ក្រុមអ្នកតាមដាន បានលើកឡើងប្រហាក់ប្រហែលគ្នាថា សារចុងក្រោយរបស់លោក ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ថា លោកយល់ព្រមកាត់ដីខ្មែរមួយផ្នែកនៅក្នុងខេត្តបាត់ដំបងឱ្យទៅថៃ ដើម្បីដោះដូរសន្តិភាព និងការពារអំណាច ដូចដែលលោក ហ៊ុន សែន ធ្លាប់ធ្វើជាមួយវៀតណាមដែរ។
ការចោទប្រកាន់នេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងនៅខេត្តបាត់ដំបង កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៦ អំពីបង្គោលព្រំដែនដែលបានវាស់វែងរួចហើយ គឺបង្គោលព្រំដែនលេខ៥២ ដល់៥៩ នៅស្រុកកំរៀង ខេត្តបាត់ដំបង ដែលថៃបានធ្វើរបងដោយឯកតោភាគី ក្រោយថៃបើកការឈ្លានពានលើកទី២ អំឡុងខែធ្នូ ឆ្នាំ២០២៥ ដែលក្រុមអ្នកតាមដានថា ថៃបានរំលោភយកដីខ្មែរតាមផែនទីខ្នាត ១លើ៥០ពាន់។
លោកគូសបញ្ជាក់ថា កន្លែងដែលថៃទើបនឹងធ្វើរបងព្រំដែនថ្មីនោះ គឺនៅក្នុងទឹកដីថៃទេ មិនមែនរំលោភយកដីខ្មែរនោះទេ។
លោក ហ៊ុន ម៉ាណែត ថ្លែងថា៖ «វាស់វែងរួចហើយ! បង្គោល ៥២, ៥៩ យើងបានវាស់វែង។ ឥឡូវគេ(ថៃ)ក៏រុញ យើងក៏រុញ យើងក៏ធ្វើផ្លូវ គេក៏ធ្វើផ្លូវ នៅតាមហ្នឹងស្របទៅតាមអ្វីដែលមាន។ គ្រាន់តែថា JBC ខុសនីតិវិធី JBC ដែលមិនទាន់ធ្វើ តែកងទ័ពរបស់យើងនៅការពារកន្លែង។ បងប្អូនខ្លះឃើញគេធ្វើរបង ថាអាហ្នឹងគេយកដីយើង អត់ទេ! ធ្វើនៅក្នុងដីគេ។ កន្លែងខ្លះ នៅតាមព្រំដែនមានប្រជាពលរដ្ឋយើង ចំការចូលទៅគេ ធ្វើរបងហើយ យើងមកវិញ។ កន្លែងខ្លះ គេចូលមកយើង គេត្រូវដកថយចេញ។ ឥឡូវថ្ងៃមុនឃើញនៅថៃទេ? កាសែតថៃ ប្រជាពលរដ្ឋថៃនៅចន្លោះបង្គោល ៥២, ៥៩ មកទាមទារសំណងពីរដ្ឋាភិបាល ដោយសារចំការមួយចំនួនត្រូវកាត់មកឱ្យយើងក្រោយពីវាស់វែង»។
លើសពីនេះ លោកបានបញ្ជាក់ថា ទាំងរដ្ឋាភិបាល និងពលរដ្ឋ មិនចង់ឱ្យមានសង្គ្រាមកើតឡើងទេ ហើយរដ្ឋាភិបាលនៅតែប្រកាន់ជំហរដោះស្រាយបញ្ហានេះដោយសន្តិវិធី តាមសមរភូមិការទូត ដោយមិនចង់ឱ្យមានសង្គ្រាមកើតឡើងទៀតនោះទេ។
លោកថា៖ «អញ្ចឹង កុំឱ្យពពកខ្មៅតទៅទៀត ជាកាតព្វកិច្ចរបស់រាជរដ្ឋាភិបាល។ ទឹកដីយើងត្រូវតែដោះស្រាយ ប៉ុន្តែយើងជ្រើសរើសវិធីដែលមិនស្លាប់រស់ បង្កលក្ខណៈឱ្យបងប្អូនប្រកបរបរ ស្ដារឡើងវិញ សេដ្ឋកិច្ចលំបាក។ សេដ្ឋកិច្ចសកលលោក កម្ពុជាក៏លំបាក ប្រជាពលរដ្ឋជាពិសេសអ្នកព្រំដែន បញ្ហាផ្ទួនៗ សង្គ្រាម បិទព្រំដែន ទឹកជំនន់[…] ឥឡូវត្រូវងើបឡើង បន្តដំណើរយើងតទៅទៀត ហើយពង្រឹងខ្លួនយើង។ នេះគឺជាអភិក្រមរបស់រាជរដ្ឋាភិបាល! ការបាត់បង់ការគ្រប់គ្រងនៅទីកន្លែងមួយចំនួន មិនមែនបានន័យថា យើងឯកភាពកាត់ឱ្យគេនោះទេ»។
តែយ៉ាងណា ប្រធានស្ថាប័នកិច្ចការព្រំដែននៃរដ្ឋាភិបាល ២៣ តុលា លោក អ៊ុំ សំអាន បង្ហាញការយល់ឃើញផ្ទុយពីនេះ។ គឺផ្ទុយត្រង់ថា អ្វីដែលលោក ហ៊ុន ម៉ាណែត និយាយ គឺសបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ថា មេដឹកនាំរូបនេះបានយល់ព្រមកាត់ដីខ្មែរជាបណ្តើរៗឱ្យទៅថៃហើយ។
លោកគូសបញ្ជាក់ថា ថៃបានធ្វើរបងត្រង់ចំណុចនេះ រំលោភចូលទឹកដីខ្មែរ ហើយធ្វើដោយឯកតោភាគី ហើយថា ក្រសួងការបរទេសរបស់កម្ពុជា ក៏ធ្លាប់តវ៉ាជំទាស់នឹងការធ្វើរបងនោះផងដែរ។
សម្រាប់លោក អ៊ុំ សំអាន កន្លងមក គណៈកម្មាធិការព្រំដែនចម្រុះប្រទេសទាំងពីរ (JBC) បោះបង្គោលនៅតំបន់នោះ គ្រាន់តែជាតម្រុយបង្គោល ដើម្បីស្ទង់មើលថាតើត្រឹមត្រូវឬអត់ មិនទាន់បានឯកភាពគ្នាទេ ដោយបោះបានប្រហែលជា ៧០% ប៉ុន្តែពេលផ្ទុះសង្គ្រាម ថៃនិងកម្ពុជាក៏ផ្អាកការវាស់វែងទៅ។
សម្រាប់លោក អ៊ុំ សំអាន ក្រោយផ្ទុះសង្គ្រាម និងមានបទឈប់បាញ់ ថៃចាប់ផ្តើមធ្វើរបង ដែលលោកចោទថា ពេលនេះលោក ហ៊ុន ម៉ាណែត គ្មានជម្រើសដើម្បីទាមទារទឹកដីត្រឡប់មកវិញទេ ហើយក៏ប្រកាសទទួលស្គាល់ថា ទីតាំងនោះជាទឹកដីថៃ ដែលហៅថាជាការកាត់ទឹកដីឱ្យទៅថៃ ដើម្បីដោះដូរយកសន្តិភាព និងអំណាច។
លោកថា៖ «មូលហេតុដែលខ្ញុំបាននិយាយថា លោក ហ៊ុន ម៉ាណែត បានចាប់ផ្ដើមកាត់ទឹកដីខ្មែរយើងទៅឱ្យថៃជាបណ្ដើរៗហើយ ដោយសារតែ កាលពីម្សិលមិញគាត់បាននិយាយថា ថៃគេធ្វើរបងបេតុងព្រំដែនអចិន្ត្រៃយ៍ ចន្លោះបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩ នៅស្រុកកំរៀង ខេត្តបាត់ដំបងហ្នឹង ត្រឹមត្រូវ។ លោក ហ៊ុន ម៉ាណែត ក៏អត់មានជម្រើសអីដើម្បីទាមទារទឹកដីហ្នឹងមកវិញ អត់អាចទៅតវ៉ាថៃដើម្បីយកទឹកដីហ្នឹងមកវិញ ដោយសារគេធ្វើរបងបេតុងអចិន្ត្រៃយ៍ហើយ មិនអាចទៅវាយចោលទេ មិនងាយស្រួលទេ។ ដូច្នេះ មានតែទទួលស្គាល់ថាថៃធ្វើរបងបេតុងហ្នឹងត្រឹមត្រូវ កាត់ទឹកដីហ្នឹងទៅឱ្យថៃ ដើម្បីដោះដូរយកសន្តិភាព និងអំណាច»។
ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បាននិយាយថា បង្គោលលេខ ៥២ ដល់ ៥៩ នៅក្នុងខេត្តបាត់ដំបងនោះ គ្មានការផ្ទៀងផ្ទាត់ត្រឹមត្រូវទេ ហើយថា ការថ្លែងរបស់លោក ហ៊ុន ម៉ាណែត គឺជាមេដឹកនាំដែលកំពុងតែចុះញ៉មជាមួយថៃ ហើយព្រមទទួលស្គាល់នូវលទ្ធផលដែលថៃកំពុងតែឈ្លានពានកម្ពុជា។
មួយវិញទៀត លោកថា ការដែលមេដឹកនាំខ្មែរចោទថា ពលរដ្ឋខ្មែរទៅធ្វើស្រែលើដីថៃ វាកាន់តែខុសធ្ងន់ធ្ងរ ដោយលោកថា តាមប្រវត្តិសាស្ត្រ ពលរដ្ឋខ្មែរមិនដែលទៅរំលោភយកដីថៃ ឬវៀតណាមបានទេ គឺមានតែប្រទេសជិតខាងទាំងនោះឈ្លានពានទឹកដីខ្មែរ។
លោកថា៖ «លោក ហ៊ុន ម៉ាណែត ជាថ្មីម្ដងទៀត រំលឹកថាត្រូវប្រញាប់កែសម្រួលពាក្យសម្តីហ្នឹង ហើយប្រកាសសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋខ្មែរ រួចសារភាពដោយត្រង់ថា តំបន់ព្រំដែននៅខាងកំរៀង ភ្នំព្រឹក ទៅខាងប៉ៃលិន ចន្លោះបង្គោលលេខ ៥២ ដល់ ៥៩ ហ្នឹង មិនទាន់មានការផ្ទៀងផ្ទាត់ត្រឹមត្រូវតាមយន្តការសន្ធិសញ្ញាបារាំង-សៀម និងតាមក្បួនខ្នាតផែនទីរបស់បារាំងទេ។ អត់ទេណា! ពីព្រោះថៃគេទាមទារឱ្យខាងកម្ពុជាហ្នឹង អនុវត្តតាមផែនទីរបស់គេខ្នាត ១/៥០.០០0 (មួយលើហាសិបពាន់) ហើយត្បិតតែកម្ពុជាសព្វថ្ងៃហ្នឹង មិនប្រកាសទទួលស្គាល់ផែនទីថៃក៏ដោយ ប៉ុន្តែជាក់ស្ដែងណាស់គឺមានការកាត់កងទឹកដីមួយចំណែក ក្នុងខណៈពេលដែលសៀមកំពុងតែពង្រីកការឈ្លានពាន និងឈរជើងក្នុងទឹកដីខ្មែរខុសច្បាប់នេះ»។
យ៉ាងណា ក្រោយផ្ទុះសង្គ្រាមជាមួយថៃចំនួនពីរលើកក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាច្រើនតែជ្រើសរើសប្រើប្រាស់ផ្លូវការទូត ការចរចា និងការដោះស្រាយតាមច្បាប់អន្តរជាតិ ដើម្បីជៀសវាងសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មី។ ប៉ុន្តែ យុទ្ធសាស្ត្រនេះ ត្រូវបានក្រុមរិះគន់មើលឃើញថាជា «ភាពទន់ជ្រាយ ឬអសមត្ថភាព» ក្នុងការឆ្លើយតបឱ្យបានម៉ឺងម៉ាត់ភ្លាមៗ ដើម្បីការពារបូរណភាពទឹកដី។
ទោះជាបែបណា មាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









