ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាន់តែជិតមកដល់ សកម្មជនគណបក្សកម្លាំងជាតិម្នាក់ទៀត ត្រូវបានចាប់ខ្លួន ដែលធ្វើឱ្យចំនួនសកម្មជនគណបក្សនយោបាយមកពីគណបក្សជំទាស់ចំនួន ៣ នៅកម្ពុជា ដែលត្រូវបានចាប់ខ្លួន បានកើនដល់ជាង ៣០នាក់ បើទោះបីមានការជំរុញពីសហគមន៍អន្តរជាតិឱ្យកម្ពុជា ធានាការបោះឆ្នោតខាងមុខដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យក្តី។
កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចខេត្តកំពង់ចាម បានចាប់ខ្លួនលោក ប៉ាវ ប៉ោហេង អាយុ ៥៦ឆ្នាំ សមាជិកគណបក្ស និងជាភ្នាក់ងារសង្កេតការណ៍ពិនិត្យបញ្ជីឈ្មោះ និងបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២៦ របស់គណបក្សកម្លាំងជាតិ ដោយគ្មានដីកា។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ នៅថ្ងៃទី១៥ ខែតុលា។
ការចាប់ខ្លួននេះ គណបក្សកម្លាំងជាតិ យល់ឃើញថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងរងការឈ្លានពានពីសំណាក់ប្រទេសថៃ អាជ្ញាធរកម្ពុជាពុំគួរធ្វើទុក្ខបុកម្នេញអ្នកដែលមាននិន្នាការនយោបាយផ្ទុយពីគណបក្សកាន់អំណាច និងត្រូវចាប់ផ្តើមការផ្សះផ្សា បង្រួបបង្រួមជាតិ និងឈានទៅពង្រឹងសាមគ្គីឯកភាពផ្ទៃក្នុងជាតិ។ គណបក្សនេះ បានអំពាវនាវដល់សមត្ថកិច្ច បញ្ឈប់ការចាប់ខ្លួនថ្នាក់ដឹកនាំ យុវជន និងសកម្មជនគណបក្សប្រឆាំង ដោយហេតុចូលរួមសកម្មភាពនយោបាយ និងដោះលែងលោក ប៉ាវ ប៉ោហេង ព្រមទាំងអ្នកជាប់ឃុំនយោបាយទាំងអស់ ឱ្យមានសេរីភាពឡើងវិញ ដើម្បីធានាបាននូវបរិយាកាសនយោបាយល្អឡើងវិញ ដល់គ្រប់គណបក្សនយោបាយ ក្នុងការធ្វើសកម្មភាព ដោយមិនមានការព្រួយបារម្ភ ស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ស្តីពីគណបក្សនយោបាយ។
អនុប្រធានគណបក្សកម្លាំងជាតិ លោក សុខ គឹមសេង បានឱ្យដឹងថា គិតត្រឹមម៉ោង ១រសៀល ថ្ងៃទី១៦ ខែតុលានេះ សកម្មជនបក្សកម្លាំងជាតិ លោក ប៉ាវ ប៉ោហេង កំពុងស្ថិតក្រោមការសាកសួរ និងឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដោយលោកមិនទាន់ដឹងថា ការចាប់ខ្លួនសកម្មជនរូបនេះ ដោយសារមូលហេតុអ្វីនោះទេ។ លោកយល់ថា ការចាប់ខ្លួនសកម្មជនរូបនេះ គ្មានអ្វីក្រៅពីរឿងលោក ប៉ាវ ប៉ោហេង ចូលរួមសកម្មក្នុងគណបក្ស ខណៈថ្មីៗនេះ គាត់បានចូលរួមឈរជាភ្នាក់ងារសង្កេតការណ៍ការចុះឈ្មោះបោះឆ្នោតនៅមូលដ្ឋានដែលគាត់រស់នៅ ឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកថា៖ «ការចាប់ខ្លួននេះ បើយើងសង្កេតមើលទៅ គឺពាក់ព័ន្ធជាមួយនឹងនយោបាយ ព្រោះថានៅពេលដែលគាត់មិនសូវមានសកម្មភាពសកម្ម គឺអត់ទាន់មានការចាប់ខ្លួនទេ ប៉ុន្តែពេលដែលគាត់មានសកម្មភាពសកម្ម ជាពិសេសចុងក្រោយនេះ គឺគាត់ចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតថ្មីៗនេះ គឺគាត់ត្រូវបានគេឃាត់ខ្លួន»។
អនុប្រធានគណបក្សក្រៅរដ្ឋាភិបាលរូបនេះ បន្តថា ក្នុងឆ្នាំ២០២៦ នេះ មានថ្នាក់ដឹកនាំ និងសកម្មជនគណបក្សកម្លាំងជាតិចំនួន ១៩នាក់ហើយ ដែលត្រូវបានចាប់ និងឃុំខ្លួនក្នុងពន្ធនាគារ ហើយការចាប់ខ្លួននោះទៀតសោត គឺផ្ទុយនឹងច្បាប់ ដោយសារមិនមានបង្ហាញដីកានោះទេ។
លោក សុខ គឹមសេង ចាត់ទុកការបន្តចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់លើសកម្មជនខ្លួន ថាជាការធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយមកពីគណបក្សក្រៅរដ្ឋាភិបាល និងធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០២៨។
លោកថា៖ «ការបោះឆ្នោតមួយដែលសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទាល់តែបរិយាកាសនយោបាយ ទាំងមុនការបោះឆ្នោត ពេលយុទ្ធការឃោសនាបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោត មានបរិកាសកាសនយោបាយល្អ ហើយបរិយាកាសនយោបាយល្អ ទាល់តែគ្រប់គណបក្សនយោបាយទាំងអស់ គ្រប់សកម្មជននិងថ្នាក់ដឹកនាំនយោបាយទាំងអស់ អាចធ្វើសកម្មភាពស្របតាមគោលការណ៍ប្រជាធិបតេយ្យ អាចធ្វើសកម្មភាពស្មើគ្នាស្របតាមគោលការណ៍ច្បាប់។ ប៉ុន្តែកន្លងមកយើងឃើញហើយ ការធ្វើសកម្មភាពរបស់គណបក្សក្រៅរដ្ឋាភិបាល គឺនៅមានការព្រួយបារម្ភ នៅមានការភ័យខ្លាច ទាំងការធ្វើសកម្មភាព ទាំងការថ្លែងសារអី យើងប្រយ័ត្នប្រយែងណាស់ ព្រោះនៅពេលដែលយើងនិយាយរៀងឆ្គងអីបន្តិច អាហ្នឹងត្រូវបានគេចោទប្រកាន់ភ្លាម ហើយការចោទប្រកាន់មកលើគណបក្សប្រឆាំង មកលើអង្គការសង្គមស៊ីវិល មកលើសកម្មជនបរិស្ថាន ឬក៏សកម្មជនសិទ្ធិមនុស្ស កម្រឃើញការទទួលបានយុត្តិធម៌ណាស់»។
សមាជិកព្រឹទ្ធសភាមកពីគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា បានឱ្យដឹងដែរថា គិតមកដល់ពេលនេះ សមាជិក និងសកម្មជនគណបក្សឆន្ទៈខ្មែរ និងគណបក្សភ្លើងទៀនជាង ១០រូបហើយ ត្រូវបានចាប់ខ្លួន ដោយនៅមិនទាន់រាប់បញ្ចូលនូវបណ្តឹងដែលប្តឹងថ្នាក់ដឹកនាំគណបក្សទាំងពីរនេះនៅឡើយ។ ហើយការចាប់ខ្លួន និងបណ្តឹងនោះទៀតសោត ភាគច្រើនទៅលើការសម្តែងមតិ និងការសន្ទនាគ្នាជាលក្ខណៈឯកជន ហើយត្រូវបានភាគីទី៣ លួចស្តាប់ និងយកជាមូលដ្ឋានធ្វើការចោទប្រកាន់ ដែលនេះជាក្តីបារម្ភយ៉ាងខ្លាំងសម្រាប់គណបក្សជំទាស់។
មួយវិញទៀត លោកសង្កេតឃើញថា នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខនេះទៀតសោត ក៏មានការរឹតត្បិតសិទ្ធិសេរីភាព និងសកម្មភាពរបស់អ្នកនយោបាយ និងសកម្មជនគណបក្សក្រៅរដ្ឋាភិបាលផងដែរ ដូចជា ការលើកស្លាក ការដាក់ភ្នាក់ងារសង្កេតការណ៍ និងមានការគំរាមកំហែងលើបេក្ខជនឈរឈ្មោះបោះឆ្នោតជាដើម។
លោកថា៖ «ទាំងអស់នេះសុទ្ធតែជារូបភាពតូចៗ ប៉ុន្តែវាជះឥទ្ធិពលធំទៅដល់ដំណើរការនៃការរៀបចំបេក្ខជនរបស់គណបក្សឆន្ទៈខ្មែរ ក្នុងការបោះឆ្នោតនៅពេលខាងមុខនេះ។ ហើយយើងមានការព្រួយបារម្ភថា ការធ្វើវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ ការធ្វើវិសោធនកម្មច្បាប់មួយចំនួនទៀត ពាក់ព័ន្ធទៅនឹងស្ថាប័នកំពូលរបស់ជាតិ គឺជាយុទ្ធសាស្ត្រមួយក្នុងការព្យាយាមទាញនូវលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាហ្នឹង ឱ្យថយក្រោយ ដូច្នេះហើយយើងសូមអំពាវនាវដល់រាជរដ្ឋាភិបាល ក៏ដូចជាសហគមន៍អន្តរជាតិ បន្តពិនិត្យមើល និងបើកឡើងវិញនូវលំហរលទ្ធិប្រជាធិបតេយ្យ ក៏ដូចជាលំហសារព័ត៌មានឯករាជ្យ និងការអនុវត្តនូវសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយឡើងវិញ»។
បើតាមការចងក្រងរបស់អង្គការសិទ្ធិមនុស្សលីកាដូ មកដល់ពេលនេះ មានសកម្មជននយោបាយ សកម្មជនបរិស្ថាន និងសកម្មជនសង្គមជាដើម សរុបជាង ១០០នាក់ហើយ ដែលត្រូវបានចាប់ខ្លួន ឃុំខ្លួន និងចោទប្រកាន់ ដោយសារតែភាពសកម្មនិយម និងការបញ្ចេញមតិរបស់ពួកគេ។
យ៉ាងណា អ្នកនាំពាក្យលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ បានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីចាប់ខ្លួនសកម្មជនគណបក្សជំទាស់ជាបន្តបន្ទាប់មកនេះ ដោយលោកថា នេះជាដែនសមត្ថកិច្ចរបស់តុលាការ។ ដោយឡែក សម្រាប់ការបោះឆ្នោតនាពេលខាងមុខវិញ លោកថា គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះការប្រកួតប្រជែងតាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។
លោកថា៖ «ខ្ញុំមិនចង់បកស្រាយរឿងរ៉ាវទាំងឡាយណា ដែលវាពាក់ព័ន្ធទៅនឹងដែនសមត្ថកិច្ចរបស់តុលាការទេ ដែលជាអំណាចដាច់ដោយឡែក អំណាចឯករាជ្យមួយ ចឹងនីតិវិធីយ៉ាងណាជារឿងរបស់តុលាការ។ ហើយជុំវិញការបោះឆ្នោត សម្រាប់គណបក្សប្រជាជនកម្ពុជារបស់យើង គឺយើងស្វាគមន៍ចំពោះការប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមបែបលទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញរបស់កម្ពុជារបស់យើង»។
វិធានការចាប់ខ្លួនអ្នកមាននិន្នាការមិនគាំទ្របក្សកាន់អំណាច ជាបន្តបន្ទាប់ច្រើនឆ្នាំមកនេះ ហាក់ស៊ីគ្នាទៅនឹងសារបែកធ្លាយកាលពីឆ្នាំ២០២៤ ដែលលោក ហ៊ុន សែន ចេញបញ្ជាឱ្យគ្រប់ក្រសួងចាត់វិធានការតាមកម្ចាត់ក្រុមអ្នកប្រឆាំង កុំឱ្យមានឱកាសមកប្រកួតការបោះឆ្នោតជាមួយលោក ហ៊ុន ម៉ាណែត។
លោក ហ៊ុន សែន និយាយថា៖ «បំបែកមុខពីឥឡូវទៅតែម្តង ដើម្បីកុំឱ្យពួកវាមានមូលដ្ឋានកសាងកម្លាំង យកមកធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅការបោះឆ្នោតឆ្នាំ២០២៧ និយាយរួម គឺគ្រប់គ្រងកសាងកម្លាំងពីឥឡូវ បំផ្លាញកម្លាំងពួកប្រឆាំង កុំឱ្យពួកប្រឆាំងមានកម្លាំងប្រើ បើឯងប្រឆាំង ងើបមួយវៃមួយ»។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានលើកឡើងថា តថភាពនយោបាយកម្ពុជានាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងទម្រង់ជាប្រព័ន្ធអំណាចឯកបក្សដែលគ្របដណ្តប់ទាំងស្រុង ដោយប្រើប្រាស់ប្រព័ន្ធតុលាការ និងច្បាប់ជារបាំងបិទបាំងការបង្ក្រាបដៃគូប្រកួតប្រជែង។ លោកបន្តថា ការចាប់ខ្លួនសកម្មជន និងមន្ត្រីបក្សប្រឆាំងជាបន្តបន្ទាប់ មិនមែនគ្រាន់តែជាការអនុវត្តច្បាប់នោះទេ ប៉ុន្តែជាយុទ្ធសាស្ត្រគិតគូរយ៉ាងល្អិតល្អន់ក្នុងការបំបាក់ស្មារតី បំបែកបំបាក់រចនាសម្ព័ន្ធ និងធ្វើឱ្យគណបក្សប្រឆាំងលែងមានលទ្ធភាពកសាងកម្លាំងតទល់បាន។
លោក សេង វណ្ណលី បានបន្តក្នុងសំណេរដើមថា៖ «ការប្រើយុទ្ធសាស្ត្រកម្ចាត់ ឬ ងើបមួយវាយមួយ រួមជាមួយការរៀបចំយន្តការច្បាប់តឹងរ៉ឹង ខុសពីទិដ្ឋភាពនៃភាពទន់ខ្សោយដែលគេតែងតែស្មាន ប៉ុន្តែវាឆ្លុះបញ្ចាំងពីការព្រួយបារម្ភយ៉ាងជ្រាលជ្រៅរបស់បក្សកាន់អំណាច ចំពោះការប្រែប្រួលចិត្តសាស្ត្ររបស់ម្ចាស់ឆ្នោត។ ការមិនហ៊ានបើកឱ្យមានការប្រកួតប្រជែងដោយសេរី និងស្មើភាព បង្ហាញថា បក្សកាន់អំណាចគ្មានទំនុកចិត្តលើការដណ្ដើមប្រជាប្រិយភាព តាមរយៈការប្រកួតគោលនយោបាយសុទ្ធសាធឡើយ ដោយសារខ្លាចក្រែងកម្លាំងប្រឆាំងអាចប្រមូលផ្តុំអ្នកគាំទ្របានឡើងវិញ នៅពេលមានឱកាស»។
ដើម្បីឱ្យការប្រកួតប្រជែងនយោបាយមានតម្លាភាព និងយុត្តិធម៌ពិតប្រាកដ លោកថា កម្ពុជាត្រូវការការកែទម្រង់រចនាសម្ព័ន្ធគ្រឹះយ៉ាងស៊ីជម្រៅ ដោយចាប់ផ្តើមពីការបំបែកអំណាចតុលាការឱ្យផុតពីឥទ្ធិពល និងការត្រួតត្រារបស់អ្នកនយោបាយកាន់អំណាច ជាជាងការប្រើតុលាការធ្វើជាឧបករណ៍កម្ទេចដៃគូប្រកួត។ ចំណែក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវតែរៀបចំឡើងវិញដោយសមាសភាពឯករាជ្យពិតប្រាកដ មិនមែនជាតំណាងដែលជ្រើសរើសចេញពីរង្វង់អំណាចបក្សកាន់អំណាចនោះឡើយ។ ទន្ទឹមនឹងនេះ ត្រូវមានការបើកចំហលំហសេរីភាពសារព័ត៌មាន សង្គមស៊ីវិល និងការបញ្ឈប់ការប្រើប្រាស់ឧបករណ៍ច្បាប់ ឬសារគំរាមកំហែង ដើម្បីធ្វើទុក្ខបុកម្នេញលើអ្នកមានទស្សនៈផ្ទុយ។
លោក សេង វណ្ណលី បានគូសបញ្ជាក់ថា ប្រសិនបើគ្មានឆន្ទៈនយោបាយពិតប្រាកដក្នុងការធ្វើសម្បទាន និងកែទម្រង់ចំណុចទាំងនេះទេ ពាក្យថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នៅកម្ពុជា នឹងនៅតែជារបៀបវារៈលើក្រដាស និងជាល្បែងនយោបាយដែលរៀបចំឡើង ដើម្បីតែភាពស្របច្បាប់នៃអំណាចតែប៉ុណ្ណោះ។
ស្រដៀងគ្នានេះដែរ ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា សង្កេតឃើញថា បច្ចុប្បន្ន កម្ពុជាបានដើរផ្ទុយទាំងស្រុងនូវគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងមានការរំលោភសិទ្ធិមនុស្ស សិទ្ធិនយោបាយរបស់ប្រជាពលរដ្ឋ ដូច្នេះការបោះឆ្នោតនាពេលឆាប់ៗខាងមុខ នឹងមិនអាចប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បានទេ។ ជាក់ស្តែង លោកថា មិនទាន់ដល់ពេលប្រកួតប្រជែងការបោះឆ្នោតផង ក៏មានការបង្ក្រាប ការចាប់ខ្លួនសកម្មជនគណបក្សជំទាស់ជាបន្តបន្ទាប់រួចទៅហើយ ដែលនេះឆ្លុះបញ្ចាំងពីការរឹតត្បិតសេរីភាពផ្នែកនយោបាយពីសំណាក់បក្សកាន់អំណាចដែលដឹកនាំប្រទេស។
លោកថា៖ «ហើយទាំងអស់នេះ កាលណាធ្វើនូវអំពើប្រព្រឹត្តផ្ទុយពីច្បាប់ ហើយទៅរារាំងបំបាក់ស្មារតីគំរាមកំហែងទៅលើសកម្មជននយោបាយបែបហ្នឹង វាជាសញ្ញាណមើលឃើញយ៉ាងច្បាស់ថា ការដឹកនាំរបស់ប្រទេសកម្ពុជាបច្ចុប្បន្នហ្នឹង នឹងមិនដើរតាមគន្លងប្រជាធិបតេយ្យអ្វីទៀតទេ ហើយជាគ្រោះថ្នាក់ណុងគឺទៅដល់សកម្មជននយោបាយប្រឆាំងទាំងឡាយ ដែលមិនពេញចិត្តចំពោះការដឹកនាំរបស់រដ្ឋាភិបាល ហើយធ្វើការរិះគន់ទៅលើអ្វីដែលជាការដឹកនាំរបស់រដ្ឋាភិបាល ដែលធ្វើឱ្យប្រទេសជាតិធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរដូចបច្ចុប្បន្នហ្នឹងឯង[…] ចឹងមានតែប្រជាពលរដ្ឋខ្លួនឯងទេ បើសិនជាចង់បានការដឹកនាំតាមប្រទេសបែបប្រជាធិបតេយ្យ ទាល់តែពួកគាត់ចាប់ផ្តើមចេញមុខទាមទារតវ៉ា ធ្វើយ៉ាងណាឱ្យអ្នកនយោបាយ មេដឹកនាំប្រទេសហ្នឹង បញ្ឈប់ការប្រើប្រាស់មធ្យោបាយរឹតត្បិត គំរាមកំហែង បំបាក់ស្មារតីដែលផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យហ្នឹង»។
របាយការណ៍ ១៧ ទំព័រ ដំបូងនៃអាណត្តិរបស់អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក ថម អេនឌ្រូ (Tom Andrews) ដែលបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានបន្តលើកឡើងពីក្តីបារម្ភជុំវិញការរឹតត្បិតសេរីភាពបញ្ចេញមតិ លំហពលរដ្ឋ និងសិទ្ធិនយោបាយ ព្រមទាំងការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្ស សកម្មជន និងអ្នកនយោបាយជាដើម។
លោកបានសង្កត់ធ្ធន់ថា កម្ពុជាកំពុងស្ថិតនៅលើផ្លូវបំបែកសំខាន់ ដែលទាមទារឱ្យរដ្ឋាភិបាលប្តេជ្ញាចិត្តគោរព ការពារ និងបំពេញសិទ្ធិមនុស្ស ជាជាងបន្តរំលោភបំពានសិទ្ធិពលរដ្ឋ។ លោកជំរុញឱ្យរដ្ឋាភិបាលកម្ពុជា កំណត់ទិសដៅ ដើម្បីធានាថាពលរដ្ឋកម្ពុជាគ្រប់រូប អាចជ្រើសរើសអនាគតរបស់ខ្លួន តាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕









