ការនិយាយស្តីជាសាធារណៈរបស់ថ្នាក់ដឹកនាំជាតិ មិនត្រឹមតែជាការផ្ញើសារនយោបាយ ឬជាការឆ្លើយតបទៅកាន់តួអង្គដែលមានទស្សនៈផ្ទុយគ្នាប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីសីលធម៌ សុជីវធម៌ និងភាពជាគំរូនៃមេដឹកនាំជាតិផងដែរ។ នៅពេលដែលភាសាប្រមាថ និងការគំរាមកំហែងត្រូវបានយកមកប្រើប្រាស់ជំនួសឱ្យហេតុផល និងភស្តុតាង វាបង្កើតឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់វប្បធម៌នយោបាយ និងសីលធម៌រស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកុមារ និងយុវជនជំនាន់ក្រោយ។
ជាក់ស្តែង នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារតាមបណ្តាញសង្គម ដោយប្រើពាក្យ “អាគុក” និងប្រៀបធៀបលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅនឹង “ឆ្កែបានជិះរទេះ”។ សារនេះត្រូវបានផ្សព្វផ្សាយឡើងវិញដោយអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃដដែល។ ការប្រើភាសាប្រមាថបែបនេះពីប្រធានគណបក្ស និងមេដឹកនាំជាន់ខ្ពស់របស់ស្ថាប័នជាតិ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការធ្លាក់ចុះនៃស្តង់ដារសីលធម៌ក្នុងការដឹកនាំប្រទេសផងដែរ។
អ្វីដែលគួរឱ្យខកចិត្តនោះ គឺការប្រើពាក្យជេរប្រមាថនេះ កើតឡើងចំពេលដែលប្រជាពលរដ្ឋកំពុងព្រួយបារម្ភយ៉ាងខ្លាំងអំពីទង្វើឈ្លានពានរបស់ថៃ។
កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត បានអញ្ជើញលោក អ៊ុំ សំអាន និងក្រុមការងាររបស់លោក មកពិភាក្សាជាមួយមន្ត្រីជំនាញរដ្ឋាភិបាលអំពីបង្គោលព្រំដែនលេខ ៥២ ដល់ ៥៩។ ការអញ្ជើញនេះធ្វើឡើងបន្ទាប់ពីលោក អ៊ុំ សំអាន ចោទថា ការដាក់បង្គោលបណ្តោះអាសន្នអាចធ្វើឱ្យកម្ពុជាបាត់បង់ទឹកដី ខណៈរដ្ឋាភិបាលបដិសេធការចោទប្រកាន់នោះ។ ដូច្នេះ អ្វីដែលពលរដ្ឋចង់បាន គឺការបង្ហាញផែនទី ឯកសារច្បាប់ និងភស្តុតាងបច្ចេកទេសឱ្យបានច្បាស់លាស់ ដើម្បីដឹងថាភាគីណាមានហេតុផលត្រឹមត្រូវ មិនមែនការយកពាក្យជេរប្រមាថមកជំនួសការពន្យល់នោះទេ។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ លោក ហ៊ុន ម៉ាណែត បានប្រកាសធានាសុវត្ថិភាពដល់លោក អ៊ុំ សំអាន និងក្រុមការងារ ហើយថែមទាំងអនុញ្ញាតឱ្យមានការឃ្លាំមើលសុវត្ថិភាពពីស្ថានទូតបរទេស ឬអង្គការសង្គមស៊ីវិលដែលលោកទុកចិត្ត។ បន្ទាប់មក នៅថ្ងៃទី១២ ខែតុលា លោក អ៊ុំ សំអាន បានស្នើឱ្យមានការទម្លាក់បទចោទប្រកាន់ ការលើកលែងទោស និងការធានាសុវត្ថិភាពជាលាយលក្ខណ៍អក្សរសម្រាប់សមាជិកគណៈប្រតិភូរបស់លោក។ ការស្នើសុំលើកលែងទោសពាក់ព័ន្ធនឹងបញ្ហាផ្លូវច្បាប់ដែលមានស្រាប់ មិនអាចយកមកសន្និដ្ឋានដោយស្វ័យប្រវត្តិថា លោកទទួលស្គាល់ថាការរិះគន់បញ្ហាព្រំដែនរបស់ខ្លួនខុសនោះទេ។ បើរដ្ឋាភិបាលពិតជាចង់បានការពិភាក្សាដោយស្មោះត្រង់ គួរតែដោះស្រាយការព្រួយបារម្ភទាំងនេះតាមហេតុផល ជាជាងការចំអក ឬប្រមាថគ្នា។
ក្នុងនាមជាអតីតនាយករដ្ឋមន្ត្រី ប្រធានគណបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន លោក ហ៊ុន សែន គួរតែយល់ថា ពាក្យសម្តីរបស់ខ្លួនមានឥទ្ធិពលខ្លាំងលើសង្គម។ ការប្រើពាក្យ “អាគុក” ឬប្រៀបធៀបមនុស្សទៅនឹងសត្វ មិនបានធ្វើឱ្យការអះអាងរបស់រដ្ឋាភិបាលកាន់តែគួរឱ្យជឿជាក់ឡើយ។ ផ្ទុយទៅវិញ វាធ្វើឱ្យការពិភាក្សាអំពីបញ្ហាជាតិធ្លាក់ចុះមកត្រឹមការជេរប្រមាថ និងការមើលងាយគ្នា។ អ្នកដឹកនាំដែលមានភាពចាស់ទុំ គួរតែប្រើហេតុផល និងភស្តុតាងដើម្បីឆ្លើយតបអ្នករិះគន់ មិនមែនប្រើឋានៈ និងអំណាចរបស់ខ្លួនមកបន្ទាបតម្លៃអ្នកដទៃឡើយ។
ការមានអំណាចខ្ពស់ មិនមែនមានន័យថាអាចនិយាយអ្វីក៏បាន ដោយមិនចាំបាច់គិតពីសេចក្តីថ្លៃថ្នូរ និងផលប៉ះពាល់ដល់សង្គមនោះទេ។ បញ្ហាដែលគួរឱ្យបារម្ភជាងនេះ គឺឥទ្ធិពលនៃភាសាបែបនេះទៅលើសីលធម៌សង្គម។
នៅពេលថ្នាក់ដឹកនាំប្រើពាក្យអសុរោះជាសាធារណៈ ហើយអ្នកគាំទ្រនាំគ្នាសរសើរ ឬចម្លងពាក្យទាំងនោះទៅប្រើប្រាស់ វាអាចធ្វើឱ្យការជេរប្រមាថ ក្លាយជារឿងធម្មតាក្នុងសង្គម ជាពិសេសក្នុងការពិភាក្សានយោបាយ។ មនុស្សអាចចាប់ផ្តើមវាយតម្លៃអ្នកណាម្នាក់តាមភាពខ្លាំងនៃពាក្យជេរ ជាជាងមើលលើហេតុផល និងការពិត។ បើវប្បធម៌បែបនេះបន្តរីករាលដាល សង្គមកម្ពុជានឹងកាន់តែខ្វះការអត់ឱន ការគោរពគ្នា និងការទទួលយកមតិខុសគ្នា។ នៅទីបំផុត ការពិភាក្សាដើម្បីស្វែងរកដំណោះស្រាយបញ្ហាជាតិ អាចត្រូវបានជំនួសដោយការប្រកួតប្រជែងជេរប្រមាថ និងការស្អប់ខ្ពើមគ្នាទៅវិញទៅមក។
ជាពិសេស កុមារ និងយុវជនអាចរងឥទ្ធិពលពីគំរូមិនល្អបែបនេះ។ នៅសាលារៀន លោកគ្រូ អ្នកគ្រូ តែងអប់រំសិស្សឱ្យមានសុជីវធម៌ ចេះគោរពអ្នកដទៃ និងមិនប្រើពាក្យអសុរោះ។ ប៉ុន្តែនៅពេលសិស្សឃើញថ្នាក់ដឹកនាំកំពូលរបស់ប្រទេសប្រើពាក្យប្រមាថអ្នកដែលមានគំនិតខុសពីខ្លួន វាអាចធ្វើឱ្យពួកគេយល់ច្រឡំថា ការជេរប្រមាថជាវិធីបង្ហាញភាពខ្លាំង និងឈ្នះលើអ្នកដទៃ។ តើលោកគ្រូ អ្នកគ្រូ និងឪពុកម្តាយអាចអប់រំកូនចៅឱ្យគោរពគ្នាបានយ៉ាងដូចម្តេច បើថ្នាក់ដឹកនាំខ្លួនឯងមិនបានបង្ហាញគំរូល្អក្នុងការនិយាយស្តី? នេះជាចំណុចដែលលោក ហ៊ុន សែន គួរតែពិចារណាឱ្យបានហ្មត់ចត់ មុននឹងបញ្ចេញសារណាមួយជាសាធារណៈ។
អ្វីដែលគួរឱ្យព្រួយបារម្ភនោះ គឺការប្រើភាសាខ្លាំងៗ និងការគំរាមកំហែងបែបនេះ មិនមែនជារឿងថ្មីសម្រាប់លោក ហ៊ុន សែន ឡើយ។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ លោកធ្លាប់ព្រមានអ្នករិះគន់ឱ្យត្រៀមក្តារមឈូស ដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន VOD និងទីភ្នាក់ងារព័ត៌មាន AFP ផងដែរ។ បន្ទាប់មក នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោកបានព្រមានក្រុមប្រឆាំងឱ្យជ្រើសរើសរវាងចំណាត់ការតាមផ្លូវច្បាប់ និងការប្រើដំបង។ អង្គការ Human Rights Watch បានលើកឡើងពីការគំរាមនេះក្នុងរបាយការណ៍ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ របស់ខ្លួនផងដែរ។
ហេតុការណ៍ទាំងនេះ បង្ហាញថា ការប្រើភាសាគំរាមកំហែង និងប្រមាថនៅក្នុងការប្រកួតប្រជែងនយោបាយនៅកម្ពុជា ជាពិសេសពីសំណាក់លោក ហ៊ុន សែន គឺជាបញ្ហាដែលកើតមានជាបន្តបន្ទាប់ មិនមែនជាការខឹងសម្បារមួយពេលនោះទេ។ ការបន្តប្រើភាសាបែបនេះ អាចធ្វើឱ្យសង្គមមើលឃើញថា អំណាច និងការគំរាមកំហែងមានតម្លៃខ្ពស់ជាងហេតុផល និងការគោរពសិទ្ធិអ្នកដទៃ។
ជារួម ការប្រើពាក្យ “អាគុក” និង “ឆ្កែបានជិះរទេះ” របស់លោក ហ៊ុន សែន មិនបានជួយដោះស្រាយបញ្ហាព្រំដែន ឬបង្ហាញពីភាពខ្លាំងរបស់អ្នកដឹកនាំឡើយ។ ផ្ទុយទៅវិញ វាធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដឹកនាំខ្លួនឯង បន្ទាបគុណភាពនៃការពិភាក្សានយោបាយ និងអាចបន្សល់គំរូអាក្រក់ដល់យុវជនជំនាន់ក្រោយ។ អ្នកដឹកនាំដែលមានអំណាចកាន់តែខ្ពស់ គួរតែមានការទទួលខុសត្រូវចំពោះពាក្យសម្តីកាន់តែខ្លាំង។ ប្រទេសមួយមិនអាចកសាងសង្គមប្រកបដោយសីលធម៌ សុជីវធម៌ និងការគោរពគ្នាបានឡើយ ប្រសិនបើអ្នកដឹកនាំបន្តប្រើការជេរប្រមាថជំនួសហេតុផល។
ដូច្នេះ លោក ហ៊ុន សែន គួរតែបញ្ចប់ការប្រើប្រាស់ភាសាអសុរោះទាំងនេះ ហើយបង្ហាញភាពជាគំរូនាំមុខប្រកបដោយសេចក្តីថ្លៃថ្នូរ ទាំងចំពោះកូនចៅសាច់សារលោហិតរបស់លោក និងចំពោះកុមារ យុវជន និងប្រជាពលរដ្ឋខ្មែរគ្រប់រូប ដែលជាអនាគតនៃកម្ពុជា៕
អត្ថបទដោយ សុក្រឹត ពុទ្ធិ









