បក្ស​​ប្រឆាំង​​បន្ត​​ជំរុញ​​ឱ្យ​​កម្ពុជា​​ប្តឹង​​ថៃ​​ទៅ​​តុលាការ​​អន្តរ​ជាតិ បើ​​ទោះ​​ជា​​​មាន​​ប្រជុំ​​តាម​​យន្ត​ការ UNCLOS

គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុ​​សញ្ញា​​អង្គ​​ការ​សហ​ប្រជា​ជាតិ ស្តីពី​​នីតិ​​សមុទ្រ (UNCLOS) បាន​​បញ្ចប់​​កិច្ច​ប្រជុំ​​លើក​​ទី២ ជាមួយ​​ភាគី​​កម្ពុជា និង​​ថៃ នៅ​​ថ្ងៃ​​ទី១៨ ខែ​​តុលា ម្សិល​មិញ ប៉ុន្តែ​​កិច្ច​ប្រជុំ​​លើក​​ទី៣ នឹង​​បន្ត​​ធ្វើ​​ទៀត​​នៅ​​សប្តាហ៍​​ទី៤ នៃ​​ខែ​​វិច្ឆិកា ស្រប​​ពេល​​ដែល​​គណៈ​កម្ម​ការ​​ផ្សះ​ផ្សា កត់​សម្គាល់​​ឃើញ​​ថា កិច្ច​ព្រម​ព្រៀង និង​​វិធាន​ការ​​នានា​​ដែល​​កម្ពុជា និង​​ថៃ បាន​​ឯកភាព​​​ពីមុន មិន​ទាន់​​ត្រូវ​​​បាន​អនុវត្ត​​ពេញ​លេញ​​នៅ​​ឡើយ។

ស្រប​ពេល​ដែល​កិច្ចប្រជុំ​លើក​ទី២ មិន​ទាន់​មាន​លទ្ធផល​ជា​ដុំកំភួន​នេះ មន្ត្រី​បក្ស​ប្រឆាំង នៅ​តែ​យល់ថា ភាគី​​ថៃ​​នឹង​​មិន​គោរព​ទៅ​តាម​អនុសាសន៍​របស់​គណៈកម្មការ​ផ្សះផ្សា​នា​ពេល​ខាង​មុខ​នេះ​ទេ និង​បាន​ជំរុញ​ឱ្យ​កម្ពុជា ប្តឹង​ទៅ​​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) និង​តុលាការ​អាជ្ញាកណ្តាល​អន្តរជាតិ (PCA) ព្រោះ​ការ​​ចូលរួម​ប្រជុំ​តាមរយៈ​យន្តការ​​ផ្សះផ្សា​ដោយ​បង្ខំ​នេះ ថៃ​គ្រាន់​តែ​ចូលរួម​ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ចុះ​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ២០២៦ បាន​ឱ្យ​ដឹង​ថា កិច្ចប្រជុំ​លើក​ទី២ នៃ​គណៈកម្មការ​ផ្សះផ្សា ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​ឡាអេ ប្រទេស​ហូឡង់ ចាប់​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៨ ខែ​តុលា ភាគី​កម្ពុជា-ថៃ បាន​ឈាន​ដល់​ការ​ឯកភាព​​គ្នា​លើ​វិធានការ​កសាង​ទំនុក​ចិត្ត ដែល​មាន​គោលបំណង​ជំរុញ​ទំនុកចិត្ត និង​ភាព​ជឿជាក់​ទៅ​វិញ​ទៅ​មក ព្រម​ទាំង​សម្រួល​ដល់​ដំណោះស្រាយ​​ដោយ​សមហេតុផល និង​មិត្តភាព ស្រប​តាម​ច្បាប់​អន្តរជាតិ។ ប៉ុន្តែ​ក្នុង​​ចំណោម​​​វិធានការ​ដែល​បាន​ឯកភាព​គ្នា ភាគី​ទាំងពីរ​ទទួល​ស្គាល់​ថា ពួកគេ​មាន​សិទ្ធិ​ក្នុង​ការ​ធ្វើ​សេច​ក្តី​​ថ្លែង​ការណ៍ ដើម្បី​​ការ​ពារ​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ឬ​​ដើម្បី​​កែតម្រូវ​ព័ត៌មាន​មិន​ពិត និង​ព័ត៌មាន​បំភាន់។

ក្រសួង​ការបរទេស​កម្ពុជា បាន​បន្ត​ថា ក្នុង​កិច្ចប្រជុំ​នោះ គណៈកម្មការ​ផ្សះផ្សា បាន​កត់សម្គាល់​ឃើញ​ថា កិច្ច​ព្រម​ព្រៀង និង​វិធានការ​នានា​ដែល​កម្ពុជា និង​ថៃ បាន​ឯកភាព​គ្នា​ពីមុន មិន​ទាន់​ត្រូវ​បាន​អនុវត្ត​ពេញលេញ​​នៅ​ឡើយ​ទេ ដូច្នេះ​គណៈកម្មការ​ផ្សះផ្សា​បាន​លើក​ទឹក​ចិត្ត​ឱ្យ​ភាគី​ទាំងពីរ អនុវត្ត​កិច្ចព្រមព្រៀង និង​វិធាន​ការ​ដែល​មាន​ស្រាប់ ឱ្យ​បាន​ពេញលេញ និង​មាន​ប្រសិទ្ធភាព ដើម្បី​ជួយ​បង្កើត​បរិយាកាស​អំណោយផល​​ដល់​​ការ​ចរចា​ប្រកប​ដោយ​ការ​​ស្ថាបនា ក្នុង​ក្របខ័ណ្ឌ​ដំណើរការ​ផ្សះផ្សា។

គណៈកម្មការ​ផ្សះផ្សា នឹង​រៀបចំ​កិច្ចប្រជុំ​លើក​ទី៣ ជាមួយ​ភាគី​កម្ពុជា និង​ថៃ បន្ត​ទៀត ចាប់​ពី​ថ្ងៃ​ទី២៤ ដល់​​ថ្ងៃ​ទី២៧ ខែ​វិច្ឆិកា ឆ្នាំ២០២៦ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ហាក់​នៅ​តែ​មិន​ជឿ​ថា ភាគី​ថៃ​នឹង​គោរព​តាម​អនុសាសន៍​​របស់​គណៈកម្មការ​ផ្សះផ្សា​ក្រោម​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្តីពី​នីតិ​សមុទ្រ​នោះ​ទេ ហើយ​បញ្ហា​ជម្លោះ​ព្រំដែន​​សមុទ្រ​នេះ នឹង​ជាប់គាំង​ម្តង​ទៀត។ ចំណែកឯ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ក៏​នឹង​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​​​អន្តរ​ជាតិ ប្រសិន​​បើ​​ថៃ​​បដិសេធ​​ទទួល​​យក​អនុសាសន៍​របស់​គណៈកម្មការ​ផ្សះ​ផ្សា នៅ​ពេល​ខាង​មុខ​នោះ​ដែរ ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ព្រំដែន​សមុទ្រ​ដែល​លោក ហ៊ុន សែន បាន​កាត់​កោះ​ត្រល់ កោះក្រចកសេះ និង​ដែន​សមុទ្រ​​កម្ពុជា​​ទៅ​ឱ្យ​វៀតណាម កាល​ពី​ឆ្នាំ១៩៨២។

លោក​បន្ត​ថា៖ «ខ្ញុំនៅតែសំណូមពរទៅរដ្ឋាភិបាលោក ហ៊ុន ម៉ាណែត ត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ឬក៏តុលាការអាជ្ញាកណ្តាលអន្តរជាតិ PCA ឬក៏តុលាការអន្តរជាតិសម្រាប់ច្បាប់​សមុទ្រ បន្ទាប់ពី​ថៃ​​នឹងមិនទទួល​យកអនុសាសន៍​ផ្សះផ្សាដោយចាប់បង្ខំ ព្រោះថៃនឹងគ្រាន់តែចូលរួមឱ្យបង្គ្រប់កិច្ចតែ​ប៉ុណ្ណោះ​ឯង នៅក្នុងយន្តការ​ផ្សះ​ផ្សា​ដោយចាប់បង្ខំនេះ»។

ជាមួយ​គ្នា​នេះ លោក អ៊ុំ សំអាន បន្ត​ជំរុញ​ដល់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ត្រូវ​ប្រកាន់​ជំហរ​ជា​យុទ្ធសាស្ត្រ ដោយ​ទាមទារ​យក​យ៉ាង​ហោច​ណាស់​ពាក់កណ្តាល​នៃ​កោះកុត ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ត្រឡប់​​មក​វិញ ទាមទារ​ដែន​សមុទ្រ​​ខ្មែរ ៤ពាន់​គីឡូម៉ែត្រ​ការ៉េ ដែល​លោក សុខ អាន បាន​កាត់​ទៅ​ឱ្យ​ថៃ​តាម MOU ឆ្នាំ២០០១ មក​វិញ និង​ទាម​ទារ​​នូវ​​ប្រេង និង​ឧស្ម័ន​ដែល​មាន​តម្លៃ ៣០០ពាន់​លាន​ដុល្លារ ព្រមទាំង​ព្រំដែន​​​សមុទ្រ​ត្រួតស៊ីគ្នា​ទំហំ ២៦,០០០ គីឡូ​ម៉ែត្រ​​ការ៉េ ដែល​ជា​កម្មសិទ្ធិ​របស់​កម្ពុជា​ផង​ដែរ។

លោក​ថា៖ «ព្រោះបើតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ១៩០៧ ក៏ដូចជាផែនទីឧបសម្ព័ន្ធភ្ជាប់នឹងសន្ធិសញ្ញា​បារាំង​សៀម​ឆ្នាំ​​១៩០៧ ក៏​ដូច​ជា​យោង​ទៅ​តាម​ច្បាប់​សមុទ្រ UNCLOS ឆ្នាំ១៩៨២ គឺយ៉ាងហោចពាក់កណ្តាលនៃកោះកុត គឺជាកម្ម​សិទ្ធិ​របស់​កម្ពុជា ប្រេងនិងឧស្ម័នដែលមានតម្លៃ៣០០ពាន់លានដុល្លារក៏ជាកម្មសិទ្ធិរបស់កម្ពុជា តំបន់ត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ក៏ជាទឹកដីរបស់កម្ពុជាដែរណា»។

វីអូឌី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ករណី​នេះ ពី​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ជុំ សុន្ទរី បាន​​ទេ នៅ​ថ្ងៃ​ទី១៩ ខែ​តុលា​នេះ។

តុលាការ​មជ្ឈត្តកម្ម​អចិន្ត្រៃយ៍ បាន​ចាប់ផ្តើម​រៀបចំ​កិច្ចប្រជុំ​លើក​ដំបូង​ជាមួយ​កម្ពុជា និង​ថៃ នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ថ្ងៃ​ទី១៤ ដល់​ថ្ងៃ​ទី១៦ ខែ​កញ្ញា ឆ្នាំ២០២៦ ក្រោម​ការ​ដឹកនាំ​ដោយ​គណៈកម្មការ​ផ្សះផ្សា ដែល​ត្រូវ​បាន​បង្កើត​ឡើង​​ក្រោម​ឧបសម្ព័ន្ធ​ទី៥ នៃ UNCLOS។ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា បាន​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​លើក​​ទី១ នោះ​ថា កម្ពុជា​ចង់​ឱ្យ​ដំណើរការ​ផ្សះផ្សា​ដែន​សមុទ្រ​ជាមួយ​ប្រទេស​ថៃ ឈាន​ទៅ​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ស្រប​​តាម​ច្បាប់​អន្តរជាតិ ដើម្បី​ផលប្រយោជន៍​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។

លោក​បញ្ជាក់​ថា កម្ពុជា​មើល​ឃើញ​ដំណើរការ​ផ្សះផ្សា​ដោយ​បង្ខំ​នេះ មិនមែន​ជា​ការ​បង្កើន​ភាព​តានតឹង​ជាមួយ​ប្រទេស​​ថៃ​នោះ​ទេ ប៉ុន្តែ​ជា​ដំណោះស្រាយ​សម្រាប់​ស្វែងរក​សន្តិភាព​ដោយ​សន្តិវិធី និង​ស្តារ​ទំនុកចិត្ត​រវាង​ប្រទេស​ទាំងពីរ។

យ៉ាងណា អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី១៩ ខែ​តុលា ថា ទោះ​បី​ជា​​កិច្ច​ប្រជុំ​​បន្ទាប់​​ដែល​​គ្រោង​​ធ្វើ​​នៅ​​ទីក្រុង​​គូឡាឡាំពួ នា​ចុង​ខែ​វិច្ឆិកា បង្ហាញ​ថា ច្រក​ផ្លូវ​ចរចា​នៅ​តែ​បើក​ចំហ​ក៏​ដោយ ប៉ុន្តែ​ការ​បន្ត​ជំនួប​នេះ មិនមែន​ជា​ការ​ធានា​ថា​នឹង​ឈាន​ទៅ​ដល់​កិច្ចព្រមព្រៀង​ស្ថាពរ​នោះ​ឡើយ។ លោក​ពន្យល់​​ថា គណៈកម្មការ​ផ្សះផ្សា មាន​តួនាទី​ត្រឹម​សម្របសម្រួល និង​ផ្តល់​អនុសាសន៍​ដែល​គ្មាន​អានុភាព​ចង​កាតព្វ​កិច្ច​​ផ្លូវ​​ច្បាប់ និង​មិនមែន​ជា​តុលាការ​ដែល​អាច​ចេញ​សាលក្រម​បង្ខំ​ឱ្យ​ភាគី​ទាំងពីរ​ទទួល​យក​ខ្សែ​ព្រំដែន​នោះ​ដែរ ដូច្នេះ​​ជោគ​ជ័យ​​នៃ​​ការ​​ចរចា គឺ​អាស្រ័យ​ទាំងស្រុង​លើ​ឆន្ទៈ​នយោបាយ​របស់​ភាគី​ថៃ។

សម្រាប់​លោក សេង វណ្ណលី ដើម្បី​ជៀសវាង​ការ​ជាប់គាំង​ដដែលៗ កម្ពុជា​គួរ​ស្នើ​ឱ្យ​កំណត់​ឱ្យ​បាន​ច្បាស់​លាស់​​នូវ​​កាតព្វ​​កិច្ច​​​ដែល​​នៅ​​សេស​សល់ ភាគី​ទទួលខុសត្រូវ កាលវិភាគ​អនុវត្ត និង​យន្តការ​ផ្ទៀងផ្ទាត់​ជាក់លាក់។ ជា​យុទ្ធសាស្ត្រ កម្ពុជា​គួរ​ប្រកាន់​ជំហរ​រឹងមាំ​លើ​មូលដ្ឋាន​ច្បាប់ បត់បែន​លើ​ជម្រើស​ដំណោះស្រាយ និង​ច្បាស់លាស់​លើ​ការ​អនុ​វត្ត​​ជាក់​ស្តែង ដោយ​រក្សា​ទុក​ទាំង​ជម្រើស​នៃ​ការ​ខណ្ឌសីមា​ព្រំដែន​ស្ថាពរ និង​ការ​​​រៀបចំ​តំ​បន់​​អភិវឌ្ឍន៍​​រួម​បណ្តោះអាសន្ន។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ បាន​បន្ថែម​ថា ប្រសិនបើ​ជ្រើសរើស​ការ​អភិវឌ្ឍ​រួម ដើម្បី​ផលប្រយោជន៍​​សេដ្ឋ​កិច្ច ត្រូវ​​ចែង​​ជា​លាយលក្ខណ៍អក្សរ​ឱ្យ​ច្បាស់​ថា វា​មិន​ប៉ះពាល់​ដល់​ការ​ទាមទារ​អធិប​​តេយ្យភាព​​ព្រំដែន​​ឡើយ ព្រមទាំង​​មាន​រូបមន្ត​បែងចែក​ចំណូល និង​កិច្ច​ការពារ​បរិស្ថាន​ត្រឹមត្រូវ ដោយ​មិន​ត្រូវ​​លះ​បង់​​ផល​ប្រយោជន៍​វែងឆ្ងាយ​របស់​​ជាតិ​​ដើម្បី​តែ​ចំណូល​ចំពោះ​មុខ​នោះ​ទេ។

យ៉ាងណា លោក​ថា កម្ពុជា​មិន​ត្រូវ​បោះបង់​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​ប្រើប្រាស់​យន្តការ​អន្តរជាតិ និង​ការ​បង្ហាញ​​ភស្តុ​តាង​​ជា​ប្រវត្តិសាស្ត្រ​ឡើយ ហើយ​ថា ការ​ការពារ​ផលប្រយោជន៍​ជាតិ​ដែល​ពិតប្រាកដ មិនមែន​កើត​​ចេញ​​ពី​ការ​បង្កើត​ព្រឹត្តិការណ៍​នយោបាយ ដើម្បី​បង្ហាញ​ថា​ខ្លួន​ជោគជ័យ​នោះ​ទេ គឺ​ទាមទារ​ឱ្យ​មាន​កិច្ចព្រមព្រៀង​ប្រកប​ដោយ​យុត្តិធម៌ អាច​អនុវត្ត​បាន​ជាក់ស្តែង មាន​យន្តការ​ត្រួតពិនិត្យ​ច្បាស់លាស់ និង​ការ​ពារ​​បាន​​ទាំង​​អធិប​តេយ្យ​ភាព និង​​ជីវភាព​​របស់​ប្រជា​សហគមន៍​នេសាទ​ខ្មែរ​យ៉ាង​ពិតប្រាកដ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ