វិភាគ៖ ​គម្លាត​អ្នក​​មាន​​អំណាច និង​​រាស្ត្រ​​​ក្រី​ក្រ ស្តែង​​ពី​​ការ​​​សម្ញែង​​​ទ្រព្យ​សម្បត្តិ

នៅ​​ក្នុង​​បរិបទ​​ដែល​​ប្រទេស​​ជាតិ​​កំពុង​​ជួប​ប្រទះ​​វិបត្តិ​​សេដ្ឋ​កិច្ច​​ជុំ​ទិស ការ​​បន្ត​​សម្ញែង​​ទ្រព្យ​សម្បត្តិ និង​​ជីវភាព​​ស៊ី​វិល័យ​​​ពី​​​សំណាក់​​មន្ត្រី​​មាន​​អំណាច និង​​សាច់​ញាតិ បាន​​ប្រែ​ក្លាយ​​ជា​​បាតុភូត​​សង្គម​​ដ៏​​រសើប​​មួយ​ ដែល​​ប៉ះ​ពាល់​​ដោយ​​ផ្ទាល់​​​ដល់​​ស្មារតី​​ជាតិ និង​ជំនឿ​​ចិត្ត​របស់​សាធារណជន​។

ការ​ប្រៀបធៀប​ជីវភាព​រវាង​ក្រុម​អ្នក​មាន​អំណាច និង​ប្រជាពលរដ្ឋ​ម្ចាស់​ប្រទេស មិនមែន​ជា​ការ​ប្រៀបធៀប​​ដោយ​គ្មាន​មូលដ្ឋាន​នោះ​ទេ​។ ផ្អែក​លើ​ទិន្នន័យ និង​សូចនាករ​សេដ្ឋកិច្ច​ផ្លូវការ​ក្នុង​ឆ្នាំ​២០២៥-២០២៦ សង្គម​កម្ពុជា​កំពុង​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ធ្ងន់ធ្ងរ។

របាយការណ៍​របស់​ធនាគារ​ពិភពលោក (World Bank) នា​ខែ​តុលា ឆ្នាំ​​២០២៦ បាន​បង្ហាញ​ថា កំណើន​សេដ្ឋកិច្ច​​កម្ពុជា​​​បាន​ថមថយ​មក​ត្រឹម ៣.៥% ប៉ុណ្ណោះ នៅ​ក្នុង​ឆ្នាំ​២០២៦ ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​រំហូរ​ប្រាក់​​ផ្ញើ​ពី​ក្រៅ​ប្រទេស និង​កំណើន​ឥណទាន​ទាប​។

ទន្ទឹម​នឹង​នេះ អតិផរណា​បាន​ស្ទុះ​ឡើង​ដល់ ៧.២% កាលពី​ខែ​ឧសភា ឆ្នាំ​២០២៦ និង​បាន​រក្សា​កម្រិត​មធ្យម​ភាគ​​ជិត ៥% ក្នុង​ឆមាស​ទី១ ឆ្នាំ​២០២៦ ដែល​ធ្វើ​ឱ្យ​តម្លៃ​ទំនិញ​ប្រើប្រាស់ និង​អាហារ​ហូបចុក​កើន​ឡើង ផ្ទុយ​ពី​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​។

ទិន្នន័យ​បំណុល​សាធារណៈ ​បង្ហាញ​ថា កម្ពុជា​មាន​បំណុល​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជាង ១៣​ពាន់​លាន​ដុល្លារ គិត​​ត្រឹម​​ដំណាច់​​ឆ្នាំ​២០២៥​។ ប៉ុន្តែ​​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ជាង​នេះ គឺ​បំណុល​ឯកជន​របស់​ប្រជាពលរដ្ឋ​ជាង ៥​លាន​​នាក់ ដែល​បាន​​ជំពាក់​គ្រឹះស្ថាន​ឥណទាន និង​ធនាគារ ក្នុង​ទំហំ​កម្ចី​សរុប​ជាង ៦២​ពាន់​លាន​ដុល្លារ​។ នេះ​បើ​តាម​របាយការណ៍ CBC ចុង​ឆ្នាំ​២០២៥​។

របាយការណ៍​របស់​អង្គការ​លីកាដូ និង​អង្គការ​សង្គម​ស៊ីវិល ​នា​ពេល​កន្លង​មក បាន​រក​ឃើញ​ថា ពលរដ្ឋ​ប្រមាណ ៦% បាន​បង្ខំចិត្ត​លក់​ដីធ្លី​ដើម្បី​សង​បំណុល ខណៈ​គ្រួសារ​ប្រមាណ ១៨% ត្រូវ​កាត់​បន្ថយ​របប​អាហារ ហើយ​កុមារ​មួយ​ចំនួន​​ត្រូវ​បោះបង់​ការ​សិក្សា ឬ​ចេញ​ទៅ​ធ្វើការ​ទាំង​វ័យក្មេង​ដើម្បី​ជួយ​សង​បំណុល​។

លើស​ពី​នេះ ជម្លោះ​ព្រំដែន និង​សង្គ្រាម​នា​ឆ្នាំ​២០២៥ បាន​បង្ខំ​ឱ្យ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ជិត ១​លាន​នាក់​​វិល​ត្រឡប់​​មក​​ស្រុក​វិញ ដោយ​ក្នុង​នោះ​ពលរដ្ឋ​ប្រមាណ ២​ម៉ឺន​នាក់​ នៅតែ​មិន​ទាន់​អាច​ត្រឡប់​ទៅ​ផ្ទះសម្បែង​​ដើម​វិញ​បាន​។ ទោះជា​មាន​ការ​អះអាង​អំពី​ការ​ផ្តល់​ការងារ​ក្នុង​ស្រុក​ក៏ដោយ ពលករ​មួយ​ចំនួន​នៅតែ​បង្ខំចិត្ត​លួចលាក់​ត្រឡប់​​ទៅ​ធ្វើការ​នៅ​បរទេស​វិញ ដោយសារ​ខ្វះ​មុខរបរ និង​ប្រាក់​ចំណូល​សមរម្យ​ក្នុង​ស្រុក​។

របាយការណ៍​ក្រសួង​ទេសចរណ៍ ខែ​កញ្ញា ឆ្នាំ​២០២៦ ឱ្យ​ដឹង​ថា រយៈពេល ៨​ខែ​​ដើម​ឆ្នាំ​២០២៦ ភ្ញៀវ​ទេស​ចរ​​​បរទេស​បាន​​ធ្លាក់​​ចុះ​ជាង ៤៤% មក​ត្រឹម​ជាង ២​លាន​នាក់ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​ប្រភព​ចំណូល​ផ្ទាល់​របស់​ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ ​ក្នុង​វិស័យ​សេវាកម្ម​។

បើ​ទោះជា​យ៉ាង​នេះ​ក្តី បើ​គេ​សង្កេត​ទៅ​លើ​ការ​សម្ញែង​​ទ្រព្យសម្បត្តិ​របស់​គ្រួសារ​​អ្នក​មាន​អំណាច​វិញ វា​បង្ហាញ​​ពី​​គម្លាត​​​សង្គម​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​រាស្ត្រ​ក្រីក្រ​។ ខណៈ​ពេល​ដែល​ប្រជាពលរដ្ឋ​ភាគច្រើន​កំពុង​ប្រឹង​ត្រដរ​ខ្យល់​ដើម្បី​រស់ សន្សំសំចៃ​អាហារ ឬ​លក់​ទ្រព្យសម្បត្តិ​ដើម្បី​សង​បំណុល គេ​បែរជា​ឃើញ​រូបភាព​មន្ត្រី​ជាន់ខ្ពស់ និង​សាច់ញាតិ បង្អួត​​គ្រឿង​អលង្ការ សម្លៀកបំពាក់ កាបូប​ប្រ៊េនៗ ភូមិគ្រឹះ​ស្កឹមស្កៃ និង​រថយន្ត​ទំនើបៗ នៅ​លើ​បណ្តាញ​សង្គម ឬ​ក្នុង​​ពិធី​​ជួបជុំ​ធំៗ​ទៅវិញ​។

តាម​ទស្សនទាន​របស់​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​ផ្នត់គំនិត និង​ការ​អភិវឌ្ឍ លោក សេក សុជាតិ ការ​បង្ហាញ​ទ្រព្យសម្បត្តិ​​ជា​សាធារណៈ​របស់​ក្រុម​អ្នក​មាន​អំណាច ​នៅ​ក្នុង​ប្រទេស​​ដែល​មាន​ប្រព័ន្ធ​នីតិរដ្ឋ​ទន់ខ្សោយ តែង​ធ្វើ​ឡើង​ក្នុង​គោលបំណង​បង្កើត​អំណាច​និមិត្តរូប ឬ​ឱ្យ​គេ​កោតក្រែង​។ ប៉ុន្តែ ទង្វើ​នេះ​បាន​ទាញ​សង្គម​ឱ្យ​​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះថ្នាក់​។

ការ​បង្អួត​ភាព​ស្រស់បំព្រង​ក្នុង​ពេល​ដែល​អ្នក​ដទៃ​កំពុង​រងទុក្ខ អាច​បង្កើត​ជា​ផ្នត់គំនិត​គំនុំ​​វណ្ណៈ និង​អារម្មណ៍​​អយុត្តិធម៌​​ក្នុង​សង្គម ដែល​ពិបាក​ក្នុង​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ហើយ​វា​នឹង​បង្ក​ជា​ហានិភ័យ​សង្គម បើ​គម្លាត​នេះ​ចេះតែ​ធំ​ឡើង​។

លោក​ថា៖ «មន្ត្រី​ធំៗ ព្រមទាំង​សាច់ញាតិ​របស់​ពួកគាត់​ហ្នឹង ក៏​គួរតែ​ពិនិត្យ​មើល និង​ប្រើប្រាស់​ទ្រព្យសម្បត្តិ​​​នោះ ដើម្បី​បរិច្ចាគ​ជួយ​ទៅដល់​ជន​ក្រីក្រ ឱ្យ​បាន​កាន់តែ​ច្រើន​។ ត្រូវ​រៀបចំ​សង្គម​របស់​យើង​ឱ្យ​មាន​នូវ​​យុត្តិធម៌​មួយ​សម្រាប់​​អ្នកមាន​អ្នកក្រ អាច​ជជែក​គ្នា​ដោយ​យក​មូលដ្ឋាន​ផ្លូវច្បាប់​ជា​គោល​។ ដោយ​មិន​ប្រើ​ប្រាស់​​នូវ​អំណាច​ហួសហេតុ ព្រោះ​កាលដែល​យើង​ប្រើ​រូបភាព​នៃ​ការ​មាន​បាន អាច​ធ្វើ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ផ្លូវចិត្ត ព្រមទាំង​បង្កើត​បាន​នូវ​ផ្នត់គំនិត​ចង់​គំនុំ​ជាមួយ​គ្នា ដែល​ពិបាក​នៅ​ក្នុង​ការ​ដោះស្រាយ និង​ពិបាក​​នៅ​ក្នុង​ការ​បង្ហាញ​ឱ្យ​មើល​ឃើញ​ជា​រូបភាព ​ដែល​អាច​ដោះស្រាយ​បាន​តាម​ផ្លូវច្បាប់»។

ទន្ទឹម​នឹង​នេះ អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​គូសបញ្ជាក់​ថា ការ​បង្អួត​ទ្រព្យសម្បត្តិ​​ជំរុញ​ឱ្យ​សង្គម​វាស់​តម្លៃ​មនុស្ស​លើ​សម្ភារៈ​ប្រើប្រាស់​។ វា​អាច​បំពុល​ផ្នត់គំនិត​យុវជន​ឱ្យ​យល់ច្រឡំ​ថា ការ​មាន​ខ្សែស្រឡាយ ឬ​អំណាច សំខាន់​ជាង​ការ​ខិតខំ​រៀនសូត្រ និង​ធ្វើការ​ដោយ​សមត្ថភាព​។

គម្លាត​ជីវភាព​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច និង​រាស្ត្រ​ក្រីក្រ​នេះ ក៏​ជា​វិញ្ញាសា​មួយ​ដែល​បងប្អូន​អាច​រក​ចម្លើយ​​បាន​ដោយ​ខ្លួនឯង ពី​តម្លាភាព និង​ប្រភព​ទ្រព្យសម្បត្តិ​របស់​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​។

នៅ​ក្នុង​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ការ​មាន​ទ្រព្យសម្បត្តិ​ហូរហៀរ​មិនមែន​ជា​បទល្មើស​នោះ​ទេ​។ ប្រសិនបើ​អ្នក​ជំនួញ​រកស៊ី​ស្របច្បាប់ បង់ពន្ធ​ត្រឹមត្រូវ ពួកគេ​គឺ​ជា​កម្លាំង​ចលករ​ជួយ​បង្កើត​ការងារ និង​ទ្រទ្រង់​សេដ្ឋកិច្ច​​ជាតិ​។ ប៉ុន្តែ បញ្ហា​​នឹង​ប្រែប្រួល​ស្រឡះ​នៅ​ពេល​ដែល​អ្នក​បង្អួត​ទ្រព្យ គឺ​ជា​មន្ត្រី​សាធារណៈ ឬ​សាច់ញាតិ​​មន្ត្រី ស្របពេល​ដែល​អង្គ​ការ​​តម្លា​ភាព​​អន្តរជាតិ​​បន្ត​រក​ឃើញ​ថា កម្ពុជា​មាន​អំពើពុករលួយ​ខ្ពស់​ជាប់ៗ​គ្នា​​ជិត ១០​ឆ្នាំ ធៀប​នឹង​ប្រទេស​ជាច្រើន​​ក្នុង​តំបន់ និង​ពិភពលោក​។

សាធារណជន​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​ចោទសួរ​ថា តើ​ទ្រព្យសម្បត្តិ​វាល់​លាន​ទាំងនោះ​បាន​មក​ពី​ប្រាក់ខែ​​រដ្ឋ មរតក ឬ​អាជីវកម្ម​អ្វី? ហើយ​តើ​មាន​ការ​ប្រើប្រាស់​តួនាទី និង​អំណាច​រដ្ឋ​ដើម្បី​ស្វែងរក​ផលប្រយោជន៍​​ផ្ទាល់ខ្លួន​ឬ​អត់?។

លោក​ថា៖ «ពលរដ្ឋ​មាន​ហេតុផល​ក្នុង​ការ​សួរ​ថា ទ្រព្យ​នោះ​បាន​មក​ពី​ប្រាក់ខែ មរតក អាជីវកម្ម ឬ​ប្រភព​ណា​​ផ្សេងទៀត ហើយ​មាន​ការ​ប្រើ​តួនាទី​រដ្ឋ​ដើម្បី​រក​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​អត់​។ ការ​ឆ្លើយ​សំណួរ​នេះ​ត្រូវ​ការ​ឯកសារ និង​ការ​ផ្ទៀងផ្ទាត់​។ ការ​ហៅ​អ្នក​សួរ​ថា ច្រណែន​អ្នកមាន មិន​អាច​បំបាត់​ការ​សង្ស័យ​បាន​ឡើយ​។ ទន្ទឹម​គ្នា​នេះ ការ​ឃើញ​រថយន្ត​ថ្លៃ​មួយ​គ្រឿង ក៏​មិន​គ្រប់គ្រាន់​សម្រាប់​ចោទ​ថា​ម្ចាស់​វា​ប្រព្រឹត្ត​អំពើពុក​រលួយ​ដែរ»។

ប្រសិនបើ​ទ្រព្យសម្បត្តិ​របស់​អ្នក​មាន​អំណាច​កើតចេញ​ពី​ការ​ទទួលបាន​កិច្ចសន្យា​រដ្ឋ ការ​រំលោភ​យក​ដីធ្លី ឬ​​ការ​ការ​ពារ​​អាជីវ​កម្ម​​មិន​ស្មោះត្រង់ វា​នឹង​ធ្វើ​ឱ្យ​អ្នក​វិនិយោគ​ត្រឹមត្រូវ និង​អ្នក​រកស៊ី​គ្មាន​ខ្សែស្រឡាយ​បាត់​បង់​​ឱកាស​​ប្រកួត​​ប្រជែង ហើយ​ធ្វើ​​ឱ្យ​មនុស្ស​មាន​សមត្ថភាព​បាក់ទឹកចិត្ត​។

លោក​បន្តថា៖ «ចំពោះ​អនាគត​កម្ពុជា បើ​ការ​បង្អួត​ទ្រព្យ​បន្ត​ខ្លាំង ខណៈ​ជីវភាព​ពលរដ្ឋ​នៅតែ​លំបាក ហើយ​​ប្រភព​​​ទ្រព្យ​​របស់​អ្នក​មាន​អំណាច​មិន​ច្បាស់ ការ​ជឿ​ទុកចិត្ត​លើ​អ្នកដឹកនាំ​អាច​ចុះខ្សោយ​។ ពលរដ្ឋ​អាច​​សួរ​ថា ហេតុអ្វី​គេ​ប្រាប់​​ឱ្យ​ខ្លួន​អត់ធ្មត់​និង​សន្សំសំចៃ ប៉ុន្តែ​អ្នក​ប្រាប់​បែរជា​ចំណាយ​យ៉ាង​សម្បូរបែប​។ ការ​​មិន​ពេញចិត្ត​បែប​នេះ​មិន​មែន​​តែងតែ​កើត​ពី​ការ​ច្រណែន​ទេ វា​អាច​កើត​ពី​អារម្មណ៍​ថា ឱកាស​និង​ការ​អនុវត្ត​ច្បាប់​មិន​ស្មើគ្នា​។ បញ្ហា​នឹង​កាន់​តែ​​ធ្ងន់ ប្រសិនបើ​ការ​មាន​ទ្រព្យ​ភ្ជាប់​នឹង​ការ​ប្រើ​អំណាច​​ដើម្បី​ទទួលបាន​​ដី កិច្ចសន្យា​រដ្ឋ ឬ​អត្ថប្រយោជន៍​អាជីវ​កម្ម​។ អ្នក​រកស៊ី​ដែល​គ្មាន​ខ្សែស្រឡាយ​អាច​ពិបាក​ប្រកួតប្រជែង ហើយ​​អ្នក​មាន​សមត្ថភាព​អាច​បាក់ទឹកចិត្ត​។ ប៉ុន្តែ​ត្រូវ​ស៊ើបអង្កេត​ករណី​ជាក់លាក់ ដើម្បី​បញ្ជាក់​ថា​មាន​​ការ​រំលោភ​អំណាច​ពិតប្រាកដ»។

តើ​គម្លាត​រវាង​អ្នក​មាន​អំណាច និង​រាស្ត្រ​ក្រីក្រ អាច​រក​ច្រក​ចេញ​ដោយ​របៀប​ណា ដើម្បី​កុំ​ឱ្យ​វិបត្តិ​នេះ​រាលដាល​​ទៅ​ជា​វិបត្តិ​សង្គម​ធ្ងន់ធ្ងរ? បើ​តាម​អ្នកវិភាគ រដ្ឋាភិបាល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ប្រសិនបើ​មាន​ឆន្ទៈ​​បោស​សម្អាត​​អំពើ​ពុក​រលួយ​​ជា​​ប្រព័ន្ធ និង​បំបែក​សំបុក​ក្រសួង​គ្រួសារ ដែល​មាន​ឪពុក​ធ្វើ​ជា​ប្រធាន កូន​​ជា​អនុប្រធាន ឬ​ប្រធាន​ស្តីទី​។

សម្រាប់​អ្នក​ឃ្លាំមើល ដើម្បី​ដោះស្រាយ​វិបត្តិ​នេះ និង​ស្តារ​ជំនឿ​ចិត្ត​របស់​ប្រជាពលរដ្ឋ​ឡើងវិញ កម្ពុជា​ត្រូវការ​​វិធានការ​​កែ​ទម្រង់​ស៊ីជម្រៅ ដោយ​ត្រូវ​ពង្រឹង និង​បើកចំហ​ប្រព័ន្ធ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់​​មន្ត្រី​សាធារណៈ ដែល​​គួរតែ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព ដើម្បី​ឱ្យ​សាធារណជន ឬ​ស្ថាប័ន​ត្រួតពិនិត្យ​អាច​​ពិនិត្យ​មើល​ព័ត៌មាន​សំខាន់ៗ​បាន ដូចជា ប្រភព​ទ្រព្យ ផលប្រយោជន៍​ក្នុង​ក្រុមហ៊ុន និង​ប្រភព​ចំណូល ដើម​បី​ធានា​តម្លាភាព​។

ត្រូវ​មាន​យន្តការ​ត្រួតពិនិត្យ និង​ស៊ើបអង្កេត​ឯករាជ្យ ដែល​អាច​ធ្វើការ​បាន​ដោយ​មិន​រង​សម្ពាធ​ពី​អ្នក​មាន​អំណាច​។ ប្រសិនបើ​រក​ឃើញ​បទល្មើស​ពុករលួយ ឬ​ការ​រំលោភ​អំណាច ត្រូវ​អនុវត្ត​ច្បាប់​ដោយ​ស្មើភាព និង​គ្មាន​ការ​លើក​លែង​។

ក្នុង​កាលៈទេសៈ​ដែល​រាស្ត្រ និង​ជាតិ​កំពុង​ជួប​ការ​លំបាក ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ គួរតែ​​បង្ហាញ​​ការ​ទទួលខុសត្រូវ​តាមរយៈ​ការ​រស់នៅ​សមរម្យ ទប់ស្កាត់​ការ​រៀបចំ​ពិធី​បង្អួត​ទ្រព្យ និង​ងាក​មក​ប្រែ​ក្លាយ​​ធន​ធាន​​ទាំង​នោះ​​ទៅ​ជា​ការ​ជួយ​សង្គម ឬ​បង្កើត​ឱកាស​ការងារ​។

រដ្ឋាភិបាល​​ត្រូវ​ផ្តោត​លើ​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​ជូន​ពលរដ្ឋ​ដោយ​យុត្តិធម៌ ការ​បង្កើត​យន្តការ​សម្រាល​បន្ទុក​​បំណុល និង​ការ​បង្កើត​គោលនយោបាយ​សេដ្ឋកិច្ច ​ដែល​ធានា​ការ​បែងចែក​ផលលាភ​ជាតិ​ដោយ​សមធម៌​។

សរុប​មក ការ​បរិច្ចាគ​ប្រាក់​ម្តងម្កាល​ជូន​រាស្ត្រ​ក្រ មិន​អាច​ជំនួស​យុត្តិធម៌​សង្គម​បាន​ឡើយ​។ ហើយ​ការ​បន្ត​សម្ញែង​ទ្រព្យ​សម្បត្តិ​របស់​មន្ត្រី និង​សាច់ញាតិ​ក្នុង​គ្រា​ដែល​ប្រទេស​ជាតិ និង​ប្រជាពលរដ្ឋ​កំពុង​រងគ្រោះ​ដោយ​វិបត្តិ​សេដ្ឋកិច្ច បំណុល និង​សង្គ្រាម វា​ជា​ការ​បង្កើន​ការ​ឈឺចាប់​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​កំពុង​រងគ្រោះ​។

បរិបទ​នេះ ប្រសិនបើ​ប្រព័ន្ធ​ច្បាប់​នៅតែ​មិន​អាច​អនុវត្ត​ឱ្យ​បាន​ស្មើភាព និង​តម្លាភាព​ទេ​នោះ គម្លាត​រវាង​អ្នក​​មាន​អំ​​ណាច​​និង​រាស្ត្រ​ក្រីក្រ នឹង​កាន់តែ​រីក​ធំ​ឡើងៗ ដែល​អាច​ប្រែក្លាយ​ជា​ហានិភ័យ​អស្ថិរភាព​សង្គម និង​ជះ​ឥទ្ធិពល​​អវិជ្ជមាន​ដល់​អនាគត​វែងឆ្ងាយ​នៃ​ប្រទេស​ជាតិ​ទាំងមូល​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ