​អ្នកបោះឆ្នោត​​ថ្នាក់​​កណ្តាល​​នៅ​​រដ្ឋ​​អូហៃ​យ៉ូ​ ​ពិចារណា​​ឡើង​វិញ​​លើ​​ការ​​គាំទ្រ​​ចំពោះ​​លោក​ ​ត្រាំ​

មួយ​​ទសវត្សរ៍​​បន្ទាប់​ពី​​លោក​ ​ដូណាល់​ ​ត្រាំ​ ​មក​ពី​​គណបក្ស​​សាធារណរដ្ឋ​ ​បាន​​ទាក់​ទាញ​​ក្រុម​​អ្នក​បោះ​ឆ្នោត​​ថ្នាក់​​កណ្តាល​ ​និង​​ក្រុម​​សហជីព​​មកពី​គណបក្ស​ប្រជាធិបតេយ្យ​នៅ​រដ្ឋ​អូហៃយ៉ូ​ (Ohio) ​ពេលនេះ​ខាង​គណបក្ស​ប្រជាធិប​តេយ្យ​ ​និង​មេដឹកនាំ​ពលកម្ម​ ​មើលឃើញ​ថា​​មាន​ឱកាស​ដើម្បី​ឈ្នះ​​ការ​គាំទ្រ​ពី​ពួកគេ​​មួយចំនួន​​ត្រឡប់​មក​វិញ​ ​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​​នា​ពេល​ខាងមុខ​​។​

​ឈាន​​ចូល​ដល់​ពាក់កណ្តាល​អាណត្តិ​ទីពីរ​របស់​លោក​ ​ប្រជាប្រិយភាព​របស់​លោក​ប្រធានាធិបតេយ្យ ​ហាក់ដូចជា​កំពុង​​ថយ​​ចុះ​ ​ក្នុង​ចំណោម​ក្រុម​កម្មករ​ ​ដោយសារតែ​ការកើនឡើង​នៃ​តម្លៃ​ទំនិញ​ ​សង្គ្រាម​នៅ​អ៊ីរ៉ង់​ ​និង​ការ​ព្រួយបារម្ភ​​អំពី​​សម្តី​​សម្តៅ​​​របស់​​លោក​ ​ដែល​ធ្វើឱ្យ​អ្នកបោះឆ្នោត​មួយចំនួន​ពិចារណា​ឡើងវិញ​លើ​ការ​គាំទ្រ​របស់​ពួកគេ​​។​

​ការ​ប្រែប្រួល​នៅ​ក្នុង​រដ្ឋ​អូហៃយ៉ូ​ឆ្ពោះទៅ​រក​គណបក្ស​ប្រជាធិបតេយ្យ​ ​អាច​មាន​សារសំខាន់​នៅ​ក្នុង​ការបោះឆ្នោត​ ​ដែល​​​​នឹង​​ជួយ​​កំណត់​​ថា​ ​តើ​គណបក្ស​សាធារណរដ្ឋ​នឹង​បន្ត​រក្សា​ការគ្រប់គ្រង​សភា​ ​ក្នុង​អំឡុង​ពេលពីរ​ឆ្នាំ​ចុងក្រោយ​នៃ​​អាណត្តិ​​របស់​​លោក​ ​ត្រាំ​ ​ឬមួយ​ក៏​ផ្តល់​អំណាច​ដល់​គណបក្ស​ប្រជាធិបតេយ្យ​​។​ ​បញ្ហា​នេះ​មាន​ទម្ងន់​ធ្ងន់ធ្ងរ​ណាស់​នៅ​រដ្ឋ​​អូហៃយ៉ូ​ ​ជា​កន្លែង​ដែល​គណបក្ស​សាធារណរដ្ឋ​កំពុង​ការពារ​កៅអី​ព្រឹទ្ធសភា​ ​និង​តំណែង​អភិបាលរដ្ឋ​​។​

​លោក​ ​ត្រាំ​ ​មិន​មាន​ឈ្មោះ​នៅ​ក្នុង​សន្លឹកឆ្នោត​លើក​នេះ​ទេ​ ​ប៉ុន្តែ​លោក​បាន​ប្រាប់​អ្នកគាំទ្រ​ឱ្យ​ធ្វើ​សកម្មភាព​ ដូចជា​មាន​​​រូប​លោក​ប្រកួតប្រជែង​ដែរ​​។​ ​ព្រឹទ្ធសមាជិក​គណបក្ស​សាធារណរដ្ឋ​ ​លោក​ ​ជុន​ ​ហូស្តេដ​ (Jon Husted) ​កំពុង​ប្រកួត​ប្រជែង​​យ៉ាង​ប្រកៀកប្រកិត​ជាមួយ​អតីត​ព្រឹទ្ធសមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ ​លោក​ ​ហ្ស៊ែរ៉ូដ​ ​ប្រោន​ (Sherrod Brown) ​ខណៈ​ដែល​លោកស្រី​ ​អេមី​ ​អាត់តុន​ (Amy Acton) ​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ ​កំពុង​ប្រកួតប្រជែង​​ជាមួយ​លោក​ ​វីវេក​ ​រ៉ាម៉ាស្វាមី​ (Vivek Ramaswamy) ​មកពី​គណបក្ស​សាធារណរដ្ឋ​ ​សម្រាប់​តំណែង​អភិបាលរដ្ឋ​​។​

​លោក​ ​ផល​ ​រីងហ្គោល​ (Paul Ringold) ​អាយុ​ ​៤​៨​ឆ្នាំ​ ​ជា​អ្នកដឹកជញ្ជូន​ដែកថែប​ ​និង​ជា​គ្រូគង្វាល​នៅ​ក្រុង​ ​វ៉ារិន​ (Warren) ​បាន​បង្ហាញ​ពី​ភាព​មិន​ប្រាកដប្រជា​ ​ក្នុង​ចំណោម​អ្នកបោះឆ្នោត​ថ្នាក់​កណ្តាល​​។​ ​លោក​បាន​បោះឆ្នោត​ឱ្យ​លោក​ ​ត្រាំ​ ​នៅ​ឆ្នាំ​២​០​១​៦​ ​លោក​ ​បៃដិន​ ​នៅ​ឆ្នាំ​២​០​២​០​ ​និង​លោក​ ​ត្រាំ​ ​ម្តងទៀត​នៅ​ឆ្នាំ​២​០​២​៤​ ​ប៉ុន្តែ​នៅតែ​មិនទាន់​សម្រេច​ចិត្ត​សម្រាប់​ឆ្នាំ​នេះ​ទេ​ ​ដោយ​លោក​បញ្ជាក់​ថា​ ​ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ​ ​អាហារ​ ​និង​រចនាបថ​និយាយ​ស្តី​របស់​លោក​ ​ត្រាំ​ ​បាន​ធ្វើឱ្យ​លោក​ចោទសួរ​អំពី​ជម្រើស​របស់​លោក​​។​

​នៅ​ក្នុង​ការបោះឆ្នោត​មុន​កាលកំណត់​ដែល​បាន​ចាប់ផ្តើម​នៅ​រដ្ឋ​អូហៃយ៉ូ​ ​គណបក្ស​ប្រជាធិបតេយ្យ​ហាក់ដូចជា​មាន​​សន្ទុះ​ខ្លាំង​ជាង​គណបក្ស​សាធារណរដ្ឋ​​។​

​លោក​ ​ហូសេ​ ​អារ៉ូយ៉ូ​ (Jose Arroyo) ​មន្ត្រី​សហជីព​ United Steelworkers ​និង​លោក​ ​ទឹម​ ​ប៊ើហ្គា​ (Tim Burga) ​ប្រធាន​សហព័ន្ធ​​ពលកម្ម​ Ohio AFL-CIO ​បាន​លើកឡើង​ថា​ ​ការ​ផ្តោត​លើ​បញ្ហា​សង្គម​ក្តៅ​គគុក​ ​ការ​ «រុះរើ» ​ស្ថាប័ន​ NLRB ​និង​​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​កាណាដា​ ​បាន​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រៀបចំ​សហជីព​ ​និង​រំលង​គោលនយោ​បាយ​​ដែល​​កែ​លម្អ​​ជីវភាព​​របស់​ប្រជាជន​ធ្វើការ​​។​

​ទោះជាយ៉ាងណា​ ​អ្នកបោះឆ្នោត​មួយចំនួន​ទៀត​បាន​និយាយ​ថា​ ​តម្លៃ​ទំនិញ​ខ្ពស់​មិន​គ្រប់គ្រាន់​ក្នុង​ការ​ផ្លាស់ប្តូរ​សន្លឹក​​​ឆ្នោត​​​របស់​​ពួក​គេ​​នោះ​​ទេ​​។​ ​លោក​ ​ឆាក់​ ​បើន​ (Chuck Burns) ​អាយុ​ ​៦​៧​ឆ្នាំ​ ​ជា​អតីត​កម្មករ​ចូលនិវត្តន៍​ ​បាន​កោត​សរសើរ​លោក​ ​ត្រាំ​ ​ក្នុង​ការ​កាត់បន្ថយ​អន្តោប្រវេសន៍​ខុសច្បាប់​ ​និង​បាន​បញ្ជាក់​ថា​ ​បញ្ហា​ដែល​ធ្វើឱ្យ​លោក​ព្រួយបារម្ភ​​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ​គឺ​រឿង​សិទ្ធិមនុស្ស​ប្តូរ​ភេទ​ (Transgender) ​៖​ ​«​ពួកគេ​មិន​បាច់​បញ្ចូល​ក្មេង​ៗ​របស់​​​យើង​ទៅ​ក្នុង​រឿង​ទាំងនោះ​ទេ​»​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ