លោក ហ៊ុន ម៉ាណែត បង្ហាញ​​ឆន្ទៈ​​ការ​ពារ​​ទឹក​ដី ខណៈ​​រង​​ការ​​រិះ​គន់​​ថា​​​បណ្តោយ​​ឱ្យ​​​ថៃ​​ឈ្លាន​ពាន​​តាម​ចិត្ត

លោក ហ៊ុន ម៉ាណែត លើកឡើង​ថា កិច្ចការ​ចរចា​ព្រំដែន​រវាង​​ប្រទេស​​និង​​ប្រទេស គឺ​ជា​​ការ​​ទទួល​ខុស​ត្រូវ​​ដ៏​​ធំធេង​​របស់​​រាជ​រដ្ឋាភិ​បាល ចំពោះ​​ជាតិ និង​​ប្រជា​ជន ដែល​​តម្រូវ​​ឱ្យ​​មាន​​មូល​ដ្ឋាន​​ច្បាស់​លាស់​​ទាំង​​ផ្នែក​​ឯក​សារ ផ្លូវ​ច្បាប់ និង​​បច្ចេក​ទេស ព្រម​ទាំង​​ការ​​ប្រកាន់​ខ្ជាប់​​នូវ​​ភាព​​ម៉ត់​ចត់ និង​​ការ​​អត់​ធ្មត់​​ខ្ពស់ ដើម្បី​​ការ​ពារ​​អធិប​តេយ្យ​ភាព​​ជាតិ។

នេះ​បើ​តាម​សារ​ដែល​លោក​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​របស់​លោក នា​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ២០២៦ នេះ។

លោក ហ៊ុន ម៉ាណែត បាន​និយាយ ហាក់​បង្កប់​ការ​វាយបក​ទៅ​ក្រុម​អ្នក​រិះគន់​ថា កិច្ចការ​ព្រំដែន មិន​អាច​ធ្វើ​ឡើង​​ដោយ​​គ្មាន​មូលដ្ឋាន​ច្បាប់ ឬ​បច្ចេកទេស​ច្បាស់លាស់ ឬ​ដោយ​ផ្អែកលើ​ប្រភព​ដែល​យកជាការមិនបាន ដូចជា​ការ​តាម​ដាន​តាម​ទូរទស្សន៍ បណ្តាញ​សង្គម ការ​ឮ​គេ​ប្រាប់​តៗ​គ្នា ឬ​ការ​ប្រើប្រាស់​វិញ្ញាណ​ពិសេស​​ណាមួយ​នោះ​ឡើយ។ ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា ចំពោះ​រដ្ឋាភិបាល បាន​ជ្រើសរើស​វិធីសាស្ត្រ​ក្នុង​​ការ​ដោះស្រាយ គឺ​ត្រូវ​ធ្វើឡើង​ស្រប​តាម​កាលៈ​ទេសៈ និង​ស្ថានភាព​ជាក់ស្តែង មិនថា​ជា​យន្តការ​ទ្វេភា​គី តាមរយៈ​គណៈកម្មការ​ចម្រុះ​ព្រំដែន (JBC) សម្រាប់ការ​ដោះស្រាយ​ព្រំដែនគោក ឬ​យន្តការ​អន្តរជាតិ តាម​រយៈ​​យន្តការ​ផ្សះផ្សា​ដោយ​បង្ខំ ក្រោម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​នីតិសមុទ្រ (UNCLOS) សម្រាប់ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​ទឹក​នោះ​ទេ។

សម្រាប់​លោក ហ៊ុន ម៉ាណែត ទន្ទឹម​នឹង​ការ​ដាក់ចេញ​នូវ​គោលការណ៍​ម៉ត់ចត់​នេះ គេ​ក៏​បាន​សម្តែង​នូវ​ការ​ជូនពរ និង​​ការ​គាំទ្រ​ដល់​គណៈប្រតិភូ និង​ក្រុម​អ្នកច្បាប់​កម្ពុជា ដែល​ដឹកនាំ​ដោយលោក​​​រដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុង​​នាម​​ជា​ភ្នាក់ងារ​តំណាង​​កម្ពុជា ក្នុង​ការ​ចូលរួម​កិច្ចប្រជុំ​លើក​ទី២ របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុ​សញ្ញា​អង្គការសហប្រជា​ជាតិ​​ស្តីពី​នីតិសមុទ្រ (UNCLOS) រវាង​កម្ពុជា និង​ថៃ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃទី១៨ ខែ​តុលា ឆ្នាំ​២០២៦ នេះ នៅ​វិមាន​សន្តិភាព ជា​ទីស្នាក់ការ​កណ្តាល​តុលាការ​មជ្ឈត្តការ​​អចិន្ត្រៃយ៍ (PCA) និង​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ (ICJ) ទីក្រុង​ឡាអេ ប្រទេស​ហូឡង់។

ជុំវិញ​បញ្ហា​បូរណភាព​ទឹកដី​នេះ ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត រង​ការ​រិះគន់​ចំៗ​ពី​ក្រុម​អ្នក​តាម​ដាន​​ថា ជា​មេដឹកនាំ​អសមត្ថភាព រហូត​ដល់​ចោទប្រកាន់​ចំៗ​ថា ហ៊ាន​កាត់​ទឹកដី​ខ្មែរ​ផ្នែក​ខ្លះ​ឱ្យ​ទៅ​វៀតណាម ដើម្បី​តែ​​អំណាច និង​ថា​ចំណែក​លោក ហ៊ុន ម៉ាណែត វិញ អសមត្ថភាព​ការពារ​ទឹកដី ដែល​ថា​ក្រោយ​មាន​បទ​ឈប់​បាញ់​ជិត ១ឆ្នាំ​មក​នេះ បណ្តោយ​ឱ្យ​ថៃ​រំលោភ​យក​ដី​ខ្មែរ​តាមចិត្ត រហូត​ដល់ ៨៥ទីតាំង ទាំង​មិន​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិ​ធម៌​​អន្តរជាតិ (ICJ) និង​ប្រើ​សិទ្ធិ​ស្វ័យការពារ​នៅ​លើ​ដី​ជាក់ស្តែង​​ជាដើម ដែល​ថា​ធ្វើឱ្យ​សត្រូវ​បានចិត្ត​ពង្រីក​ការ​ឈ្លាន​ពាន​​រហូត​ដល់​បច្ចុប្បន្ន។

ប្រធាន​ស្ថាប័ន​កិច្ចការ​ព្រំដែន នៃ​រដ្ឋាភិបាល ២៣តុលា លោក អ៊ុំ សំអាន ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល​ពី​បញ្ហា​​ទឹក​​ដី បាន​ឱ្យ​វីអូឌី​ដឹង​នៅ​ថ្ងៃទី១៥ ខែ​តុលា នេះ​ថា អ្វី​ដែល​លោក​បាន​លើកឡើង គឺ​ផ្អែក​ទៅលើ​ដី​ជាក់​ស្តែង​​​ដែល​ពលរដ្ឋ​ធ្លាប់​រស់នៅ ដែល​ពួកគេ​ចង្អុលបង្ហាញ​ថា ការ​បោះ​បង្គោល​ព្រំដែន​បាន​ធ្វើឱ្យ​បាត់​បង់​​​ដីស្រែ​​ចម្ការ​ពួកគេ​ដែល​ធ្លាប់​អាស្រ័យ​ផល​ពិតមែន។

លោក អ៊ុំ សំអាន បាន​គូសបញ្ជាក់​ថា ការ​បោះ​បង្គោល​ព្រំដែន​នា​ពេល​កន្លងមក បាន​ធ្វើឱ្យ​បាត់បង់​ដីស្រែ​ចម្ការ​​របស់​​ប្រជាពលរដ្ឋ​ជាក់ស្តែង ដោយសារតែ​ការ​ប្រកែក​ប្រើប្រាស់​ផែនទី​ដែល​គូស​ដោយ​វៀតណាម។ ភាព​ស្រពិចស្រពិល​នេះ នាំឱ្យ​លោក ស្នើ​ទៅកាន់​លោក ហ៊ុន ម៉ាណែត ឱ្យ​ស្នើ​ទៅកាន់​រដ្ឋាភិបាល​បារាំង ឱ្យ​​បញ្ជូន​​អ្នកជំនាញ និង​អ្នកបច្ចេកទេស​ផ្នែក​ផែនទី និង​ព្រំដែន មក​ទម្លាក់​ខ្សែ​ព្រំដែន​លើ​ដី​ជាក់ស្តែង ដោយ​​ផ្អែកលើ​ផែនទី​បារាំង-សៀម ខ្នាត ១លើ២រយពាន់ (១/២០០,០០០) ដែល​ជា​ឧបសម្ព័ន្ធ​នៃ​សន្ធិសញ្ញា​​ឆ្នាំ១៩០៤ និងឆ្នាំ​១៩០៧ ដើម្បី​ឱ្យ​មាន​ភាព​ច្បាស់លាស់ និង​ទុកចិត្ត​បាន។

លោក​បាន​រិះគន់​ថា ការ​ធ្វើការ​មិន​ច្បាស់លាស់ ឬ​ការ​កាត់​ដី​ដូរ​យក​សន្តិភាព មិន​អាច​ឱ្យ​ប្រជាពលរដ្ឋ​ទុក​ចិត្ត​​បាន​​ឡើយ ខណៈ​ប្រជាពលរដ្ឋ​នៅតែ​បន្ត​បាត់បង់​ដីស្រែ។ ជា​ឧទាហរណ៍ លោក​បាន​ចង្អុលបង្ហាញ​ថា នៅ​ចន្លោះ​បង្គោល​លេខ ៥៥ ដល់ ៥៩ ជាពិសេស​បង្គោល​លេខ ៥៥ ដែល​កាលពីមុន​ស្ថិតនៅ​មាត់ស្ទឹង ប៉ុន្តែ​​បច្ចុប្បន្ន​ត្រូវបាន​រំកិល​ចេញ​ពី​​មាត់​ស្ទឹង​​រហូត​ដល់​ទៅ​ជិត​មួយ​គីឡូម៉ែត្រ។

លោក​ថា៖ «ជាការពិតណាស់ គឺប្រជាពលរដ្ឋនៅទីនោះគឺបាត់ដីស្រែចម្ការ ហើយ​នៅពេល​ដែល​បោះ​បង្គោល ដូច​ជា​បង្គោល​លេខ ៥៤ ដល់ ៥៦ អញ្ចឹង ហើយ​នៅ​បង្គោល​លេខ ៥៥ ចន្លោះ​ដែល​គេ​ធ្វើ​របង​បេតុង​ហ្នឹង គឺ​អា​បង្គោល​លេខ ៥៥ កាល​ពី​មុន​នៅ​មាត់​ស្ទឹង ដល់​សព្វ​ថ្ងៃ ចេញ​ពី​មាត់​ស្ទឹង​មក​ជិត​មួយ​គីឡូ​ដី ឃើញ​ទេ? អាហ្នឹង​ថា​អត់​បាត់​ម៉េច បើ​បង្កើន​បង្គោល​ព្រំដែន​ហ្នឹង»។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើ​ល​កម្ពុជា លោក ម៉ែន ណាត បាន​គូសបញ្ជាក់​ថា ការងារ​ព្រំដែន គឺជា​ការពិត ដែល​គេ​​មិន​អាច​ដោះស្រាយ​លើ​ដី​ជាក់ស្តែង តាមរយៈ​ការ​និយាយ​តាម​ទូរទស្សន៍ អនឡាញ ឬ​បណ្តាញ​សង្គម​បាន​នោះ​ទេ គឺ​គេ​ត្រូវ​ធ្វើ​វា​នៅ​លើ​ទីតាំង​ជាក់ស្តែង។ ហើយ​ថា បញ្ហា​ផែនទី សន្ធិសញ្ញា និង​ឯកសារ​របស់​បារាំង ដែល​បន្សល់ទុក​ពី​សម័យ​អាណា​និគម គេ​ត្រូវ​ប្រើប្រាស់​ឯកសារ​ដែល​ទទួលស្គាល់​ជា​អន្តរជាតិ​ទាំងនោះ ដើម្បី​យក​ទៅ​ផ្ទៀងផ្ទាត់ និង​ដោះស្រាយ​​ជាមួយ​ប្រទេស​ជិតខាង។

ប៉ុន្តែ​លោក​ថា បញ្ហា​នៅ​ត្រង់​ថា ស្ថានភាព​បច្ចុប្បន្ន ការ​ផ្ទៀងផ្ទាត់​វា​មិន​កើត ដោយសារតែ​ប្រទេស​ជិតខាង​​បាន​​​​ឈ្លាន​ពាន​​កម្ពុជា ហើយ​​បាន​​ធ្វើ​របង​ព្រំដែន​ជា​ឯកតោភាគី ដែល​ខុស​ពី​ច្បាប់​អន្តរជាតិ។

លោក​ថា៖«រំលាយគណបក្សប្រឆាំងហើយ មិន… រំលាយ​យក​ប្លន់​​យកកៅអីគេមិនអស់ចិត្តទេ ម៉េច​ចង់…​ប្លន់​​ទស្សនៈ​​គេ​ទៅ​ទៀត​អី? ហើយ​សៀម​ដែល​ឈ្លាន​ពាន​យើង​សព្វ​ថ្ងៃ​ហ្នឹង មិន​មែន​ប្រើ​ផែន​ទី​របស់​បារាំង​ទេ ត្រូវ​ជ្រាប​[…]​សៀម​សព្វ​​ថ្ងៃ​ហ្នឹង ​គឺ​ប្រើផែ​ន​ទី​ខ្នាត មួយ​លើ​ហាសិប​ពាន់ (១/៥០.ដែ.០០០) ឈ្លាន​ពាន​កម្ពុជា និង​ធ្វើ​របង​ព្រំដែន​ជា​ឯកតោ​ភាគី​​ខុស​​ច្បាប់។ ហើយ​លោក ហ៊ុន ម៉ាណែត យល់​ទេ​កន្លែង​ហ្នឹង? ហើយ​លោក ហ៊ុន សែន តែង​ថា ផែន​ទី​របស់​ថៃហ្នឹង​​ជា​ផែន​ទី​ចោរ ហើយ​អាការ​ចរចា​ព្រំដែន​គោក​ជាប់​​គាំង​​ជាង ២០ ឆ្នាំ​ហ្នឹង»។

យ៉ាងណា ក្រោយ​ផ្ទុះ​សង្គ្រាម​ជាមួយ​ថៃ​ចំនួន​ពីរ​លើក​ក្នុង​ឆ្នាំ២០២៥ រដ្ឋាភិបាល​កម្ពុជា​ច្រើនតែ​ជ្រើសរើស​ប្រើ​ប្រាស់​​​ផ្លូវការ​​ទូត ការ​ចរចា និង​ការ​ដោះស្រាយ​តាមច្បាប់​អន្តរជាតិ ដើម្បី​ជៀសវាង​សង្គ្រាម​ទ្រង់ទ្រាយ​ធំ​កើត​ឡើង​​ជាថ្មី។ ប៉ុន្តែ យុទ្ធសាស្ត្រ​នេះ ត្រូវបាន​ក្រុម​រិះគន់​មើលឃើញ​ថា​ជា «ភាព​ទន់ជ្រាយ ឬ​អសមត្ថភាព» ក្នុង​ការ​ឆ្លើយតប​ឱ្យ​បាន​ម៉ឺងម៉ាត់​ភ្លាមៗ ដើម្បី​ការពារ​បូរណភាព​ទឹកដី។

ទោះជា​បែបណា មាត្រា ៤៤០ នៃ​ក្រមព្រហ្មទណ្ឌ ចែង​ថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់ងារ​បរទេស នូវ​ដែនដី​ជាតិ​​ទាំងស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ