លោក​ ហ៊ុន ម៉ាណែត​ ត្រូវ​​បាន​​ជំរុ​ញ​​ឱ្យ​​ស៊ើប​​អង្កេត​​ករណី​​ទាហាន​​ហូប​​បាយ​​ជា​មួយ​​អំបិល​​ម្ទេស​

លោក​​នាយក​​រដ្ឋ​​មន្ត្រី​ ហ៊ុន ម៉ាណែត​ ត្រូវ​​បាន​​អ្នក​​ឃ្លាំ​​មើល​​ជំរុញ​​ឱ្យ​​ធ្វើ​​ការ​​ស៊ើប​​អង្កេត​​ដោយ​​ឯករាជ្យ​ ជា​ជាង​​ការ​​ដើរ​​និយាយ​​ចោល​​តាម​​ទី​សាធារណៈ​​ដោយ​​គ្មាន​​ការ​​ទទួល​​ខុស​​ត្រូវ​ ករណី​​​មាន​ការ​​ផ្សព្វ​​ផ្សាយ​​ថា​ ទាហាន​​កម្ពុជា​​ជួរ​​មុខ​​ក្រី​ក្រ​ ​រហូត​ដល់​ហូប​បាយ​ជា​មួយ​​អំបិល​ម្ទេស​។​

ការ​ជំរុញ​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ហ៊ុន ម៉ាណែត​ បាន​ថ្លែង​នៅ​ក្នុង​ខេត្ត​ពោធិ៍​សាត់ ​កាល​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​​​ថា​ គណ​បក្ស​​ណា​ក៏​ដោយ​ មក​ពី​និន្នា​ការ​ណា​ក៏​ដោយ​ បើ​ទោះ​បី​ជា​មិន​ស្រឡាញ់​រដ្ឋា​ភិបាល​ មិន​ស្រឡាញ់​​គណ​បក្ស​ប្រជា​ជន​ ក៏​ត្រូវ​ជៀស​វាង​​ការ​វាយ​ប្រហារ​ធ្វើ​ឱ្យ​ប៉ះ​​ពាល់​ទឹក​ចិត្ត​កង​ទ័ព​ ព្រោះ​កង​ទ័ព​គឺ​ជា​​កង​ទ័ព​ជាតិ​។​ លោក​ថា​ ការ​បង្ហោះ​​រឿង​ទាហាន​ជួរ​មុខ​ហូប​បាយ​ជា​មួយ​អំបិល​ម្ទេស ​មិន​មែន​ជា​រឿង​ល្អ​នោះ​​ទេ​ ហើយ​​លោក​មិន​ជឿ​ថា​ ទាហាន​ជួរ​មុខ​ហូប​បាយ​ជា​មួយ​អំបិល​ម្ទេស​នោះ​ឡើយ​ ព្រោះ​ទាហាន​ជួរ​មុខ​ ​គឺ​សុទ្ធ​តែ​មាន​ស្បៀង​ក្រៀម​បម្រុង​ទុក​។​

បើ​តាម​លោក​ ហ៊ុន ម៉ាណែត​ គោល​របប​របស់​កង​ទ័ព​ជួរ​មុខ​ម្នាក់​ក្នុង​មួយ​ថ្ងៃ​ ៤,២០០​រៀល​ សរុប​ក្នុង​មួយ​ខែ​ ១២​​ម៉ឺន​រៀល​ គឺ​ត្រូវ​កាត់​ពី​ប្រាក់​ខែ​ចូល​ទៅ​ក្នុង​ផ្ទះ​បាយ​។​ ទាំង​ទាហាន​ ទាំង​កង​រាជ​អាវុធ​ហត្ថ​ ទាំង​កង​នគរ​បាល​​នៅ​ជួរ​មុខ​ គឺ​ត្រូវ​បាន​រដ្ឋា​ភិបាល​បន្ថែម​ថ្លៃ​ម្ហូប​អាហារ​ចំនួន​ ៣,០០០​រៀល ​​បន្ថែម​ទៀត​ក្នុង​មួយ​ថ្ងៃ ​​ដើម្បី​បំប៉ន​ដល់​ពួក​គាត់​ ចាប់​​តាំង​ពី​រដ្ឋា​ភិបាល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន សែន​ និង​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​រូប​លោក​។​ លោក​នាយក​រដ្ឋ​មន្ត្រី​ បញ្ជាក់​ថា​ រាល់​សំណើ​ពី​កង​ទ័ព​ជួរ​មុខ​ លោក​តែង​តែ​ស៊ីញ៉េ​យល់​​ព្រម​ មិន​ដែល​បដិសេធ​ឡើយ​។​

លោកថា៖ «ផ្គត់​ផ្គង់​អាហារ​ពេល​វាយគ្នា​​ យើង​អត់អាចទៅ​ទេ​អាស្បៀង​ក្រៀ​ម​​នៅ​​ខាង​មុខ​​កន្លែង​​ណា​​​លី​​ទៅ​​បាន​​ទៅ​​ ​​តែ​​បើ​​អត់​​វាយ​គ្នា​​​ទេ ​យើង​ផ្គត់​ផ្គង់​យើង​ធានាបាន​ទាំងអស់​។ អ៊ីចឹង​​សូម​​កុំ​​យក! ឥឡូវ​​បើ​​សិន​ជាមែន​ ផេក​បស់​ខ្ញុំ​ បង​ប្អូន​​យោធិន​កងកម្លាំង​ប្រដាប់​អាវុធណា​​ដែល​ប្រាកដថា បាយ​ជាមួយបាយ​បុកអំបិល​ម្ទេស​​នៅជួរមុខ ​នៅ​កន្លែង​​ណា​ក៏​ដោយ ​សូម​ប្រាប់​មក​ខ្ញុំ! ​បើ​បាយ​ជា​ប្រចាំ​ មិន​មែន​ម្តងម្កាល​ជាមួយ​ស្វាយ​ខ្ចី​​អី​ ​អំបិល​ប្រហុក​ ​អាហ្នឹ​ងជាការ​ប៉ូវ​បន្ថែម​។ គោល​របប​ប្រចាំថ្ងៃ​ ​បើ​មួយ​ថ្ងៃ​៣​ពេល ​ហូប​តែ​ជាមួយ​អំបិល​បុក​ម្ទេស ​សូម​ដាក់​សារមក​ខ្ញុំ ដើម្បី​ខ្ញុំ​មើល​កិច្ចការងារ​ហ្នឹង​ជាបន្ទាន់»។

ប៉ុន្តែ​យ៉ាង​ណា​ក្តី​ នៅ​ក្នុង​វីដេអូ​យ៉ាង​តិច​ចំនួន​ពីរ​ ដែល​វីអូឌី​បាន​ឃើញ​មាន​ការ​បង្ហោះ​ និង​ចែក​ចាយ​បន្ត​គ្នា​នៅ​លើ​បណ្តាញ​សង្គម​ នៅ​ថ្ងៃ​ទី​៧​ ខែ​តុលា​នេះ​ គេ​ឃើញ​ទាហាន​ម្នាក់ ​ពាក់​អាវ​យឺត​ដៃ​ខ្លី​ពណ៌​ទាហាន​ និង​ស្លៀក​​ខោ​ខ្លី​ពណ៌​​ទាហាន​ ពាក់​ស្បែក​ជើង​ផ្ទាត់ ​កំពុង​អង្គុយ​ចោង​​ហោង​​នៅ​លើ​ដី​ ដៃ​ម្ខាង​កាន់​ចាន​អំបិល​ម្ទេស​ ដៃ​ម្ខាង​កាន់​បាយ​១​ដុំ​ កំពុង​ហូប​យ៉ាង​ញាប់​មាត់​នៅ​ជិត​កៅស៊ូ​តង់​ បាន​ឆ្លើយ​តប​ទៅ​នឹង​អ្នក​សួរ​ថា​ បាយ​ដែល​គាត់​កំពុង​ហូប​គឺ​ឆ្ងាញ់​ បន្ទាប់​ពី​ជីក​លេណ​ដ្ឋាន​មាន​ការ​នឿយ​ហត់​។​

លោកថា៖ «ប្រូៗ​ឆ្ងាញ់​អត់? ឆ្ងាញ់ណាស់​បង នេះ​ញ៉ាំអំបិល​​បុក​​ជាមួយ​​បាយ​មក​​ពីធ្វើលេណដ្ឋាន​​ហត់​! ភ្លៀង​​រលឹមៗ​​បង​អើយ ​មាន​តែបាយក្ឌាំង ​និង​អំបិល​ទេ ​ឆ្ងាញ់​ណាស់»។

ចំណែក ​វីដេអូ​ឃ្លីប​មួយ​ទៀត​ បាន​បង្ហាញ​ពី​ទាហាន​ខ្មែរ​សៀក​ពាក់​ខោ​អាវ​ប៉ារ៉ា​មួយ​​ក្រុម ​មាន​គ្នា​ប្រមាណ​ជា​ ៥-៦​នាក់​ កំពុង​​លូក​ដៃ​ឱ្យ​ប្រញេញ​ ​​ចាប់​យក​បាយ​​នៅ​ក្នុង​ថង់​​ប្លាស្ទិក​​​តែ​មួយ​ ​​រួម​គ្នា​យក​មក​ហូប​ជា​មួយ​អំបិល​​ម្ទេស​។​ វីដេអូ​​នេះ ​មិន​បាន​បង្ហាញ​មុខ​កង​ទ័ព​ទាំង​នោះ​ទេ​ ទំនង​ជា​ខ្លាច​គេ​ស្គាល់​អត្ត​សញ្ញាណ​ទៅ​ធ្វើ​បាប​​ពួក​គាត់​។​

ចំណែក​ លោក​ អ៊ុំ សំអាន​ តំណាង​រាស្ត្រ​បក្ស​ប្រឆាំង ​បាន​ប្រៀប​ធៀប​ថា​ ទាហាន​ខ្មែរ​ហូប​បាយ​ជា​មួយ​អំបិល​​ម្ទេស​ ​ធ្វើ​​ម៉េច​​ទៅ​ច្បាំង​ឈ្នះ​ជា​មួយ​ទាហាន​ថៃ ​ដែល​ហូប​សាច់​គោ​?។ លោក​ថា​ ទាហាន​លម្អ​ក្រុង​ជា​កូន​​ចៅ​អ្នក​ធំ​ និង​ក្រុម​អង្គរក្ស​​លោក​ ហ៊ុន សែន​ ហូប​សុទ្ធ​តែ​សាច់​គោ​ឡើង​ភ្នំ​ រីឯ​ទាហាន​កូន​អ្នក​ក្រ​នៅ​ជួរ​មុខ​​ហូប​អំបិល​ និង​ដើរ​បេះ​ស្លឹក​​ឈើ​យក​មក​ស្ល​ហូប​។​ ពេល​មាន​សង្គ្រាម​ ទាហាន​ខ្មែរ​នៅ​ជួរ​មុខ​សុទ្ធ​តែ​ជា​កូន​​អ្នក​ក្រី​ក្រ​ ហើយ​ទាហាន​ដែល​ស្លាប់​ក្នុង​សង្គ្រាម​ទាំង​២​លើក ​ក៏​សុទ្ធ​តែ​ជា​កូន​អ្នក​ក្រ​ដែរ​ ប៉ុន្តែ​ពេល​ឡើង​បុណ្យ​​សក្តិ​ បាន​​លាភ​សក្ការៈ​ និង​បាន​លុយ​កាក់​សុទ្ធ​តែ​ជា​កូន​ចៅ​អ្នក​ធំ​។​

បើ​តាម​លោក​ អ៊ុំ សំអាន​ ក្នុង​នាម​ជា​មេ​ដឹក​នាំ​ប្រទេស​ លោក​ ហ៊ុន ម៉ាណែត​ គួរ​បើក​ធ្វើ​ការ​ស៊ើប​អង្កេត​ដោយ​​ឯករាជ្យ​ ដើម្បី​ឱ្យ​អាច​ទទួល​បាន​ទិន្នន័យ​បែប​​វិទ្យា​សាស្ត្រ​ពិត​ប្រាកដ​ ថា​តើ​ទាហាន​កម្ពុជា​ជួរ​មុខ​ពិត​ជា​រស់​នៅ​ក្រ​លំបាក​​វេទនា​ ខ្វះ​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ ឬ​កំពុង​ហូប​បាយ​ជា​មួយ​អំបិល​ម្ទេស​មែន​​ឬ​យ៉ាង​ណា​? មិន​មែន​ត្រូវ​ដើរ​ថ្លែង​​សារ​ចោល​បែប​នេះ​នោះ​ទេ​។​

អ្វី​ដែល​លោក​ ហ៊ុន ម៉ាណែត​ បាន​លើក​ឡើង​មិន​មែន​ជា​សំឡេង​របស់​កង​ទ័ព​ជួរ​មុខ​នោះ​ទេ​ ប៉ុន្តែ​វា​ជា​របាយ​​ការណ៍​​ភូត​​កុហក​របស់​មន្ត្រី​​ខិល​ខូច​មួយ​ចំនួន​ ព្រោះ​បើ​តាម​កង​ទ័ព​ជួរ​មុខ​ប្រាប់​លោក​ គឺ​ថា​ បច្ចុប្បន្ន​ពួក​​គាត់​រស់​នៅ​លំបាក​​ណាស់​ ​ដោយ​សារ​តែ​ប្រាក់​ខែ​តិច​ ហើយ​ត្រូវ​សន្សំ​ដើម្បី​ដោះ​បំណុល​គេ​ និង​ផ្ញើ​ទៅ​ឱ្យ​​ប្រពន្ធ​កូន​នៅ​ឯ​ស្រុក​។​

លោកថា៖ «កងទ័ព​ខ្មែរ​យើង​ជួរ​មុខ ​គឺ​មាន​ជីវភាព​យ៉ាប់​យឺន​ណាស់ ដោយ​សារ​ដូច​ខ្ញុំ​ថា​ចឹង ​​ប្រាក់​ខែតិច​តួច ​ដោយ​សារ​អំពើ​ពុក​រលួយ ​​ដោយ​សារ​គេកាត់​នេះ​កាត់នោះ​ ​នៅ​សល់​តិច​តួច​បង់​​បំណុល​ធនាគារ ​ផ្ញើ​​ទៅ​​ប្រពន្ធកូន​ខ្លះ​ទៅ ​សល់​​តិច​តួច​ចឹង​ចាយ​​បាន​តែ​១០​ថ្ងៃ ​ឬកន្លះ​ខែ​កន្លះ​ខែ​ទៀត​ អត់មាន​លុយ​ចាយ​ មាន​តែហូប​ជាមួយ​អំបិល ​ឬក៏​ហូប​ប្រហុក ​​ឬក៏ដើរបេះ​ផ្លែ​ឈើ​ ឬក៏ស្លឹក​ឈើ​​យក​មក​ស្លរហូប​ចឹង អាហ្នឹង​យើង​​ឃើញ​ជាក់​ស្តែង​ ​ដែល​កងទ័ព​ជួរមុខ​គាត់​​ធ្លាប់​​ប្រាប់​ខ្ញុំ​ថា ពួកគាត់​ពិបាក​ណាស់ ​អត់​មាន​អី​ហូប​គ្រប់​គ្រាន់​ ​ហើយ​ជីវភាព​ក៏ខ្សត់​ខ្សោយ​ដែរ​ ដោយ​សារអំពើ​ពុក​រលួយ​និង​ប្រាក់​ខែ​តិច​តួច​»។

វីអូឌី ​មិន​អាច​ទាក់​ទង​អ្នក​ស្រី​ ម៉ាលី សុជាតា​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ ​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថា​ធិប្បាយ​លើ​​បញ្ហា​នេះ​ ​នៅ​ថ្ងៃ​ទី​៧​ ខែ​តុលា​នេះ​បាន​ទេ​។​

ប៉ុន្តែ​យ៉ាង​ណា​ក្តី​ លោក​ ប៉ែន បូណា​ អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​ បាន​ថ្លែង​នៅ​ក្នុង​កម្ម​វិធី​ផ្សាយ​បន្ត​ផ្ទាល់​ពី​បញ្ហា​ព្រំ​ដែន​កម្ពុជា​-​ថៃ​ ​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​តុលា​ ដោយ​បន្ទរ​តាម​សម្តី​​លោក​ ហ៊ុន ម៉ាណែត ​ថា៖ «កិច្ចការ​របស់​យើង​​នៅ​មិន​ទាន់​ចប់​​ទេ ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសថៃ ប៉ុន្តែសមិទ្ធផល​​ដែល​សម្រេច​បាន​​ក្នុង​រយៈ​ពេល​ដ៏ខ្លីនេះ ​អាច​​ឱ្យ​ប្រជាពល​រដ្ឋ​មើល​ឃើញ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​រាជរដ្ឋាភិបាល ​ក្នុង​ការ​សម្រេច​​ភារកិច្ច​តាម​​ផែន​ការ ​ដែល​បាន​​ដាក់​ចេញ ​ដោយ​មាន​ភាព​ច្បាស់​លាស់ និង​ការទទួល​ខុសត្រូវ​ខ្ពស់​ដើម្បី​​បុព្វហេតុជាតិ​ទឹក​ដី​និង​ប្រជាជន»។

ប៉ុន្តែ​ សម្រាប់​លោក​ អ៊ុំ សំអាន​ គ្មាន​សម័យ​ណា​ដែល​កម្ពុជា​ទន់​ខ្សោយ​ខ្លាំង ​ដូច​សម័យ​ដែល​ដឹក​នាំ​ដោយ​លោក​ ហ៊ុន សែន​ និង​​លោក​ ហ៊ុន ម៉ាណែត​ នា​​ពេល​បច្ចុប្បន្ន​នេះ​​នោះ​ទេ​ ខណៈ​ទាំង​យួន​ទាំង​សៀម​បាន​ចូល​​ឈ្លាន​ពាន​យក​ទឹក​ដី​​ខ្មែរ​តាម​​អំពើ​ចិត្ត​ ដោយ​មិន​ចាំ​បាច់​ប្រើ​គ្រាប់​កាំភ្លើង​ នៅ​ពេល​ដែល​កង​ទ័ព​កម្ពុជា​ជួរ​​មុខ ​ត្រូវ​បាន​ធ្វើ​ឱ្យ​ទន់​ខ្សោយ ​តាម​រយៈ​មិន​ផ្តល់​អាហារ​ឱ្យ​ហូប​ចុក​គ្រប់​គ្រាន់​ និង​ការ​មិន​ធ្វើ​ទំនើប​កម្ម​សព្វាវុធ ​ដើម្បី​ទប់​ទល់​សត្រូវ​ឈ្លាន​ពាន​។​

លោកថា៖ «លោក​ហ៊ុន ម៉ាណែត ​គួរ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​ការពារ​ជាតិ​កម្ពុជា​ ដោយ​លុប​បំបាត់​អំពើ​ពុក​រលួយ ​គ្រួសារ​​​និយម ​បក្ខពួក​និយម ហើយ​កាត់​បន្ថយ​​រដ្ឋាភិបាល​ក្បាល​ធំ ​ដែល​មាន​មន្ត្រីជាន់​ខ្ពស់​ជាង​មួយ​ម៉ឺន​​នាក់​ កាត់​បន្ថយ​​ក្រសួង​​និង​រដ្ឋលេខាធិការដ្ឋាន​​ចំនួន​៣០ ​ត្រឹម​តែជាង​១០​ក្រសួង​ទៅ ​​គឺ​អាច​សល់​លុយ​យ៉ាងតិច ៥​ពាន់​លាន​ដុល្លារ​​ក្នុង​មួយ​ឆ្នាំ ​ដើម្បី​យក​លុយ​ទៅ​តម្លើង​ប្រាក់​ខែ​​ជូន​ទាហាន​​ជួរ​មុខ ​​និង​ទិញ​សព្វា​​​វុធការ​ពារ​​ទឹកដី​។ បើមិន​ធ្វើ​កំណែ​​ទម្រង់​ប្រព័ន្ធ​ការពារ​ជាតិ នោះ​ខ្មែរ​យើង​មិន​អាច​ការ​ពារ​ទឹកដី​បាន​ឡើយ»។

បើ​តាម​ក្រុម​អ្នក​ឃ្លាំ​មើល​ និង​កង​ទ័ព​ជួរ​មុខ​មួយ​ចំនួន​ បាន​លើក​ឡើង​ជា​​​បន្ត​បន្ទាប់​មក​ថា​ ទាហាន​កម្ពុជា​ជួរ​​មុខ​មិន​ត្រឹម​តែ​គ្មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​គ្មាន​សម្លៀក​បំពាក់​សមរម្យ​ គ្មាន​អាវ​ក្រោះ​ពាក់​ការ​ពារ​​ជីវិត​​គ្រប់​គ្រាន់​ ថែម​ទាំង​ពុំ​មាន​សព្វាវុធ​ទំនើប​ប្រើប្រាស់​ឡើយ​។​ ពួក​គេ​ប្រើ​តែ​កាំភ្លើង​ចាស់ៗ​ ដែល​សល់​តាំង​ពី​សម័យ​​សង្គ្រាម​រាប់​ទសវត្សរ៍​មក​ហើយ​ ក្នុង​នោះ​មាន​កាំភ្លើង​ AK ខ្លះ​ថែម​ទាំង​បាញ់​មិន​ចេញ​ក៏​មាន​។​

ពួក​គេ​បន្ត​ថា​ នេះ​គឺ​ជា​ទុក្ខ​លំបាក​យ៉ាង​ខ្លាំង​របស់​កង​ទ័ព​ជួរ​មុខ​ គឺ​ដូច​ដែល​កង​ទ័ព​ជួរ​មុខ​ធ្លាប់​បាន​បង្ហោះ​នា​​ពេល​​កន្លង​មក​ គឺ​មិន​មាន​ខ្មែរ​ណា​ម្នាក់​មាន​ចេតនា​ទៅ​បន្តុះ​បង្អាប់​​កង​ទ័ព​ខ្លួន​ឯង​នោះ​ទេ​។​ កាល​ពី​ទើប​មាន​​ការ​ផ្ទុះ​​សង្គ្រាម​ ទាហាន​ជួរ​មុខ​អាច​បង្ហោះ​សុំ​ជំនួយ​​ពី​សប្បុរស​ជន​បាន ​​ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​។​ ប៉ុន្តែ​នៅ​ពេល​នេះ​ មេ​បញ្ជា​ការ​ជួរ​មុខ​របស់​ពួក​គេ​​​ដែល​បាន​ទទួល​បញ្ជា​ពី​រដ្ឋា​ភិបាល​លោក​ ហ៊ុន ម៉ាណែត​ បាន​ហាម​ទាហាន​ជួរ​មុខ​ ​មិន​ឱ្យ​ថត​​បង្ហោះ​ពី​ការ​លំបាក​របស់​កង​ទ័ព​នោះ​ទេ​ ស្រប​ពេល​ដែល​យោធា​ថៃ​បាន​ដណ្តើម​​កាន់​កាប់​ទឹក​ដី​ខ្មែរ​រហូត​ដល់​ ៨១​ទី​តាំង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ