ជនជាតិដើមភាគតិចរស់នៅឃុំរយ៉ និងឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី កំពុងជួបប្រទះវិបត្តិជីវភាព ក្រោយពីអាជ្ញាធរបន្តចាត់វិធានការបិទខ្ទប់ហាមមិនឱ្យពួកគាត់ស្វែងរករ៉ែមាសតាមប្រពៃណី។
វិធានការរឹតត្បិតនេះធ្វើឡើង ក្រោយពីអ្នកភូមិជិត ១០០នាក់ នាំគ្នាដុតស្នាក់ការបរិស្ថាន ដោយសារខឹងសម្បារនឹងមន្ត្រីបរិស្ថានសម្លុតគំរាមកំហែងលើស្ត្រីម្នាក់បណ្តាលឱ្យស្លាប់។
ទីប្រឹក្សាបណ្តាញសហគមន៍ជនជាតិដើមភាគតិចព្នងខេត្តមណ្ឌលគិរី លោក យុន ឡូរ៉ង់ សង្កេតឃើញថា ពលរដ្ឋភាគច្រើនជំពាក់បំណុល និងខ្វះមធ្យោបាយទ្រទ្រង់គ្រួសារ ទើបនាំគ្នាស្វែងរករ៉ែមាសតាមរបៀបប្រពៃណីក្នុងសហគមន៍ ដើម្បីផ្សែផ្សំប្រាក់ចំណូលបន្ថែមទៀត។ លោកបន្ថែមថា ប្រសិនបើអាជ្ញាធរបិទខ្ទប់ហាមអ្នកភូមិមិនឱ្យរករ៉ែមាស នឹងធ្វើឱ្យពួកគាត់មានសម្ពាធសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ។
លោក យុន ឡូរ៉ង់ និយាយថា៖ «ពិបាកក្នុងការដោះស្រាយបំណុល ពីព្រោះបំណុលដែលគាត់ជាប់ គឺបំណុលប្រចាំថ្ងៃ អាខ្ចីប្រចាំថ្ងៃ។ វាអាចនឹងឈានដល់គាត់មានការចំណាកស្រុកទៅធ្វើកិច្ចការងារនៅខាងក្រៅ វាអាចមានហានិភ័យ។ អាជ្ញាធរ គាត់គួរតែមានការអើយយោគយល់នៅក្នុងការប្រតិបត្តិក្នុងការរុករករ៉ែតាមបែបប្រពៃណីហ្នឹង អញ្ចឹងណា»។
កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ តំណាងអយ្យការខេត្តរតនគិរី លោក ជួន សុបញ្ញា បានចេញដីកាកោះហៅសមាជិកសហគមន៍ជនជាតិដើមភាគតិច ៨នាក់ ឱ្យបំភ្លឺនៅថ្ងៃទី២០ ខែតុលា ខាងមុខនេះ ដោយចោទពីបទ ដុតបំផ្លាញទីស្នាក់ការរងស្រែជ្រៃ ដែលជាទ្រព្យសម្បត្តិរបស់រដ្ឋ។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងអយ្យការខេត្តរតនគិរី លោក ជួន សុបញ្ញា បាននៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
បណ្តាញសហគមន៍ជនជាតិដើមភាគតិច បានបង្ហោះសារនៅថ្ងៃទី១៥ ខែតុលាថា ការប្តឹងផ្តល់នេះជាបន្ទុកបន្ថែមទៀត ដោយដាក់សម្ពាធឱ្យពលរដ្ឋកាន់តែលំបាក មិនត្រឹមផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ និងប្រឈមការសម្ពាធផ្លូវច្បាប់បន្ថែមទៀត។ សហគមន៍ថា ពួកគេមិនគាំទ្រអំពើហិង្សា ឬការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋនោះទេ ហើយក៏មិនចង់ឱ្យមានការបាត់បង់ជីវិតរបស់ពលរដ្ឋនោះដែរ។ ក៏ប៉ុន្តែពួកគាត់អំពាវនាវឱ្យអាជ្ញាធរពិចារណាឱ្យទូលំទូលាយលើមូលហេតុ និងស្ថានភាពដែលនាំឱ្យហេតុការណ៍នេះកើតឡើង។
កាលពីរសៀលថ្ងៃអាទិត្យ ទី០៦ ខែកញ្ញា ឆ្នាំ២០២៦ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ៣រូប និងអ្នកល្បាតស្ម័គ្រចិត្ត ១រូប បានចុះល្បាតនៅចំណុច «ព្រៃមាស» ស្ថិតក្នុងភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ បានប្រទះឃើញពលរដ្ឋជិត ១០០នាក់ សម្រុកចូលជីករ៉ែមាសនៅចំណុចព្រៃមាស ក្នុងដែនជម្រកសត្វព្រៃលំផាត់។ ក្នុងពេលចុះបង្ក្រាប មន្ត្រីឧទ្យានុរក្សប្រដាប់អាវុធបានដេញចាប់ និងដកហូតសម្ភាររករ៉ែមាសរបស់អ្នកភូមិ ដែលភាគច្រើនជាជនជាតិដើមភាគតិចក្រោល រស់នៅឃុំណងឃីលិក និងឃុំរយ៉ ស្រុកកោះញែក។
គ្រួសារជនរងគ្រោះ អះអាងថា ក្នុងពេលចុះបង្ក្រាប មន្ត្រីឧទ្យានុរក្សបានស្រែកសម្លុតគំរាមកំហែងលើអ្នកជីករ៉ែមាស ក្នុងនោះក៏មានស្ត្រីរងគ្រោះដែរ ធ្វើឱ្យគាត់មានស្មារតីភ័យខ្លាំង បូកផ្សំនឹងការរត់គេចខ្លួនទាំងកណ្តាលថ្ងៃហែវហត់អស់កម្លាំង បណ្តាលឱ្យគាំងបេះដូងស្លាប់។
ក្រោយពីស្ត្រីរូបនេះស្លាប់ អ្នកភូមិជិត ១០០នាក់ បានដុតកម្ទេចទីស្នាក់ការបរិស្ថាន ដើម្បីបង្ហាញពីការតស៊ូមតិ និងមិនពេញចិត្តចំពោះការអនុវត្តច្បាប់របស់មន្ត្រីបរិស្ថានដែលប្រើប្រាស់កាំភ្លើងសម្លុតគំរាមកំហែងស្មារតីពលរដ្ឋ។
ជុំវិញរឿងនេះ ប្រធានបណ្តាញសហគមន៍ជនជាតិដើមភាគតិចខេត្តមណ្ឌលគិរី អ្នកស្រី ភ្លឹក ភីរម្យ និយាយថា សហគមន៍មានទម្លាប់រែងរ៉ែមាសលក្ខណៈគ្រួសារទ្រង់ទ្រាយតូចៗ គ្មានគ្រឿងចក្រ និងសារធាតុគីមី ដោយសារពួកគាត់មានជីវភាពខ្វះខាត៖
អ្នកស្រី ភ្លឹក ភីរម្យ និយាយថា៖ «សូមណូមពរអាជ្ញាធរ គួរតែបើកប្រជាជនទៅ ដោយសារតែគាត់ធ្វើវាអត់បាត់ទៅណាទេ គេអត់ប៉ះពាល់ខ្លាំងទេ។ គាត់ធ្វើរបៀបធម្មជាតិ»។
អនុប្រធានផ្នែកសិទ្ធិមនុស្ស ដីធ្លី និងធនធានធម្មជាតិ នៃសមាគមអាដហុក លោក យិន ម៉េងលី ស្នើឱ្យតុលាការស្រាវជ្រាវ និងស៊ើបអង្កេតឱ្យបានគ្រប់ជ្រុងជ្រោយជុំវិញរឿងនេះ ចៀសវាងមានចំណាត់ការតែមួយចំហៀង។
លោក យិន ម៉េងលី ថ្លែងថា៖ «កុំឱ្យតែធ្វើការអង្កេតតែមួយចំហៀង តែពាក់ព័ន្ធនឹងបញ្ហាដុតបំផ្លាញនៅទីស្នាក់ការ នេះដែលយើងចង់ឱ្យមានការស្រាវជ្រាវឱ្យបានគ្រប់ជ្រុងជ្រោយ គ្រប់ទិដ្ឋភាពទាំងអស់នៃរឿងទាំងមូល ដោយមន្ត្រីជំនាញឱ្យមានការអង្កេតឱ្យបានច្បាស់លាស់»។
មន្ត្រីសង្គមស៊ីវិលរូបនេះ បន្ថែមថា សកម្មភាពរបស់ពលរដ្ឋរែងរ៉ែមាសលក្ខណៈគ្រួសាររបស់សហគមន៍ ទោះជាមិនស្របច្បាប់ក្តី ក៏ប៉ុន្តែនៅពេលមន្ត្រីចុះទៅសម្លុតគំរាមកំហែងពួកគាត់ ក៏ជាទង្វើមិនត្រឹមត្រូវតាមច្បាប់ដែរ។
សហគមន៍ខេត្តមណ្ឌលគិរី ឱ្យដឹងថា ក្រុមហ៊ុនអន្តរជាតិខ្នាតធំទទួលបានសិទ្ធិសម្បទានដី និងអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសជាច្រើនហិកតា រកប្រាក់ចំណូលរាប់លានដុល្លារ ផ្ទុយទៅវិញ ពលរដ្ឋក្រីក្រ និងស្ត្រីជនជាតិដើមភាគតិច ប្រើប្រាស់ចបកាប់ និងកញ្ជើរែងមាស ដើម្បីរកប្រាក់ដូរបាយនៅតាមដងអូរកណ្តាលព្រៃភ្នំ តែបែរជាត្រូវប្រឈមនឹងកាណុងកាំភ្លើង និងវិធានការច្បាប់ដ៏តឹងរ៉ឹង។
ពួកគេឆ្ងល់ថា តើច្បាប់បង្កើតឡើងដើម្បីការពារធនធានធម្មជាតិ ឬដើម្បីបើកផ្លូវឱ្យក្រុមហ៊ុនបរទេសមកធ្វើអាជីវកម្មរ៉ែមាសក្រោមរូបភាពស្របច្បាប់ ក៏ប៉ុន្តែបែរជាបិទផ្លូវរស់រានមានជីវិតរបស់រាស្ត្រក្រីក្រ ដែលរកប្រាក់ដើម្បីក្រពះ?៕









