ធ្លាក់ចុះយ៉ាងគំហុកនៃវិស័យទេសចរណ៍នៅកម្ពុជា ដែលកំពុងគំរាមកំហែងដល់ជីវភាពពលរដ្ឋនោះ ត្រូវគេស្តីបន្ទោសថា មកពីកំហុសមេដឹកនាំបក្សកាន់អំណាច ដែលបានរំលាយប្រព័ន្ធពហុបក្ស ដើម្បីតែក្តោបអំណាចបែបបក្ខពួក និងបំពានរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ។
យោងតាមទិន្នន័យដែលចេញផ្សាយដោយក្រសួងទេសចរណ៍កម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរយៈពេល ៨ខែដំបូង ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៦ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២.២៥ លាននាក់ ពោលគឺមានការធ្លាក់ចុះប្រមាណ ៤៤.៤% បើធៀបនឹងចំនួន ៤.០៥ លាននាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ជាមួយគ្នានេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅក្នុងរបាយការណ៍ចេញផ្សាយនាថ្ងៃទី២៣ ខែកញ្ញា ដដែលនោះ ក៏បានកែសម្រួលបន្ថយការព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ២០២៦ មកនៅត្រឹម ៣.៩% ផងដែរ បើធៀបនឹងការព្យាករណ៍កម្រិត ៤.១% កាលពីខែកក្កដា ដោយសារតែលទ្ធផលនៃវិស័យទេសចរណ៍ខ្សោយជាងការរំពឹងទុក។ ដើម្បីឆ្លើយតបនឹងវិបត្តិនេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយសម្រួលទិដ្ឋាការបណ្តោះអាសន្ន ដោយអនុញ្ញាតឱ្យពលរដ្ឋចិនស្នាក់នៅបាន ១៤ថ្ងៃ ក្នុងរយៈពេលអនុវត្ត ៤ខែ។
ជុំវិញបញ្ហានេះ ប្រធានអង្គការខ្មែរដើមដើម្បីប្រជាធិបតេយ្យ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា បានឱ្យវីអូឌីដឹងថា ការធ្លាក់ចុះនៃវិស័យទេសចរណ៍ បញ្ហាចម្បងគឺមកពីមេដឹកនាំបក្សកាន់អំណាចរំលាយប្រព័ន្ធពហុបក្សចោល ដើម្បីគ្រប់គ្រងអំណាចផ្តាច់មុខ។
ក្នុងន័យនេះ លោកពន្យល់ថា ប្រព័ន្ធប្រជាធិបតេយ្យបានធានានូវប្រព័ន្ធយុត្តិធម៌ឯករាជ្យ សេរីភាពអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ និងគណបក្សប្រឆាំង ជាដើម ដែលតួអង្គទាំងនេះជាអ្នកឆ្លុះបញ្ចាំង និងតាមដានការអនុវត្តច្បាប់ ដើម្បីធានាយុត្តិធម៌សង្គម និងទប់ស្កាត់អំពើពុករលួយ។
លោកយល់ថា ការបាត់បង់ប្រព័ន្ធឆែកអំណាចទាំងនេះហើយ ដែលធ្វើឱ្យកម្ពុជាក្លាយជាដែនដីនៃពួកឧក្រិដ្ឋជន និងស្អុយឈ្មោះលើឆាកអន្តរជាតិ ដែលជាដើមហេតុបង្កការភ័យខ្លាចដល់លំហូរភ្ញៀវទេសចរមកកម្ពុជា ហើយទីបំផុត អ្នកដែលរងគ្រោះមុនគេពីបន្ទាត់នយោបាយនេះ គឺពលរដ្ឋក្រីក្រ រួមទាំងពលរដ្ឋដែលពឹងផ្អែកលើការរកចំណូលពីវិស័យទេសចរណ៍។
លោកថា៖ «បញ្ហាគឺចាប់តាំងពីប្រទេសកម្ពុជាយើងគឺមាន គេហៅថាការបំផ្លាញនូវប្រជាធិបតេយ្យដែលពុំធ្លាប់មាន។ គណបក្សប្រឆាំងដ៏មានសក្តានុពលដើម្បីទប់ស្កាត់នូវលំនឹងនៃនយោបាយ មានន័យថា តុល្យភាពផ្នែកអំណាចនយោបាយ គឺយើងលែងមានបាត់ទៅហើយ ដោយសារតែយើងបណ្តែតបណ្តោយឱ្យបញ្ហានយោបាយហ្នឹងធ្លាក់កាន់តែចុះទៅ ហើយកម្ពុជាវាក្លាយទៅជាប្រទេសដែលដឹកនាំបែបផ្តាច់មុខ ផ្តាច់ការ ហើយជិះសេះលែងដៃ ធ្វើអ្វីៗទៅតាមអំពើចិត្ត»។
ប្រហាក់ប្រហែលគ្នានេះដែរ លោក ប៉ោ មករា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន បានលើកឡើងថា បញ្ហាចម្បងគឺរូបភាពអវិជ្ជមាននៃអំពើឧក្រិដ្ឋកម្មដែលល្បីលើឆាកអន្តរជាតិ រួមផ្សំនឹងកម្សោយក្នុងការជ្រោមជ្រែងឱ្យអន្តរជាតិយល់ដឹងពីវប្បធម៌ និងអរិយធម៌ខ្មែរ។
លោកថា៖«អញ្ចឹងទេ ការសម្លឹងមើលលើគោលនយោបាយជាចំណុចមួយ ប៉ុន្តែចំណុចមួយទៀត ប្រជាពលរដ្ឋត្រូវតែមើលលើឆន្ទៈនៃការអនុវត្តថា តើអាចធ្វើទៅបានឬអត់? ទៅលើគោលនយោបាយ និងកិច្ចសន្យារបស់អ្នកនយោបាយ ក៏ដូចជាគណបក្សនយោបាយតែម្តង»។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ដើម្បីសុំការឆ្លើយតបជុំវិញការលើកឡើងនេះបានទេ។
យ៉ាងណាមិញ បើតាមអ្នកឃ្លាំមើល ដើម្បីស្តារវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពពលរដ្ឋ ប្រជាពលរដ្ឋគួរពិនិត្យ និងជ្រើសរើសថ្នាក់ដឹកនាំទាំងថ្នាក់ជាតិ និងមូលដ្ឋាន ដោយផ្អែកលើការប្រកាន់យកនូវរបៀបរបបធ្វើការតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស មានគំនិតបើកចំហ និងជៀសវាងមេដឹកនាំដែលដឹកនាំតាមបែបបក្ខពួកនិយម និងអំពើពុករលួយ។
លើសពីនេះ ពលរដ្ឋត្រូវចេះពិនិត្យមើល «កម្មវិធីនយោបាយ» ដែលជាកិច្ចសន្យារវាងអ្នកនយោបាយ និងប្រជាពលរដ្ឋ ដើម្បីវាស់វែងពីប្រសិទ្ធភាព និងឆន្ទៈពិតប្រាកដ។ លោកបានសង្កត់ធ្ងន់ថា ការទទួលខុសត្រូវលើការធ្លាក់ចុះនៃវិស័យទេសចរណ៍ និងសេដ្ឋកិច្ច គឺស្ថិតនៅលើមេដឹកនាំទាំងស្រុង ដែលទទួលបានសេចក្តីទុកចិត្តពីប្រជាពលរដ្ឋឱ្យដឹកនាំប្រទេស។
អ្នកឃ្លាំមើល សង្កត់ធ្ងន់ថា ដើម្បីស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិឡើងវិញ មិនអាចធ្វើទៅបានតាមរយៈដំណោះស្រាយបណ្តោះអាសន្ននោះទេ ប៉ុន្តែទាមទារឱ្យមានការកែទម្រង់ស៊ីជម្រៅលើប្រព័ន្ធអភិបាលកិច្ច ការពង្រឹងសន្តិសុខសង្គម និងការវិលត្រឡប់ទៅរកផ្លូវប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដ៕









