អាជ្ញាធរ​​ខេត្ត​​មណ្ឌល​គិរី​​ត្រៀម​​ដក​ហូត​​​ព្រៃ​​​ជំនឿ​​សហគមន៍​ ៣​ភូមិ​ ដើម្បី​​​បើក​ផ្លូវ​​ឱ្យ​​ក្រុម​ហ៊ុន​​ឯកជន

សហគមន៍​​ជន​ជាតិ​​ដើម​​ភាគ​តិច​​ជាង​ ៦០០ ​គ្រួសារ​ រស់​នៅ​​ភូមិ​​ពូទឺត​ ភូមិ​​ពូរាំង​ និង​​ភូមិ​​ប៊ូស្រា​ ឃុំ​​ប៊ូស្រា​ ស្រុក​​ពេជ្រាដា​ ឱ្យ​​ដឹង​​នៅ​​ថ្ងៃ​ទី​​២០​ ខែតុលា​ថា​ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ​មិន​ទទួលយក​សំណូមពរ​របស់​តំណាង​​សហគមន៍​ ដែល​​​ស្នើ​ឱ្យ​ក្រុមហ៊ុន​​អ៊ីសាន​ (EYSAN ECO ZONE Co., Ltd.) បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​ជំនឿ​ ដី​ចម្ការ​វិលជុំ​ ព្រៃ​​កប់​​សព​ និង​ដី​ព្រៃ​អាស្រ័យ​ផល​របស់​ពួកគាត់​ឡើយ​។

សមាជិក​សហគមន៍​ លោក​ ស្រួច​ ប៊ី​ ខកចិត្ត​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ដែល​​មិន​ទទួលយក​ក្តី​កង្វល់​រួម​របស់​សហគមន៍​។ លោក​ថា​ មកទល់​ពេលនេះ​ ក្រុមហ៊ុន​អ៊ីសាន​ បន្ត​ឈូសឆាយ​ដី​ចម្ការ​ប្តូរវេន​ ដំណាំ​ តំបន់​​ព្រៃ​តំណម​ ព្រៃ​​កប់​​សព​ ទីតាំង​​ចិញ្ចឹម​​សត្វ​ពាហនៈ​ ធ្វើឱ្យ​បាត់បង់​ប្រភព​ទឹក​សាត​ត្រី​ដ៏​សំខាន់​របស់​​ពួកគាត់​។

លោក​ ស្រួច​ ប៊ី និយាយថា​៖ «រយៈ​ពេល ៧ ថ្ងៃ ត្រូវ​ដក​ចេញ​ផ្ទះ​របស់​សហគមន៍​​ហ្នឹង ហើយ​នឹង​ចាក់​ចេញ​ពី​ដី​របស់​ពួក​គាត់​ដែល​ត្រូវ​ក្រុម​ហ៊ុន​ឈូស​ឆាយ។ មាន​ចម្ការ​មួយ​ចំនួន​នៅ​កន្លែង​ប៉ះ​ពាល់​ហ្នឹង កំពុង​តែ​ដាំ​ដុះ​ដំណាំ​ដូច​ជា​ស្រូវ ដូច​​ជា​​ពោត​អី​​ជា​ដើម។ ចម្ការ​របស់​ពួក​គាត់ ដាំ​ដំឡូង​ដាំ​អី​ គឺ​គាត់​មិនសូវ​បាន​សង់​ជា​ខ្ទម សង់​ជា​អី​ទេ​អញ្ចឹង​បង»។

នៅ​ថ្ងៃទី​​២០​ ខែតុលា​នេះ​ អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​ ដឹកនាំ​ដោយ​អភិបាលរង​ខេត្ត​ លោក​ ជាក់​ ម៉េងហ៊ាង​ បាន​​ជួប​ប្រជុំ​ជាមួយ​តំណាង​សហគមន៍​ ៩​ នាក់​ នៅ​សាលាស្រុក​ពេជ្រាដា​។ នៅក្នុង​កិច្ចប្រជុំ​នោះ​ ប្រជា​សហគមន៍​​ស្នើ​នៅ​ចំពោះ​​មុខ​អភិបាលរង​ខេត្ត​រូបនេះ​ ឱ្យ​ផ្អាក​សកម្មភាព​ឈូសឆាយ​ព្រៃ​ ដី​ចម្ការ​ ដំណាំ​ តំបន់​​ព្រៃ​​តំណម​ ព្រៃ​កប់​​សព​ និង​​តំបន់​​ប្រមូល​ផល​អនុផល​ព្រៃឈើ​ ក៏ប៉ុន្តែ​អភិបាលរង​ខេត្ត​រូបនេះ​បាន​បដិសេធ​​សំណើ​របស់​ពួកគាត់​។

វីអូឌី ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿងនេះ ​ពី​អភិបាលរង​ខេត្ត​មណ្ឌលគិរី​ លោក​ ជាក់​ ម៉េងហ៊ាង​ បាន​នៅ​ឡើយ​​ទេ​ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។

តែ​យ៉ាងណា​ អភិបាលរង​ខេត្ត​រូបនេះ ​បាន​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​នា​ថ្ងៃ​ដដែល​នេះ​ ដោយ​ប្រាប់​សហគមន៍​ថា​ អ្នក​ភូមិ​ត្រូវ​​រុះរើ​ទីស្នាក់ការ​សហគមន៍​ចេញពី​ដី​ដែល​កំពុង​មាន​ជម្លោះ​នេះ​ ដោយ​ទុកពេល​ ៧​ ថ្ងៃ​ ដោយ​លើក​​ហេតុ​ផល​​ថា​ ដី​​នៅ​​​តំបន់​​​នោះ​ រដ្ឋាភិបាល​បាន​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​អ៊ីសាន​។

ឯកសារ​ដែល​វីអូឌី​ទទួលបាន​ បង្ហាញថា​ ក្រុមហ៊ុន​អ៊ីសាន​ (EYSAN ECO Zone Co., Ltd.) ទទួលបាន​សិទ្ធិ​​វិនិយោគ​ពីរដ្ឋាភិបាល​​លើ​ផ្ទៃដី​ជាង​ ២​ ពាន់​ ៤​ រយ​ហិកតា​ (២៤៩៧) កាលពី​ឆ្នាំ​ ២០២៥​ ដើម្បី​វិនិយោគ​​ដំណាំ​​កាហ្វេ​ នៅ​ជាប់​ព្រំដែន​​​កម្ពុជា-វៀតណាម​។ សហគមន៍​ឱ្យ​ដឹង​ថា​ ក្រុមហ៊ុន​នេះ​ជា​របស់​ឧកញ៉ា​ម្នាក់​ ដែល​​អ្នកស្រុក​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា​ ឧកញ៉ា​ លក្ខ​។

ទោះជា​យ៉ាងណា​ ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​នេះ​ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុកថា​ ផ្ទុយ​ពី​បម្រាម​របស់​រដ្ឋាភិបាល​ ឬ​បទ​​បញ្ជា​​​លេខ​ ០១​ ចុះ​ថ្ងៃទី​ ០៧​ ខែមីនា​ ឆ្នាំ​ ២០១២​ ស្តីពី​ «វិធានការ​ពង្រឹង​ការ​គ្រប់គ្រង​ដី​សម្ប​ទាន​​សេដ្ឋ​កិច្ច​» ដោយ​ត្រូវ​​​ផ្អាក​​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ថ្មី​ដល់​ក្រុមហ៊ុន​ឯកជន​ជា​បណ្តោះអាសន្ន​។ ត្រូវ​​ដក​ហូត​ និង​ហាមឃាត់​មិន​ឱ្យ​ក្រុម​​ហ៊ុន​​​កាប់​​ឈើ​ ហើយ​ក្រុមហ៊ុន​ណា​ដែល​ល្មើស​ ឬ​ផ្ទេរ​សិទ្ធិ​ដោយ​ខុសច្បាប់​ នឹង​​ត្រូវ​ដកហូត​ដី​ត្រឡប់មកវិញ​។

អនុប្រធាន​ផ្នែក​សិទ្ធិមនុស្ស​ ដីធ្លី​ និង​ធនធានធម្មជាតិ​ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​​(ADHOC) លោក​ យិន​ ម៉េងលី​ យល់ថា​ សំណូម​ពរ​របស់​សហគមន៍​ អាជ្ញាធរ​គប្បី​យកចិត្តទុកដាក់​ដោះស្រាយ​ ដើម្បី​បង្កើន​​ការ​ទុកចិត្ត​រវាង​​អាជ្ញាធរ​និង​ពលរដ្ឋ​។ លោក​ថា​ បើ​អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​រៀបចំ​ពិធីបុណ្យ​សែនព្រេន​ នោះ​គឺជា​ការ​ចូល​រួម​​លុប​បំបាត់​​អត្តសញ្ញាណ​​ជនជាតិ​ដើម​ភាគតិច​។

លោកថា៖ «អាជ្ញាធរមិនអាចបោះបង់ប្រជាពលរដ្ឋចោលបានទេ បាទ ហើយ​ជា​ពិសេស​គឺ​ប្រជា​ពលរដ្ឋ​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​ជា​ម្ចាស់​ស្រុក។ យើង​មាន​ច្បាប់​ជា​ច្រើន​ដែល​គាំទ្រ​ទៅដ​ល់ បាទ ជន​ជាតិ​ដើម​ភាគ​តិច​នេះ។ សំណូម​ពរ​ប៉ុណ្ណឹង​ដូច​ជា​មិន​មាន​អ្វី​ជា​ធ្ងន់​ធ្ងរ​ទេ អញ្ចឹង​គប្បី​តែ​អនុ​ញ្ញាត​ឱ្យគា​ត់​រៀប​ចំ​ពិធី​បុណ្យ​សែន​ព្រេន​របស់​គាត់​សិន​ទៅ បាទ»។

ចាប់តាំងពី​ខែកក្កដា​ ឆ្នាំ​​២០២៦​ មកទល់​ពេលនេះ​ ប្រជា​សហគមន៍​តែងតែ​លើកគ្នា​តវ៉ា​ និង​ដាក់​លិខិត​ស្នើសុំ​​កិច្ច​អន្តរាគមន៍​ជាច្រើន​ដង​ ដើម្បី​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី​​ ​បញ្ឈប់​សកម្មភាព​ឈូសឆាយ​ពី​សំណាក់​​​ក្រុម​ហ៊ុន​អ៊ីសាន​​នៅ​តំបន់​ទាំងនេះ​ ដើម្បី​រក្សា​សន្តិសុខ​ស្បៀង​ វប្បធម៌​ និង​ការរស់នៅ​ដោយ​សុខសាន្ត​​របស់​សហគមន៍​។

ប៉ុន្តែ​សំណូមពរ​របស់​ពួកគាត់​ មិនត្រឹមតែ​គ្មាន​ដំណោះស្រាយ​ទេ​ ឯ​សកម្មភាព​ឈូសឆាយ​ព្រៃ​កាន់តែ​រាលដាល​​ធំ​ឡើង​​អស់​​ជា​ង​ ៤០០​ ហិកតា​ នៅក្នុង​រយៈពេល​ជិត​ ៣​ ខែ​កន្លងទៅ​នេះ​។

អនុក្រឹត្យ​លេខ​ ១៤៦​ ចុះ​ថ្ងៃទី​​២៧​ ខែធ្នូ​ ឆ្នាំ​​២០០៥​ ស្តីពី​ «ដី​សម្បទាន​សេដ្ឋកិច្ច​» ចែងថា​ មិន​អនុញ្ញាត​ឱ្យ​​ផ្តល់​​ដី​​សម្ប​ទាន​​​សេដ្ឋ​កិច្ច​ រួម​មាន​ ដី​​​ដែល​​មិន​ទាន់​​បាន​​ចុះ​បញ្ជី​ជា​ដី​ឯកជន​របស់​រដ្ឋ​ ដី​ដែល​មិនទាន់​មាន​ការ​វាយ​តម្លៃ​ផលប៉ះពាល់​​បរិស្ថាន​ និង​សង្គម​ (ESIA) រួចរាល់​ និង​ដី​ដែលមាន​ទំនាស់​ ឬ​មាន​ការទាមទារ​ពី​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​មិនទាន់​បាន​​ដោះ​ស្រាយ​ ព្រមទាំង​ដី​ប្រឈម​នឹង​ការប៉ះពាល់​ទីសក្ការបូជា​ ឬ​ដី​អាស្រ័យ​ផល​របស់​ពលរដ្ឋ​មូលដ្ឋាន​ឡើយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ