ការកើនឡើងនៃការចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិចក្នុងប្រទេសកម្ពុជា ត្រូវបានអ្នកឃ្លាំមើលលើកឡើងថា ជាបរាជ័យរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់អំពើពុករលួយ ដែលវានឹងបំផ្លាញអនាគតយុវជនទាំងស្រុងក្នុងពេលឆាប់ៗ ប្រសិនបើគ្មានវិធានការទប់ស្កាត់បន្ទាន់ប្រកបដោយប្រសិទ្ធភាពទេនោះ។
ក្តីបារម្ភនេះ កើតឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានទម្លាយនៅក្នុងវេទិកាសាធារណៈមួយ កាលពីថ្ងៃទី០៧ ខែតុលា ម្សិលមិញ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលភ្នំពេញ ថាបារីអេឡិចត្រូនិចនេះ លោកកត់សម្គាល់ឃើញមានសន្ទុះការប្រើប្រាស់ ជាពិសេសក្មេងៗ។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត នេះ ហាក់ស៊ីគ្នាទៅនឹងរបាយការណ៍កាលពី ២ ឆ្នាំមុន របស់ក្រសួងសុខាភិបាល និងក្រសួងអប់រំ ដែលបានបង្ហាញពីក្តីបារម្ភជុំវិញការរីករាលដាលនៃបារីនេះ ដែលគំរាមកំហែងដល់សុខភាពយុវជន។
លោកបានថ្លែងថា៖ «ពាក់ព័ន្ធទៅនឹងបារីវេប(Vape) អេឡិចត្រូនិក រឿងបារីនេះ ឥឡូវហ្នឹងឃើញមានសន្ទុះការប្រើប្រាស់ ជាពិសេសក្មេងៗ។ បាទ! នេះគឺជាបញ្ហាមួយ ដែលគោលការណ៍បានដាក់ចេញពាក់ព័ន្ធនឹងកិច្ចការទាំងនេះ។ ទី១ ខ្ញុំបានប្រកាសជាសាធារណៈ ហើយខ្ញុំបានណែនាំទៅក្រសួងពាក់ព័ន្ធរបស់យើង មិនថាស៊ីឌីស៊ី (CDC) ក្រសួងពាណិជ្ជកម្ម ឬមួយអីដែលជួបជាមួយបរទេស គឺថាបើគេមកសុំផលិតបារីអេឡិចត្រូនិក ឬមួយវេប ស្អីនេះនៅស្រុកខ្មែរ គឺហាមមិនទទួលទេវិនិយោគនេះ។ ទោះបីគាត់ផលិតនាំចេញក៏ដោយ អត់ទេ គឺសុំកុំឱ្យមានតែម្តង»។
ជុំវិញបញ្ហានេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ បានកត់សម្គាល់ថា លំហូរនៃបារីអេឡិចត្រូនិចច្រើនឆ្នាំមកនេះ មានកំណើនការហូរចូល និងចែកចាយ ដែលវាបង្កមហន្តរាយយ៉ាងខ្លាំងសម្រាប់យុវជន និងសិស្សានុសិស្សទាំងស្រុង នៅថ្ងៃអនាគតដ៏ខ្លីខាងមុខនេះ បើរដ្ឋាភិបាលនៅតែបរាជ័យក្នុងការទប់ស្កាត់។
លោកបានគូសបញ្ជាក់ថា មូលហេតុចម្បងនៃបញ្ហាមិនអាចទប់ស្កាត់បាន មកពីអំពើពុករលួយរបស់មន្ត្រីដែលអនុវត្តច្បាប់មិនមានការទទួលខុសត្រូវ បង្កើតក្រុមបណ្តាញច្របាច់បញ្ចូលគ្នារវាងមន្ត្រី និងឈ្មួញ បើកដៃឱ្យមានការចែកចាយ និងការបង្ក្រាបគ្មានប្រសិទ្ធភាព។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា វាជាការបរាជ័យមួយដ៏ធំរបស់រដ្ឋាភិបាល នៅក្នុងការទប់ស្កាត់បញ្ហាបារីអេឡិចត្រូនិច ដែលនៅតែមានវត្តមាន ហើយនៅតែអាចនាំចូលបាន។ អញ្ចឹង យើងត្រូវពិចារណាថា តើការនាំចូលនេះបានដោយសារអ្វី? អញ្ចឹងការប្រើប្រាស់វាអាចអនុវត្តទៅបាន លុះត្រាតែមានការនាំចូល ហើយការនាំចូលវាត្រូវការត្រួតពិនិត្យពីសំណាក់មន្ត្រីមានសមត្ថកិច្ចនៅតាមបណ្តោយព្រំដែន នៅតាមច្រកចូលនាំទំនិញចូល។ ហើយបើសិនជាមានការរត់ពន្ធ តើរត់ពន្ធចូលបានយ៉ាងដូចម្តេច? ហើយការចែករំលែក និងលក់ដូរនៅក្នុងទីផ្សារនៅក្នុងប្រទេសកម្ពុជា»។
ប្រហាក់ប្រហែលគ្នានេះដែរ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី បាននិយាយថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត វាគ្រាន់តែជាសារមួយនៅលើបណ្តាញសង្គមប៉ុណ្ណោះទេ គ្មានប្រសិទ្ធភាពដល់ការទប់ស្កាត់ទេ ប្រសិនបើលោក ហ៊ុន ម៉ាណែត មិនប្តូរឥរិយាបថក្នុងការចាត់វិធានការលើមន្ត្រីដែលធ្វេសប្រហែស ឬក៏ពាក់ព័ន្ធនឹងការបើកផ្លូវឱ្យបទល្មើស ត្រូវទទួលខុសត្រូវតាមការរកឃើញជាក់ស្តែង។
លោកបានបន្តទៀតថា ក្រសួងសុខាភិបាល និងក្រសួងអប់រំខ្លួនឯង ចេញសេចក្តីប្រកាស និងការណែនាំបាន ប៉ុន្តែក្រដាសទាំងនោះមិនអាចទប់រាំងទំនិញនៅតាមព្រំដែន ឬក៏បិទបណ្តាញចែកចាយបានទេ។ សាលារៀនមិនអាចដើរតួនាទីជាគយ ឬក៏នគរបាលបានទេ ហើយឪពុកម្តាយក៏មិនអាចទៅបង្ក្រាបអ្នកនាំចូលជំនួសរដ្ឋាភិបាលបានដែរ។
លោកបានថ្លែងថា៖ «ការកើតឡើងនៃបារីអេឡិចត្រូនិច ទោះជាមានការហាមឃាត់ក៏ដោយ បង្ហាញថា រដ្ឋាភិបាលមិនទាន់អាចធ្វើឱ្យបញ្ជារបស់ខ្លួនមានប្រសិទ្ធភាពបានទេ។ លោក ហ៊ុន ម៉ាណែត មិនគួរឈប់ត្រឹមការបង្ហាញក្តីបារម្ភ និងបញ្ជាឱ្យទប់ស្កាត់ដដែលៗនោះទេ ព្រោះលោកជាអ្នកដឹកនាំដែលមានអំណាចចាត់ចែងស្ថាប័នទាំងនោះ។ បើប្រកាសហាមហើយ ទំនិញនៅតែហូរចូល និងចែកចាយបាន ការទទួលខុសត្រូវត្រូវស្ថិតនៅលើអ្នកគ្រប់គ្រងការនាំចូល និងការអនុវត្តវិធានការ មិនមែនបន្ទោសតែយុវជនដែលប្រើប្រាស់នោះទេ»។
តាមប្រសាសន៍របស់លោក វេជ្ជបណ្ឌិត អ៊ូច វុទ្ធី ប្រធានសមាគមគ្រូពេទ្យគុណធម៌កម្ពុជា ឱ្យដឹងថា បារីអេឡិចត្រូនិក (Vape) មានសារធាតុលាយឡំ ដែលមានក្លិនក្រអូបផ្សេងៗ (ដូចជាក្លិនផ្លែប៉ោម ឬស្ត្រូប៊ែរី) ត្រូវបានផលិតឡើងដោយប្រើប្រាស់សារធាតុគីមីជាច្រើន។ ការប្រើប្រាស់បារីអេឡិចត្រូនិកនេះ បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព រួមមាន ជំងឺផ្លូវដង្ហើម ជំងឺសួត របេង រលាកថ្លើម និងរលាកពោះវៀន។ អ្វីដែលគ្រោះថ្នាក់ជាងនេះទៅទៀតនោះ គឺគេអាចលួចលាយបញ្ចូលនូវសារធាតុញៀន (ដូចជា កូកាអ៊ីន, ហេរ៉ូអ៊ីន ឬកេតាមីន) ដែលបណ្តាលឱ្យប៉ះពាល់ដល់ស្មារតី ខួរក្បាល និងបាត់បង់អនាគត។
ដូចនេះប្រជាពលរដ្ឋ និងយុវជនដែលជាទំពាំងស្នងឫស្សី គួរតែជៀសវាង និងបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិក ក៏ដូចជាបារីធម្មតា ឬថ្នាំជក់ផ្សេងៗជាដាច់ខាត ដើម្បីថែរក្សាសុខភាពឱ្យបានរឹងមាំ និងខិតខំពង្រឹងការសិក្សារៀនសូត្រសម្រាប់អនាគត៕









