សារសរសើរលោក ហ៊ុន ម៉ាណែត ក្នុងខួបកំណើតឈានចូល ៥០ ឆ្នាំ ពីសំណាក់លោក ហ៊ុន សែន ក្នុងបរិបទសង្គ្រាមព័ត៌មាន បញ្ហាព្រំដែន រួមទាំងពលរដ្ឋរាប់ម៉ឺនគ្រួសារកំពុងជួបវិបត្តិបំណុលផងនោះ ជំរុញឱ្យអ្នករិះគន់ថាជាសារបែបប្រជាភិថុតិ ដែលការពិតពលរដ្ឋខ្មែរកំពុងរងគ្រោះធ្ងន់ធ្ងរ ឪពុកធ្វើឱ្យបាត់ដីទៅវៀតណាម រីឯកូនធ្វើឱ្យបាត់ដីទៅប្រទេសថៃ។
ក្នុងថ្ងៃខួបកំណើតឈានចូលវ័យ ៥០ ឆ្នាំ នៅថ្ងៃទី២០ ខែតុលានេះ លោក ហ៊ុន សែន បានលើកសរសើរលោក ហ៊ុន ម៉ាណែត តាមរយៈលិខិតមួយថា កូនប្រុសច្បងរបស់លោករូបនេះ ជាមេដឹកនាំដែលមានភាពប៉ិនប្រសព្វ និងមានគតិបណ្ឌិត ក្នុងការរក្សាអធិបតេយ្យភាពជាតិ និងការពារបូរណភាពទឹកដី ខណៈដីខ្មែរជាង ៨០ ទីតាំង កំពុងត្រូវបានថៃគ្រប់គ្រង ហើយកម្ពុជាក្លាយជាសម្បុកឧក្រិដ្ឋជនតាមប្រព័ន្ធបច្ចេកវិទ្យា ពលរដ្ឋជាង ១៧ ម៉ឺនគ្រួសារត្រូវបានរកឃើញថា បានលក់ដីធ្លីផ្ទះសម្បែងដើម្បីសងបំណុល។
លោក ហ៊ុន សែន បានហៅលោក ហ៊ុន ម៉ាណែត ថាគឺជាប្រមុខរដ្ឋាភិបាល ដែលបាននិងកំពុងដឹកនាំជោគវាសនាប្រទេសជាតិដោយទឹកចិត្ត បេះដូង និងការគិតគូរយ៉ាងម៉ត់ចត់ពីប្រជាជាតិកម្ពុជា។ លោកថា លោក ហ៊ុន ម៉ាណែត ពិតជាបានខិតខំប្រឹងប្រែងដោយទឹកចិត្តស្មោះស្ម័គ្រ ក្នុងការថែរក្សាកេរមរតកចាស់ និងបង្កើតសមិទ្ធផលថ្មី ដើម្បីប្រជាជាតិ និងប្រជាជនកម្ពុជាច្រើនជំនាន់តទៅ។
បើតាមលោក ហ៊ុន សែន ក្នុងការរក្សាសន្តិភាព ការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និងសេចក្តីសុខសាន្តចម្រើននៃជាតិនិងប្រជាជន លោក ហ៊ុន ម៉ាណែត បានបង្ហាញភាពប៉ិនប្រសព្វ ក្នុងការទំនាក់ទំនងអន្តរជាតិ ភាពចាស់ទុំនយោបាយ និងគតិបណ្ឌិតប្រតិបត្តិដោយឈរលើស្មារតីសន្តិសហវិជ្ជមាន ដើម្បីភាពសុខដុមរបស់ជាតិ។
ប៉ុន្តែយ៉ាងណាក្តី ក្រុមអ្នកឃ្លាំមើល បានចាត់ទុកសាររបស់លោក ហ៊ុន សែន ថាផ្ទុយស្រឡះពីការពិតទាំងស្រុង ពីព្រោះក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងមកនេះ គ្មានវិស័យណាមួយរីកចម្រើននោះទេ ថែមទាំងធ្វើឱ្យបាត់បង់ដីខ្មែររហូតដល់ ៨៥ ទីតាំង ទៅថៃ។ លើសពីនេះ មន្ត្រីនិងឧកញ៉ាគ្រាក់ៗរបស់គណបក្សប្រជាជន ដូចជាលោក ឡេង ណាវ៉ាត្រា អ្នកស្រី ឡេង ចាន់ណា និងលោក ហ៊ី គឹមហុង ជាដើម បានបង្កើតក្រុមហ៊ុនរកស៊ីបោកប្រាស់លក់ដីខ្យល់ លក់ផ្ទះខ្យល់ ធ្វើឱ្យពលរដ្ឋរាប់ម៉ឺននាក់រងគ្រោះជំពាក់បំណុលវ័ណ្ឌក។
លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានថ្លែងថា គ្មានសម័យណាដែលថៃគឃ្លើនហ៊ានចូលឈ្លានពានយកទឹកដីខ្មែរបានស្រួលៗ ដូចសម័យដែលដឹកនាំដោយលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នេះនោះទេ។
លោកថា៖ «ពីព្រោះយើងឃើញថៃឈ្លានពានទឹកដីខ្មែរស្រេចចិត្ត អត់មានការរារាំងអត់មានការទប់ស្កាត់ផងហ្នឹង! ហើយទឹកដីយើង ៨៥ទីតាំង ដែលថៃគ្រប់គ្រងហ្នឹងគេធ្វើអីស្រេចចិត្ត គេអភិវឌ្ឍន៍លើទីតាំងទាំងអស់ហ្នឹង ដូចជាចែកដីឱ្យពលរដ្ឋគេធ្វើសំណង់រឹង ដូចជាផ្លូវចាក់បេតុងរូបព្រះពុទ្ធបដិមា ដងទង់ជាតិថៃ ដាក់ទូរកុងតឺន័រ ជីកប្រឡាយ ធ្វើរបងព្រំដែនអី អត់មានការរារាំងផងហ្នឹង ហើយក៏អត់មានប្តឹងថៃទៅICJ ឬក៏សហប្រធានកិច្ចព្រមព្រៀងក្រុងប៉ារីសនោះដែរ»។
សម្រាប់លោក អ៊ុំ សំអាន លោក ហ៊ុន ម៉ាណែត ក៏ដឹកនាំប្រទេសតាមបែបផ្តាច់ការដូចលោក ហ៊ុន សែន ដែរ ខណៈបច្ចុប្បន្ននៅមានអ្នកទោសនយោបាយជាង ១០០ នាក់ កំពុងជាប់ឃុំទាំងអយុត្តិធម៌ កម្ពុជាក្លាយទៅជាជង្រុកឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឱ្យកម្ពុជាស្អុយឈ្មោះពេញពិភពលោក។ បន្ថែមពីនេះ លោក ហ៊ុន ម៉ាណែត នៅតែបន្តប្រើប្រាស់ប្រព័ន្ធតុលាការ ធ្វើទុក្ខបុកម្នេញលើអ្នកនយោបាយប្រឆាំង មានដូចជាលោក កឹម សុខា លោក រ៉ុង ឈុន និងលោក ថាច់ សេដ្ឋា ដូចឪពុករបស់លោកផងដែរ។
លោកថា៖ «ហើយនឹងមានវិបត្តិចាក់ស្រេះគ្រប់វិស័យ ប្រជាពលរដ្ឋជំពាក់បំណុលធនាគារវ័ណ្ឌក ចំណាកស្រុកទៅធ្វើការនៅស្រុកគេ អំពើពុករលួយ បក្ខពួកនិយម គ្រួសារនិយម តុលាការមិនឯករាជ្យ ឧកញ៉ាបោកប្រាស់ប្រជាពលរដ្ឋ និងដែលល្បីជាងគេនោះ គឺការឆបោកតាមអនឡាញ គឺល្បីទូទាំងពិភពលោកតែម្តង អាហ្នឹងយើងឃើញជាក់ស្តែងអ៊ីចឹង»។
យ៉ាងណាក្តី ក្នុងនាមជាអ្នកនយោបាយជំនាន់ថ្មីដូចគ្នា លោក អ៊ុំ សំអាន បានជូនពរលោក ហ៊ុន ម៉ាណែត នៅក្នុងថ្ងៃខួបកំណើតឈានចូលវ័យ ៥០ ឆ្នាំនេះ សូមឱ្យមានសុខភាពល្អ បញ្ញាវាងវៃ ធ្វើយ៉ាងណាអាចបង្រួបបង្រួមផ្សះផ្សាជាតិខ្មែរជាមួយរូបលោក និងអ្នកប្រជាធិបតេយ្យដទៃទៀត ដោះលែងអ្នកទោសនយោបាយ ងាកមកផ្លូវប្រជាធិបតេយ្យវិញ ដើម្បីធ្វើឱ្យខ្មែរគ្រប់និន្នាការបានរួបរួមសាមគ្គីគ្នា ទាមទារទឹកដីពីថៃចំនួន ៨៥ ទីតាំង មកវិញ តាមរយៈការប្តឹងថៃទៅកាន់ ICJ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងដើម្បីធ្វើឱ្យខ្មែរខ្លាំងអាចប្រើសិទ្ធិស្វ័យការពារទឹកដីរបស់ខ្លួនឯងបាន។
នៅក្នុងសារបង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី ១៦ ខែតុលា លោក ហ៊ុន ម៉ាណែត បានសរសេរថា កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាល ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិ។ លោកថា មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាប់ ឬបច្ចេកទេសព្រំដែនច្បាស់លាស់ ឬដោយប្រើប្រាស់ឯកសារដែលយកមកពីប្រភពយកជាការមិនបាននោះទេ។
ជាមួយគ្នានេះ នៅក្នុងសារមួយទៅកាន់ លោក អ៊ុំ សំអាន កាលពីថ្ងៃទី១៩ ខែតុលា លោក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលមានកិច្ចការច្រើនទៀត ដើម្បីប្រទេសជាតិ និងប្រជាជន រួមទាំងការងារព្រំដែនជាមួយប្រទេសថៃ នៅក្នុងដំណាក់កាលដែលបញ្ហាព្រំដែននៅមានភាពស្មុគស្មាញ និងមិនទាន់ដោះស្រាយរួច។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានថ្លែងកាលពីថ្ងៃទី១៩ ខែតុលា ដោយដកស្រង់សម្តីលោក ហ៊ុន ម៉ាណែត ដែលបានថ្លែងនៅប្រទេសអាស៊ែបៃហ្សង់ កាលពីថ្ងៃទី១៥ ខែតុលាថា កម្ពុជានៅតែមានក្តីបារម្ភចំពោះស្ថានភាពជាក់ស្តែងនៅតាមតំបន់ដែលកងទ័ពថៃកំពុងកាន់កាប់ ដែលស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជា។
លោកថា៖ «ការខណ្ឌសីមាព្រំដែនតាមរយៈគណៈកម្មការចម្រុះព្រំដែនគោក JBC ដែលជាយន្តការគន្លឹះសម្រាប់ដោះស្រាយវិវាទដោយសន្តិវិធី ដូចមានចែងច្បាស់ក្នុងកិច្ចព្រមព្រៀងកម្ពុជា-ថៃ រួមទាំងសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួ និងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅមិនទាន់អនុវត្តជាក់ស្តែងនៅលើទីតាំងនៅឡើយទេ។ ការយឺតយ៉ាវក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ បានរារាំងប្រជាពលរដ្ឋប្រមាណជា ២ម៉ឺននាក់ ក្នុងការវិលត្រឡប់ទៅផ្ទះសំបែងវិញ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ»។
យ៉ាងណាក្តី សម្រាប់លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានថ្លែងថា ចាប់តាំងពីលោក ហ៊ុន ម៉ាណែត ឡើងដឹកនាំប្រទេសតាមរយៈការលើកបន្តុបពីឪពុករបស់លោក បានបង្ហាញឱ្យឃើញថា លោក ហ៊ុន ម៉ាណែត មានចំណេះដឹងខាងភាសាអង់គ្លេស ដោយអាចនិយាយទៅកាន់ជនបរទេសបាន ដោយពុំមានអ្នកបកប្រែ ដែលខុសពីលោក ហ៊ុន សែន។
ប៉ុន្តែលោក ហ៊ុន សែន មានភាពប៉ិនប្រសព្វជាងលោក ហ៊ុន ម៉ាណែត ក្នុងការដឹកនាំប្រទេស។ យ៉ាងណាក្តី អ្នកឃ្លាំមើលរូបនេះ កត់សម្គាល់ថា ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត គឺបានដឹកនាំប្រទេសតាមបែបផ្តាច់ការដូចគ្នា ដោយចាប់ឃុំខ្លួនអ្នកដែលមានមតិផ្ទុយតាមអំពើចិត្ត។ ការដឹកនាំប្រទេសបែបនេះ ធ្វើឱ្យខ្មែរបន្តបែកបាក់ជាតិ និងចុះខ្សោយ ដែលជាឱកាសសម្រាប់យួន និងសៀម ចូលឈ្លានពានកម្ពុជាដូចដែលបានឃើញបច្ចុប្បន្ន។
លោកថា៖ «នៅពេលគាត់ដឹកនាំប្រទេសធ្វើឱ្យកម្ពុជាដាំក្បាលចុះ ទាំងសេដ្ឋកិច្ច ទាំងទេសចរណ៍ ទាំងវិបត្តិសង្គមជាច្រើន ចាក់ស្រេះដោះស្រាយអត់ចេញ ឃើញជាក់ស្តែងដូចជាការបាត់បង់ភ្ញៀវទេសចរយ៉ាងច្រើនសន្ធឹកសន្ធាប់ បណ្តាលឱ្យមានឧក្រិដ្ឋកម្មឆបោកអនឡាញពេញប្រទេស ពួកអ្នកមានអំណាចពួកឧកញ៉ាឆបោកពេញប្រទេស ពលរដ្ឋរងគ្រោះគ្រប់ទីកន្លែង ហើយជាពិសេសចុងក្រោយហ្នឹង គឺនាំឱ្យមានការឈ្លានពានពីប្រទេសថៃយ៉ាងសន្ធឹកសន្ធាប់ មកដល់បច្ចុប្បន្ន មិនទាន់ធ្វើអីថៃបាននៅឡើយទេ»។
បើតាមលោក ម៉ែន ណាត នៅពេលមានបទឈប់បាញ់លើកទី ២ កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០២៥ កម្ពុជាបានបាត់បង់ទឹកដីទៅថៃចំនួន ១៤ ទីតាំង ប៉ុន្តែរហូតមកដល់ពេលនេះ ថៃបានពង្រីកការឈ្លានពានចូលក្នុងដីខ្មែរកាន់តែជ្រៅរហូតដល់ ៨៥ ទីតាំងហើយ។ ថៃបានចូលវាទទីយកដីខ្មែរបានដោយស្រួលៗ ដោយពុំមានការផ្ទុះអាវុធ។ ដោយសារតែហេតុដូច្នេះហើយ លោក ម៉ែន ណាត ជឿថា ប្រជាពលរដ្ឋខ្មែរនៅពាសពេញពិភពលោក មិនមានអ្នកណាសរសើរលោក ហ៊ុន ម៉ាណែត ដូចលោក ហ៊ុន សែន នោះទេ ពីព្រោះក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត មិនត្រឹមតែបានធ្វើឱ្យកម្ពុជា កើតមានវិបត្តិ និងអន់ថយគ្រប់វិស័យប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យបាត់បង់ដីដល់ ៨៥ ទីតាំង មានទំហំរាប់រយគីឡូម៉ែត្រការ៉េ។
លោកថា៖ «ពីព្រោះបើនិយាយពីទឹកដីខ្មែររាល់ថ្ងៃហ្នឹង គឺត្រូវបានសៀមឈ្លានពានយ៉ាងឱឡារិក ហើយលោកហ៊ុន ម៉ាណែត គ្មានវិធានការអីម៉ើងម៉ាត់ ក្នុងការចាត់វិធានការទប់ស្កាត់ថៃផង ប្តឹងថៃទៅតុលាការអន្តរជាតិក៏មិនប្តឹង ការទូតក៏មិនចំណាប់ ឃើញទេ? ចំណែកលោកហ៊ុន សែន កាលគាត់ដឹកនាំគាត់ធ្វើឱ្យបាត់ដីទៅយួន ដល់តែលោកហ៊ុន ម៉ាណែត ដឹកនាំធ្វើឱ្យបាត់ដីទៅសៀម វាក្លាយទៅជាឪពុកឱ្យដីទៅយួន កូនឱ្យដីទៅសៀម វាក្លាយទៅជាពាក្យស្លោកទៅហើយ»។
អ្នកឃ្លាំមើល កត់សម្គាល់ទៀតថា លោក ហ៊ុន ម៉ាណែត ក៏មិនមានភាពប៉ិនប្រសព្វអ្វីក្នុងការដឹកនាំប្រទេស ដូចការលើកឡើងរបស់លោក ហ៊ុន សែន នោះដែរ ខណៈថៃចូលមកគ្រប់គ្រងទឹកដីកម្ពុជាជាង ៨០ ទីតាំងជិត ១ ឆ្នាំមកហើយនេះ គេពុំឃើញប្រទេសណាមួយ ជាពិសេសចិនដែលជាមិត្តដែកថែបរបស់កម្ពុជា និងវៀតណាមដែលជាមិត្តម៉ឺនឆ្នាំរបស់កម្ពុជា ចេញលិខិតថ្កោលទោសថៃនោះឡើយ៕









