សារព័ត៌មានរដ្ឋ KCNA បាននិយាយកាលពីថ្ងៃទី៧ ខែតុលាថា កូរ៉េខាងជើង បានរិះគន់សហរដ្ឋអាមេរិកជុំវិញការលក់អាវុធ និងការគាំទ្រផ្នែកយោធាចំពោះតៃវ៉ាន់ ដោយបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានបង្កាត់ភ្លើងតង់ស្យុងនៅច្រកសមុទ្រតៃវ៉ាន់។
អត្ថបទអត្ថាធិប្បាយរបស់ KCNA ដែលបានដកស្រង់សម្តីរបស់អ្នកវិភាគកិច្ចការអន្តរជាតិនៃកូរ៉េខាងជើង លោក Kim Myong Chol បាននិយាយថា នយោបាយរបស់សហរដ្ឋអាមេរិកចំពោះតៃវ៉ាន់ កំពុងបំផ្លាញសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
អត្ថបទអត្ថាធិប្បាយនោះ បានថ្កោលទោសចំពោះវត្តមាននៃយន្តហោះចម្បាំង ដែលលក់ដោយអាមេរិកទៅឱ្យកោះតៃវ៉ាន់ ដោយនិយាយថា សហរដ្ឋអាមេរិក «គួរតែគិតឱ្យបានពីរដងថា តើខ្លួនបានត្រៀមខ្លួនរួចរាល់ហើយឬនៅ ក្នុងការឈរប្រឈមមុខដាក់គ្នាដោយផ្ទាល់ ជាមួយអំណាចជាតិដ៏រឹងមាំនៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីសន្តិសុខរបស់តៃវ៉ាន់ ហើយថា តើខ្លួនអាចទប់ទល់នឹងផលវិបាករបស់វាបានដែរឬទេ»។
យន្តហោះចម្បាំង F-16V Block 70 ថ្មីចំនួនពីរគ្រឿងដំបូង ក្នុងចំណោមទំនិញបញ្ជាទិញសរុប ៦៦ គ្រឿង កាលពីឆ្នាំ២០១៩ បានមកដល់កោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ខណៈដែលតៃវ៉ាន់ប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីទីក្រុងប៉េកាំង។
នៅក្នុងជំនួបកំពូលរបស់ពួកគេនៅទីក្រុងព្យុងយ៉ាង កាលពីខែមិថុនា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ថា លោកនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលការណ៍ «ចិនតែមួយ» ដែលទីក្រុងប៉េកាំងចាត់ទុកថាមានន័យសម្រាប់ភាគីទាំងពីរនៃច្រកសមុទ្រតៃវ៉ាន់ គឺស្ថិតនៅក្នុងប្រទេសតែមួយ ដោយមិនខ្វល់ពីការផ្លាស់ប្តូរនៃស្ថានភាពអន្តរជាតិនោះឡើយ។
យោងតាមក្រសួងការបរទេសចិន ជំនួបនោះក៏បានបូកបញ្ចូលទាំងការយោងដោយប្រុងប្រយ័ត្នចំពោះចំណងទាក់ទងផ្នែកការពារជាតិ ដោយលោក ស៊ី បាននិយាយថា ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរនៅក្នុងវិស័យការទូត ច្បាប់ កិច្ចការយោធា និងវិស័យផ្សេងៗទៀត។
ប្រទេសចិន ដែលទាមទារគ្រប់គ្រងកោះតៃវ៉ាន់ ដែលជាកោះមានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ បានចាត់ទុកកោះនេះថាជាដែនដីរបស់ខ្លួន ដោយបានពិពណ៌នាបញ្ហានេះថាជា «ស្នូលនៃបញ្ហាស្នូល» នៅពេលនិយាយអំពីទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយបណ្តាប្រទេសផ្សេងទៀត ដោយទាមទារមិនឱ្យមានទម្រង់ទំនាក់ទំនងផ្លូវការណាមួយ រវាងថ្នាក់ដឹកនាំតៃវ៉ាន់ និងបរទេសឡើយ។ រដ្ឋាភិបាលតៃវ៉ាន់និយាយថា ទីក្រុងប៉េកាំងគ្មានសិទ្ធិទាមទារយកកោះនេះ ឬព្យាយាមតំណាងឱ្យកោះនេះនៅលើឆាកអន្តរជាតិនោះទេ។
ប្រទេសចិន ដែលជាសម្ព័ន្ធមិត្តតាមសន្ធិសញ្ញារបស់កូរ៉េខាងជើង ក៏បានទាមទារម្តងហើយម្តងទៀតឱ្យក្រុងវ៉ាស៊ីនតោនបញ្ចប់ការលក់អាវុធទៅឱ្យតៃវ៉ាន់។ សហរដ្ឋអាមេរិក ត្រូវបានច្បាប់តម្រូវឱ្យផ្តល់មធ្យោបាយដល់តៃវ៉ាន់ដើម្បីការពារខ្លួន បើទោះបីជាខ្វះទំនាក់ទំនងការទូតផ្លូវការក៏ដោយ។
នៅក្នុងរបាយការណ៍ដាច់ដោយឡែកមួយដោយសារព័ត៌មានរដ្ឋ KCNA កាលពីថ្ងៃទី៧ ខែតុលា មេដឹកនាំកូរ៉េខាងជើង លោក គីម បានប្តេជ្ញាបន្តគាំទ្រប្រទេសរុស្ស៊ី និងកិច្ចខិតខំប្រឹងប្រែងសង្គ្រាមរបស់ខ្លួន នៅក្នុងសារជូនពរថ្ងៃកំណើតផ្ញើជូនប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។
KCNA បាននិយាយថា លោក គីម បានថ្លែងថា ទីក្រុងព្យុងយ៉ាងនឹងបន្តពង្រីកការងាររួមគ្នាក្រោមដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរ ដោយលោកបានសម្តែងការជឿជាក់ថា «សង្គ្រាមដ៏វិសុទ្ធនៃយុត្តិធម៌» របស់រុស្ស៊ី ដើម្បីការពារអធិបតេយ្យភាព ផលប្រយោជន៍សន្តិសុខ និងបរិបូរណភាពទឹកដីរបស់ខ្លួន នឹងបញ្ចប់ដោយជ័យជម្នះ។
សារនោះមិនបានរៀបរាប់ច្បាស់ៗអំពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែននោះទេ។ យោងតាមការប៉ាន់ប្រមាណរបស់អ៊ុយក្រែន និងកូរ៉េខាងត្បូង កូរ៉េខាងជើងបានបញ្ជូនកងទ័ពប្រហែល ១៤,០០០ ទៅ ១៥,០០០ នាក់ ដើម្បីគាំទ្ររុស្ស៊ីក្នុងសង្គ្រាមឈ្លានពានអ៊ុយក្រែនចាប់តាំងពីឆ្នាំ ២០២៤ មក៕









