ការបង្ក្រាបឧក្រិដ្ឋកម្មឆបោកអនឡាញរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត នៅតែរងការសង្ស័យថា មិនហ៊ានប៉ះពាល់អ្នកមានអំណាច ទោះបីជាពួកគេជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងបទល្មើស ដែលត្រូវបានកាសែតអន្តរជាតិលាតត្រដាងដោយចំហក្តី។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលបារម្ភថា ការដែលរដ្ឋាភិបាលមិនហ៊ានអនុវត្តច្បាប់ដោយមិនរើសមុខ នឹងធ្វើឱ្យកេរ្តិ៍ឈ្មោះកម្ពុជាកាន់តែធ្លាក់ចុះ ហើយក្លាយជាឋានសួគ៌លោកីយ៍របស់មន្ត្រីទុច្ចរិត និងបាត់ទំនុកចិត្តពីសហគមន៍អន្តរជាតិបន្ថែមទៀត។
អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា ប្រាប់វីអូឌីនៅថ្ងៃទី១៥ តុលាថា ទោះបីជារដ្ឋាភិបាលមានចេតនាបង្ក្រាបការឆបោកអនឡាញក៏ដោយ ក៏ការអនុវត្តអាចជួបការលំបាក ប្រសិនបើនៅតែមានវប្បធម៌ «អញជួយឯង ឯងជួយអញ» ដែលអាចធ្វើឱ្យមន្ត្រី ឬអ្នកមានអំណាច និងឥទ្ធិពលនៅពីក្រោយបទល្មើសរួចផុតពីការស៊ើបអង្កេត និងការទទួលខុសត្រូវតាមច្បាប់។ បញ្ហានេះមិនមែនពាក់ព័ន្ធតែការឆបោកអនឡាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីបញ្ហាជាប្រព័ន្ធ ដូចជាអំពើពុករលួយ បក្ខពួកនិយម និងភាពទន់ខ្សោយនៃការអនុវត្តច្បាប់ និងនីតិរដ្ឋ។
លោកសង្កត់ធ្ងន់ថា ច្បាប់ត្រូវតែការពារផលប្រយោជន៍របស់ពលរដ្ឋទូទៅ និងប្រទេសជាតិទាំងមូល មិនមែនអនុគ្រោះដល់ក្រុមបក្ខពួក ឬអ្នកមានទ្រព្យសម្បត្តិ និងអំណាចនោះទេ។ ប្រសិនបើអ្នកមានឥទ្ធិពលអាចគេចផុតពីការទទួលខុសត្រូវ ខណៈអ្នកប្រព្រឹត្តបទល្មើសតូចតាចត្រូវបានចាត់ការនោះ ការបង្ក្រាបការឆបោកអនឡាញនឹងពិបាកទទួលបានប្រសិទ្ធភាព ហើយអាចប៉ះពាល់ដល់ផលប្រយោជន៍ជាតិ និងកេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ។
លោកបន្តថា ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព រដ្ឋាភិបាលត្រូវបង្ហាញឆន្ទៈនយោបាយ និងយុទ្ធសាស្ត្រច្បាស់លាស់ ព្រមទាំងពង្រឹងការអនុវត្តច្បាប់ដោយតម្លាភាព និងមិនរើសមុខ ដើម្បីធានាថា អ្នកពាក់ព័ន្ធនឹងបទល្មើសទាំងឡាយ រួមទាំងមន្ត្រីមានអំណាច ប្រសិនបើមានភស្តុតាងបញ្ជាក់ពីការជាប់ពាក់ព័ន្ធ ត្រូវបានស៊ើបអង្កេត និងនាំមកទទួលខុសត្រូវតាមច្បាប់។
លោក ប៉ោ មករា ថ្លែងថា៖ «ចំពោះខ្ញុំៗមើលឃើញថា បើទោះបីជាមានបំណងក្តី មិនមានបំណងក្តី អញ្ចឹងក្នុងករណីនេះ វាពាក់ព័ន្ធទៅហាក់ដូចជាទម្រង់ច្រេះស៊ីដែក វប្បធម៌មួយដែលនៅបន្ត គឺវប្បធម៌ឯងជួយអញ អញជួយឯង។ អញ្ចឹង វាពិបាកក្នុងការស្រាវ វារពិបាកក្នុងការបង្ក្រាបពាក់ព័ន្ធទៅនឹងបញ្ហាស្កេមហ្នឹង បើសិនជាមានការពាក់ព័ន្ធទៅជាមួយនឹងមន្ត្រី ឬក៏អ្នកដែលមានអំណាច មានឥទ្ធិពលនៅពីក្រោយបញ្ហាស្កេមហ្នឹងណា»។
ការលើកឡើងរបស់មន្ត្រីបក្សប្រឆាំងដូច្នេះ បន្ទាប់ពីមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ចេញមុខការពារមន្ត្រីគ្រាក់ៗរបស់ខ្លួន ដែលមានទំនាក់ទំនងជាមួយម្ចាស់គម្រោងនៅឡុងបេ (Long Bay) នៃខេត្តកោះកុង គឺលោក តេង ភីពីង (Deng Piping)។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ សរសេរប្រាប់វីអូឌីតាមតេឡេក្រាមនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ថា ក្រសួងមហាផ្ទៃ មិនបានការពារបុគ្គលដែលប្រព្រឹត្តបទល្មើសនោះទេ ដោយលោកថា ប្រហែលស្តាប់ខ្លឹមសារយល់ច្រឡំ ជុំវិញការថ្លែងរបស់លោកកាលពីថ្ងៃទី១៣ ខែតុលា។
លោក ទូច សុខៈ ចាត់ទុកការចែកភាគលាភពីប្រាក់ដែលបានមកពីបទល្មើស និងការប្រើប្រាស់និមិត្តសញ្ញានគរបាលដោយគ្មានការអនុញ្ញាតថា ជាអំពើខុសច្បាប់របស់បុគ្គលដែលត្រូវស៊ើបអង្កេតតាមនីតិវិធី។ លោកអះអាងដដែលថា វីដេអូស៊ើបអង្កេតដែលបានផ្សព្វផ្សាយ គឺជាការបូកសរុបលទ្ធផលសកម្មភាពកន្លងមក ហើយសមត្ថកិច្ចកំពុងសហការជាមួយប្រទេស និងអង្គការអន្តរជាតិ ដើម្បីតាមចាប់មេក្លោងដែលរត់គេចខ្លួន។ ចំពោះមន្ត្រីនគរបាលដែលរងការចោទប្រកាន់ ក្រសួងថា អង្គភាពជំនាញនឹងពិនិត្យ និងស៊ើបអង្កេតដោយផ្អែកលើអង្គហេតុ ច្បាប់ និងភស្តុតាង មិនមែនសន្និដ្ឋានពីរូបថតដែលបង្ហាញពីការជួបជាមួយថ្នាក់ដឹកនាំក្នុងកិច្ចការវិនិយោគស្របច្បាប់កាលពីមុននោះទេ។
មន្ត្រីក្រសួងមហាផ្ទៃរូបនេះ បន្ថែមថា សមត្ថកិច្ចកំពុងបន្តអនុវត្តច្បាប់ ហើយមន្ត្រីជិត ៨០នាក់ត្រូវបានចាត់វិធានការពាក់ព័ន្ធនឹងការឆបោកអនឡាញកន្លងមក ដោយមានសំណុំរឿងជាច្រើនត្រូវបានបញ្ជូនទៅតុលាការ។
ទាក់ទងនឹងករណីនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការបង្ក្រាបបទល្មើសធំៗនៅកម្ពុជានៅតែជាបញ្ហាប្រឈម ជាពិសេសនៅពេលអ្នកជាប់ពាក់ព័ន្ធមានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់។ បញ្ហានេះមានភាពរសើបផ្នែកនយោបាយ ហើយអាចប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល និងថ្នាក់ដឹកនាំ ប្រសិនបើមិនមានការស៊ើបអង្កេត និងដោះស្រាយប្រកបដោយតម្លាភាព។
លោកជំរុញឱ្យរដ្ឋាភិបាលត្រូវមានវិធានការច្បាស់លាស់ និងអនុវត្តច្បាប់ដោយមិនរើសមុខលើអ្នកពាក់ព័ន្ធនឹងការឆបោកអនឡាញ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ។ ដូច្នេះ បើបញ្ហាទាំងនេះនៅតែអូសបន្លាយ កម្ពុជាអាចប្រឈមនឹងសម្ពាធ និងការខូចខាតទំនាក់ទំនងជាមួយមេដឹកនាំអន្តរជាតិកាន់តែខ្លាំង ហើយការសម្រេចចិត្ត និងសកម្មភាពជាក់ស្តែងរបស់រដ្ឋាភិបាល នឹងក្លាយជាកត្តាសំខាន់ក្នុងការដោះស្រាយវិបត្តិនេះនាពេលខាងមុខ។
លោក សេក សុជាតិ ថ្លែងថា៖ «សម្រាប់ខ្ញុំមើលឃើញថាកម្ពុជាគឺពិបាកក្នុងការទទួលយក និងដោះស្រាយបញ្ហាដែលកំពុងតែជាប់គាំង ទាក់ទងជាមួយនឹងការចាប់ខ្លួន ដើម្បីស៊ើបអង្កេតទៅលើយើងបទល្មើសផ្សេងៗ ហើយរូបភាពទាំងនេះ វាគឺជាជារឿងមួយដែលមានភាពរសើបខ្លាំងសម្រាប់គ្រប់ភាគីពាក់ព័ន្ធដែលហ៊ានលើក និងកោះកកាយយកបញ្ហាដែលទាក់ទងនឹងបុគ្គលល្បីៗដែល មានទំនាក់ទំនងជិតស្និទ្ធជាមួយថ្នាក់ដឹកនាំហ្នឹង»។
កាលពីថ្ងៃទី១៣ ខែតុលា លោក ទូច សុខៈ អះអាងថា គ្មានមន្ត្រីប៉ូលិសជាន់ខ្ពស់រូបណាពាក់ព័ន្ធនឹងមេឧក្រិដ្ឋជនចិនដើមកំណើតខ្មែរមានងារជាឧកញ៉ា លោក តេង ភីពីង នោះទេ។ លោកថា ការនិយាយរបស់លោក តេង ភីពីង ក្នុងវីដេអូស៊ើបអង្កេតរបស់សារព័ត៌មានអន្តរជាតិ អាល់ចាល់ ហ្សឺរ៉ា (Al Jazeera) អាចគ្រាន់តែដើម្បីបង្អួតអំណាចឱ្យដៃគូជឿជាក់ថា ខ្លួនមានខ្នងបង្អែករឹងមាំប៉ុណ្ណោះ។ ចំណែករូបភាពរថយន្តពាក់ស្លាកសញ្ញានគរបាល ឬមានរថយន្តប៉ូលិសអមដំណើរ ត្រូវលោកអះអាងថា ដើម្បីក្លែងបន្លំដោយគ្មានការអនុញ្ញាត ហើយប្រើក្នុងផលប្រយោជន៍ឯកជនខុសច្បាប់តែប៉ុណ្ណោះ។
វីដេអូស៊ើបអង្កេតរយៈពេលជាង ២៤នាទី របស់ អាល់ចាល់ហ្សឺរ៉ា ចេញផ្សាយកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ អះអាងថា លោក តេង ភីពីង ដែលសង្ស័យថាជាមេខ្លោងឆបោកអនឡាញនៅខេត្តកោះកុង បាននិយាយដោយទំនុកចិត្តថា លោកបានបង់ប្រាក់ខែឱ្យមន្ត្រីប៉ូលិស ប្រើរថយន្តមានស្លាកសញ្ញារបស់នគរបាលជាតិ និងសង់ប៉ុស្តិ៍យាមកាមនៅខាងមុខអគារ ដើម្បីងាយស្រួលផ្តល់ព័ត៌មានអំពីការចុះបង្ក្រាបរបស់សមត្ថកិច្ចជាដើម។
វីដេអូដែលអ្នកកាសែតអាល់ចាល់ ហ្សឺរ៉ា បន្លំជាមេឧក្រិដ្ឋជនពីហ្វីលីពីនដើម្បីចូលលួចថត បានបង្ហាញថា ទីតាំងនោះមានកន្លែងកម្សាន្តប្រណិតក្នុងតម្លៃខ្ពស់ រួមមានបម្រើសេវាផ្លូវភេទ និងប្រើប្រាស់គ្រឿងញៀន។ លើសពីនេះ លោក តេង ភីពីង អះអាងថា ពេលរកបាន ១០ដុល្លារ លោកទុកតែ ២ដុល្លារ ខណៈ ៨ដុល្លារគឺជូនមេរបស់ខ្លួនដើម្បីរក្សាស្ថិរភាព។ ប៉ុន្តែលោកមិនបង្ហាញថា មេនោះជាអ្នកណាទេ។
យ៉ាងណា ក្នុងវីដេអូស៊ើបអង្កេតនេះបានបង្ហាញរូបលោក តេង ភីពីង និងមន្ត្រីអង្គរក្សជំនិតអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកអង្គរក្ស លោក យឹម លាង គឺអ្នកស្រី ជាតិ មុនី នៅពេលដែលពួកគេជជែកពីការចង់រកស៊ីឆបោកអនឡាញនៅកម្ពុជា។
លោក តេង ភីពីង បានមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ២០០៣ ដោយប្រកបអាជីវកម្មពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មានតាមអ៊ីនធឺណិត។ ក្រោយមកលោកត្រូវបានរដ្ឋាភិបាលផ្តល់សញ្ជាតិខ្មែរ ដូចមេឧក្រិដ្ឋជនលោក ចេន ហ្ស៊ី (Chen Zhi) និងមានងារជាឧកញ៉ា ខណៈលោកបន្តពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួននៅខេត្តកោះកុង ស្ថិតនៅក្នុងគម្រោងមេ «តារាសាគរ» ក្រោមរូបភាពកិច្ចសហប្រតិបត្តិការខ្សែក្រវាត់និងផ្លូវរបស់ចិន ដោយមានការសាងសង់ព្រលានយន្តហោះអន្តរជាតិតារាសាគរ ផ្លូវកៅស៊ូខ្វាត់ខ្វែង កំពង់ផែសមុទ្រទឹកជ្រៅ និងតំបន់កាស៊ីណូ-វាយកូនហ្គោលលំដាប់អន្តរជាតិ។
ទីតាំងនេះត្រូវបានរដ្ឋាភិបាលបង្ក្រាបកាលពីខែកុម្ភៈ ឆ្នាំ២០២៦ បន្ទាប់ពីឧក្រិដ្ឋជនបានប្រែក្លាយជាមជ្ឈមណ្ឌលឆបោកអនឡាញកម្រិតអន្តរជាតិ ក្នុងទីតាំងដ៏ធំសម្បើមនៅជាប់មាត់សមុទ្រនៃក្រុមហ៊ុន ឡុងបេ ដែលមានទុនវិនិយោគប្រមាណ ៣,៨០០ លានដុល្លារអាមេរិក លើដីសម្បទានសេដ្ឋកិច្ចទំហំ ៤៥.០០០ហិកតា ក្នុងឆ្នាំ២០០៨ ពីរដ្ឋាភិបាលលោក ហ៊ុន សែន៕









