អត្រាគាំទ្ររបស់ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាន ខណៈដែលប្រជាជនអាមេរិកព្រួយបារម្ភអំពីតម្លៃប្រេងសាំងឡើងថ្លៃ ហើយហាក់ដូចជាត្រៀមខ្លួនជាស្រេចក្នុងការដាក់ទោសគណបក្សសាធារណរដ្ឋរបស់លោក នៅក្នុងការបោះឆ្នោតសភា នាថ្ងៃទី៣ ខែវិច្ឆិកាខាងមុខ។ នេះបើយោងតាមការស្ទង់មតិរបស់ Reuters/Ipsos ដែលបានបញ្ចប់កាលពីថ្ងៃទី១៩ ខែតុលា។
ការស្ទង់មតិរយៈពេល ៤ ថ្ងៃ បានបង្ហាញថា ប្រជាជនអាមេរិកប្រហែល ៣១% ពេញចិត្តនឹងប្រតិបត្តិការងាររបស់លោក ត្រាំ នៅក្នុងតំណែង ដែលបានធ្លាក់ចុះ ១ ភាគរយ បើប្រៀបធៀបទៅនឹងពីរខែមុន ហើយវាជាកម្រិតទាបបំផុតនៅក្នុងអាណត្តិប្រធានាធិបតីទាំងពីររបស់លោក។
នៅពេលសួរថា តើពួកគេនឹងបោះឆ្នោតឱ្យគណបក្សណាមួយ ប្រសិនបើការបោះឆ្នោតសភាត្រូវធ្វើឡើងនៅថ្ងៃនេះ នៅក្នុងសំណួរដែលគេស្គាល់ថាជា “ការបោះឆ្នោតទូទៅ” (generic ballot) ម្ចាស់ឆ្នោតដែលបានចុះឈ្មោះប្រហែល ៤៧% នៅក្នុងការស្ទង់មតិទូទាំងប្រទេស បានជ្រើសរើសគណបក្សប្រជាធិបតេយ្យ ហើយ ៣៥% បានជ្រើសរើសគណបក្សសាធារណរដ្ឋ។ គម្លាតនាំមុខ ១២ ភាគរយ របស់គណបក្សប្រជាធិបតេយ្យ គឺជាគម្លាតដ៏ធំបំផុតនៅក្នុងវដ្តនៃការបោះឆ្នោតបច្ចុប្បន្ន ហើយអាចពង្រឹងសង្ឃឹមរបស់គណបក្សប្រជាធិបតេយ្យ ក្នុងការដណ្តើមយកការគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាសហរដ្ឋអាមេរិក។
ការស្ទង់មតិរបស់ Reuters/Ipsos កាលពី២ខែមុន បង្ហាញថា គណបក្សប្រជាធិបតេយ្យកំពុងនាំមុខគណបក្សសាធារណរដ្ឋ ៧ ភាគរយ គឺ ៤៤% ទល់នឹង ៣៧%។
ការធ្លាក់ចុះនៃការគាំទ្រភាគច្រើនលើបេក្ខជនសភាមកពីគណបក្សសាធារណរដ្ឋ គឺដោយសារតែស្ត្រីកាន់តែច្រើនបាននិយាយថា ពួកគេនឹងជ្រើសរើសគណបក្សប្រជាធិបតេយ្យ។ ម្ចាស់ឆ្នោតជាស្ត្រីប្រហែល ៥០% បាននិយាយថា ពួកគេនឹងបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យ បើប្រៀបធៀបទៅនឹង ៣២% ដែលសម្លឹងមើលបេក្ខជនគណបក្សសាធារណរដ្ឋ។ បុរសក៏គាំទ្រគណបក្សប្រជាធិបតេយ្យដែរ ប៉ុន្តែក្នុងគម្លាតតូចជាង។
ប្រជាប្រិយភាពរបស់លោក ត្រាំ បានរងការប៉ះពាល់ ចាប់តាំងពីលោកបានបញ្ជាឱ្យមានការវាយប្រហារផ្លូវយោធាលើប្រទេសអ៊ីរ៉ង់កាលពីខែកុម្ភៈ រួមជាមួយអ៊ីស្រាអែល ដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។ សង្គ្រាមនេះបានបង្កឱ្យមានការកើនឡើងភ្លាមៗនៃតម្លៃប្រេងសាំង ដែលប៉ះពាល់ដល់ហិរញ្ញវត្ថុគ្រួសារ។ ប្រជាជនអាមេរិកប្រហែល ៦៨% មិនពេញចិត្តនឹងការគ្រប់គ្រងសេដ្ឋកិច្ចរបស់លោក ត្រាំ ទេ រួមទាំង ៣៧% នៃអ្នកដែលចាត់ទុកខ្លួនឯងជាសមាជិកគណបក្សសាធារណរដ្ឋផងដែរ។
អ្នកបោះឆ្នោតនៅក្នុងការស្ទង់មតិ បានជ្រើសរើសគណបក្សប្រជាធិបតេយ្យ លើសគណបក្សសាធារណរដ្ឋ ថាជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចបានល្អជាង ក្នុងរង្វង់ ៤០% ទល់នឹង ៣៣%។
ការស្ទង់មតិនេះ ដែលត្រូវបានធ្វើឡើងតាមអនឡាញ បានប្រមូលចម្លើយពីមនុស្សពេញវ័យអាមេរិកចំនួន ១,៦៧៩ នាក់ រួមទាំងម្ចាស់ឆ្នោតដែលបានចុះឈ្មោះចំនួន ១,២៧៩ នាក់។ លទ្ធផលនៃការស្ទង់មតិនេះមានកម្រិតលំអៀង (margin of error) ២ ភាគរយ សម្រាប់អ្នកឆ្លើយសំណួរទាំងអស់ និង ៣ ភាគរយ សម្រាប់ម្ចាស់ឆ្នោតដែលបានចុះឈ្មោះ៕









