តុលាការ​​ផ្តន្ទា​ទោស​​លោក ខឿន វីរ៉ាត់ ដាក់​ពន្ធនា​គារ​​២ឆ្នាំ​​ពី​​បទ​​ញុះ​​ញង់ ក្រោយ​​​​បញ្ចេញ​មតិ​​រឿង​​ព្រំ​ដែន

តុលាការ​​រាជធានី​​​​ភ្នំពេញ សម្រេច​​​​ផ្តន្ទា​ទោស​​​សកម្ម​ជន​​​គណបក្ស​​​កម្លាំង​ជាតិ លោក ខឿន វីរ៉ាត់ ឱ្យ​​ជាប់​​​​ពន្ធនា​គារ​​រយៈ​​ពេល ២ ឆ្នាំ និង​​ពិន័យ​​ជា​​ប្រាក់​​ចំនួន ៤ លាន​រៀល ពាក់​ព័ន្ធ​នឹង​​បទ ញុះ​ញង់ និង​ជេរ​​ប្រមាថ​ ជុំវិញ​ការ​​បញ្ចេញ​​មតិ និង​​ចែករំលែក​​​ព័ត៌មាន​​​លើ​បណ្តាញ​​សង្គ​ម​ រិះ​គន់​រដ្ឋាភិ​បាល​រឿង​​បញ្ហា​ព្រំដែនកម្ពុជា-ថៃ។

កាលពីថ្ងៃទី​០៨ ខែ​កញ្ញា ឆ្នាំ២០២៦ សាលាដំបូងរាជធានីភ្នំពេញ បាន​បើក​សវនាការ​ជំនុំជម្រះ​លើសំណុំរឿង​របស់​លោក ខឿន វីរ៉ាត់ ដោយ​នឹង​ប្រកាសសាលក្រម​នៅថ្ងៃទី​០៩ ខែតុលានេះ។

អ្នក​ស្រី ថាច់ ចន្ធូ ​​ជា​ភរិយា​របស់ លោក ខឿន វីរ៉ាត់ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០៩ ខែតុលានេះ តុលាការ​បាន​​ប្រកាស​សាលក្រម ដោយ​ផ្តន្ទា​ទោស​ស្វាមីអ្នកស្រីឱ្យ​ជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៤លា​ន​រៀល ពីបទ «ញុះ​ញង់​បង្ក​ឱ្យមា​ន​ភាពវឹក​វរ​ ​ធ្ងន់​​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម» និងបទ «ជេរប្រមាថអ្នករាជការ​សាធារណៈ»។

អ្នកស្រី​ចាត់​ទុកសាលក្រម​នេះ ថាជារឿង​អយុត្តិធម៌​​ និង​ជាការ​ចោទប្រកាន់បែបនយោបាយ​​ ខណៈ​​ប្តីរបស់គាត់​ពុំបាន​​ប្រព្រឹត្ត​កំហុសដូចកា​រចោទប្រកាន់ ហើយ​ការ​បញ្ចេញមតិ​របស់​ប្តីគាត់រឿង​សង្គម ធ្វើឡើង​ក្នុង​​ន័យរិះគន់​បែប​​ស្ថាប័ន ក្នុងនាមអ្នកនយោបាយ​ ក៏ដូចជាពលរដ្ឋ​មួយ​រូប ​ដែល​​មិនគួរត្រូវរងការចោទប្រកាន់ជាបទល្មើសព្រហ្មទណ្ឌ និង​ឈានដល់ការចោទប្រកាន់ និង​ឃុំខ្លួននោះឡើយ។ អ្នកស្រី​បានអំពាវនាវ​ដល់​តុលាការ​ពិចារណា​ឡើងវិញ ក្នុងការ​ទម្លាក់​បទចោទ និងដោះលែង​ប្តីអ្នកស្រីឱ្យមានសេរីភាពវិញ។

អ្នកស្រីថា៖ «សម្រាប់​កាត់​ទោស​ប្តី​នាង​ខ្ញុំ វាអយុត្តិធម៌​យ៉ាង​ខ្លាំង! ព្រោះក្នុងនាម​គាត់ជា​ប្រជាពលរដ្ឋ​គាត់​មាន​​​សិទ្ធិ គាត់​រិះគន់ក្នុងន័យ​ស្ថាបនា គាត់​អត់បានរិះគន់ក្នុង ​តាមរយៈអ្នកនេះ គាត់ញុះញង់ឱ្យ​បង្កវឹកវរ​ ​សន្តិ​​សុខ​សង្គម​ទេ គាត់​គ្រាន់តែ​រិះគន់ ដូចថា​​យើងខ្វះ​ចន្លោះកន្លែងណា គាត់រិះគន់​ឱ្យ​យើង​កែ​ខ្លួន​មក​វិញ​ចឹង ដល់ពេលចឹង​ចោទគាត់ ថាគាត់​ហ្នឹង​​​ញុះញង់ ហើយ​ជេរប្រមាថ។ សម្រាប់​ខ្ញុំ គាត់​អ្នកនយោបាយ​ គេ​ចោទ​​គាត់​នយោបាយ ព្រោះគាត់​ធ្លាប់​ដើរ​​តាមសង្គមច្រើន​»។

ជាមួយគ្នា​នេះដែរ ​ភរិយា​លោក ខឿន វីរ៉ាត់ ក៏បានលើកឡើងពីការរឹតត្បិត​របស់​មន្ត្រីនៅតុលាកា​រ ដែល​មិន​អនុ​ញ្ញាត​​ឱ្យ​​អ្នក​ស្រី​ជួប និងរៀបចំអាហារជូន​ស្វាមី ​អំឡុង​ពេល​មក​ស្តាប់សាលក្រម​នេះផងដែរ ខណៈអ្នកស្រី​ថា​គ្រួសា​រអ្នក​ជាប់​ឃុំ​​ផ្សេង​ អាច​មានសិទ្ធិ​ជួប​និយាយគ្នាបាន​អំឡុង​ពេល​រង​ចាំ​នៅបរិវេណសាលា​ដំបូង។

គួរ​រំលឹក​ថា ​សកម្មជននយោបាយ​មកពីគណបក្ស​ក្រៅរដ្ឋាភិបាល ​​លោក ខឿន វីរ៉ាត់ ត្រូវបានសមត្ថកិច្ចចាប់​ខ្លួនជាលើកទីពីរ កាល​ពីថ្ងៃទី៧ ខែ​មេសា ឆ្នាំ​២០២៦ នៅ​ហាង​កាហ្វេ​មួយ ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់​ពី​លោក​បាន​វិល​ត្រឡប់​​មក​ពី​ព្យាបាល​ជំងឺ​នៅ​ប្រទេស​វៀត​ណាម។ បទចោទ​ប្រកាន់​នេះ ធ្វើ​​ឡើ​ង​បន្ទាប់​ពី​លោក​​បាន​​បញ្ចេញ​មតិ និង​​ចែក​​រំលែក​ព័ត៌​មាន​លើ​បណ្ដាញ​សង្គម​រិះ​គន់​រដ្ឋាភិ​បាល ជុំវិញ​បញ្ហា​ព្រំដែន​​កម្ពុជា-ថៃ។ នៅក្នុងសវនាការកន្លង​មក លោក ខឿន វីរ៉ាត់ បានបដិសេធរាល់ការចោទប្រកាន់ និងអះអាងថា លោកគ្រាន់តែប្រើប្រាស់សិទ្ធិសេរីភាពក្នុង​ការ​បញ្ចេញ​មតិ ក្នុងនាមជាពលរដ្ឋតែប៉ុណ្ណោះ។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ លោក ខឿន វីរ៉ាត់ ធ្លាប់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំរួចម្តងមកហើយ ពីបទ ក្លែងបន្លំឯកសារក្នុងការបង្កើតគណបក្សបេះដូងជាតិ។ បន្ទាប់ពីបាន​អនុវត្តទោស​ចប់​សព្វ​គ្រប់ និងទទួលបានសេរីភាពវិញ លោកក៏បានចូលរួមជាមួយគណបក្សកម្លាំងជាតិ ធ្វើជាប្រធានប្រតិបត្តិបក្ស​ប្រចាំ​ខេត្តព្រៃវែង រហូតត្រូវសមត្ថកិច្ចចាប់ខ្លួនសាជាថ្មីម្តងទៀត​នេះ។ បច្ចុប្បន្ន លោក ខឿន វីរ៉ាត់ កំពុងជាប់​ឃុំ​​នៅ​ពន្ធនា​គារ​​ខេត្ត​ត្បូង​​ឃ្មុំ។

លោក សុខ គឹមសេង អនុប្រធានគណបក្សកម្លាំងជាតិ បានលើកឡើង​ថា គណបក្សបានដឹងជាមុន​​​ហើយថា តុលាកា​រ​​នឹង​មិនងាយ​ផ្តល់​យុត្តិធម៌សម្រាប់​សកម្មជន​នយោបាយដែល​មាន​ទស្សនៈផ្ទុយ​នឹង​រដ្ឋាភិបាល​ រួមទាំង​​​សកម្ម​ជន​​បរិស្ថាន​ និង​សកម្មជន​សង្គម ដែល​បញ្ចេញមតិ​រិះគន់ក្នុង​ន័យ​ស្ថាបនានោះទេ។ យ៉ាងណា លោក​ថា គណបក្ស​​កម្លាំង​ជាតិ ចង់ឃើញ​រដ្ឋាភិបាល​អនុវត្ត​តាមគោលការណ៍​រដ្ឋធម្មនុញ្ញ និង​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ដែល​ពលរដ្ឋ​ទាំង​អស់​មានសិទ្ធិស្មើគ្នាចំពោះមុខ​​ច្បាប់ ដោយ​មិន​ប្រកាន់​និន្នា​ការនយោបាយ។  

លោកថា៖ «គណបក្ស​កម្លាំង​ជាតិ​នឹង​បន្តតស៊ូតាមគោល​ការណ៍​ប្រជាធិបតេយ្យ»។

សកម្មជនសង្គម លោក ខាន់ ចាន់ថន ដែល​បាន​ទៅស្តាប់​សាលក្រម​នៅ​សាលា​ដំបូង​រាជធានីភ្នំពេញ​ដែរ​នោះ ក៏​បាន​បង្ហាញ​​ការ​ខក​ចិត្ត​ផងដែរ ដោយថា ការ​កាត់ក្តីរបស់តុលាការ​មាន​ភាពអយុត្តិធម៌សម្រាប់​លោក ខឿន វីរ៉ាត់ ដែល​ជា​​សកម្មជន​នយោបាយ​ដ៏សកម្ម​មា្នក់ ក្នុ​ងការ​ជួយ​ដល់​ប្រជាពលរដ្ឋ និង​ចូលរួមការ​ងារ​សង្គម។

លោកបន្តថា៖ «ខ្ញុំនៅតែ​ទទូច​ហើយសំណូមពរ​ដល់រដ្ឋាភិបាល ក៏ដូចជា​តុលាការ សូម​កុំធ្វើ​ទុក្ខបុកម្នេញចំពោះ​​​​ប្រជា​ពលរដ្ឋ​​ខ្មែរ​ទៀត គ្រាន់តែ​មាននិន្នា​ការ​ផ្សេង​​ពីរដ្ឋាភិបាល ឬមួយ​​ក៏មានដូចថា ការ​ចូលរួម​ជីវភាព​​​​​នយោបាយ​ក្នុង​​គណបក្សប្រឆាំង គិត​​ថា​​ ពួកគាត់​ជា​សត្រូវ ពួកគាត់​​ជា​ជន​ដែលថា​​ក្រៅច្បាប់ក្រៅអី​ចឹង គឺថា​​មិនត្រឹមត្រូវ​។ រដ្ឋាភិ​បាល​​ត្រូវ​តែ​បើកលំហ​សេរីភាព ហើយ​អនុវត្ត​ប្រជាធិបតេយ្យ​ ដើម្បី​ខ្មែរ​យើង​មានការផ្សះផ្សា​ បង្រួបបង្រួម ឯកភាព​​ ដើម្បី​សង្គម​ជាតិ​យើង ជៀសផុតពីការ​ឈ្លានពានពីប្រទេស​ខាង​ក្រៅ ហើយ​ប្រជាពលរដ្ឋខ្មែរ​យើង​មានភាព​ខ្លាំង​ក្នុងការ​ចូលរួម​ស្តារ​ កសាង និង​អភិវឌ្ឍន៍ជាតិ​យើង​នៅ​ថ្ងៃ​មុខ​បាន»។

សម្រាប់​នាយក​ទទួលបន្ទុកកិច្ច​ការ​ទូទៅនៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត​ យល់ថា ការ​សម្រេច​​​​ផ្តន្ទាទោស​​ទៅលើ​សកម្ម​ជន​នយោបាយ​រូបនេះ នឹង​ធ្វើឱ្យ​កម្ពុជា​បន្តរង​ការ​រិះគន់​បន្ថែមទៀតពីសហគមន៍អន្តរជាតិ និង​​អ្នករាយការណ៍​ពិសេស​ស្តីពីសិទ្ធិ​មនុស្ស​នៅកម្ពុជា ជុំវិញ​​ការ​រឹតត្បិត​សិទ្ធិសេរីភាព​បញ្ចេញ​​​មតិ សេរីភាពសារព័ត៌​មាន ការ​រឹតត្បិត​​លំហ​នយោបាយ និង​លំហ​ស៊ីវិល​​ជាដើម​ ដោយ​ថា ការ​អនុវត្ត​សិទ្ធិ​និង​សេរីភាព​ជាមូល​ដ្ឋាន មិន​មែន​ជា​​បទ​ល្មើស​ ឬ​ក៏កម្ម​​វត្ថុ​​នៃការ​ជាប់ពន្ធនាគារ​នោះទេ។​

លោកបន្តថា៖ «ចឹង​ពួកគេបាន​អំពាវនាវ​ឱ្យ​មាន​ការ​ដោះលែងទៅលើសកម្មជនគណបក្ស​​​នយោបាយ សកម្ម​​ជន​​​បរិស្ថាន សកម្មជន​សិទ្ធិ​មនុស្ស និង​សកម្ម​ជន​ការ​ងា​រសង្គមផ្សេង​ៗ​ដែលគ្រាន់តែ​ពួកគេ​អនុវត្ត​សិទ្ធិ​ជា​មូល​ដ្ឋាន និងសេរីភាព​ជា​មូលដ្ឋាន​របស់ពួកគេ»។

អ្នករាយការណ៍ពិសេសថ្មីរបស់អង្គការសហប្រជាជាតិ (UN) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក ថម អេន​ឌ្រូ (Tom Andrews) បាន​បង្ហាញ​ក្តីបារម្ភ​យ៉ាង​ខ្លាំង​ចំពោះវិ​បត្តិ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ជុំ​វិញ​ការ​រឹត​ត្បិត​សេរីភាព​មូល​ដ្ឋាន និង​ការ​ឃុំ​ខ្លួន។

លោកបានលើកឡើងថា មានមនុស្សជាង ១០០ នាក់ កំពុងស្ថិតក្នុង​ការ​​ឃុំ​​ឃាំង ដោយ​សារ​តែ​ការ​ប្រើ​ប្រាស់​​សិទ្ធិ​សេរីភាព​​​ជា​មូល​ដ្ឋាន ដូច​ជា សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ការ​ជួប​ជុំ​ដោយស​ន្តិ​វិធី និង​ការ​បង្កើត​សមាគម។ លោក​បាន​សង្កត់​​​ធ្ងន់​​​ថា «មិន​គួរ​មាន​នរណា​ម្នាក់​ត្រូវ​ជាប់​ពន្ធនា​គារ​ ដោយ​សារ​ការ​ប្រើ​ប្រាស់​សិទ្ធិ​មនុស្ស​ជា​មូល​ដ្ឋាន​នោះ​ឡើយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ