បេក្ខជន​​បក្ស​​សាធារណ​រដ្ឋ​​ភាគ​ច្រើន បាន​​រក្សា​​គម្លាត​​ពី​​លោក ត្រាំ ក្នុង​​​ការ​​​បោះ​ឆ្នោ​ត​​ពាក់​កណ្តាល​​អាណត្តិ

ការ​​ពិនិត្យ​​ឡើង​​វិញ​​របស់ទីភ្នាក់ងារព័ត៌មាន​​ រ៉យទ័រ (Reuters) រកឃើញ​​ថា បេក្ខជន​​បក្ស​​សាធារណ​រដ្ឋ​​ចំនួន​​ពីរ​​ភាគ​​បី នៅ​​ក្នុង​​ការ​​ប្រកួត​ប្រជែង​​ដណ្តើម​​អាសនៈ​​សភា​​តំណាង​រាស្ត្រ និង​​ព្រឹទ្ធ​សភា​​អាមេរិក​​​ដ៏​​ស្រួច​ស្រាវ បាន​​ខ្វែង​​គំនិត​​លើ​​នយោ​បាយ​​ជាមួយ​​ប្រធានាធិបតី ដូណាល់ ត្រាំ ឬ​​បាន​​កាត់​បន្ថយ​​ទំនាក់​ទំនង​​ជាមួយ​​លោក ដើម្បី​​រក្សា​​គម្លាត​​ពី​​​ប្រធានា​ធិបតី ខណៈ​​ដែល​​ការ​​បាត់​បង់​​ប្រជា​ប្រិយ​ភាព​​របស់​​លោក​ ​កំពុង​​គំរាម​កំហែង​​ដល់​​ការ​​ក្តាប់​​អំណាច​​របស់​​គណបក្ស​​​នៅ​​ក្នុង​​សភា។

ការ​ពិនិត្យ​ឡើង​វិញ​លើ​កំណត់ត្រា​នៃ​ការ​បោះឆ្នោត និង​សេចក្តី​ថ្លែងការណ៍​សាធារណៈ បាន​រកឃើញ​ថា បេក្ខជន​នៅ​ក្នុង ៤១ មណ្ឌល ក្នុង​ចំណោម ៦២ មណ្ឌល កំពុង​ស្វែងរក​ការ​រក្សា​គម្លាត​ពី​លោក ត្រាំ នៅ​មុន​​ការ​បោះឆ្នោត​ពាក់កណ្តាល​​អាណត្តិ​ថ្ងៃ​ទី៣ ខែ​វិច្ឆិកា។

បេក្ខជន​ទាំងនោះ​​ភាគច្រើន​បាន​ខ្វែង​គំនិត​ជាមួយ​លោក ត្រាំ លើ​បញ្ហា​បុគ្គល​ជាក់លាក់ ដើម្បី​ទាក់ទាញ​ម្ចាស់​​ឆ្នោត​​ឯករាជ្យ ខណៈ​ពេល​ដែល​ចៀសវាង​ការ​បែកបាក់​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ​គណបក្ស។

ការ​ខ្វែង​គំនិត​លើ​គោលនយោបាយ គឺជា​ចំណុច​ទូទៅ​បំផុត ដោយ​លេចឡើង​នៅ​ក្នុង ២៣ មណ្ឌល។ នៅ​ក្នុង ១២ មណ្ឌល ការ​បែកបាក់​បាន​ផ្តោត​លើ​ជម្លោះ​អ៊ីរ៉ង់ ដោយ​បេក្ខជន​បក្ស​សាធារណរដ្ឋ​បាន​បោះឆ្នោត​កាត់បន្ថយ​អំណាច​សង្គ្រាម​​របស់​លោក ត្រាំ ឬ​អំពាវនាវ​ឱ្យ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា។ បញ្ហា​ផ្សេងទៀត​រួមមាន​គម្រោង​មជ្ឈមណ្ឌល​ទិន្នន័យ (Data centers)។

ការ​ផ្លាស់ប្តូរ​នេះ ​គឺជា​រឿង​គួរ​ឱ្យ​កត់សម្គាល់ ដោយសារ​លោក ត្រាំ តែងតែ​ដាក់ទោស​សមាជិក​សភា​ណា​ដែល​​ប្រឆាំង​នឹង​លោក។ ជា​ការ​ឆ្លើយតប សេតវិមាន​បាន​បញ្ជាក់​ថា លោក ត្រាំ គឺជា «មេដឹកនាំ​ដែល​ឥត​ប្រកែក​​បាន និង​ជា​អ្នកនាំសារ​ដ៏​ល្អ​បំផុត» សម្រាប់​គណបក្ស។

ការ​ស្ទង់មតិ​ថ្មី​របស់ Reuters/Ipsos បាន​បង្ហាញ​ថា អត្រា​គាំទ្រ​របស់​លោក ត្រាំ បាន​ធ្លាក់ចុះ​មក​ត្រឹម ៣២%។ ជាមួយ​​គ្នា​​នេះ បេក្ខជន​មួយ​ចំនួន​បាន​លុប​រូបថត ឬ​ការ​គាំទ្រ​របស់​លោក ត្រាំ ចេញ​ពី​គេហទំព័រ ឬ​ចៀសវាង​ការ​ចូលរួម​ព្រឹត្តិការណ៍​របស់​លោក។

លោក Ron Bonjean អ្នក​យុទ្ធសាស្ត្រ​របស់​បក្ស​សាធារណរដ្ឋ​បាន​និយាយ​ថា «បេក្ខជន​កំពុង​ឆ្លុះបញ្ចាំង​ពី​អាកប្បកិរិយា​​របស់​ម្ចាស់​ឆ្នោត។ ប្រសិនបើ​ម្ចាស់​ឆ្នោត​មិន​នៅ​ជាមួយ​លោក ត្រាំ ទេ នោះ​ពួកគេ​ចាំបាច់​ត្រូវ​បង្ហាញ​ពី​ការ​បែក​បាក់»។

សមាជិក​ព្រឹទ្ធសភា​លោក Pete Ricketts និង​តំណាងរាស្ត្រ Mariannette Miller-Meeks ស្ថិត​នៅ​ក្នុង​ចំណោម​​បេក្ខ​ជន​​ដែល​​បាន​ខ្វែង​គំនិត​ជាមួយ​លោក ត្រាំ លើ​គោលនយោបាយ​នាំចូល​សាច់គោ និង​អំណាច​​​​សង្គ្រាម។ លោកស្រី Jeanette Hoffman បាន​លើកឡើង​ថា វា​គឺជា «ការ​រក្សា​តុល្យភាព» ដោយ​សារ​​ភាព​​ពុល​​នៃ​​ម៉ាក​សញ្ញា​របស់​លោក ត្រាំ។

ឧទាហរណ៍​ជាក់ស្តែង លោក Mike Beltran បាន​លុប​រូបថត​លោក ត្រាំ ចេញ​ពី​គេហទំព័រ​យុទ្ធនាការ ខណៈ​ដែល​​តំណាង​រាស្ត្រ Mike Lawler បាន​បង្ហាញ​ពី​ការ​ខ្វែង​គំនិត​លើ​បញ្ហា​អន្តោប្រវេសន៍ និង​យន្តហោះ​ចម្បាំង F-35 ដោយ​និយាយ​​ថា «ការពិត​គឺ​ថា ប្រធានាធិបតី និង​ខ្ញុំ មិន​តែងតែ​យល់ស្រប​គ្នា​នោះ​ទេ ហើយ​​នោះ​ជា​រឿង​ធម្មតា​ទេ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ