ក្រុម​ហ៊ូទី​​បាន​​វាយ​ប្រហារ​​លើ​​ព្រះ​បរម​រាជ​វាំង​​ប្រធានា​ធិបតី​​យេម៉ែន សម្លាប់​​មនុស្ស​​ចំនួន ៥នាក់

មន្ត្រី​​បាន​​ឱ្យ​​ដឹង​​ថា មនុស្ស​​ចំនួន ៥នាក់​ ​បាន​ស្លាប់ និង ១៦នាក់​ បាន​រងរបួស នៅក្នុង​ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​​ក្រុម​ហ៊ូទី (Houthi) សំដៅ​លើ​ព្រះបរមរាជវាំង​ប្រធានាធិបតី ក្នុង​ទីក្រុង​កំពង់ផែ Aden ដែល​ជា​ទីតាំង​រដ្ឋាភិ​បាល​​ទទួល​បាន​​ការ​​ទទួល​ស្គាល់​​ជា​​អន្តរ​ជាតិ។

រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក Moammar al-Eryani បាន​ប្រាប់ BBC ថា នាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ផ្សេងទៀត​មិន​មាន​​គ្រោះថ្នាក់​នោះ​ទេ នៅ​ពេល​ដែល​មីស៊ីល​បាលីស្ទិក​ចំនួន ៥គ្រាប់​បាន​បាញ់​ចំ​រាជវាំង al-Maashiq។ អ្នកនាំពាក្យ​យោធា​​របស់​​ក្រុម​​ហ៊ូទី លោក Yahya Sarea បាន​និយាយ​ថា ពួកគេ​បាន​វាយប្រហារ​លើ «ទីបញ្ជាការ​ប្រតិបត្តិការ​យោធា​​របស់​​សត្រូវ​​អារ៉ាប៊ី​សាអូឌីត ក្នុង​​ទីក្រុង Aden»។

សម្ព័ន្ធមិត្ត​ដែល​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត បាន​គាំទ្រ​រដ្ឋបាល និង​ផ្តល់​ការ​គាំទ្រ​តាម​អាកាស​សម្រាប់​ប្រតិបត្តិការ​វាយបក​ប្រឆាំង​នឹង​ក្រុម​ហ៊ូទី។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​យេម៉ែន បាន​និយាយ​ថា ជនរងគ្រោះ​រួមមាន «អ្នកធ្វើការ​​ការ​ពារ​​ទីតាំង និង​បុគ្គលិក​ស៊ីវិល»។

នាយករដ្ឋមន្ត្រី លោក Shaya Zindani បាន​ថ្កោលទោស​ការ​វាយប្រហារ​នេះ ដោយ​ហៅ​វា​ថា​ជា​អំពើ «ថោកទាប» និង​បាន​​ប្តេជ្ញា​ថា វានឹង​មិន​ធ្វើឱ្យ​ឆន្ទៈ​របស់​កងកម្លាំង​ខ្លួន​ចុះខ្សោយ ក្នុង​ការ​បន្ត​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​ហ៊ូទី​ឡើយ។

កាលពី​មុន ក្រុម​ហ៊ូទី​បាន​បដិសេធ​ថា ពួកគេ​មិន​បាន​វាយប្រហារ​លើ​អារ៉ាប៊ីសាអូឌីត​នោះ​ទេ បន្ទាប់ពី​សម្ព័ន្ធមិត្ត​បាន​​​និយាយ​​ថា កងកម្លាំង​របស់​ខ្លួន​បាន​ស្ទាក់ចាប់​មីស៊ីល​គ្រូស​មួយ​ដើម នៅក្នុង​តំបន់ Medina។

ក្រុម​ហ៊ូទី ​បាន​​និង​កំពុង​បាញ់​មីស៊ីល និង​ដ្រូន​សំដៅ​លើ​អាកាសយានដ្ឋាន និង​គ្រឹះស្ថាន​ប្រេង​នៅ​អារ៉ាប៊ីសាអូឌីត ដើម្បី​​សង​សឹក​​ចំពោះ​​ការ​​វាយ​ប្រហារ​​លើ​ដែនដី​ដែល​ពួកគេ​គ្រប់គ្រង រួមទាំង​រាជធានី សាណា (Sanaa) ផងដែរ។ កាល​ពី​​ថ្ងៃ​​សៅរ៍ ការ​វាយប្រហារ​ដោយ​មីស៊ីល​របស់​ក្រុម​ហ៊ូទី បាន​សម្លាប់​មនុស្ស ១៣នាក់ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​នៃ​​ក្រុង រីយ៉ាត (Riyadh)។

អនុរដ្ឋមន្ត្រី​ការបរទេស​អារ៉ាប៊ីសាអូឌីត លោក Rayed Krimly បាន​ចោទប្រកាន់​អ៊ីរ៉ង់​ថា បាន​លើកទឹកចិត្ត និង​គាំទ្រ​​​ក្រុម​​ហ៊ូទី​​ឱ្យ​បង្កើន​ជម្លោះ ដែល​ជា​ការ​រំលោភ​លើ​សេចក្តី​សម្រេចចិត្ត​របស់​អង្គការសហប្រជាជាតិ។ ទោះជាយ៉ាង​ណា រដ្ឋាភិ​បាល​​អ៊ីរ៉ង់​ធ្លាប់​បាន​បដិសេធ​ថា មិន​បាន​ផ្គត់ផ្គង់​អាវុធ​ដល់​ក្រុម​ហ៊ូទី​នោះ​ទេ ហើយ​បាន​និយាយ​ថា ខ្លួន​ត្រឹម​តែ​គាំទ្រ​​ផ្នែក​នយោបាយ និង​ត្រៀមខ្លួន​ជួយ​សម្រួល​ដល់​ការ​ចរចា។

ប្រទេស​យេម៉ែន​បាន​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាមស៊ីវិល ចាប់តាំងពី​ឆ្នាំ២០១៤ នៅ​ពេល​ដែល​ក្រុម​ហ៊ូទី​បាន​ទម្លាក់​​រដ្ឋាភិបាល​ចេញពី​ក្រុង​សាណា ហើយ​សម្ព័ន្ធមិត្ត​ដឹកនាំ​ដោយ​អារ៉ាប៊ីសាអូឌីត បាន​ចូលរួម​ជ្រៀតជ្រែក​ក្នុង​ឆ្នាំ​២០១៥។

កិច្ច​ព្រមព្រៀង​ឈប់​បាញ់​មិន​ផ្លូវការ បាន​ចាប់ផ្តើម​រលាយ​បាត់បង់​កាលពី​ខែ​កក្កដា នៅ​ពេល​ដែល​ក្រុម​ហ៊ូទី​បាន​ប្រកាស «ការ​បិទ​ផ្លូវសមុទ្រ» និង​បើក​ការ​វាយប្រហារ​លើ​នាវា​ដឹក​ប្រេង​នៅ​សមុទ្រ​ក្រហម ដើម្បី​សងសឹក​ចំពោះ​ការ​បិទ​ខ្ទប់​​ដែនដី​របស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ