដ្ឋ​ជា​សាធារណៈ​ និង​ធ្វើ​កំណែ​ទម្រង់​ការ​ដឹក​នាំ​របស់​ខ្លួន​វិញ​ ជា​ពិសេស​​ត្រូវ​ប្រញាប់​ប្តឹង​ថៃ​ ទៅ​កាន់​តុលា​ការ​អន្តរ​ជាតិ​ ដើម្បី​រក​យុត្តិ​ធម៌​ជូន​ប្រទេស​ជាតិ​ និង​ពល​រដ្ឋ​។​

សង្គ្រាម​ឈ្លាន​ពាន​របស់​ប្រទេស​ថៃ​ មក​លើ​ដែន​អធិប​តេយ្យ​ និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា​ចំនួន​ ២​លើក​ កាល​ពី​ឆ្នាំ​២០២៥​ បាន​បណ្តាល​ឱ្យ​ប្រជា​ពល​រដ្ឋ​ខ្មែរ​រាប់​សែន​នាក់​ ដែល​រស់​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ បាន​រង​គ្រោះ​ និង​បាត់​បង់​ផ្ទះ​សម្បែង​ដី​ធ្លី​ភូមិ​ករ​ ដែល​រហូត​មក​ដល់​ពេល​នេះ​ នៅ​មាន​ពល​រដ្ឋ​ខ្មែរ​ប្រមាណ​ ២​ម៉ឺន​នាក់​ កំពុង​រស់​នៅ​ជំរំ​ភៀស​សឹក​ និង​ភូមិ​រង់​ចាំ​។​ បើ​ទោះ​ជា​មាន​ការ​ឈ្លាន​ពាន​ពី​សំណាក់​ប្រទេស​ថៃ​ រហូត​មក​ដល់​បច្ចុប្បន្ន​ ក៏​រដ្ឋា​ភិបាល​កម្ពុជា​ នៅ​មិន​ទាន់​ប្តឹង​ថៃ​ទៅ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ ដើម្បី​ទាម​ទារ​ទឹក​ដី​ជាង​ ៨០​ទី​តាំង​ ដែល​ថៃ​បាន​គ្រប់​គ្រង​នោះ​ត្រឡប់​មក​វិញ​ រួម​ទាំង​ប្តឹង​ទាម​ទារ​រក​យុត្តិ​ធម៌​សម្រាប់​ពល​រដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​នៅ​ឡើយ​។​

ក្រៅ​ពី​មិន​ប្តឹង​ថៃ​ រដ្ឋា​ភិបាល​លោក​ ហ៊ុន ម៉ាណែត​ បែរ​ជា​ជំរុញ​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ដី​ធ្លី​ដោយ​សារ​ការ​ឈ្លាន​ពាន​របស់​ថៃ​ ឱ្យ​ទៅ​ទាម​ទារ​សំណង​ពី​ថៃ​ដោយ​ខ្លួន​ឯង​ ដោយ​ថា​ រដ្ឋា​ភិបាល​គ្មាន​ប្រាក់​សង​នោះ​ទេ​។​

ថ្លែង​កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​ នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់​ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ការ​ឧបត្ថម្ភ​ប្រាក់​តិច​តួច​ពេក​ ដល់​ប្រជា​ពល​រដ្ឋ​ដែល​បាត់​បង់​ផ្ទះ​សម្បែង​ដី​ធ្លី​ លោក​ ហ៊ុន ម៉ាណែត​ បាន​លើក​ឡើង​ថា​៖​ «ខ្ញុំ​អត់​មាន​ទិន្នន័យ កន្លែង​ខ្លះប៉ះពីរ​​លាន​ បី​លាន​​តាម​​ទំហំចឹងទៅ សូម​​យោគយល់​​មិន​មែន​​ជាថ្លៃ​សំណង​ទេ បងប្អូ​ន​ខ្លះ​​ថា ហ្ហេស! ផ្ទះវីឡាមួយ​ប៉ុណ្ណា​ប៉ុណ្ណី​ តម្លៃ​​រាប់​​សែន​គេ​បាញ់​អស់​ហើយ​ ហើយ​​រដ្ឋ​​ឱ្យ​​តែ​ប៉ុណ្ណឹង​​ អត់​ទេ​! ទៅទារពីអ្នក​បាញ់​ទៅ រ​ដ្ឋ​​ជួយ​​ឧបត្ថម្ភ​​ការលំបាក​ ហើយ​រដ្ឋ​ក៏បេះពីម៉ាត់​ពីកឱ្យ​​ដែរ»។

ជុំ​វិញ​ការ​លើក​ឡើង​របស់​មេ​ដឹក​នាំ​រូប​នេះ​ អតីត​តំណាង​រាស្ត្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​ លោក​ អ៊ុំ សំអាន​ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​០៧​ ខែ​តុលា​នេះ​ថា​ ក្នុង​កាលៈ​ទេសៈ​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​ និង​កំពុង​រង​គ្រោះ​បាត់​បង់​ដី​ធ្លី​ផ្ទះ​សម្បែង​ មិន​អាច​មាន​ថវិកា​ទៅ​រក​មេ​ធាវី​អន្តរ​ជាតិ​ និង​ការ​យល់​ដឹង​ផ្នែក​ច្បាប់​ ក្នុង​ការ​ប្តឹង​ថៃ​ទៅ​កាន់​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ ICC នោះ​ទេ​ ដូច្នេះ​មាន​តែ​រដ្ឋា​ភិបាល​ ដែល​ជា​អាណា​ព្យាបាល​របស់​ពល​រដ្ឋ​ខ្មែរ​ ១៧​លាន​នាក់​នេះ​ហើយ​ ដែល​ត្រូវ​ប្តឹង​ថៃ​ទៅ​តុលា​ការ​អន្តរ​ជាតិ​ ក្នុង​ការ​ទាម​ទារ​សំណង​ដល់​ពល​រដ្ឋ​ខ្លួន​។​

លោក​ថា​៖​ «លោក​ ហ៊ុន ម៉ាណែត គាត់មាន​ថវិកាជាតិ គាត់​មាន​មេធាវី​ល្បី​ៗ អាច​ជួល​មេធាវីអន្តរជាតិដើម្បី​​ប្តឹង​ថៃទៅ​កាន់​តុលាការ​ព្រហ្មទណ្ឌ​​អន្តរ​ជាតិ​ មាន​ភស្តុតាង​គ្រប់គ្រាន់ ដែលថៃ​បានទម្លាក់​គ្រាប់​បែក​មកលើលំនៅឋាន​ជន​ស៊ីវិល ផ្ទះសម្បែង​ សាលា​រៀន មន្ទីរពេទ្យ វត្តអារ៉ាម ប្រាសាទ​ព្រះវិហារ អាហ្នឹង​ជា​ភស្តុតាង​ដ៏សំខាន់ ហើយ​ថៃ​បាន​ប្រើ​ប្រាស់​គ្រាប់​បែក​ចង្កោម ប្រើ​ផ្សែង​ពុល​​ជា​អាវុធដែល​ខុស​ច្បាប់​​ អាហ្នឹង​ដែ​លត្រូវ​ប្តឹង​ថៃទៅ​តុលាការព្រហ្មទណ្ឌ​អន្តរ​ជាតិ ICC ដើម្បី​ឱ្យ​ផ្តន្ទាទោ​សទៅ​​លើមេដឹកនាំថៃ​ មេដឹកនាំ​យោ​ធា​ថៃ ហើយ​និង​ទារ​សំណងពី​មេដឹកនាំ​ថៃ ពីមេយោធា​​ថៃ ដើម្បី​សង​ការ​ខូចខាត​ទៅលើ​លំនៅឋាន​​ប្រជាពលរដ្ឋ​ដែលបានបាត់​បង់ ឬ​ខូចខាត ហើយ​និង​សងសំណង​ខូចខាត​ ទៅលើ​ការខូចខាត​ប្រាសាទ​ព្រះវិហារ ​និង​ហេដ្ឋារច​នាស​ម្ព័ន្ធ​អី​ជា​ដើម»។

ការណ៍​នេះ​ លោក​ អ៊ុំ សំអាន​ ចាត់​ទុក​សម្តី​របស់​លោក​ ហ៊ុន ម៉ាណែត​ ថា​ជា​សម្តី​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​នាម​ជា​មេ​ដឹក​នាំ​ ចំពោះ​ជាតិ​មាតុ​ភូមិ​ និង​ប្រជា​ពល​រដ្ឋ​ទាល់​តែ​សោះ​ ហើយ​វា​ក៏​ជា​គ្រោះ​ថ្នាក់​សម្រាប់​​​ជាតិ​ផង​​ដែរ​ ដែល​លោក​ ហ៊ុន ម៉ាណែត​ គួរ​តែ​ចុះ​ចេញ​ពី​តំណែង​ជា​មេ​ដឹក​នាំ​តែ​ម្តង​ទៅ​ ដើម្បី​ឱ្យ​មេ​ដឹក​នាំ​ថ្មី​ប្តឹង​រឿង​ថៃ​ឈ្លាន​ពាន​នេះ​ ទៅ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​ ICC ទាម​ទារ​សំណង​ជូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​វិញ​។​

លោក​ថា​៖​ «នៅពេលដែលមេដឹកនាំ​និយាយ​របៀបហឹង ហើយ​បើសិនជាអត់មានការ​កំណែ​ទម្រង់​ទាន់​ពេល​វេលា ឬក៏ផ្លាស់ប្តូរមេដឹកនាំ​ហ្នឹង​ចេញ​ទេ​ គឺ​វាធ្វើឱ្យគ្រោះថ្នាក់ទៅ​ដល់​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​ ព្រោះ​​វានឹង​អាច​ធ្វើឱ្យ​បាត់​បង់​ទឹក​ដីខ្មែរ​យើង​​បន្ថែមទៀត ហើយ​ថៃនឹង​បំផ្លិច​បំផ្លាញផ្ទះសម្បែង ហេដ្ឋារចនា​​​សម្ព័ន្ធ​របស់​ខ្មែរ​បន្ថែម​ទៀត»។

យ៉ាង​ណា​ ក្នុង​ពិធី​អប​អរ​ខួប​ ៨០​ឆ្នាំ​នៃ​ការ​បង្កើត​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្ត្រ​សុខា​ភិបាល​ នៅ​ថ្ងៃ​ទី​០៧​ ខែ​តុលា​នេះ​ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ម៉ាណែត​ បាន​បក​ស្រាយ​ថា​ អ្វី​ដែល​លោក​បាន​និយាយ​កន្លង​មក​ ដែល​ឱ្យ​ពល​រដ្ឋ​ទៅ​ទារ​សំណង​ពី​ថៃ​ដែល​ជា​អ្នក​ឈ្លាន​ពាន​នោះ​ គឺ​លោក​ចង់​សំដៅ​ទៅ​លើ​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ក្រៅ​ប្រទេស​មួយ​ចំនួន​ ដែល​ឈឺ​ឆ្អាល​ក្នុង​ន័យ​វាយ​ប្រហារ​ កេង​ចំណេញ​នយោ​បាយ​ប៉ុណ្ណោះ​ ហើយ​សម្រាប់​ពល​រដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​និង​កំពុង​ភៀស​សឹក​វិញ​ គឺ​ពួក​គាត់​មាន​ការ​យោគ​យល់​ណាស់​ចំពោះ​រដ្ឋា​ភិបាល​។​

លោក​ថា​៖​ «អ្នកដែល​ជនភៀស​សឹកជាក់ស្តែង​ ខ្ញុំទៅជួប​ហើយ ប្រជាជន​គាត់យោគយល់​ណាស់ ប៉ុន្តែ​អ្នកដែលឈឺ​ឆ្អាល អ្នកខ្លះ​ឈឺ​ឆ្អាល​​ពិតប្រាកដរាប់រយ​រាប់ពាន់គីឡូ ហើយអ្នកខ្លះទៀតឈឺ​ឆ្អាល​ក្នុង​ន័យ​វាយ​ប្រហារ កេង​ចំណេញ​នយោ​បាយ ហើយ​ខ្ញុំសំដៅទៅអ្នកណុង ថា​មាន​បងប្អូនខ្លះ ខ្ញុំសំដៅ ជាពិសេសអ្នកនៅក្រៅប្រទេស​នោះឯង ថា​ផ្ទះប្រជាជន​អស់រាប់លានដុល្លារ រាប់សែន​ដុល្លារនៅបឹង​ត្រកួន ឱ្យធ្វើផ្ទះ​តែ​ប៉ុណ្ណឹងៗ​ នៅ[ភូមិ]រង​ចាំ ខ្ញុំប្រាប់ថា ហ្ហាក! បើ​ចង់​ទារ ទៅទារ​ខ្លួន​ឯង ខ្ញុំសំដៅ​អ្នកណុង»។

អ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោ​បាយ​ លោក​ សេង វណ្ណលី​ យល់​ថា​ សារ​បែប​នេះ​មិន​សូវ​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​របស់​​មេ​ដឹក​​នាំ​ទេ​។​ លោក​ថា​ ប្រជា​ពល​រដ្ឋ​ដែល​រង​ការ​ខូច​ខាត​ពី​សង្គ្រាម​ ឬ​ការ​បាញ់​ប្រហារ​ មិន​អាច​ឱ្យ​ពួក​គាត់​ទៅ​ទាម​​ទារ​សំណង​ពី​កង​ទ័ព​បរទេស​ដោយ​ខ្លួន​ឯង​បាន​ទេ​ ខណៈ​រដ្ឋា​ភិបាល​មាន​កាតព្វ​កិច្ច​ការពារ​ពល​រដ្ឋ​ ប្រមូល​ភស្តុ​តាង​ វាយ​​តម្លៃ​ការ​ខូច​ខាត​ និង​ប្រើ​យន្ត​ការ​រដ្ឋ​ ដើម្បី​ទាម​ទារ​ការ​ទទួល​ខុស​ត្រូវ​ពី​ភាគី​ដែល​បង្ក​ការ​ខូច​ខាត​។​

លោក​បាន​លើក​ឡើង​បន្ត​ក្នុង​សំណេរ​ដើម​ថា​៖​ «បញ្ហា​ធំ​​មួយ​ទៀត គឺ​នៅ​ពេល​មាន​ការ​រិះ​គន់ មេដឹកនាំ​មិន​គួរប្រើ​ពាក្យ​​ធ្ងន់ៗ ដូច​ជា ក្បត់​ជាតិ ឬ​បែង​ចែក​ថា អ្នក​ណា​ស្នេហា​ជាតិ អ្នក​ណាមិ​ន​ស្នេហា​ជាតិ​ឡើយ។ ប្រជា​ពលរដ្ឋ អ្នក​សារព័​​ត៌មា​ន និង​អ្នក​នយោ​បាយ​មាន​សិទ្ធិ​សួរ​ថា រដ្ឋា​ភិបាល​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ការ​ពារ​ប្រទេស និង​ជួយ​ជន​រង​គ្រោះ។ បើ​មេដឹកនាំ​មិន​ទទួ​លយ​ក​ការ​រិះគ​ន់ ហើយ​ឆ្លើយ​តប​ដោយ​ការ​គំរាម ឬ​ចោទ​ប្រកាន់ ​នោះវា​មិន​មែន​ជា​ភាព​​រឹង​​មាំ​​ទេ ប៉ុន្តែ​ជា​សញ្ញានៃ​ភាព​ខ្សោយ​ក្នុង​ការ​ទទួល​ខុស​ត្រូវ»។

សម្រាប់​លោក​ សេង វណ្ណលី​ បើ​ចង់​ស្តារ​ទំនុក​ចិត្ត​ពី​ប្រជា​ពល​រដ្ឋ​វិញ​ រដ្ឋា​ភិបាល​ត្រូវ​និយាយ​ការ​ពិត​ បង្ហាញ​​ទិន្ន​ន័យ​ និង​​ផែន​ការ​ច្បាស់​លាស់​ថា​ នឹង​ជួយ​ជន​រង​គ្រោះ​ និង​ទាម​ទារ​សំណង​ដោយ​របៀប​ណា​។​ មេ​ដឹក​នាំ​ក៏​ត្រូវ​រៀន​ស្តាប់​ការ​រិះ​​គន់​ មិន​មែន​តែង​តែ​បន្ទោស​អ្នក​រិះ​គន់​ឡើយ​។​ បើ​ការ​ដឹក​នាំ​នៅ​តែ​បែប​នេះ​ទៅ​មុខ​ ប្រទេស​នឹង​កាន់​តែ​បែក​បាក់​ ហើយ​​ប្រជា​ពល​រដ្ឋ​ក៏​កាន់​តែ​បាត់​ទំនុក​ចិត្ត​លើ​រដ្ឋា​ភិបាល​។​

សម្រាប់​មន្ត្រី​បក្ស​ប្រឆាំង​ លោក​ អ៊ុំ សំអាន​ ក៏​យល់​ឃើញ​ដែរ​ថា​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​មាន​ទំនុក​ចិត្ត​លើ​រដ្ឋា​ភិបាល​ឡើង​​វិញ​ លោក​ ហ៊ុន ម៉ាណែត​ ត្រូវ​សុំ​ទោស​ប្រជា​ពល​រដ្ឋ​ខ្មែរ​ជា​សាធារណៈ​ចំពោះ​កំហុស​ឆ្គង​នៃ​ការ​ថ្លែង​របស់​គាត់​ ហើយ​​ត្រូវ​ប្រញាប់​ប្តឹង​ថៃ​ទៅ​តុលា​ការ​អន្តរ​ជាតិ​ ICJ និង​ ICC ព្រម​ទាំង​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទី​ក្រុង​​ប៉ារីស​ ដើម្បី​ទាម​ទារ​រក​យុត្តិ​ធម៌​ជូន​ប្រទេស​ជាតិ​ និង​ប្រជា​ពល​រដ្ឋ​ខ្មែរ​។​ ក្រៅ​ពី​នោះ​ លោក​ថា​ រដ្ឋា​ភិបាល​លោក​ ហ៊ុន ម៉ាណែត​ ក៏​ត្រូវ​ប្រើ​សិទ្ធិ​ស្វ័យ​ការពារ​ កុំ​បណ្តោយ​ឱ្យ​ថៃ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​តាម​ទំនើង​ចិត្ត​ ព្រម​ទាំង​ធ្វើ​កំណែ​ទម្រង់​​លើ​ការ​ដឹក​នាំ​របស់​ខ្លួន​ឡើង​វិញ​ ដោយ​លុប​បំបាត់​អំពើ​ពុករលួយ​ បក្ខ​ពួក​និយម​ ដោះ​លែង​អ្នក​ជាប់​ឃុំ​មនសិការ​ គោរព​សិទ្ធិ​មនុស្ស​ បើក​លំហ​សេរី​ភាព​ អនុវត្ត​តាម​គោល​ការណ៍​ប្រជា​ធិបតេយ្យ​ និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ដោយ​​សេរី​ ត្រឹម​ត្រូវ​ និង​យុត្តិ​ធម៌​ឡើង​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ