លោក ហ៊ុន សែន បានបញ្ចេញប្រតិកម្មធ្ងន់ៗ ដោយប្រើពាក្យបែបអសុរោះ ប្រៀបធៀបអ្នករិះគន់ទាំងនោះទៅនឹងសត្វ «ឆ្កែ» ក្រោយពីមានការរិះគន់ថា ការបោះពុម្ពក្រដាសប្រាក់រៀលថ្មី ប្រភេទ ៥ ម៉ឺន និង ១០ ម៉ឺនរៀល ដាក់ឱ្យចរាចរនាពេលថ្មីៗនេះ គឺជាសញ្ញាដែលរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ជិតដួលរលំ។
នេះបើតាមសារបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលបានបង្ហោះកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦។
សារនោះ លោក ហ៊ុន សែន បានវាយបកទៅក្រុមអ្នករិះគន់នៅក្រៅប្រទេសថា ជាបុគ្គលក្បត់ជាតិ និងបានប្រៀបធៀបពួកគេទៅនឹងសត្វឆ្កែ។ លោកបានបញ្ជាក់ថា ទោះបីជាដើមឡើយលោកមិនចង់ឆ្លើយតបតាមបណ្តាំម្តាយរបស់លោកក៏ដោយ ប៉ុន្តែលោកចាំបាច់ត្រូវតែចេញមុខបកស្រាយ ដើម្បីការពារកុំឱ្យសាធារណជនមានការភាន់ច្រឡំ។
លោក ហ៊ុន សែន បានបកស្រាយថា សាច់ប្រាក់នៅក្នុងរតនាគារជាតិបច្ចុប្បន្ន មានមិនតិចជាង ២.៥០០ លានដុល្លារឡើយ ខណៈការចំណាយលើបៀវត្សរ៍មន្ត្រីរាជការ មានត្រឹមតែ ២៣០ លានដុល្លារក្នុងមួយខែ។ បន្ថែមពីនេះ លោកគូសបញ្ជាក់ថា ចំណូលរដ្ឋក្នុងរយៈពេល ៩ ខែ ទទួលបានជាង ៥ពាន់លានដុល្លារ ដែលជាមធ្យមពី ៥០០ ទៅ ៦០០ លានដុល្លារក្នុងមួយខែ ដោយតួលេខនេះ គឺគ្រប់គ្រាន់ទាំងស្រុងសម្រាប់ទប់ទល់នឹងការចំណាយ។
លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង បានបង្ហាញការយល់ឃើញអំពីវប្បធម៌នយោបាយថ្លៃថ្នូរ ក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។
លោកថា៖ «ខ្ញុំយល់ថា ដែលលោក ហ៊ុន សែន គាត់ប្រើពាក្យធ្ងន់ៗ ឬប្រៀបធៀបគូប្រជែងនយោបាយទៅនឹងសត្វហ្នឹង វាឆ្លុះបញ្ចាំងពីអសីលធម៌របស់មេដឹកនាំ និងជាវប្បធម៌នយោបាយស្មោគគ្រោក មិនប្រើវប្បធម៌នយោបាយថ្លៃថ្នូរក្នុងការប្រកួតប្រជែងឡើយ»។
លើសពីនេះ លោកគូសបញ្ជាក់ថា ប្រសិនបើថ្នាក់ដឹកនាំមិនប្រតិបត្តិតាមសីលធម៌ក្នុងការដឹកនាំទេនោះ វាបញ្ជាក់ថាការដឹកនាំនោះជាសង្គមពាល ប៉ះពាល់ដល់សីលធម៌យុវជន និងធ្វើឱ្យសីលធម៌សង្គមខ្មែរធ្លាក់ចុះ ព្រោះបានផ្តល់គំរូអាក្រក់ដល់យុវជន។
ជុំវិញការប្រើប្រាស់ភាសាអសុរោះពីសំណាក់អ្នកដឹកនាំនេះ លោក នី សុខា ប្រធានសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) បានលើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការបញ្ចេញមតិ ដោយទស្សនៈគាំទ្រ ឬប្រឆាំង សុទ្ធតែមានតម្លៃស្មើគ្នាក្នុងការឆ្លុះបញ្ចាំងពីពហុគំនិត។ លោកបានគូសបញ្ជាក់ថា អ្នកដឹកនាំមិនគួរប្រើប្រាស់ភាសាគំរាមកំហែង ឬអសុរោះដែលបង្កការភ័យខ្លាចឡើយ ផ្ទុយទៅវិញ ត្រូវប្រើប្រាស់ការបកស្រាយ និងពន្យល់ហេតុផលឱ្យបានច្បាស់លាស់ ព្រោះអ្នកដឹកនាំគឺជាគំរូរបស់សង្គម។
លោកបានថ្លែងថា៖ «ពាក្យស្លោកគេថា “សម្ដីជាឯក លេខជាទោ” ដូច្នេះ នៅក្នុងសង្គមខ្មែរយើង គេឱ្យតម្លៃខ្ពស់ណាស់លើពាក្យពេចន៍ពាក្យសម្តី។ ព្រោះសម្ដីជាឯក គេឱ្យសម្ដីជាកត្តាទី១ ហើយលេខជាកត្តាទី២ទេ ដូច្នេះការប្រើប្រាស់សម្ដីទាំងអស់ នៅក្នុងសង្គមខ្មែរយើង ខ្ញុំមិនមែននិយាយតែលើអ្នកដឹកនាំ ឬក្រុមណាមួយទេ ប៉ុន្តែប្រជាពលរដ្ឋទាំងអស់គួរតែខិតខំប្រើពាក្យសម្តីដោយការគោរពគ្នា និងមានសីលធម៌ខ្ពស់»។
ប្រហាក់ប្រហែលគ្នានេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរក្នុងប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានគូសបញ្ជាក់ថា កម្ពុជាជាប្រទេសដែលកាន់ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ព្រមទាំងមានអរិយធម៌ និងប្រពៃណីថ្លៃថ្នូរ ដែលទាមទារឱ្យប្រជាជាតិទាំងមូលមានគារវកិច្ច សុជីវធម៌ និងសីលធម៌ក្នុងការរស់នៅ និងការប្រាស័យទាក់ទងគ្នា។
លោកបានលើកឡើងបន្ថែមថា ការប្រើប្រាស់ភាសាអសុរោះ និងការជេរប្រមាថរបស់អ្នកដឹកនាំរដ្ឋាភិបាលជាច្រើនឆ្នាំមកនេះ បានជះឥទ្ធិពលអាក្រក់រហូតដល់អ្នកបន្តវេន ឬកូនប្រុសរបស់លោក ក៏យកតម្រាប់តាមប្រើប្រាស់ភាសាមិនសមរម្យក្នុងនាមជាអ្នកដឹកនាំដែរ។
លោកបានបញ្ជាក់ជំហរថា លោកមិនគាំទ្រដាច់ខាតចំពោះភាគីទាំងពីរ ទាំងបក្សកាន់អំណាច និងបក្សប្រឆាំងដែលប្រើប្រាស់ពាក្យអសុរោះជេរប្រមាថគ្នាទៅវិញទៅមក ព្រោះវានាំឱ្យកើតការស្អប់ខ្ពើម គុំកួន និងធ្វើឱ្យប្រជាពលរដ្ឋអស់ទំនុកចិត្ត ដោយគិតថាគ្មាននរណាល្អជាងនរណានោះឡើយ។
លោក ស៊ឹង សែនករុណា បានរំឭកថា ក្នុងនាមជាបុគ្គលសាធារណៈ ឬអ្នកដឹកនាំ គឺជៀសមិនផុតពីការរិះគន់ឡើយ ដូចករណីប្រធានាធិបតីអាមេរិកជាដើម។ ដូច្នេះ អ្នកដឹកនាំត្រូវតែចេះទទួលយក និងឆ្លើយតបទៅវិញដោយភាសាសមរម្យ និងថ្លៃថ្នូរ ជៀសវាងការជេរប្រមាថតបតវិញ ដែលនាំឱ្យបាត់បង់តម្លៃជាអ្នកដឹកនាំ។
លោកបានថ្លែងថា៖ «គណបក្សជំទាស់ ឬអ្នកគាំទ្របក្សជំទាស់ ទៅប្រើពាក្យអសុរោះដែរនោះ វាធ្វើឱ្យប្រជាពលរដ្ឋយល់ថា វាប្រហែលតែគ្នាទេ គ្មានអ្នកណាល្អជាងអ្នកណាឡើយ។ អញ្ចឹងយើងគួរតែរៀបចំឥរិយាបថសាធារណៈ ធ្វើម៉េចយើងគួរតែប្រើប្រាស់ពាក្យពេចន៍ឱ្យបានសមរម្យ ក្នុងនាមជាកូនខ្មែរដែលមានវប្បធម៌ និងដែលបានរៀនសូត្រប្រវត្តិសាស្ត្រដែលមានវប្បធម៌ អរិយធម៌ថ្លៃថ្នូរទាំងអស់ហ្នឹង នាំគ្នាបញ្ចេញប្រកបដោយសីលធម៌ និងសុជីវធម៌ខ្ពស់ ក្នុងនាមគុណធម៌ខ្ពស់ជាមនុស្សជាតិ»។
បើតាមក្រុមអ្នកឃ្លាំមើល ការរក្សាបាននូវវោហារសាស្ត្រ និងក្រមសីលធម៌ខ្ពស់ពីសំណាក់អ្នកនយោបាយគ្រប់ភាគី គឺជាកត្តាចាំបាច់ក្នុងការលើកស្ទួយអរិយធម៌ជាតិ និងការពារកុំឱ្យយុវជនជំនាន់ក្រោយ យកតម្រាប់តាមវប្បធម៌អសីលធម៌នៅក្នុងសង្គម និងទប់ស្កាត់កុំឱ្យជាតិសាសន៍ខ្មែរបន្តបែកបាក់គ្នាគ្មានទីបញ្ចប់ផងដែរ៕









