លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចេញមុខបន្តចោទប្រកាន់ក្រុមអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស ដែលមិនដែលធ្លាប់កាន់អំណាចថាជា «ពួកបំផ្លាញជាតិ» ដែលការចោទប្រកាន់នេះ បានធ្វើឡើងបន្ទាប់ពីមានការរិះគន់ជុំវិញការបោះពុម្ព និងដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មីៗ ប្រភេទ ៥ ម៉ឺន និង ១០ ម៉ឺនរៀល ពីសំណាក់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។
ក៏ប៉ុន្តែ ភាគីខាងអ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើលសង្គមវិញ បានច្រានចោលការចោទប្រកាន់នេះ ដោយលើកឡើងថា ការដឹកនាំរបស់គ្រួសារលោក ហ៊ុន សែន ជិត ៥០ ឆ្នាំមកនេះទៅវិញទេ ដែលកំពុងធ្វើឱ្យប្រទេសជាតិខាតបង់ទឹកដី ធនធានធម្មជាតិ និងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។
លោក ហ៊ុន សែន បានសរសេរលើហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី៧ ខែតុលា ក្នុងសម្តីដើមថា តាមពិត មិនគួរតមាត់ជាមួយ «ពួកបំផ្លាញជាតិប៉ុន្មានក្បាលនៅក្រៅប្រទេសនោះទេ» ដូចម្តាយរបស់លោកប្រាប់ថា (បើឆ្កែខាំជើងយើង នោះយើងកុំខាំជើងឆ្កែវិញ) តែបើមិនបកស្រាយទេ ប្រជាជននឹងអាចភាន់ច្រឡំ។
លោកបានបន្តថា តាំងពីជំនាន់លោកនៅធ្វើនាយករដ្ឋមន្ត្រី រហូតមកដល់ពេលនេះ ឱ្យតែរាជរដ្ឋាភិបាលដាក់ឱ្យចរាចរក្រដាសប្រាក់ថ្មី «ពួកឆ្កែក្រៅរបងផ្ទះប៉ុន្មានក្បាល តែងតែនិយាយថា រាជរដ្ឋាភិបាលអស់លុយ ទើបបោះក្រដាសប្រាក់ថ្មី»។
លោកបានបញ្ជាក់ថា គ្រាន់តែប្រាប់ថា សាច់ប្រាក់ក្នុងរតនាគារមានមិនក្រោម ២.៥០០ លានដុល្លារ ឯបៀវត្សរ៍ ១ ខែ ចាយត្រឹម ២៣០ លានដុល្លារប៉ុណ្ណោះ។ រីឯចំណូលថវិកាជាតិវិញ ត្រឹម ៩ ខែ រដ្ឋទទួលបានជាង ៥.០០០ លានដុល្លារ ដែលជាមធ្យម ៥០០ ទៅ ៦០០ លានដុល្លារ គឺល្មមគ្រប់គ្រាន់ចំណាយ និងរក្សាទុកសាច់ប្រាក់ក្នុងរតនាគារ មិនឱ្យទាបជាង ២.៥០០ លានដុល្លារនោះទេ។
ក្រៅពីនេះ លោក ហ៊ុន សែន ហាក់បានចម្អកទៅក្រុមប្រឆាំងថា សូមពួកនៅក្រៅស្រុកប្រញាប់យកលុយដែលប្រមូលបាននៅវត្តភ្នំសេរី (ដែលជាវត្តមួយនៅលើទឹកដីអាមេរិក) មកជូនជនភៀសសឹក ដែលពេលនេះកំពុងរក្សាទុកដើម្បីចិញ្ចឹមបក្សនយោបាយមួយនៅក្នុងស្រុក។ លោកនឹងបង្ហោះសារសំឡេងនៃការប្រជុំមួយ ដែលនិយាយដល់ការយកលុយដែលរៃអង្គាសបានសម្រាប់ជនភៀសសឹក មកជួយគណបក្ស នៅពេលក្រោយ។
លោកបានសរសេរក្នុងសំណេរដើមថា៖ «ឱពួកបោកប្រាស់ក្រៅស្រុកអើយ បើចេះត្រូវចេះឱ្យគេកោត តែបើឆោតគឺត្រូវឆោតឱ្យគេអាណិត។ បើគង់តែរាជរដ្ឋាភិបាលអស់លុយដែរ គួរតែអបអរសាទរ ព្រោះរាជរដ្ឋាភិបាលនឹងឆាប់រលំ ឯពួកអស់លោកនឹងបានមកកាន់អំណាច ដូចដែលអស់លោកដេកចង់រាល់ថ្ងៃ»។
ឆ្លើយតបនឹងសំណេររបស់លោក ហ៊ុន សែន នេះ លោក អ៊ុំ សំអាន តំណាងរាស្ត្របក្សប្រឆាំង បានថ្លែងថា ការដែលលោក ហ៊ុន សែន ចោទប្រកាន់អ្នកនយោបាយនៅក្រៅប្រទេសថាជាអ្នកបំផ្លាញជាតិ គឺមិនមែនជារឿងត្រឹមត្រូវនោះទេ។
លោកបានថ្លែងថា៖ «លោក ហ៊ុន សែន ចោទអ្នករិះគន់នៅក្រៅប្រទេស ដែលរិះគន់រដ្ឋាភិបាលត្រកូលហ៊ុនថាជាពួកបំផ្លាញជាតិ ខ្ញុំយល់ថា មិនមែនជារឿងត្រឹមត្រូវនោះទេ ពួកយើងមិនបានទៅបំផ្លាញជាតិ មិនដែលកាន់អំណាចផង ធ្វើម៉េចទៅបំផ្លាញជាតិកើត។ ដូច្នេះ មានតែរដ្ឋាភិបាលត្រកូលហ៊ុនហ្នឹងឯងដែលបំផ្លាញជាតិ យើងឃើញហើយ បំផ្លាញធនធានធម្មជាតិ ព្រៃឈើ រ៉ែ ពុករលួយ គ្រួសារនិយម បក្សពួកនិយម ធ្វើឱ្យបាត់បង់ទឹកដីទៅវៀតណាម សម័យលោក ហ៊ុន សែន ឥឡូវនេះ លោក ហ៊ុន ម៉ាណែត កាន់អំណាច បាត់បង់ទឹកដីទៅប្រទេសថៃទៀត ឃើញទេ»។
មន្ត្រីបក្សប្រឆាំងរូបនេះ បានបន្តថា ការដែលក្រុមរបស់លោករិះគន់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បោះពុម្ពលុយបន្ថែម គឺដោយសារមើលឃើញថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ខ្វះលុយបង្គ្រប់ថវិកាជាតិឆ្នាំ២០២៧។
លោកបានថ្លែងថា៖ «ខ្ចីលុយចិន ចិនក៏មិនឱ្យខ្ចីដែរ ពីព្រោះជំពាក់លុយចិនជាង ៤ពាន់លានដុល្លារហើយ អត់ទាន់សងគេផង ហើយសហគមន៍អន្តរជាតិក៏គេអត់ឱ្យខ្ចី ដល់ចឹងអត់មានជម្រើសអី មានតែបោះពុម្ពលុយបន្ថែមសម្រាប់បង្គ្រប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៧ ហើយបង្គ្រប់ទៅលើការបើកប្រាក់ខែមន្ត្រីរាជការ គ្រូបង្រៀនអីហ្នឹង ពីព្រោះអត់មានលុយបើកប្រាក់ខែឱ្យមន្ត្រីរាជការ មានតែបោះពុម្ពលុយបន្ថែមទេ បើមិនអ៊ីចឹងទេ គឺមន្ត្រីរាជការ ទាហានអី ធ្វើបាតុកម្មទម្លាក់ត្រកូលហ៊ុនពីអំណាចហើយ»។
ចំណែក លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្លែងថា ការហៅអ្នកប្រឆាំងក្រៅប្រទេសសុទ្ធតែឆ្កែឆ្មាក្រៅរបងរបស់លោក ហ៊ុន សែន បង្ហាញថា មេបក្សប្រជាជនកម្ពុជារូបនេះ មានចរិតកោងកាច ច្រង៉េងច្រង៉ាង ធ្វើឱ្យសីលធម៌សង្គមធ្លាក់ចុះ និងធ្វើឱ្យពួកមន្ត្រីក្រោមឱវាទរបស់លោក ហ៊ុន សែន ចេញមកបន្ទរទាំងចរិតកោងកាច ដូចលោក ហ៊ុន សែន ដែរ។
លោកបានថ្លែងថា៖ «ហើយថ្មីៗនេះ លោក ហ៊ុន ម៉ាណែត ក៏ចូលរួមបង្ហាញចរិតកោងកាច ជេរប្រមាថអ្នកដទៃ ហើយមេដឹកនាំមិនធ្វើជាគំរូដល់ជាតិ អ៊ីចឹងវាធ្វើឱ្យសង្គមបែកបាក់ធ្ងន់ធ្ងរ វាធ្វើឱ្យជនពាល ទុច្ចរិត មានឱកាសកាន់តែច្រើនទៅកៀកមេដឹកនាំ អ៊ីចឹងហើយប្រព្រឹត្តបទឧក្រិដ្ឋ ដោយយកច្បាប់មកទ្រាប់អង្គុយ។ ជាក់ស្តែង យើងឃើញស្រាប់ហើយ ពួកទុច្ចរិតមួយចំនួន ដូចជា លី យ៉ុងផាត់ ដូចជា កុក អាន ដូចជា ទ្រី ភាព ដូចជា ហ៊ុន តូ អីនេះ គឺជាជនទុច្ចរិតកម្រិតអន្តរជាតិ ដែលនាំឱ្យកម្ពុជាស្អុយអសោចលើឆាកអន្តរជាតិ»។
អ្នកឃ្លាំមើលរូបនេះ បានលើកឡើងថា ការចេញមកជេរប្រមាថរបស់លោក ហ៊ុន សែន លើអ្នកនយោបាយក្រៅស្រុក ដែលជាគូប្រជែងនយោបាយរបស់ខ្លួននាពេលនេះ គឺស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងតែជួបវិបត្តិធ្ងន់ធ្ងរ ទាំងវិបត្តិសៀមឈ្លានពានមិនព្រមដោះស្រាយ ប្តឹងថៃទៅតុលាការអន្តរជាតិ វិបត្តិទេសចរណ៍ និងវិបត្តិវិនិយោគ គឺគ្មានអ្នកណាគេហ៊ានមកលេង ឬក៏មកវិនិយោគនៅប្រទេសកម្ពុជានោះទេ ដោយសារតែកម្ពុជាមានរឿងអាស្រូវឆបោកតាមប្រព័ន្ធអនឡាញ។ ដូចមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាធ្លាក់ចុះពីកំណើន ៦ ភាគរយ មកត្រឹម ៣% នៅឆ្នាំ២០២៦ នេះ។
លោកបានថ្លែងថា៖ «អីចឹងហើយបានលោក ហ៊ុន ម៉ាណែត បង្ខំចិត្តបោះពុម្ពលុយក្រដាស ៥ ម៉ឺន ក្រដាស ១០ ម៉ឺន ពីព្រោះអាលុយបោះពុម្ពហ្នឹងហើយ យកមកទប់ស្ថានការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន ដែលកំពុងស្រុតចុះធ្ងន់ធ្ងរហ្នឹង។ ការដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បោះពុម្ពលុយថែមនេះ មិនមែនដូចអ្វីដែលលោក ហ៊ុន ម៉ាណែត បកស្រាយថ្មីៗនេះទេ ជាការពិត គឺសេដ្ឋកិច្ចខ្មែរធ្លាក់ចុះធ្ងន់ធ្ងរ ដូច IMF ធ្វើការព្យាករណ៍ អ៊ីចឹងហើយរដ្ឋាភិបាលគ្មានលុយបើកប្រាក់ខែទៅឱ្យមន្ត្រីរាជការ គ្មានលុយចំណាយចរន្តមួយចំនួន ម្ល៉ោះហើយត្រូវតែបោះពុម្ពលុយបន្ថែម ដើម្បីមកទប់ទល់ស្ថានការណ៍សេដ្ឋកិច្ច»។
បើតាមលោក ម៉ែន ណាត សេដ្ឋកិច្ចកម្ពុជាបានធ្លាក់ចុះខ្លាំង ចាប់តាំងពីកម្ពុជាបានទទួលសម្ពាធធ្ងន់ធ្ងរពីសហរដ្ឋអាមេរិក និងពីចក្រភពអង់គ្លេស ឱ្យបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ ខណៈដែលការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញនេះ គឺធ្វើឡើងតែទៅលើជនបរទេស ចំណែកឯមន្ត្រីរដ្ឋាភិបាល និងឧកញ៉ាគ្រាក់ៗ ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ហ៊ុន សែន ដែលមាននៅក្នុងបញ្ជីខ្មៅរបស់អាមេរិក មិនត្រូវបានបង្ក្រាបឡើយ។
ក្រុមអ្នកឃ្លាំមើលដែលមិនចំណុះរដ្ឋាភិបាល បានលើកឡើងថា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ជិត ៥០ ឆ្នាំមកនេះ ក្រៅពីធ្វើឱ្យកម្ពុជាបាត់បង់ទឹកដីទៅប្រទេសវៀតណាម និងថៃ ក៏បានបំផ្លាញធនធានធម្មជាតិរបស់កម្ពុជា ដូចជាព្រៃឈើ រ៉ែ ធ្វើឱ្យកម្ពុជាកើតមានវិបត្តិចាក់ស្រេះ ដូចជាឧក្រិដ្ឋកម្មអនឡាញ អំពើពុករលួយជាប្រព័ន្ធ គ្រួសារនិយម បក្សពួកនិយម អំពើឆបោកគ្រប់ទម្រង់ ធ្វើឱ្យប្រជាពលរដ្ឋជាង ៥ លាននាក់ ជំពាក់បំណុលវ័ណ្ឌក និងបញ្ហាគ្រឿងញៀនរីករាលដាលនៅពេញផ្ទៃប្រទេសជាដើម។ ប៉ុន្តែ ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត បែរជាតែងតែចោទអ្នកនយោបាយប្រឆាំងដែលមិនដែលកាន់អំណាចថា ជាអ្នកបំផ្លាញជាតិ និងជាអ្នកក្បត់ជាតិទៅវិញ៕









