អាមេរិក​​នឹង​​មិន​​វាយ​ប្រហារ​​លើ​​អ៊ីរ៉ង់ មុន​​ការ​​បោះ​ឆ្នោត​​ពាក់​​កណ្តាល​​​អាណត្តិ​​ក្នុង​​ខែ​​វិច្ឆិកា​​នោះ​​ឡើយ

លោក​​ប្រធានា​ធិបតី ដូណាល់ ត្រាំ (Donald Trump) បាន​​ថ្លែង​​កាល​ពី​​ថ្ងៃ​​ព្រហស្បតិ៍​​ថា សហរដ្ឋ​អាមេរិក​​នឹង​​មិន​​បើក​​ការ​​វាយ​ប្រហារ​​លើ​​ប្រទេស​​អ៊ីរ៉ង់ មុន​​ពេល​​ការ​​បោះ​ឆ្នោត​​សភា​​ពាក់​កណ្តាល​​អាណត្តិ នា​​​ខែ​​វិច្ឆិកា​​នោះ​​ទេ ដោយ​​លោក​​អះ​អាង​​ថា ប្រទេស​​ទាំង​ពីរ​​ពិត​ជា​​កំពុង​​មាន​​ការ​​ពិភាក្សា «ប្រកប​ដោយ​​ផ្លែ​ផ្កា» អំពី​​ការ​​បញ្ចប់​​សង្គ្រាម​​រយៈ​ពេល ៦ ខែ​​មក​​នេះ​។

លោក ត្រាំ បាន​សរសេរ​លើ Truth Social ថា៖ «យើង​កំពុង​មាន​ការ​ពិភាក្សា​ប្រកបដោយ​ផ្លែផ្កា​ជាមួយ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់»។ «យើង​នឹង​មិន​វាយប្រហារ​​​លើ​ប្រទេស​​អ៊ីរ៉ង់​​មុន​​ពេល​​ការ​បោះ​ឆ្នោត​​អា​ណត្តិ​ពាក់កណ្តាល​នៅ​ថ្ងៃទី ៣ ខែ​វិច្ឆិកា​នោះ​ឡើយ»។

សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​ក្នុង​ខែ​កុម្ភៈ នៅ​ពេល​សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​បើក​ការ​វាយប្រហារ​​លើ​​អ៊ីរ៉ង់ បាន​ទាញ​​ទម្លាក់​ប្រជាប្រិយភាព​របស់​លោក ត្រាំ នៅ​ក្នុង​ស្រុក និង​ដាក់​សម្ពាធ​​យ៉ាង​​ខ្លាំង​លើ​គណបក្ស​សាធារណរដ្ឋ ខណៈ​ពួក​គេ​​ព្យាយាម​រក្សា​ភាគច្រើន​នៅ​ក្នុង​សភា​។

ការ​ស្ទង់មតិ Reuters/Ipsos បង្ហាញ​ថា ប្រជាជន​អាមេរិក​ប្រមាណ ៦០% មិន​ពេញចិត្ត​ចំពោះ​របៀប​​ដែល​លោក ត្រាំ ដោះស្រាយ​ស្ថានការណ៍​នៅ​អ៊ីរ៉ង់​នោះ​ទេ​។ ជម្លោះ​នេះ​បាន​ជំរុញ​ឱ្យ​តម្លៃ​​ប្រេង​សាំង​​កើនឡើង ក្នុង​ពេល​ដែល​ក្តី​បារម្ភ​ចម្បង​របស់​អ្នក​បោះឆ្នោត​គឺ​តម្លៃ​ជីវភាព​រស់នៅ​។

លោក ត្រាំ តែងតែ​និយាយ​ថា លោក​រំពឹង​ថា​តម្លៃ​ប្រេង​នឹង​ធ្លាក់​ចុះ​បន្ទាប់ពី​ការ​បោះឆ្នោត ប៉ុន្តែ​លោក​​មិន​ទាន់​ផ្តល់​ផែន​ការ​លម្អិត​សម្រាប់​ការ​ដកខ្លួន​ចេញពី​សង្គ្រាម​ឡើយ​។

អ៊ីរ៉ង់ និង​អាមេរិក​បាន​ផ្លាស់ប្តូរ​សំណើ​គ្នា​ក្នុង​គោលបំណង​បញ្ចប់​សង្គ្រាម និង​បើក​ច្រក​សមុទ្រ Hormuz ឡើងវិញ ដែល​​ជា​ផ្លូវ​ដឹកជញ្ជូន​ថាមពល​ដ៏​សំខាន់ ប៉ុន្តែ​លោក ត្រាំ បាន​បដិសេធ​សំណើ​​ចុង​ក្រោយ​​របស់​ទីក្រុង​តេហេរ៉ង់​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​អ៊ីរ៉ង់ ​បាន​រាយការណ៍​ថា ទីក្រុង​តេហេរ៉ង់​នឹង​មិន​បោះបង់​ចោល​ការ​ចម្រាញ់​​អ៊ុយ​រ៉ាញ៉ូម ឬ​​ប្រគល់​​ស្តុក​​​អ៊ុយ​រ៉ា​ញ៉ូម​​របស់​​ខ្លួន​​ឡើយ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​អនុប្រធានា​ធិបតី​​អាមេរិក លោក JD Vance បាន​ប្រាប់ Reuters ថា អ៊ីរ៉ង់​​ត្រូវតែ​ធ្វើការ​កាត់បន្ថយ​សមត្ថភាព​ចម្រាញ់​​របស់​ខ្លួន​ឱ្យ​បាន​ច្រើន​។

សហរដ្ឋអាមេរិក អ៊ីស្រាអែល និង​សម្ព័ន្ធមិត្ត​លោកខាងលិច បាន​ចោទប្រកាន់​អ៊ីរ៉ង់​ជាយូរ​មក​ហើយ​ថា ព្យាយាម​អភិវឌ្ឍ​ន៍​អាវុធ​នុយក្លេអ៊ែរ ដែល​ជា​ការ​ចោទប្រកាន់​មួយ​ដែល​អ៊ីរ៉ង់​តែងតែ​បដិសេធ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ