ពល​រដ្ឋ​រស់​នៅ​​ស្រុក​​​៣​​ខេត្ត​​សៀម​​រាប​​លំបាក​​ធ្វើ​​បុណ្យ​​កាន់​​បិណ្ឌ​​ដោយ​​សារ​​ផ្លូវ​​លំបាក​​ខ្លាំង

ពល​រដ្ឋ​​មួយ​ចំនួន​ ​រស់​នៅ​ស្រុក​អង្គរ​ធំ​ ស្រុក​វ៉ារិន​ និង​ស្រុក​អង្គរ​ជុំ​ ត្អូញ​ត្អែរ​​ថា​ ផ្លូវ​ជាតិ​លេខ​៦៧​ មាន​ប្រវែង​ជិត​ ៣០​ គីឡូ​ម៉ែត្រ​ នៅ​តំបន់​ភូមិ​កំណើត​របស់​ពួក​គាត់​រស់​នៅ​ កំពុង​ខូច​ខាត​កាន់​តែ​ធ្ងន់​ធ្ងរ​ ពិបាក​ធ្វើ​ដំណើរ​ ដែល​ជា​ឧបសគ្គ​រាំង​ស្ទះ​ ក្នុង​ការ​ចូល​រួម​ពិធី​កាន់​បិណ្ឌ​របស់​បរិស័ទ​ចំណុះ​ជើង​វត្ត​។​

យុវជន​រស់​នៅ​ស្រុក​អង្គរ​ជុំ​ កញ្ញា​ យ៉ែប ស្រីម៉ៅ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​​០៧​ ខែ​តុលា​ថា​ ផ្លូវ​លំបាក​ពល​រដ្ឋ​ខ្លះ​ខក​ខាន​​មិន​បាន​ធ្វើ​បុណ្យ​កាន់​បិណ្ឌ​ ហើយ​ពល​រដ្ឋ​ខ្លះ​ទៀត​ដើរ​ដោយ​ថ្មើរ​ជើង​ ចាយ​ពេល​យូរ​។​ កញ្ញា​បន្ថែម​ថា​ ស្ថានភាព​ផ្លូវ​តំបន់​ខ្លះ​ សូម្បី​ជិះ​ម៉ូតូ​ក៏​មិន​បាន​ ដោយ​សារ​មាន​ជង្ហុក​ជ្រៅ​ ធ្វើ​ឱ្យ​ពល​រដ្ឋ​តឹង​ចិត្ត​ ហើយ​ពល​រដ្ឋ​ខ្លះ​ក៏​ខក​ខាន​ ទៅ​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​អារាម​តំបន់​ជន​បទ​ឆ្ងាយៗ​។​

កញ្ញា​ យ៉ែប ស្រីម៉ៅ និយាយថា​៖​ «គ្រួសារពិបាកធ្វើដំណើរទៅវត្ត ទៅសា​លា​រៀន​អញ្ចឹង​ ប៉ុន្តែ​ខែ​ប្រាំង វា​ហុយ​ៗ ដល់​ពេល​វា​បាក់​គ្រប់​រដូវ​ហ្នឹង​ផ្លូវ​ហ្នឹង។ ផ្លូវ​ហ្នឹង​ខូច​ចាប់​ពី​ឃុំ វា​ខូច​នៅ​ស្រុក​អង្គរ​ធំ ចាប់​ពីឃុំ​​ពាក់​ស្នែង ទៅ​ដល់​ស្រុក​អង្គរ​ជុំ ស្រុក​អង្គរ​ជុំ​ហ្នឹង វា​មាន​ឃុំ​គោដូង និង​ខូច​ដល់​ហ្នឹង​ឯង»។

ពល​រដ្ឋ​បន្ថែម​ថា​ មក​ទល់​ពេល​នេះ​ ផ្លូវ​ជាតិ​លេខ​​៦៧​ រង​ការ​ខូច​ខាត​ធ្ងន់​ធ្ងរ​ប្រវែង​ជិត​ ៣០​គីឡូ​ម៉ែត្រ​ ជាង​ ៦​ ឆ្នាំ​​​​​កន្លង​ទៅ​នេះ​ ធ្វើ​ឱ្យ​ពល​រដ្ឋ​លំបាក​វេទនា​ ដោយ​រដូវ​វស្សា​មាន​ភក់​ជង្ហុក​ជ្រៅៗ​ ហើយ​រដូវ​ប្រាំង​វិញ​មាន​ដី​ហុយ​។​

ពល​រដ្ឋ​រស់​នៅ​ស្រុក​អង្គរ​ធំ​ លោក​ សៀម រ៉ាន់​ សង្កេត​ឃើញ​ថា​ ពេល​ផ្លូវ​លំបាក​ធ្វើ​ដំណើរ​ វត្ត​អារាម​នៅ​តំបន់​​ជន​បទ​ឆ្ងាយៗ​កំពុង​ប្រឈម​ខ្វះ​ខាត​ចង្ហាន់​​សម្រាប់​ព្រះ​សង្ឃ​ និង​មិន​សូវ​មាន​អ្នក​យក​ចង្ហាន់​ទៅ​វត្ត​។ លោក​ថា​ ផ្លូវ​ជាតិ​លេខ​៦៧​ នៅ​តំបន់​ខ្លះ​ សូម្បី​ជិះ​ម៉ូតូ​ក៏​មិន​បាន​ ហើយ​បើក​រថ​យន្ត​ក៏​មិន​បាន​ បង្ក​ឱ្យ​រាំង​ស្ទះ​​ដល់​ពល​រដ្ឋ​ធ្វើ​បុណ្យ​នៅ​វត្ត​។​

លោក​ថា​៖​ «ទៅដោយពិបាក បើយើងមិនស្ទុះស្ទារដាច់ចង្ហាន់លោក ចេះ​ទៅ ទៅ​ណា កន្លែង​ខ្លះ​ចុះ​ដើរ​ កន្លែង​ខ្លះ​គោយន្ត។ ពិបាក​មើល​ណាស់ ផ្លួវ​យើង​នេះ ពិបាក​មែន​ទែន។ ធ្វើ​យ៉ាង​ណា យើង​ទៅ​ទាំង​យ៉ាប់​ ឆ្លង​កាត់​ឡាន​តូចៗ​ចប់​ហើយ អត់​មាន​បរ​អី​ទេ»។

វីអូឌី​ មិន​ទាន់​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ជុំ​វិញ​រឿង​នេះ​ ពី​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​សៀម​រាប​ លោក​ លី វណ្ណៈ​ បាន​​នៅ​​ឡើយ​​ទេ​​​គិត​ត្រឹម​​ម៉ោង​ផ្សាយ​នេះ​ ដោយ​ទូរសព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក​។​

ទោះ​យ៉ាង​ណា​ ថ្មីៗ​នេះ ​ក្រសួង​ធម្មការ​ បាន​ចេញ​សេចក្តី​ណែនាំ​ជា​ផ្លូវ​ការ​ តម្រង់​​ទិស​ដល់​គ្រប់​​វត្ត​អារាម​ និង​​ពុទ្ធ​បរិស័ទ​​ទាំង​អស់​ រក្សា​ការពារ​តម្លៃ​ដឹង​គុណ​ប្រពៃណី​ជាតិ​ រៀប​ចំ​សណ្តាប់​ធ្នាប់​ និង​សុវត្ថិភាព​។​

អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​ លោក​ ជួន កក្កដា​ បាន​ថ្លែង​សារ​តាម​វិទ្យុ​ក្នុង​ស្រុក​ថ្មីៗ​នេះ​ថា​ ពល​រដ្ឋ​កម្ពុជា​ជា​ច្រើន​ ចូល​រួម​ពិធី​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​បុព្វ​ការី​ជន​ ដែល​ចែក​ឋាន​ទៅ​។​ លោក​ថា​ ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ ជា​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​ ដែល​ពល​រដ្ឋ​ខ្មែរ​តែង​តែ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ តាំង​ពី​បុរាណ​​កាល​មក​ ដោយ​ពួក​គាត់​មាន​ជំនឿ​ថា​ ការ​សន្សំ​បុណ្យ​កុសល​។​

ជុំ​វិញ​រឿង​នេះ​ អ្នក​គ្រប់​គ្រង​ការិយា​ល័យ​អង្គការ​លីកាដូ​ (Licadho) ប្រចាំ​ខេត្ត​សៀម​រាប​ លោក​ អ៊ិន គង់ជិត​ សង្កេត​​ឃើញ​​ថា​ រដូវ​បុណ្យ​ជាតិ​ធំៗ​ វា​ជា​ការ​រួម​ចំណែក​អភិវឌ្ឍន៍​​វត្ត​អារាម​នៅ​តាម​មូល​ដ្ឋាន​ នៅ​តំបន់​ជន​​បទ​​ដាច់​ស្រយាល​ ក៏​ប៉ុន្តែ​ពេល​ផ្លូវ​ខូច​ខាត​ វា​ជា​ឧបសគ្គ​រាំង​ស្ទះ​ដល់​ការ​កសាង​វត្ត​អារាម​ ហើយ​ព្រះ​សង្ឃ​នឹង​ប្រឈម​ខ្វះ​ចង្ហាន់​ដែរ​។​ លោក​​ថា​ អាជ្ញា​ធរ​ខេត្ត​សៀម​រាប​គួរ​ប្រញាប់​ដោះ​ស្រាយ​រឿង​នេះ​ យក​គ្រឿង​ចក្រ​ជួស​ជុល​ផ្លូវ​នៅ​តំបន់​ដែល​ខូច​ខាត​ខ្លាំង​។​

លោក​ថា​៖​ «វត្តនៅតាមជនបទដាច់ស្រយាលហ្នឹង មានការខ្វះ​ខាត ហើយ​ពឹង​ទៅ​លើ​ពុទ្ធ​បរិស័ទ​គ្រប់​ទី​កន្លែង ជាពិសេស​​យើង​ឃើញ​អ្នក​​នៅ​ក្រុង គាត់​ចង់​ទៅ​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​ឆ្ងាយៗ ​​ដែល​ក្រខ្ស​ត់​ខ្វះ​ខាត​ហ្នឹង។ អាជ្ញាធរ​ខេត្ត និង​ម​ន្ទីរសា​ធារណ​ការ​ខេត្ត​ត្រូវ​គិត​គូរ»។

ពិធី​បុណ្យ​កាន់​បិណ្ឌ​ និង​ភ្ជុំ​បិណ្ឌ​ឆ្នាំ​២០២៦​នេះ​ ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​១រោច​ ដល់​ថ្ងៃ​១៥រោច​ ខែ​ភទ្រ​បទ​ ត្រូវ​​នឹង​ថ្ងៃ​ទី​២៧​ ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី​១២​ ខែ​តុលា​។​ ពិធី​បុណ្យ​នេះ​ បុព្វ​បុរស​បង្រៀន​ឱ្យ​កូន​ចៅ​ បង្កើត​សាមគ្គី​ គោរព​ដឹង​គុណ​ អ្នក​មាន​​គុណ​ និង​រឭក​ទៅ​ដល់​ខ្មែរ​ស្នេហា​ជាតិ​ដែល​លោក​លះ​បង់​ជីវិត​ការពារ​ទឹក​ដី​ ព្រម​ទាំង​បង្ហាញ​ពី​ គុណ​តម្លៃ​ប្រពៃណី​​វប្បធម៌​ទំនៀម​ទម្លាប់​ខ្មែរ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ