រលកនៃការរិះគន់ទៅលើប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន បានកើនឡើងជាបន្តបន្ទាប់ បន្ទាប់ពីមេដឹកនាំរូបនេះតែងតែប្រើប្រាស់ភាសាប្រមាថកាតទាន និងអសុរោះទៅលើអ្នកដែលមានទស្សនៈផ្ទុយពីខ្លួន។ ក្រុមអ្នកវិភាគ អ្នកតស៊ូមតិ និងអ្នកនយោបាយ លើកឡើងថា ទង្វើនេះកំពុងបន្ទាបតម្លៃសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋខ្មែរទាំងមូល និងផ្តល់គំរូអាក្រក់ដល់ក្មេងជំនាន់ក្រោយ។
ការរិះគន់នេះ បានផ្ទុះឡើងសារជាថ្មី បន្ទាប់ពីលោក ហ៊ុន សែន បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ដោយប្រៀបធៀបលោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅនឹង «សត្វឆ្កែបានជិះរទេះ» ជុំវិញការដេញដោលលើបញ្ហាព្រំដែនកម្ពុជា-ថៃ។
អតីតតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ លោក ហុង លីម និងជាប្រធានក្រុមអ្នកតស៊ូមតិកម្ពុជា ប្រាប់វីអូឌីនៅថ្ងៃទី១៩ ខែតុលាថា លោក ហ៊ុន សែន តែងប្រើពាក្យជេរប្រមាថ និងមើលងាយអ្នកដែលមានមតិផ្ទុយពីខ្លួន ជាពិសេសក្នុងវិស័យនយោបាយ។
លោកយល់ថា ការប្រើពាក្យសម្ដីបែបនេះ មិនត្រឹមតែប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការខ្វះការគោរពខ្លួនឯង និងការមិនគោរពប្រជាពលរដ្ឋខ្មែរដែលមានទស្សនៈខុសគ្នាផងដែរ។ លោកសង្កត់ធ្ងន់ថា សម្ដីមេដឹកនាំបែបនេះ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងមុខមាត់ជាតិខ្មែរទាំងមូល នៅលើឆាកអន្តរជាតិ។
លោក ហុង លីម៖ «គាត់[លោកហ៊ុន សែន] ធ្វើការងារពាក្យសម្ដីហ្នឹង គឺថា គឺជាការដែលប្រមាថមើលងាយខ្លួនឯងទីមួយ ការប្រើពាក្យហ្នឹង គឺបុរសហ្នឹងម្នាក់ហ្នឹង មេដឹកនាំហ្នឹង គឺប្រមាថមើលងាយខ្លួនឯង ហើយបង្ហាញឲ្យឃើញថា ខ្លួនឯងអត់មានការគោរពចំពោះជនជាតិខ្មែរទាំងមូលហ្នឹងទេ ទោះបីជាគេមានយោបល់ខុសគ្នាពីខ្លួនគាត់ហ្នឹង ខាងផ្នែកនយោបាយ ឬមតិយោបល់នយោបាយក៏ដោយ។ ហើយចេញមក គឺថាយូកូម អ្នកលេងអញ្ចឹងហ្មង ហើយវាឲ្យគំរូអាក្រក់ ហើយយើងឃើញមួយចំនួន អាមីអាថោងរបស់គេមួយចំនួនហ្នឹង គឺយកតម្រាប់តាម»។
លោក ហុង លីម ដែលត្រូវរដ្ឋាភិបាលបក្សកាន់អំណាចដាក់ក្នុងបញ្ជីខ្មៅមិនឱ្យចូលកម្ពុជា ព្រោះរិះគន់ការដឹកនាំរបស់លោក ហ៊ុន សែន ស្មើនឹង «របបតិរច្ឆាន» បានសម្ដែងការបារម្ភថា ការប្រើសម្ដីជេរប្រមាថពីសំណាក់អ្នកមានអំណាចកំពូល អាចក្លាយជាគំរូអាក្រក់ដល់យុវជន ដែលជំរុញឱ្យសង្គមមានទម្លាប់ឈ្លោះប្រកែក ជេរប្រមាថ និងខ្វះការគោរពគ្នាទៅវិញទៅមក។
អតីតតំណាងរាស្ត្រអូស្ត្រាលីរូបនេះ បន្ថែមថា នៅក្នុងប្រទេសប្រជាធិបតេយ្យ អ្នកដឹកនាំគួរតែទទួលខុសត្រូវចំពោះពាក្យសម្ដី និងអាកប្បកិរិយារបស់ខ្លួន ហើយអាចប្រឈមនឹងសម្ពាធឱ្យលាលែងពីតំណែង ប្រសិនបើបង្ហាញអាកប្បកិរិយាដែលប៉ះពាល់ដល់កិត្តិយសអ្នកដទៃ។ ប៉ុន្តែ លោកសម្ដែងការសោកស្ដាយថា លោក ហ៊ុន សែន នៅតែបន្តប្រើសម្ដីបែបនេះ ព្រោះលោក ហ៊ុន សែន យល់ថា នៅកម្ពុជាគ្មាននរណាហ៊ានរិះគន់ និងដាក់ទោសលោកឱ្យទទួលខុសត្រូវចំពោះទង្វើអសីលធម៌នេះឡើយ។
ចំពោះលោក ហ៊ុន សែន ការប្រើសម្ដីប្រមាថកាតទានហាក់បានក្លាយជាទម្លាប់ ហើយអ្នកគាំទ្ររបស់លោកបានទទួលយកទង្វើមិនសមរម្យនេះរួចទៅហើយ។ ភ្លាមៗក្រោយលោក ហ៊ុន សែន បង្ហោះសារប្រើពាក្យប្រមាថ កាលពីថ្ងៃទី១៨ តុលា សំដៅទៅអតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ក៏មានអ្នកគាំទ្រចេញមុខគាំទ្រ និងចែករំលែកសារនោះព្រោងព្រាត។ ចំណែកនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក៏បានគាំទ្រសាររបស់ឪពុកលោកដូចគ្នា។
ផ្ទុយទៅវិញ សម្រាប់ពលរដ្ឋធម្មតាដែលហ៊ានធ្វើទង្វើដូចលោក ហ៊ុន សែន នោះ ពួកគេនឹងត្រូវចាប់ខ្លួនដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទជេរប្រមាថ។ ជាក់ស្ដែង ករណីនារីលក់ទូរស័ព្ទម្នាក់នៅរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចុះឡោមព័ទ្ធចាប់ដល់មុខផ្ទះទាំងកណ្ដាលអធ្រាត្រ ក្រោយបែកធ្លាយសម្ដីរបស់ស្ត្រីរូបនេះជេរប្រមាថកងទ័ពនៅជួរមុខ ជុំវិញជម្លោះទិញទូរស័ព្ទតាមអនឡាញ។
ការរិះគន់នេះ កើតឡើងបន្ទាប់ពីលោក ហ៊ុន សែន សរសេរលើបណ្តាញសង្គមរបស់លោក ដោយប្រៀបប្រដូចកាលពីកុមារភាពអំពីឆ្កែរត់តាមរទេះ ដែលលោកឱ្យឡើងជិះរទេះជាមួយ។ តែលោកថា វាធ្វើមុខឌឺ ហើយលោកប្រៀបធៀបទៅនឹង «មនុស្សដែលមានចរិតអំនួត» ដែលលោកសំដៅចំពោះលោក អ៊ុំ សំអាន ថាជាសត្វបានជិះរទេះជាដើម។ យ៉ាងណា ការប្រើប្រាស់ភាសាអសុរោះរបស់លោក ហ៊ុន សែន មិនមែនជាលើកដំបូងនោះទេ។
កន្លងមកថ្មីៗនេះ លោក ហ៊ុន សែន តែងតែប្រើប្រាស់ភាសាបែបនេះ ដើម្បីវាយបកទៅលើក្រុមប្រឆាំងនៅក្រៅប្រទេស ដែលគេមើលឃើញថា មេដឹកនាំរូបនេះ បន្តប្រើភាសាបំពុលសីលធម៌សង្គម និងផ្តល់គំរូអាក្រក់ក្នុងនាមជាមេដឹកនាំ។
ប៉ុន្តែ ផ្ទុយពីការរំពឹងទុក អ្នកនាំពាក្យបក្សកាន់អំណាច លោក ជា ធីរិទ្ធ បែរជាបន្តការពារសម្ដីរបស់លោក ហ៊ុន សែន និងចោទក្រុមអ្នករិះគន់ថា បានជេរប្រមាថថ្នាក់ដឹកនាំបក្សកាន់អំណាចទៅវិញ។ លោក ជា ធីរិទ្ធ ប្រាប់វីអូឌីនៅថ្ងៃទី១៩ ខែតុលា ដោយលោកចាត់ទុកអ្នករិះគន់ថា ជាក្រុមជ្រុលនិយមដែលមាននិន្នាការលម្អៀង។
លោកថា៖ «ខ្ញុំគិតថា គួរតែនិយាយចំថា ក្រុមនោះគឺជាក្រុមជ្រុលនិយម ដែលមាននិន្នាការក្រុមជ្រុលនិយម បើពួកគេធ្វើអ្វី ក៏ត្រឹមត្រូវដែរ ទោះពួកគេនិយាយពាក្យអសុរោះ ឬក៏ប្រមាថថ្នាក់ដឹកនាំគ្រប់បែបយ៉ាង ក៏ពួកគេមើលមិនឃើញដែរ ប៉ុន្តែនៅពេលដែលអ្នកផ្សេង និយាយខុសចិត្តពួកគេ គឺពួកគេចេញមកវាយប្រហារបែបហ្នឹង។ អញ្ចឹងខ្ញុំគិតថា គ្មានអ្វីជាចម្លែក ហើយខ្ញុំត្រូវឆ្លើយតបអីច្រើនជាមួយបុគ្គលអត់បានការប៉ុន្មាននាក់ហ្នឹងទេបាទ»។
ចំណែក សមាជិកព្រឹទ្ធសភាពីគណបក្សឆន្ទៈខ្មែរ លោក គង់ មុនីកា យល់ឃើញថា ការប្រើពាក្យសម្ដីមិនសមរម្យ និងអសុរោះរវាងថ្នាក់ដឹកនាំប្រទេស បុគ្គលសាធារណៈ និងអ្នកនយោបាយ តែងតែកើតមានឡើងជាបន្តបន្ទាប់នៅកម្ពុជា។ លោកជំរុញឱ្យអ្នកដឹកនាំគ្រប់លំដាប់ថ្នាក់ គួរប្រកាន់ខ្ជាប់នូវគោលការណ៍ទសពិធរាជធម៌ ដោយមានការយោគយល់ អត់ឱន និងគោរពគ្នាទៅវិញទៅមក ដើម្បីធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋ ជាពិសេសក្មេងជំនាន់ក្រោយ។
លោក គង់ មុនីកា ថែ្លងថា៖ «ដើម្បីបង្ហាញជាគំរូដល់ប្រជាពលរដ្ឋ គំរូដល់ក្មេងជំនាន់ក្រោយ។ បាទ! ដូច្នេះហើយខ្ញុំសង្ឃឹមថា ការប្រើប្រាស់ពាក្យសម្តីមិនសមរម្យទាំងអស់នោះ នឹងមិនកើតមានទៀតទេ ពីថ្នាក់ដឹកនាំប្រទេស ឬអ្នកនយោបាយ ហើយសង្ឃឹមថា រាល់ការតិះដៀល រិះគន់ស្ថាបនាយ៉ាងណានោះ គឺថាត្រូវធ្វើឡើងដោយគោរពនូវគោលការណ៍ គោរពគ្នាទៅវិញទៅមកបាទ»។
ជុំវិញករណីនេះ អ្នកតាមដានភូមិសាស្ត្រនយោបាយ លោក សេង វណ្ណលី មើលឃើញថា ការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងការជេរប្រមាថអ្នកនយោបាយប្រឆាំង តាមបណ្ដាញសង្គមដោយមេដឹកនាំជាន់ខ្ពស់ ដូចជាលោក ហ៊ុន សែន បានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សីលធម៌នៃការដឹកនាំ និងភាពថ្លៃថ្នូររបស់ឥស្សរជននយោបាយ។
លោកថា ការប្រើពាក្យប្រមាថមើលងាយ ឬប្រៀបធៀបមនុស្សទៅនឹងសត្វ ជាពិសេសនៅពេលឆ្លើយតបនឹងបញ្ហាជាតិដូចជាបញ្ហាព្រំដែន ជំនួសឱ្យការលើកឡើងនូវហេតុផល ភស្តុតាង និងមូលដ្ឋានច្បាប់ បានធ្វើឱ្យគុណភាពនៃការពិភាក្សានយោបាយធ្លាក់ចុះ និងប៉ះពាល់ដល់កិត្តិយសជាតិ។
លើសពីនេះ លោកថា ការប្រើភាសាកំហឹង និងការជេរប្រមាថពីសំណាក់អ្នកមានអំណាច ក៏បង្កើតគំរូអាក្រក់ដល់យុវជន និងកុមារជំនាន់ក្រោយ ដោយអាចធ្វើឱ្យពួកគេយល់ថា ការមើលងាយអ្នកដទៃក្លាយជារឿងធម្មតា។ ដូច្នេះ លោកថា មេដឹកនាំគួរបង្ហាញភាពចាស់ទុំ សេចក្ដីថ្លៃថ្នូរ និងការទទួលខុសត្រូវចំពោះពាក្យសម្ដីរបស់ខ្លួន ដើម្បីលើកកម្ពស់វប្បធម៌នៃការជជែកដេញដោលដោយវិជ្ជាជីវៈ ការគោរពគ្នាទៅវិញទៅមក និងការរក្សាតម្លៃសីលធម៌ក្នុងសង្គម។
លោក សេង វណ្ណលី ថ្លែងថា៖ «ការប្រើប្រាស់ភាសា និងពាក្យមិនសមរម្យនៅលើបណ្តាញសង្គមដោយផ្ទាល់ពីសំណាក់មេដឹកនាំជាន់ខ្ពស់ សំដៅទៅលើអ្នកនយោបាយប្រឆាំង គឺជាទង្វើមួយដែលរងឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងដល់សីលធម៌នៃការដឹកនាំរបស់ឥស្សរជននយោបាយ ដូចជា លោក ហ៊ុន សែន។ ក្នុងនាមជាឥស្សរជនដែលមានអំណាច និងឥទ្ធិពលខ្ពស់ ការប្រើប្រាស់សារដែលមានលក្ខណៈប្រមាថមើលងាយ និងប្រៀបផ្ទឹមមនុស្សទៅនឹងសត្វបែបនេះ បង្ហាញពីការខ្វះខាតនូវសេចក្ដីថ្លៃថ្នូរ និងភាពជាគំរូដែលមេដឹកនាំគប្បីមាននៅក្នុងកិច្ចពិភាក្សាសាធារណៈ»។
ក្រៅពីនេះ លោក សេង វណ្ណលី ក៏បានចែករំលែកសារអប់រំរបស់ លោកស្រី ពេជ ចន្ទមុនី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្លាប់បានលើកឡើងថា៖ «អ្នកខ្វះសីលធម៌ គុណធម៌ និងមេត្តាធម៌ មិនអាចទទួលបានការគោរពពិតប្រាកដពីអ្នកដទៃឡើយ ខណៈការគោរពដែលកើតចេញពីយសស័ក្តិ និងអំណាច នឹងបាត់បង់ទៅវិញ នៅពេលបុគ្គលនោះលែងមានឋានៈ»។
លោកបានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់វប្បធម៌នៃការជជែកដេញដោលក្នុងប្រព័ន្ធប្រជាធិបតេយ្យ មេដឹកនាំគប្បីបង្ហាញនូវភាពចាស់ទុំ សេចក្ដីថ្លៃថ្នូរ និងការទទួលខុសត្រូវខ្ពស់ចំពោះពាក្យសម្ដីជាសាធារណៈ ជំនួសឱ្យការប្រើប្រាស់ភាសាកំហឹង និងការជេរប្រមាថដៃគូនយោបាយ។
មិនខុសពីមតិរបស់អ្នកឃ្លាំមើល បញ្ញវន្តមួយចំនួនក៏សម្ដែងនូវការសោកស្ដាយចំពោះសារជេរប្រមាថរបស់លោក ហ៊ុន សែន។ ក្នុងនោះអ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុងហៃ សរសេរថា លោកខ្លាចតែកម្ពុជាកំពុងតែកសាងសង្គមជេរប្រមាថគ្នាទុកឱ្យជំនាន់ក្រោយៗ។ លោកថា លោកមិនចូលរួមកសាងសង្គមបែបនេះទេ។
ស្របគ្នានេះ អតីតជំនួយការផ្ទាល់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា គឺ លោក មុត ចន្ថា សរសេររំលឹកពីបទបញ្ជាដែល លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាសាធារណៈឱ្យចាត់វិធានការច្បាប់ចំពោះអ្នកជេរប្រមាថតាមបណ្តាញសង្គម។ ដូច្នេះលោកស្នើដល់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ត្រូវចាត់វិធានការករណីនេះ៕









