អ្នកនយោបាយ​ខ្មែរ​រង​ការ​ស្ដី​បន្ទោស​​​ថា​​កំពុង​​​ឈ្លោះ​​គ្នា​​ភ្លេច​សត្រូវ​​ឈ្លាន​ពាន​​ទឹក​​ដី​

ការ​ចោទប្រកាន់​លាបពណ៌​គ្នា​ទៅវិញទៅមក​ពី​ទង្វើ​ក្បត់​ជាតិ និង​​បញ្ហា​​បូរណ​ភាព​​ទឹក​ដី ដែល​​បាន​​ឡើង​​កម្ដៅ​​យ៉ាង​​ខ្លាំង​​ប៉ុន្មាន​​ថ្ងៃ​​មក​នេះ ក្រុម​​អ្នក​​តាម​ដាន​​បាន​​ស្ដី​បន្ទោស​​ច្រើន​ជាង​គេ​​ទៅ​លើ​​គណបក្ស​​កាន់​អំណាច ដែល​​ថា​​មាន​​អំណាច​​​ពេញ​ដៃ​​នៅ​ក្នុង​​ការ​​បង្រួប​បង្រួម​​ជាតិ​​ដើម្បី​​ការ​ពារ​​ទឹ​កដី​ ប៉ុន្តែ​​មិន​​ព្រម​​ធ្វើ បែរ​ជា​​បង្កើត​​ជម្លោះ​​រវាង​​ខ្មែរ​​និង​​​ខ្មែរ ភ្លេច​​សត្រូវ​​រួម​​ដែល​​កំពុ​ង​​លេប​ត្របាក់​​ទឹក​ដី​​ទៅ​​វិញ។

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា បាន​និយាយ​នៅ​ថ្ងៃនេះ ដោយ​ចោទ​លោក សម រង្ស៊ី ត្រង់ៗ​ថា​ជា​​ជនក្បត់​ជាតិ ដោយ​​មិន​ព្រម​បដិសេធ​ចំៗ​ទៅនឹង​ការ​លើកឡើង​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ ដែល​ថា​លោក សម រង្ស៊ី ផ្ដល់​បទសម្ភាសន៍​​ថា​​​សង្គ្រាម​ព្រំដែន​កន្លងមក កម្ពុជា​ជា​អ្នក​បាញ់​មុន។

​លោក​ថ្លែង​ថា៖ «សរុបមកវិញ លោក សម រង្ស៊ី មិន​បាន​បដិសេធ​ត្រង់​ចំពោះ​អ្វី​ដែល​អតីត​មន្ត្រី​ថៃ​និយាយ​ទេ លោក សម រង្ស៊ី ក៏​មិន​បាន​សុំ​ទោស​ប្រជា​ជាតិ​ខ្មែរ និង​មិន​បាន​បង្ហាញ​សូម្បី​តែ​បន្តិ​ច​នូវ​វិប្បដិ​សារី​ចំពោះ​អ្វីដែ​ល​គាត់​បាន​និយាយ។ ផ្ទុយ​ទៅ​វិញ លោក សម រង្ស៊ី នៅ​តែប​ន្ត​ចោទ​ថា កម្ពុជា​ជា​អ្នក​បង្ក​ហេតុ​មុន​ដដែល និង​បាន​បង្ហាញ​កាន់​តែ​​ច្បាស់​​ថា គាត់​ការ​ពារ​ថៃ ហើយ​ប្រឆាំង​ទៅ​នឹង​ផល​ប្រយោជន៍​ជាតិ​ខ្មែរ​យ៉ាង​ពិត​ប្រាកដ ដែល​ប្រជា​ជន​ខ្មែរ​ទាំង​មូល​​មិន​​អាច​ទទួល​យក​បាន​ឡើយ។ ហើយ​នេះ​គឺ​ជា​ភ​ស្តុ​តាង​ច្បាស់​ ដែល​បញ្ជាក់​ថា លោក សម រង្ស៊ី គឺ​ជា​​ជន​ក្បត់​ជាតិ ដោយ​មិន​អាច​ប្រកែក​បាន»។

​ចំណែក​ ប្រធាន​ស្ថាប័ន​កិច្ចការ​ព្រំដែន​នៃ​រដ្ឋាភិបាល ២៣ តុលា លោក អ៊ុំ សំអាន វិញ បាន​​​ចោទ​បក​​ទៅ​វិញ​​ថា ការ​​ចោទ​​ប្រកាន់​​​ថា​​ក្បត់​ជាតិ​​នេះ គួរតែ​ចោទ​ទៅលើ​មេដឹកនាំ​គណបក្ស​កាន់អំណាច​ទើប​ត្រឹមត្រូវ​ជាង។

​លោក​ថ្លែង​ថា៖ «អ្នកដែលក្បត់ជាតិពិតប្រាកដ អ្នកដែលអំណាច អ្នកដែលកាន់អំណាច ហើយ​មាន​សិទ្ធិ​សន្យា ទៅ​លើ​​សន្ធិ​​សញ្ញា ទៅ​លើ​អនុ​សញ្ញា ឬ​កិច្ច​ព្រម​ព្រៀង​ផ្សេងៗ ដែល​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី ​ឬក៏​កាត់​ទឹក​ដី​ទៅ​ឱ្យ​ប្រទេសជិ​ត​ខាង អាហ្នឹង​បា​​នក្បត់​ជាតិ ដល់​លោក សម រង្ស៊ី អ​ត់ដែ​លបា​ន​កាត់​ទឹក​ដី​ឱ្យ​ទៅ​ថៃ ទៅ​វៀត​ណាម​ផង​ហ្នឹង គាត់​អត់​ដែល​កាន់​អំណាច​ផង​ហ្នឹង មាន​សិទ្ធិ​អំណាច​សន្យា​កាត់​ដី​ឱ្យ​ទៅ​ប្រទេ​ស​ជិត​ខាង អ៊ីចឹង​អាហ្នឹង​មិន​មែន​​​ជា​ទង្វើ​ក្បត់​ជាតិ​ទេ នៅពេលដែ​ល​គាត់​អត់​ដែល​បាន​កាត់​ដី​ទៅ​ឱ្យ​ប្រទេស​ជិ​​ត​ខាង មាន​តែមេ​ដឹក​នាំ​កាន់​អំណាច​នោះ​ទេ ដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅប្រ​ទេស​ថៃ ទៅ​ប្រទេស​វៀតណាម​ អាហ្នឹង​បាន​ជា​ជន​ក្បត់​ជាតិ​ពិត​ប្រាកដ»។

​លើសពីនេះ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​​​របស់​លោក ដោយ​សរសេរ​​​ចំណងជើង​​ថា «ហ៊ុន សែន ជា​អ្នក​​នាំ​ភ្លើង​​ក្នុង​ជម្លោះ​ជាមួយ​ប្រទេសថៃ»។

​ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា ក្នុង​រយៈពេល​ប្រាំមួយ​​ទៅ​ប្រាំបួន​ខែ​កន្លងមក​នេះ លោក​មិន​បាន​ផ្ដល់​បទសម្ភាសន៍​​ដល់​សារព័ត៌មាន​ណាមួយ​ឡើយ លើកលែងតែ​វិទ្យុ​អាស៊ីសេរី (RFA) និង​ទូរទស្សន៍​អាស៊ីសេរី (TFA)។ ប៉ុន្តែ​លោក​ថា មាន​មនុស្ស​មួយចំនួន ​មាន​ចេតនា​ប្រឌិត​សម្ដី​ដែល​លោក​មិន​បាន​និយាយ អំពី​ជម្លោះ​​​រវាង​កម្ពុជា​និង​ថៃ ហើយ​អះអាង​ថា​ជា​សម្ដី​របស់​លោក​ទៅវិញ។

​លោក​គូសបញ្ជាក់​ថា លោក ហ៊ុន សែន ត្រូវ​ទទួលខុសត្រូវ​ចំពោះ​ការ​ធ្វើ​ឱ្យ​ភាព​តាន​តឹង​ជាមួយ​​ប្រទេស​ជិតខាង​​​នៅ​ទិស​​ខាងលិច​​​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។ ការដែល​គាត់​បាន​ទម្លាយ​ជា​សាធារណៈ​នូវ​ការ​សន្ទនា​តាម​ទូរស័ព្ទ​ជា​​លក្ខណៈ​​ឯកជន​​ជាមួយ​​លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដែល​ជា​នាយករដ្ឋមន្ត្រី​ថៃ​នៅ​ពេល​នោះ គឺ​​ជា​ការ​ក្បត់​ទំនុកចិត្ត។

​លើសពីនេះ លោក​ថា លោក ហ៊ុន សែន ផ្ដល់​ការ​ការពារ​ដល់​បណ្ដាញ​ឆបោក​​តាម​អនឡាញ​អន្តរជាតិ ដែល​​ធ្វើ​ប្រតិ​បត្តិ​ការ​​នៅ​​តាម​​ព្រំដែន​​កម្ពុជា-ថៃ ដែល​ជា​ការ​ផ្ដល់​លេស​ឱ្យ​ថៃ​ធ្វើ​អន្តរាគមន៍ ក្រោម​ស្លាក​នៃ​ការ​​​ប្រយុទ្ធ​ប្រឆាំង​នឹង​សកម្មភាព​ឧក្រិដ្ឋ ដែល​គំរាមកំហែង​ដល់​ផលប្រយោជន៍​របស់​ថៃ​ផងដែរ។

​សម្រាប់​លោក សម រង្ស៊ី៖ «ជំនួសឱ្យការទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួន​ ​ក្នុងការ​ធ្វើ​ឱ្យ​ជម្លោះ​កាន់​តែ​ធ្ងន់​ធ្ងរ ហ៊ុន សែន បែរ​ជា​ផ្សព្វ​ផ្សាយ​ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន​មក​លើ​ខ្ញុំ ដើម្បី​បង្វែរ​ការ​យក​ចិត្ត​ទុក​ដាក់​ចេញ​ពី​ទង្វើរ​បស់​​គាត់​ដែល​ខ្វះកា​រ​ពិចារណា​អំពី​ផល​វិបាក»។

​ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែនករុណា ហៅ​វោហា​សាស្ត្រ​​នយោ​បាយ​​បែបនេះ​ថា មិនមែន​ទើបតែ​កើតមានឡើង​នៅក្នុង​សម័យកាល​បច្ចុប្បន្ន​នេះ​ទេ ប៉ុន្តែ​​លោក​​ថា បើ​គេ​ក្រឡេក​មើល​​​ទៅ​ក្នុង​ប្រវត្តិសាស្ត្រ គឺ​វា​មាន​ទម្រង់​បែបនេះ​តាំងពី​យូរលង់​ណាស់​មកហើយ។ លោក​បាន​ពន្យល់​បន្ថែម​ថា មេដឹកនាំ​ណា​ដែលមាន​អំណាច​ពេញដៃ ជាពិសេស​អំណាច​កងកម្លាំង​យោធា តែងតែ​ឆ្លៀត​ប្រើប្រាស់​គ្រប់​មធ្យោ​បាយ​​ដើម្បី​ចោទប្រកាន់​គូប្រកួត​ថា​ជា «ជនក្បត់ជាតិ» ក្នុង​​គោលបំណង​យក​​ធ្វើ​ជា​លេស​ ​​ដើម្បី​កម្ទេច​ដៃគូ​នយោ​បាយ​​របស់​​ខ្លួន។

​លោក​បាន​សង្កត់ធ្ងន់​ថា នៅក្នុង​ស្ថានភាព​នយោបាយ​បច្ចុប្បន្ន អ្នកមាន​អំណាច​និង​ឥទ្ធិពល​នៅតែ​​បន្ត​​វោហា​សាស្ត្រ​​​ចោទ​​ប្រកាន់​ដាក់បន្ទុក​គ្នា​ទៅវិញទៅមក​ជុំវិញ​រឿង «ក្បត់ជាតិ» នេះ​ដដែល។ ទោះជាយ៉ាងណា លោក​បាន​ប្រកាស​​យ៉ាង​ច្បាស់​ថា ការទទួលខុសត្រូវ​ធំធេង​ត្រូវតែ​ទម្លាក់​ទៅលើ​អ្នកដែលមាន​អំណាច ក្ដាប់​តួនាទី​គ្រប់គ្រង​ប្រទេស និង​ជា​អ្នក​កាន់​វាសនា​របស់​ជាតិ​ផ្ទាល់។

​លោក​ថ្លែង​ថា៖ «ឈ្មោះប្រទេសកម្ពុជាស្អុយអសោចនៅលើពិភពលោក ហើយទឹកដីទាំងលិច​ទាំង​កើត​គឺ​ត្រូវ​​បា​ន​​​រេ​ច​រឹល រង​​ការ​​បំពាន​​បំពាន ឈ្លាន​ពាន កេង​បន្លំ​ពី​ប្រទេស​ជិត​ខាង។ នេះ​គឺ​ដោយ​សារ​អ្នក​ណា​ជា​នាយក​​ដឹក​នាំ? អញ្ចឹង​​បើ​និ​យាយ​​អំពី​អំពើ​ក្បត់​ជាតិ វា​ធ្វើ​ឱ្យ​ផល​ប្រយោជន៍​ជាតិ​បាត់​បង់ ទៅ​វិទ្យា​សាស្ត្រ​ដទៃ បំភ្លេច​បំផ្លាញ​នូវ​ធន​ធាន​ទ្រព្យ​សម្បត្តិ​ជាតិ»។

​សម្រាប់​អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម លោកបណ្ឌិត មាស នី ការ​ខ្វែងគំនិត​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​គឺ​ជា​រឿង​ធម្មតា​​ទេ បញ្ហា​គឺ​ខ្មែរ​ច្រើនតែ​ទាស់​គ្នា ប៉ុន្តែ​មិនសូវ​ដឹង​ពេលវេលា ស្របពេល​ដែល​ប្រទេស​ដទៃ​គេ​ទាស់​គ្នា​ដែរ ប៉ុន្តែ​​គេ​ចេះ​គិត​រួមគ្នា។ ទោះបីជា​ការរស់នៅ​ស្រួល​ក៏ដោយ តែ​ពេល​ប្រឈមមុខ​នឹង​ការ​រួមគ្នា គឺ​នៅតែ​មាន​​ការ​ទាស់ទែង​គ្នា​ដដែល។

​លោក​បាន​បញ្ជាក់​បន្ថែម​ជុំវិញ​ច្រកចេញ​ថា ការ​ចាប់ផ្ដើម​ដំបូង​នៃ​ការ​ទាស់ទែង​គ្នា​រវាង​ភាគី​ទាំងសងខាង អាច​​នឹង​​មាន​​ភាព​ខ្លាំងក្លា ប៉ុន្តែ​​បើ​មាន​ការ​យល់ចិត្ត​គ្នា និង​បន្ថូរបន្ថយ​ការ​ចោទប្រកាន់ នោះ​វានឹង​ក្លាយជា​ច្រក​​មួយ​ឆ្ពោះ​ទៅ​​រក​ការ​ផ្សះផ្សា​ជាតិ។

​យ៉ាងណាមិញ លោក​គិតថា អ្នកនយោបាយ​ខ្មែរ គួរតែ​បន្ថយ​នូវ​ឥទ្ធិពល​នៃ​ការ​ប្រកែក​យកឈ្នះ​យកចាញ់ ហើយ​វិល​ត្រឡប់​​មក​និយាយ​គ្នា​នៅលើ​តុ ដើម្បី​ស្វែងរក​ឯកភាព​ជាតិ។

​លោក​ថ្លែង​ថា៖ «ការដែលយើងមិនត្រូវគ្នាតែគ្នាឯង ដែលធ្វើឱ្យទឹកដីវានេះតែរួម រហូត​មក​ដល់​សព្វ​ថ្ងៃ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា អ្នក​ដឹក​នាំ​ខ្មែរ​ទាំង​សង​ខាង​ គួរ​តែ​បន្ថយ​នូវ​ឥទ្ធិ​ពល​នៃ​ការ​ប្រកួត​ប្រជែង​យក​ឈ្នះ នៃ​ការ​ចោទ​ប្រកាន់។ ប៉ុន្តែ​យើង​និយាយ​អំពី​បបួល​គ្នា​មក​អង្គុយ​នៅ​លើ​តុ ដើម្បី​ឈាន​ទៅ​រក​ការ​មាន​ឯកភាព​ជាតិ​ ហើយ​និង​ធ្វើកា​រ​ចរចា​នេះ​ទៅ វា​ល្អ​ជា​ជាង​​ឈ្លោះ​គ្នា​ក្នុង​ស្ថាន​ភាព​បែប​ហ្នឹង គ្មាន​នរ​ណា​ត្រូវ​ទេ ខុស​ទាំង​អស់​គ្នា! ខុស​នៅ​ពេល​ដែល​យើង​មាន​សត្រូវ​រួម ប៉ុន្តែ​យើង​អត់​បែរ​ទៅ​ឈ្លោះជា​មួយ​សត្រូវ យើ​ង​មក​ឈ្លោះ​តែ​គ្នា​​ឯង»។

​បើ​តាម​អ្នកវិភាគ​ខាងលើ មូលហេតុ​ដែល​ពួកគេ​ថា មេដឹកនាំ​បក្ស​កាន់អំណាច កំពុង​ដើរ​ចូល​​អន្ទាក់​បរទេស​​ឈ្លាន​ពាន​​​នោះ ដំបូងឡើយ លោក ហ៊ុន សែន ព្យាយាម​ទម្លាយ​រឿង​ការ​សន្ទនា​សម្ងាត់​ជាមួយ​អតីត​​នាយករដ្ឋមន្ត្រី​ថៃ និង​ព្យាយាម​​ទម្លាយ​រឿងអាស្រូវ​របស់​មេដឹកនាំ​ថៃ​ផ្សេងទៀត ដើម្បី​បំបែកបំបាក់​ផ្ទៃក្នុង​ថៃ ប៉ុន្តែ​ទីបំផុត ថៃ​បាន​ចាប់​ដៃ​​គ្នា បើក​ការ​ឈ្លានពាន​ទឹកដី​កម្ពុជា រហូត​ដណ្ដើម​គ្រប់គ្រង​ដី​ខ្មែរ​បាន​ជាង ៨០ ទីតាំង រហូតមកដល់​បច្ចុប្បន្ន។

​ចំណែក​ខ្មែរ​ដែល​ជា​ជនរងគ្រោះ ពី​ការ​ឈ្លានពាន​ពី​ប្រទេស​ថៃ​ផង​ ​និង​វៀតណាម​ផង​នោះ បែរជា​ចោទ​គ្នា​ទៅ​វិញទៅ​មក​​ពី​​ទង្វើ​​ក្បត់​ជាតិ ភ្លេច​​គិតពី​សត្រូវ​រួម​ដែល​កំពុង​លេបត្របាក់​ទឹកដី។

​បញ្ហា​នេះ ពួកគេ​បារម្ភ​ថា ប្រសិនបើ​អ្នកនយោបាយ​ខ្មែរ នៅតែ​ប្រកាន់​ជំហរ​រឹងរូស និង​បន្ត​ប្រើប្រាស់​វោហាសាស្ត្រ​​វាយ​ប្រហារ​ដាក់បន្ទុក​គ្នា​ទៅវិញទៅមក ខ្មែរ​នឹង​គ្មាន​ថ្ងៃ​អាច​ស្វែងរក​ភាព​ត្រូវរ៉ូវ​គ្នា​វិញ​បាន​ឡើយ ហើយ​​ទីបំផុត ស្ថាន​​ភាព​​​បែក​បាក់​​ជាតិ​នឹង​បន្ត​អូសបន្លាយ​គ្មាន​ទីបញ្ចប់ ដែល​នឹង​ធ្វើ​ឱ្យ​ជាតិសាសន៍​ខ្មែរ​រងគ្រោះ​គ្មាន​ទីបញ្ចប់​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ