ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលសកម្មរឿងជំរុញតម្លាភាពសង្គម និងបញ្ហាព្រំដែន បានសម្រេចវិលត្រឡប់ទៅចូលរួមជួយការងារសហភាពសហជីពកម្ពុជា និងសមាគមគ្រូបង្រៀនវិញ ក្រោយពីតុលាការបានដកសិទ្ធិធ្វើនយោបាយរយៈពេល ៥ឆ្នាំ និងស្របពេលដែលលោកសង្កេតឃើញកម្មករនិយោជិត និងគ្រូបង្រៀន នៅបន្តជួបបញ្ហាប្រឈមច្រើននាពេលបច្ចុប្បន្ន។
លោក រ៉ុង ឈុន ត្រូវបានតុលាការកំពូល ចេញសាលដីកាស្ថាពរកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារ ៤ឆ្នាំ ប៉ុន្តែព្យួរទោសសាកល្បង៣ឆ្នាំ និងបានដកសិទ្ធិនយោបាយ និងសិទ្ធិបោះឆ្នោតរយៈពេល ៥ឆ្នាំ រួមទាំងដាក់បម្រាមរឹតត្បិតសិទ្ធិសេរីភាពជាច្រើនទៀត ក្រោមការចោទ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
លោក រ៉ុង ឈុន បានប្រាប់វីអូឌីនៅថ្ងៃទី១៤ ខែតុលានេះថា បន្ទាប់ពីតុលាការកំពូលបានចេញសាលដីកាដកសិទ្ធិធ្វើនយោបាយរបស់លោករយៈពេល ៥ឆ្នាំ និងស្របពេលមានការស្នើសុំពីខាងសហជីព និងសមាគមគ្រូបង្រៀន លោកសម្រេចទៅចូលរួមការងារជាមួយសហភាពសហជីពកម្ពុជា និងសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យវិញ។ តែយ៉ាងណា លោកនៅមិនទាន់ប្រាកដថានឹងទៅធ្វើជាមេដឹកនាំសហជីពនោះឬយ៉ាងណានៅឡើយ ដោយរងចាំការធ្វើសមាជរបស់សហជីពនៅចុងឆ្នាំ២០២៦នេះសិន។
លោកថា៖ «ពេលនេះខ្ញុំធ្វើការសម្រេចចិត្តថា នឹងចូលរួមជួយការងារសហភាព សមាគមឡើងវិញ មិនឈានទៅដល់ដឹកនាំទេ រងចាំនៅចុងឆ្នាំ២០២៦ ដែលសហភាពមានគម្រោងធ្វើសមាជឡើងវិញ ហើយពេលហ្នឹងខ្ញុំនឹងធ្វើការសម្រេចចិត្តតាមក្រោយ។ ហើយការដែលវិលត្រឡប់ចូលជួយសហជីព ដោយយោងទៅលើបញ្ហាកម្មករ ក៏ដូចជាគ្រូបង្រៀន មានបញ្ហាប្រឈមច្រើននៅពេលបច្ចុប្បន្ននេះ។ ទី២ ខ្ញុំត្រូវបានតុលាការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយ នៅចំណុចមួយក្នុងចំណោមចំណុចផ្សេងៗទៀត ចឹងទៅខ្ញុំរកចន្លោះដែលមិនពាក់ព័ន្ធនយោបាយ ដែលអាចជួយសង្គមយើងបាន ចឹងមានតែចូលមកជួយការងារសហជីពវិញ»។
ការលើកឡើងរបស់លោក រ៉ុង ឈុន ជាការឆ្លើយតបចំពោះសហភាពសហជីពកម្ពុជា ដែលបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី១៤ ខែតុលា ថា គណៈកម្មាធិការកណ្តាលសហភាពសហជីពកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ បានឯកភាពស្នើសុំឱ្យរូបលោក រ៉ុង ឈុន ទៅដឹកនាំសហភាពសហជីពកម្ពុជានេះឡើងវិញ។
ជាមួយគ្នានេះដែរ លោក រ៉ុង ឈុន បានបញ្ជាក់ថា ចំពោះការទាមទារយុត្តិធម៌ក្នុងសំណុំរឿងដែលតុលាការចោទប្រកាន់ និងដកសិទ្ធិធ្វើនយោបាយ ដកសិទ្ធិបោះឆ្នោត ហាមមិនឱ្យចេញពីរាជធានីភ្នំពេញ និងមិនឱ្យចូលរួមវេទិកាសាធារណៈជាដើមនោះ លោកនឹងបន្តតស៊ូមតិបន្ថែមទៀត នាពេលឆាប់ៗនេះ ខណៈលោកនៅតែអះអាងថា សាលដីការបស់តុលាការកំពូល ដែលផ្តន្ទាទោសរូបលោក មិនស្របទៅនឹងរដ្ឋធម្មនុញ្ញ មាត្រា៣៤ថ្មី និងមាត្រា៣៥ រួមទាំងកត្តិកាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ។
ក្រោយពីតុលាការកំពូលបានប្រកាសសាលដីកាផ្តន្ទាទោស និងដកសិទ្ធិធ្វើនយោបាយនិងសិទ្ធិបោះឆ្នោតរួចមក លោក រ៉ុង ឈុន បានធ្វើការតស៊ូមតិដោយដាក់លិខិតទៅក្រសួងយុត្តិធ៌ និងថ្វាយលិខិតសុំព្រះរាជអន្តរាគមន៍ពីអង្គព្រះមហាក្សត្រ ស្នើរើសំណុំរឿងរបស់លោកឡើងវិញ។
តែយ៉ាងណា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្លាប់បានចេញលិខិតចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា សំណុំរឿងរបស់លោក រ៉ុង ឈុន ត្រូវបានតុលាការគ្រប់ជាន់ថ្នាក់ សម្រេចសេចក្តីដោយត្រឹមត្រូវ និងអនុវត្តទៅតាមច្បាប់ និងនីតិវិធី ហើយក្រសួងក៏ពុំបានរកឃើញភាពមិនប្រក្រតីណាមួយឡើយ។ រដ្ឋមន្ត្រីរូបនេះ បានលើកឡើងដែរថា បើ លោក រ៉ុង ឈុន មានអង្គហេតុថ្មី ឬភស្តុតាងថ្មី ដែលបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួនក្នុងសំណុំរឿងនេះ គឺអាចអនុវត្តសិទ្ធិក្នុងការធ្វើបណ្តឹងសើរើនេះទៅតុលាការកំពូល ដោយត្រូវអនុវត្តស្របតាមលក្ខខណ្ឌ និងនីតិវិធី ដែលមានកំណត់ក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ។
អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង មានប្រសាសន៍ថា ការចូលរួមការងារសហជីព និងសមាគម គឺជាសិទ្ធិ និងការសម្រេចចិត្តរបស់លោក រ៉ុង ឈុន។ យ៉ាងណា លោកថា ការប្រើប្រាស់ប្រព័ន្ធតុលាការរឹតត្បិត និងបិទសិទ្ធិថ្នាក់ដឹកនាំ ឬសកម្មជនលេចធ្លោក្នុងគណបក្សនយោបាយ ជាពិសេសដូចករណីលោក រ៉ុង ឈុន ជាការពិតណាស់ប៉ះពាល់ទៅដល់សិទ្ធិនយោបាយ និងគោលការណ៍ប្រជាធិបតេយ្យ ដោយលោកថា គោលការណ៍ប្រជាធិបតេយ្យ គឺការបង្កើតឱ្យមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លោកថា៖ «ហើយការបោះឆ្នោតសេរីត្រឹមត្រូវ និងយុត្តិធម៌ គឺត្រូវតែមានបរិយាកាសនយោបាយល្អ គឺល្អប្រសើរ តាំងពីមុនការបោះឆ្នោត ពេលបោះឆ្នោត និងក្រោយការបោះឆ្នោត ចឹងបរិយាកាសនយោបាយល្អ គឺជាបរិយាកាសមួយដែលគ្រប់និន្នាការគណបក្សនយោបាយ អាចចូលរួមប្រកួតប្រជែង ប្រជាពលរដ្ឋខ្មែរទាំងអស់មានសិទ្ធិគាំទ្រគ្រប់គណបក្សនយោបាយ ហើយជាពិសេសថ្នាក់ដឹកនាំ ឥស្សរជននយោបាយដែលគាត់មានប្រជាប្រិយភាព ដែលគាត់មានសក្កានុពលហ្នឹង គឺមានឱកាសក្នុងការចូលរួមការប្រកួត ដូច្នេះការដែលអាក់ខានដែលបុគ្គលល្បីៗ បុគ្គលដែលមានកេរ្តិ៍ឈ្មោះ ដែលមិនអាចចូលរួមនេះ គឺប៉ះពាល់ធ្ងន់ណាស់ដល់ការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ»។
ចំណែក ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា បានលើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ ជាពិសេសក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ព្រមទាំងកត្តិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ រួមទាំងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស បានចែងយ៉ាងច្បាស់ថា ប្រជាពលរដ្ឋគ្រប់រូប មានសិទ្ធិ និងសេរីភាពគ្រប់គ្រាន់ក្នុងការចូលរួមសកម្មភាពសង្គម និងនយោបាយ ដែលមិនអាចឱ្យអ្នកណាគូសវាស និងដាក់កម្រិតលើបុគ្គលណាបានទេ។ ដូច្នេះ លោកថា ការណ៍ដែល លោករ៉ុង ឈុន ចង់ចូលរួមសកម្មភាពណាមួយ ទៅតាមឆន្ទៈ និងមនសិការរបស់គាត់ គឺរដ្ឋត្រូវផ្តល់សិទ្ធិសេរីភាពពេញលេញ ដោយគ្មានការដាក់សម្ពាធ ការរឹតត្បិត ឬការរារាំងណាមួយទេ។
លោកបន្តថា៖ «ក៏ប៉ុន្តែបើសិនជាចង់កំណត់បែបនេះ មានន័យថា កំពុងតែប្រព្រឹត្តខុសនូវស្មារតី និងមាត្រានៃច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដើរផ្ទុយអំពីគោលការណ៍សិទ្ធិមនុស្សអន្តរជាតិផងដែរ ចឹងខ្ញុំគិតថា មិនគួររដ្ឋាភិបាល ឬក៏សមត្ថកិច្ចពាក់ព័ន្ធ ទៅធ្វើការណែនាំ ឬក៏ដាក់កម្រិតឱ្យលោក រ៉ុង ឈុន ទៅធ្វើនេះធ្វើនោះទៅតាមអ្វីដែលខ្លួនចង់បានទេ ចឹងរឿងទាំងអស់នេះ គឺអាស្រ័យទៅលើលោក រ៉ុង ឈុន ខ្លួនឯង ចង់ធ្វើសកម្មភាពក្នុងនាមជាអ្នកនយោបាយ ឬក្នុងនាមជាប្រធានសហជីព អាហ្នឹងគឺជាសេរីភាព និងការសម្រេចចិត្តរបស់លោក មិនអាចកំណត់ ឬក៏ចេញសេចក្តីប្រកាសព័ត៌មានណាឱ្យលោកទៅធ្វើអ្វី ទៅតាមអារម្មណ៍របស់អ្នកនយោបាយ ឬក៏ស្ថាប័នអីពាក់ព័ន្ធទាំងអស់នោះបានទេ»។
គួរបញ្ជាក់ថា លោក រ៉ុង ឈុន ធ្លាប់ជាមន្ត្រីក្របខ័ណ្ឌរដ្ឋនៃក្រសួងអប់រំ ដោយជាគ្រូបង្រៀនមុខវិជ្ជាគណិតវិទ្យានៅវិទ្យាល័យហ៊ុន សែន ស្អាង នៅស្រុកកំណើតរបស់លោកក្នុងខេត្តកណ្តាល។ លោក រ៉ុង ឈុន បានចាប់ផ្តើមធ្វើការតស៊ូមតិតាំងពីចុងឆ្នាំ២០១៦មក ដោយលោកជាស្ថាបនិក និងជាអតីតប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) និងជាប្រធានសភាពសហជីពកម្ពុជា ដោយលោកតែងតែសកម្មក្នុងការទាមទារប្រាក់ខែ សិទ្ធិសេរីភាព និងលក្ខខណ្ឌការងារសមរម្យជូនកម្មករ និងគ្រូបង្រៀន។
ក្រៅពីនោះ នៅចន្លោះឆ្នាំ២០១៥ ដល់ឆ្នាំ២០១៧ លោក រ៉ុង ឈុន ក៏ធ្លាប់ត្រូវបានតែងតាំងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ដែលស្នើឡើងដោយភាគីគណបក្សសង្គ្រោះជាតិ ហើយលោកបានលាលែងពីតំណែងនេះ បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានតុលាការរំលាយកាលពីឆ្នាំ២០១៧។ ក្រោយមក លោកបានចូលរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀន ដោយធ្លាប់ធ្វើជាអនុប្រធានបក្ស ប៉ុន្តែនៅអំឡុងខែវិច្ឆិកា ឆ្នាំ២០២៣ លោកបានលាលែងពីតំណែងអនុប្រធានគណបក្សភ្លើងទៀន ហើយទៅចូលរួមសកម្មភាពនយោបាយជាមួយគណបក្សកម្លាំងជាតិវិញ ដោយមានតួនាទីជាទីប្រឹក្សាមកដល់បច្ចុប្បន្ន។
មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ ចែងថា «ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ»៕









