ខណៈមានការលើកឡើងថា ថៃបានពង្រីកការឈ្លានពានកម្ពុជាកើនឡើងដល់ ៨៥ទីតាំង រដ្ឋាភិបាលបានទម្លាយឱ្យដឹងពីការខំប្រឹងប្រែងតវ៉ាលើសមរភូមិការទូត និងខ្វល់ខ្វាយពីវាសនាជនភៀសសឹកជាង ២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន ដោយសារការឈ្លានពាននេះ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បាននិយាយនៅថ្ងៃទី១៥ ខែតុលានេះថា ក្នុងកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៧ របស់គណៈកម្មាធិការប្រតិបត្តិនៃកម្មវិធីឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) នៅទីក្រុងហ្សឺណែវ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំការិយាល័យអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ថា ទោះបីជាមានបទឈប់បាញ់ក៏ដោយ ក៏ប្រជាពលរដ្ឋកម្ពុជាជាង ២ម៉ឺននាក់ នៅតែមិនអាចវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនវិញបាន ដោយសារការបន្តកាន់កាប់តំបន់មួយចំនួននៃទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងប្រដាប់អាវុធថៃ និងការរារាំងមិនឱ្យប្រជាពលរដ្ឋកម្ពុជាទាំងនោះអាចចូលទៅកាន់លំនៅឋាន និងសហគមន៍របស់ពួកគេវិញបាន។
លោកថា ការកាន់កាប់ទឹកដីកម្ពុជា និងការបន្តបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកម្ពុជាដោយកងកម្លាំងប្រដាប់អាវុធថៃ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា ដែលផ្ទុយពីគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។
លើសពីនេះ លោកថា នៅឯកិច្ចប្រជុំក្រុមប្រឹក្សាអចិន្ត្រៃយ៍ហ្វ្រង់កូហ្វូនី (CPF) ថ្ងៃទី១៣ ខែតុលាដែរ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំង បានបដិសេធការលើកឡើងរបស់ប្រតិភូថៃ ដែលបានបំភ្លៃការពិតប្រវត្តិសាស្ត្រថា ជនភៀសសឹកកម្ពុជារស់នៅក្នុងតំបន់របស់ថៃ ដែលត្រូវបានបើកឱ្យប្រើប្រាស់ជាជម្រកជនភៀសខ្លួនបណ្តោះអាសន្នក្នុងទសវត្សរ៍ឆ្នាំ១៩៧០។
លោកគូសបញ្ជាក់ថា ឯកអគ្គរាជទូតកម្ពុជាបានច្រានចោលការលើកឡើងនេះ និងបានយោងទៅរបាយការណ៍របស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (HCR) ដែលបញ្ជាក់ថា ជំរំជនភៀសខ្លួនកម្ពុជានៅក្នុងប្រទេសថៃ គឺមិនមានជនភៀសខ្លួនទៀតទេ តាំងពីខែមីនា ឆ្នាំ១៩៩៩ បន្ទាប់ពីក្រុមជនភៀសខ្លួនចុងក្រោយចំនួន ៧០៥នាក់ បានវិលត្រឡប់មកកម្ពុជាវិញ។
លោកថា៖ «ទាំងនេះគឺជាសកម្មភាពការងារការទូតដ៏រស់រវើករបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន ក៏ដូចជាកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រជាជន»។
ចំណែកអ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំង លោក អ៊ុំ សំអាន បានលើកឡើងលើបណ្តាញសង្គមរបស់លោកថា គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦នេះ តាមក្រសួងការបរទេសកម្ពុជា ព័ត៌មានពីទាហានខ្មែរនៅជួរមុខដែលលោកទទួលបាន ក្រោយមានបទឈប់បាញ់លើកទី២ ពោលគឺជិត ១ឆ្នាំនេះ ថៃបានដណ្តើមដីខ្មែរយកទៅគ្រប់គ្រងដោយឯកតោភាគីឡើងដល់ ៨៥ទីតាំងហើយ។
តាមប្រភពនោះ ទីតាំងដែលថៃគ្រប់គ្រងមាន ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ តំបន់មុំបី តំបន់ច្រកអានសេះ ភូមិជោគជ័យ ភូមិព្រៃចាន់ តំបន់ជាំតែ ភ្នំទ្រព្យ តំបន់ថ្មដា អូរស្មាច់ ភូមិផ្លូវបំបែកបឹងត្រកួន និងទីតាំងមួយចំនួនទៀត។
លោកបានគូសបញ្ជាក់ថា ចំណែកទាហានខ្មែរ កំពុងគ្រប់គ្រងទឹកដីខ្មែរ ១១ទីតាំង ដែលមិនបាត់បង់ដោយសារសង្គ្រាមនេះ មាន ប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០ ៥មករា វាលឥន្ទ្រី ភ្នំតាង៉ោល បង្គោល៨ ព្រលានថ្ម សំបុកឃ្មុំ តំបន់៧៥ និង ភ្នំ៣៩៨។
ជុំវិញបញ្ហានេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានលើកឡើងថា បច្ចុប្បន្នភាគីថៃកំពុងបន្តឈរជើងក្នុងភូមិឋានរបស់ប្រជាពលរដ្ឋខ្មែរ និងការពារដីដែលពួកគេបានឈ្លានពាន ព្រមទាំងបន្តពង្រីកការឈ្លានពានទៅកាន់ទីតាំងផ្សេងៗទៀត។
លោកបានបញ្ជាក់ថា សកម្មភាពការទូតរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មានលក្ខណៈទន់ខ្សោយ និងខ្វះជំហរច្បាស់លាស់ មិនអាចជួយឱ្យប្រជាពលរដ្ឋត្រឡប់ទៅលំនៅឋានវិញភ្លាមៗបានទេ ដោយសារកម្ពុជាមិនបានដាក់សម្ពាធឱ្យបានច្បាស់លាស់ទៅលើភាគីថៃ ឬស្វែងរកកិច្ចអន្តរាគមន៍ឱ្យមានប្រសិទ្ធភាពពីដៃគូអន្តរជាតិឡើយ។
ក្នុងន័យនេះ លោកពន្យល់ថា សហគមន៍អន្តរជាតិចង់ឱ្យកម្ពុជាដោះស្រាយបញ្ហាផ្ទៃក្នុង ដូចជាឧក្រិដ្ឋកម្មឆបោកអនឡាញ បញ្ហាសិទ្ធិមនុស្ស និងការដោះលែងអ្នកទោសនយោបាយ។ ប៉ុន្តែកម្ពុជាមិនទាន់បានឆ្លើយតបតាមការណែនាំទាំងនោះទេ ដោយបានត្រឹមតែធ្វើការដោះសារ ដែលធ្វើឱ្យអន្តរជាតិស្ទាក់ស្ទើរក្នុងការជួយដាក់សម្ពាធលើថៃ។
លោកបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាប្រញាប់ផ្សះផ្សានយោបាយផ្ទៃក្នុង បញ្ឈប់ការឈ្លោះប្រកែកគ្នាឯងរវាងខ្មែរនិងខ្មែរ ហើយត្រូវងាកមកដោះស្រាយបញ្ហាឱ្យចំគោលដៅ ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិវិញ។
លោកថា៖ «ដើម្បីឲ្យថៃដកកងទ័ពចេញពីកម្ពុជា វាទាល់តែកម្ពុជាខ្លួនឯងហ្នឹង រកផ្លូវត្រូវឲ្យឃើញសិន! បច្ចុប្បន្នហ្នឹង រដ្ឋាភិបាលកម្ពុជារកផ្លូវត្រូវអត់ទាន់ឃើញទេ ពីព្រោះម្តងប្រកាសប្រឆាំងសៀម ហើយឥឡូវបច្ចុប្បន្នប្រវែគោលដៅហ្នឹងមកប្រឆាំងខ្មែរគ្នាឯង ប្រមូលខ្មែរគ្នាឯង ចង់ចាញ់ចង់ឈ្នះគ្នា ហើយអ៊ីចឹងវាអត់បានប្រយោជន៍ទេ អីចឹងក្រៅពីយន្តការការទូត គឺត្រូវតែប្រញាប់ប្តឹងថៃទៅតុលាការអន្តរជាតិ ហើយម្យ៉ាងទៀត ត្រូវតែជួយកុំភ្លេចប្រើសិទ្ធិការពារខ្លួនស្របតាមច្បាប់អន្តរជាតិ ដើម្បីទប់ស្កាត់ការរុលចូលបន្ថែមរបស់ថៃ ឈ្លានពានទឹកដីកម្ពុជា»។
យ៉ាងណា ក្រោយផ្ទុះសង្គ្រាមជាមួយថៃចំនួនពីរលើកក្នុងឆ្នាំ២០២៥ រដ្ឋាភិបាលកម្ពុជាច្រើនតែជ្រើសរើសប្រើប្រាស់ផ្លូវការទូត ការចរចា និងការដោះស្រាយតាមច្បាប់អន្តរជាតិ ដើម្បីជៀសវាងសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មី។ ប៉ុន្តែ យុទ្ធសាស្ត្រនេះ ត្រូវបានក្រុមរិះគន់មើលឃើញថាជា «ភាពទន់ជ្រាយ ឬអសមត្ថភាព» ក្នុងការឆ្លើយតបឱ្យបានម៉ឺងម៉ាត់ភ្លាមៗ ដើម្បីការពារបូរណភាពទឹកដី។
ទោះជាបែបណា មាត្រា ៤៤០ នៃក្រមព្រហ្មទណ្ឌ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









