សង្គម​ស៊ីវិល​​បារម្ភ​​ពី​​​សេរី​ភាព​​ព័ត៌​មាន​​កាន់​តែ​​រួម​​តូច ក្រោយ​​​រដ្ឋបាល​​ឃុំ​​ដាក់​​លក្ខ​ខណ្ឌ​​ចូល​​យក​​ព័ត៌​មាន

ស្រប​​ពេល​​ដែល​​សេរី​ភាព​​ខាង​​សារ​ព័ត៌​មាន និង​​ការ​​ផ្សព្វ​ផ្សាយ​​នៅ​​កម្ពុជា កំពុង​​រង​​ការ​​រិះ​គន់​​ថា​​មាន​​ភាព​​តូច​ចង្អៀត​​​ស្រាប់​​នៅ​​ថ្នាក់​​ជាតិ ពេល​នេះ​​រដ្ឋបាល​​ថ្នាក់​​ក្រោម​​ជាតិ កំពុង​​អនុ​វត្ត​​ប្រព័ន្ធ​​រឹត​បន្តឹង​​ការ​​ចូល​​យក​​ព័ត៌​មាន​​ក្នុង​​ដែន​​សមត្ថ​កិច្ច​​របស់​​ខ្លួន​​កាន់​តែ​​ខ្លាំង​​ឡើង។

ការ​រឹតបន្តឹង​នេះ កើតឡើង​តាមរយៈ​ការ​ដាក់​លក្ខខណ្ឌ​ស្មុគស្មាញ ពី​សំណាក់​រដ្ឋបាល​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​​​បុរី ខេត្ត​ក្រចេះ សម្រាប់​​​អ្នកសារព័ត៌មាន​​ណា​​​ដែល​ចុះ​យក​​ព័ត៌មាន​ក្នុង​ពិធី​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ-សង្កាត់។

តាមរយៈ​ការ​ចែកចាយ​បន្តបន្ទាប់​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​សេចក្តី​ប្រកាស​ព័ត៌​មាន​​របស់​​រដ្ឋបាល​​ឃុំ​ចង្ក្រង់ ដែល​សរសេរ​លើ​ក្រដាស​ធំ​មួយ បញ្ឈរ​នៅ​មុខ​អគារ​សាលាឃុំ ដោយ​មាន​លក្ខ​ខណ្ឌ​​​ចំនួន ៤ តម្រូវ​ឱ្យ​​អ្នកសារព័ត៌មាន​ភ្ជាប់​មក​ជា​មួយ​សម្រាប់​ការ​ចូល​យក​ព័ត៌មាន រួមមាន ទី១ ឈ្មោះ​អាជ្ញា​បណ្ណ​​អង្គភាព ទី២ អត្តសញ្ញាណ​បណ្ណ ទី៣ បណ្ណ​សម្គាល់​ខ្លួន​ចេញ​ដោយ​អង្គភាព និង​ទី៤ លិខិត​បេសកកម្ម​ចុះបញ្ជី​នៅ​ច្រក​ចេញចូល​តែមួយ​របស់​ខេត្ត។

តាមរយៈ​រូបភាព​នេះ ប្រជាពលរដ្ឋ រួមទាំង​អ្នកធ្វើការ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ បាន​បញ្ចេញ​មតិ​រិះគន់​​ទៅ​លើ​ការ​​​ដាក់​លក្ខ​ខណ្ឌ ដែល​​​ជា​លំនាំ​នៃ​ការ​រឹតត្បិត​​លំហ​សេរីភាព​សារព័ត៌មាន។

នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ អ្នក​ស្រី ឆន សុគន្ធា បាន​ប្រាប់​វីអូឌី​ថា ការ​​ដាក់​លក្ខខណ្ឌ​បែប​នេះ មិន​ត្រឹមតែ​បង្ក​ការ​លំបាក​ដល់​អ្នកសារព័ត៌មាន និង​ពលរដ្ឋ​អ្នកសារព័ត៌​​មាន​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​​​​វា​កំពុង​ប៉ះពាល់​ដល់​សេរីភាព​បញ្ចេញ​មតិ​របស់​ពលរដ្ឋ​ផង​ដែរ។ អ្នកស្រី​លើកឡើង​បែប​នេះ ដោយ​​ហេតុថា ទាំង​ច្បាប់​​ជាតិ អន្តរជាតិ និង​សូម្បីតែ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ផ្ទាល់ ធ្លាប់​បាន​លើកឡើង​​​ថា តាម​រយៈ​ទូរស័ព្ទ​ឆ្លាតវៃ ឬ Smart Phone ពលរដ្ឋ​ម្នាក់​អាច​ក្លាយជា​អ្នកសារព័ត៌មាន​ផ្សព្វផ្សាយ​ការ​​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដរាបណា​មិន​ប៉ះ​ពាល់​​សិទ្ធិ និង​សេចក្តី​ថ្លៃថ្នូរ​អ្នកដទៃ។ ករណី​នេះ អ្នកស្រី​​ស្នើ​ឱ្យ​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ពិនិត្យ​មើល​ឡើង​វិញ ដើម្បី​​ធានា​ពី​លំហ​សេរីភាព​សារព័ត៌មាន និង​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​ពេញលេញ​របស់​ពលរដ្ឋ។

អ្នកស្រី ឆន សុគន្ធា ថ្លែងថា៖ «ទាំង​អាជ្ញាធរ​ជាតិ និង​នៅ​ថ្នាក់​ក្រោម​ជាតិ​ហ្នឹង សូម​​បើក​​លំហ​​ទៅ​ដល់​​សេរី​ភាព​​បញ្ចេញ​​​មតិ សម្រាប់​​ពលរដ្ឋ​​កម្ពុជា ជាពិសេស​​សម្រា​ប់​​អ្នក​សារ​ព័ត៌​មាន ទាំង​​អ្នក​សារ​ព័ត៌​មាន​​អាជីព​ និង​​អ្នក​សារ​ព័ត៌​​មាន​​​ពលរដ្ឋ គាត់​​មាន​​សេរី​ភាព​​ពេញ​លេញ​​នៅ​ក្នុង​​ការ​​អនុវត្ត​​សិទ្ធិ​​ជា​​​មូល​ដ្ឋាន»។

វីអូឌី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ករណី​នេះ​ពី​មេឃុំ​ចង្ក្រង់ លោក តាក រ៉េន បាន​ទេ​​នៅ​ថ្ងៃ​​ទី៨ ខែ​តុលា ដោយ​​ទូរស័ព្ទ​​​ចូល​គ្មាន​អ្នក​ទទួល។

តាមរយៈ​សេចក្តី​បំភ្លឺ​នៅ​ថ្ងៃ​ទី៧ ខែ​តុលា រដ្ឋបាល​ឃុំ​ចង្ក្រង់ ​បាន​ឱ្យ​ដឹង​ថា ការ​ដាក់ចេញ​នូវ​លក្ខខណ្ឌ​បែប​នេះ គឺ​​ដើម្បី​​ពិនិត្យ និង​ការពារ​ក្រែង​មាន​ជន​ខិលខូច​ក្លែង​​ជា​អ្នកសារព័ត៌មាន​គ្មាន​អាជ្ញាបណ្ណ​ត្រឹមត្រូវ និង​គ្មាន​​វិជ្ជាជីវៈ យក​​ព័ត៌មាន​ទៅ​ចុះផ្សាយ​មិន​បាន​ត្រឹម​ត្រូវ និង​បាត់បង់​ក្រមសីលធម៌ ដែល​អាច​នាំ​ឱ្យ​ប៉ះពាល់​​ដល់​កិត្តិយស សេច​ក្តី​​ថ្លៃ​ថ្នូរ ទាំង​អ្នកសារព័ត៌មាន​ដែលមាន​អាជ្ញាបណ្ណ និង​មាន​វិជ្ជាជីវៈ​ពិតប្រាកដ ទាំង​​​មន្ត្រីរាជការ គណៈកម្មការ​លទ្ធកម្ម​​ឃុំ និង​​ថ្នាក់ដឹកនាំ​ផ្សេងទៀត។

យ៉ាងណា រដ្ឋបាល​ឃុំ ​បាន​ទទួលស្គាល់​ថា ខ្លឹមសារ​ដែល​បាន​សរសេរ​នោះ មាន​ការ​ខ្វះចន្លោះ​មួយ​ចំនួន​នាំ​ឱ្យ​​​អ្នកសារព័ត៌មាន​​មិន​សប្បាយចិត្ត និង​ថែមទាំង​បញ្ជាក់​ថា រដ្ឋបាល​ឃុំ​បាន​អនុញ្ញាត​ឱ្យ​អ្នកសារព័ត៌មាន​ដែល​បាន​ទៅ​ចូលរួម​យក​ព័ត៌មាន​ទាំងអស់​គ្នា ដោយ​មិន​មាន​ហាមឃាត់​នរណាម្នាក់​ឡើយ។

ទាក់ទិន​រឿង​នេះ នាយក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (ខេមបូចា) លោក ណុប វី មាន​​ប្រសាសន៍​​​ថា ការ​ដាក់​ដេញថ្លៃ​គម្រោង​លទ្ធកម្ម​សាធារណៈ គឺជា​វេទិកា​ដែល​ត្រូវ​បើកចំហ​ឱ្យ​មាន​ការ​ចូល​រួម​ជា​សាធារណៈ​​​ពី​សំណាក់​ប្រជាពលរដ្ឋ និង​អ្នកសារព័ត៌មាន។ លោក​យល់ឃើញ​ថា ការ​ដាក់​លក្ខ​ខណ្ឌ​​​កម្រិត​​លើ​ការ​ចូលរួម​របស់​​អ្នកសារព័ត៌មាន កំពុង​បង្ហាញ​ពី​កម្រិត​យល់ដឹង​របស់​អាជ្ញាធរ​មូលដ្ឋាន​ទៅលើ​​គោលការណ៍​តម្លាភាព និង​តួនាទី​​របស់​អ្នកសារព័ត៌មាន។

លោក ណុប វី ថ្លែងថា៖ «អ៊ីចឹង​អាហ្នឹង​គឺជា​ចំណុច​មួយ​ដែល​សម្រាប់​ខ្ញុំ ខ្ញុំ​ថា​អាជ្ញាធរ​រដ្ឋ​គួរតែ​គិតមើល និង​​ពិចារណា​​ឡើង​​វិញ​ត្រង់​ចំណុច​ទាំងអស់​ហ្នឹង។ ព្រោះ​យើង​អនុវត្ត​គោលនយោបាយ​មួយ​ធ្វើ​កំណែទម្រង់​​​ស៊ីជម្រៅ ហើយ​តែ​យើង​ព្យាយាម​​ទៅ​បង្កើត​លក្ខខណ្ឌ​ដែល​ពី​មុន​មក​យើង​អត់​ដែល​ជួប អញ្ចឹង​មាន​ន័យ​ថា គោលនយោបាយ ឬក៏​ការ​អនុ​វត្ត​​គោល​ការណ៍​​កំណែ​ទម្រង់​ស៊ីជម្រៅ​ហ្នឹង​មិន​ទទួល​បាន​ជោគជ័យ​ទេ»។

នៅក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ២០២៥ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ហៅកាត់​ជា​ភាសា​អង់គ្លេស​ថា CCIM បាន​ស្ទង់មតិ​ពី​ក្រុម​អ្នកសារព័ត៌មាន​ចំនួន ១០៩ នាក់ និង​រកឃើញ​ថា ៦៩% នៃ​​អ្នក​ស្ទង់មតិ​បង្ហាញ​ពី​ក្តី​បារម្ភ​ផ្លូវច្បាប់ ដូចជា​ការ​ចាប់​ដាក់​ពន្ធនាគារ ចំណែក ៣៩% ផ្សេងទៀត​បារម្ភ​អំពី​សុវត្ថិភាព​របស់​ខ្លួន​ពេល​បំពេញ​វិជ្ជាជីវៈ។

ចំណែក​របាយការណ៍​របស់​អង្គការ​អ្នកយកការណ៍​គ្មាន​ព្រំដែន ហៅកាត់ RSF បាន​ដាក់​ចំណាត់ថ្នាក់​សេរីភាព​​សារព័ត៌​មាន​​នៅ​​កម្ពុជា​​ក្នុង​​ឆ្នាំ​២០២៦ នៅ​លេខរៀង​ទី១៥១ ក្នុង​ចំណោម ១៨០ ប្រទេស។

ទោះបី​កើនឡើង​ចំណាត់ថ្នាក់​ល្អ​ជាង​មុន ១០ លេខ តែ​ស្ថានភាព​ទូទៅ​នៃ​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅតែ​ស្ថិត​​ក្នុង​​ភាព​​ចង្អៀត តាមរយៈ​ការ​បង្កើត​ក្រម ប្រកាស ធម្មនុញ្ញ​វិជ្ជាជីវៈ និង​យុទ្ធនាការ​ផ្សេងៗ​ដែល​មាន​ចរិត​ដាក់​សម្ពាធ​ទៅលើ​អ្នកសារព័ត៌មាន​ដែល​រាយការណ៍​ផ្អែក​លើ​វិជ្ជាជីវៈ និង​ឯករាជ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ