រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហាក់បន្តតាមអង្វរថៃឱ្យចូលតុចរចា និងស្តារទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញ ប៉ុន្តែហាក់មិនសូវយកចិត្តទុកដាក់ក្នុងការប្ដឹងថៃ និងមិនឃើញធ្វើទំនើបកម្មវិស័យយោធាជាដុំកំភួន ដើម្បីត្រៀមខ្លួនការពារទឹកដីពីការឈ្លានពានរបស់ថៃនោះឡើយ ខណៈថៃមិនត្រឹមតែធ្វើមិនអើពើនឹងសំណើរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅតែបន្តសម្រុករុលចូលទឹកដីខ្មែរបន្ថែមទៀត និងបន្តសាងសង់សំណង់រឹងលើដីខ្មែរជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មក។
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ថ្លែងថា កម្ពុជាត្រូវការពារជាដាច់ខាតនូវអធិបតេយ្យភាព បូរណភាពទឹកដី និងបដិសេធមិនទទួលស្គាល់ការកាន់កាប់របស់យោធាថៃនៅលើដីកម្ពុជា ជាពិសេសការកាន់កាប់ភូមិទាំងឡាយរបស់ប្រជាជនកម្ពុជានោះឡើយ។
លោកថា៖ «យើងទាមទារឱ្យប្រជាជនកម្ពុជាជាង ២ម៉ឺននាក់ របស់យើង មានសិទ្ធិវិលត្រឡប់ទៅទៅកាន់គេហឋានរបស់ខ្លួនវិញ ទៅកាន់ទឹកដីរបស់ខ្លួនវិញដោយគ្មានការរារាំង។ ទាំងអស់នេះត្រូវបានចែងនៅក្នុងកិច្ចព្រមព្រៀងកន្លងទៅ ជាពិសេសនៅក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ប៉ុន្តែមិនត្រូវបានអនុវត្ត គណៈកម្មាការក៏ទទួលស្គាល់ថាកិច្ចព្រមព្រៀងទាំងអស់ហ្នុង មិនទាន់ត្រូវបានអនុវត្តទាំងស្រុងនៅឡើយទេ»។
លោករដ្ឋមន្ត្រីការបរទេស បានថ្លែងបែបនេះនៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សារវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ (UNCLOS) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា នៅទីក្រុងឡាអេ ប្រទេសហូឡង់។
លោកបន្តថា នៅពេលដែលគណៈកម្មការផ្សះផ្សារបស់ UNCLOS យល់ពីបញ្ហាទាំងអស់នេះ បានផ្តល់សិទ្ធិឱ្យកម្ពុជាបន្តនិយាយការពិតទៅកាន់ពិភពលោក ព្រោះកន្លងទៅភាគីថៃតែងតែរារាំងមិនឱ្យកម្ពុជានិយាយការពិតទៅកាន់វេទិកាអន្តរជាតិថា ថៃឈ្លានពានកម្ពុជានោះទេ។
លោកថា៖ «ហើយបើសិនជាយើងនៅចាំបានសន្ទរកថានៅក្នុងសេចក្តីប្រកាសបើករបស់ភាគីថៃ គាត់ចោទប្រកាន់កម្ពុជាថា យើងជាអ្នកដើរតួជាអ្នករងគ្រោះ! ហើយខ្ញុំក៏សូមឆ្លៀតឱកាសនេះ ដើម្បីឆ្លើយតបទៅវិញយ៉ាងសាមញ្ញថា កម្ពុជាមិនមានការចាំបាច់ក្នុងការដើរតួជាអ្នករងគ្រោះទេ ពីព្រោះយើងជាអ្នករងគ្រោះស្រាប់ទៅហើយ ខ្ញុំសូមបញ្ជាក់បញ្ហានេះនៅត្រង់នេះ»។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីការបរទេស បានជំរុញឱ្យភាគីថៃអនុវត្តកិច្ចព្រមព្រៀងស្តារកម្រិតតំណាងការទូតរវាងប្រទេសទាំងពីរឡើងវិញ ដោយលើកឡើងថា ការទូត និងការសន្ទនាជាមធ្យោបាយសំខាន់សម្រាប់ដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ជំនួសឱ្យការប្រើប្រាស់កម្លាំងយោធា ខណៈបច្ចុប្បន្នទំនាក់ទំនងការទូតរវាងប្រទេសជិតខាងទាំងពីរ ត្រូវបានទម្លាក់មកនៅត្រឹមកម្រិតលេខាទី២។
យ៉ាងណាក្ដី ក្រុមអ្នកឃ្លាំមើលដែលមិនចំណុះរដ្ឋាភិបាល បានចាត់ទុកការថ្លែងរបស់លោក ប្រាក់ សុខុន នេះថា ធ្វើឡើងដើម្បីស្អំចិត្តពលរដ្ឋកុំឱ្យឈឺចាប់រឿងបាត់ដី ដែលជាការបិទបាំងកំហុសរបស់មេដឹកនាំកម្ពុជា ខណៈអ្វីដែលជាចំណុចគន្លឹះក្នុងការទាមទារដីពីថៃមកវិញ និងទប់ស្កាត់ការឈ្លានពានបន្ថែមទៀតពីសំណាក់ភាគីថៃ ដូចជាការប្ដឹងថៃទៅតុលាការអន្តរជាតិ និងប្ដឹងទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមទាំងការធ្វើទំនើបកម្មកងទ័ពដើម្បីប្រើសិទ្ធិស្វ័យការពារលើដីជាក់ស្ដែង បែរជាមិនធ្វើទៅវិញ។
លោក អ៊ុំ សំអាន អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានថ្លែងថា ការជំរុញឱ្យមានទំនាក់ទំនងការទូតឡើងវិញជាមួយថៃ គឺជារឿងល្អ ក៏ប៉ុន្តែការបន្តទទូចឱ្យភាគីថៃចូលតុចរចាដោះស្រាយបញ្ហាព្រំដែន គឺភាគីថៃមិនព្រមនោះទេ ព្រោះថៃបានយកលេសរឿងកម្ពុជាប្ដឹងថៃតាមរយៈយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមអនុសញ្ញា UNCLOS។
ក្នុងស្ថានភាពបច្ចុប្បន្នដែលយោធាថៃនៅតែបន្តរុលចូលដណ្ដើមកាន់កាប់ទឹកដីកម្ពុជា និងនៅតែសម្រុកសាងសង់សំណង់រឹងលើដីកម្ពុជា ដូចជាធ្វើផ្លូវបេតុង សាងសង់របងព្រំដែនបេតុង ជីកប្រឡាយ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដើម្បីកែប្រែដីខ្មែរឱ្យទៅជាដីថៃ លោក អ៊ុំ សំអាន ជំរុញឱ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចាំបាច់ត្រូវប្រើសិទ្ធិស្វ័យការពារ និងត្រូវប្រញាប់ប្ដឹងថៃទៅ ICJ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ទើបអាចដោះស្រាយការឈ្លានពានទឹកដីពីសំណាក់ប្រទេសថៃបាន។
លោកថា៖ «ដើម្បីអាចប្រើសិទ្ធិស្វ័យការពារទប់ស្កាត់ថៃ មិនឱ្យឈ្លានពានបាន ធ្វើម៉េចត្រូវពង្រឹងវិស័យយោធា ធ្វើម៉េចផ្គត់ផ្គង់យោធាឱ្យមានការហូបចុកគ្រប់គ្រាន់ មានសព្វាវុធទំនើប កាត់បន្ថយអំពើពុករលួយ បក្ខពួកនិយមគ្រួសារនិយម។ នៅក្នុងរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត សព្វថ្ងៃដែលចេះតែគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ អាហ្នឹងយើងឃើញថា គួរតែលុបបំបាត់បញ្ហាហ្នឹងចេញ បើមិនអ៊ីចឹងទេគឺមិនអាចមានលុយគ្រប់គ្រាន់ពង្រឹងវិស័យយោធានោះទេ»។
ចំណែកលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏យល់ស្របឱ្យរដ្ឋាភិបាលកម្ពុជា និងថៃស្តារទំនាក់ទំនងការទូតឡើងវិញផងដែរ ក៏ប៉ុន្តែលោកលើកឡើងថា ភាគីថៃមិនចង់ស្តារទំនាក់ទំនងការទូតជាមួយកម្ពុជាឡើងវិញឡើយ ដោយថៃចោទថា កម្ពុជាបានរំលោភបំពានថៃ ចល័តទ័ពតាមព្រំដែន គំរាមកំហែងដល់កងទ័ពថៃ ថែមទាំងប្រកាសមិនទទួលស្គាល់ផែនទីរបស់អាណានិគមបារាំងខ្នាត ១លើ ២០០ពាន់ ទៀតផង។
លោកថា៖ «អ៊ីចឹងហើយបានជាយើងធ្វើកិច្ចការព្រំដែនហ្នឹង យើងឃើញថាចំណុចខ្លាំងរបស់កម្ពុជានៅលើច្បាប់អន្តរជាតិ ហើយកម្ពុជាត្រូវប្រើច្បាប់អន្តរជាតិហ្នឹងជាសម្ពាធដល់ថៃ គឺតាមរយៈការប្តឹងថៃទៅតុលាការអន្តរជាតិ និងតាមរយៈការស្តារមុខមាត់កម្ពុជាឡើងវិញ អាចមានទឹកមាត់ប្រៃជជែកជាមួយសហគមន៍អន្តរជាតិ។ ហើយមួយទៀត មិនឱ្យថៃរុលចូលមកថែម ពីព្រោះថៃគេចេះតែព្យាយាមរុលចូលដីខ្មែរហើយបង្ខំឱ្យខ្មែរចរចាបោះបង្គោលព្រំដែននៅកន្លែងគេឈ្លានពានថ្មីហ្នឹង»។
បើតាមអ្នកជំនាញកិច្ចការព្រំដែនរូបនេះ ថៃបង្ខំឱ្យកម្ពុជាទទួលយកខ្សែព្រំដែនទៅតាមការចង់បានរបស់ថៃ ខណៈបច្ចុប្បន្នថៃបានឈ្លានពានចូលមកក្នុងដីខ្មែរជ្រៅហួសឆ្ងាយពីផែនទីខ្នាត ១លើ ៥០ពាន់ របស់ថៃ ដែលលោក ហ៊ុន សែន ហៅថាជា «ផែនទីចោរ» នោះទៅទៀត។
សម្រាប់លោក ម៉ែន ណាត ការលើកឡើងរបស់លោក ប្រាក់ សុខុន ដែលអង្វរឱ្យថៃដែលជាភាគីឈ្លានពានចូលតុចរចា គឺបានបង្ហាញនូវចំណុចខ្សោយធ្ងន់ធ្ងររបស់កម្ពុជា។ លោកចោទសួរថា តើរដ្ឋមន្ត្រីការបរទេសកម្ពុជាមានបំណងកាត់កងទឹកដីខ្មែរតាមថៃចង់បាន ដូចដែលលោក ហ៊ុន ម៉ាណែត បានលើកឡើងកាលពីពេលថ្មីៗនេះថា កន្លែងខ្លះកម្ពុជាយើងចូលដីថៃ កន្លែងខ្លះថៃចូលដីយើង ដែលត្រូវកាត់កងគ្នា ឬយ៉ាងណា ទើបចេះតែបន្តអង្វរថៃឱ្យចូលតុចរចា ប៉ុន្តែបែរជាមិនព្រមប្ដឹងថៃទៅវិញ?
លោកថា៖ «យើងឱ្យយោបល់ទៅរដ្ឋាភិបាលមិនអាចទៅអង្វរកថៃឱ្យចូលតុចរចា រួចកាត់កងទឹកដីតាម ការចង់បានរបស់ថៃបានទេ រឿងនេះត្រូវតែដោះស្រាយតាមយន្តការច្បាប់អន្តរជាតិ រួមទាំងត្រូវប្តឹងថៃទៅតុលាការអន្តរជាតិ ហើយត្រូវធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហ្នឹងត្រូវតែមានគំនិតឯកភាពជាតិ ហៅខ្មែរគ្រប់ទិសទីមកឯកភាពជាតិ មិនមែនមកឯកភាពបក្សជាមួយបក្សកាន់អំណាចទេ គឺឯកភាពជាតិ ធ្វើការរួមគ្នាកសាងកិត្យានុភាពជាតិឡើងវិញ ដើម្បីដោះស្រាយបញ្ហាហ្នឹង»។
អ្នកឃ្លាំមើលរូបនេះ កត់សម្គាល់ថា ចាប់តាំងពីថៃបើកការឈ្លានពានកម្ពុជាចំនួន ២លើក អស់រយៈពេលជាងមួយឆ្នាំកន្លងមកនេះ គេពុំទាន់ឃើញរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើកំណែទម្រង់អ្វីធំដុំគួរឱ្យកត់សម្គាល់ទៅលើវិស័យយោធា ដោយបំពាក់សព្វាវុធទំនើបដល់កងទ័ព ឬក៏ធ្វើឱ្យជីវភាពកងទ័ព និងក្រុមគ្រួសាររបស់ពួកគេបានប្រសើរអ្វីនៅឡើយទេ។
បន្ថែមពីនេះ គេក៏មិនឃើញមានការលុបបំបាត់អំពើពុករលួយ ដែលកើតឡើងជាប្រព័ន្ធដុះស្លែរាប់សិបឆ្នាំមកហើយនៅក្នុងជួរកងទ័ព និងនៅក្នុងរដ្ឋាភិបាលក្បាលធំរបស់លោក ហ៊ុន ម៉ាណែត នោះដែរ ធ្វើឱ្យមានការចោទសួរថា តើកម្ពុជាអាចខ្លាំងបាន អាចមានសមត្ថភាពទាមទារទឹកដីពីថៃមកវិញ និងការពារទឹកដីរបស់ខ្លួនបានយ៉ាងដូចម្ដេច បើកងទ័ពនៅតែបន្តរស់នៅក្នុងជីវភាពក្រលំបាកដ៏គួរឱ្យសង្វេគ គ្មានអាហារហូបចុកគ្រប់គ្រាន់ សម្លៀកបំពាក់រយីករយាកមិនសមជាកងទ័ពរបស់ជាតិ ថែមទាំងពុំមានសព្វាវុធទំនើបប្រើប្រាស់ដើម្បីការពារខ្លួន និងការពារទឹកដីពីសត្រូវឈ្លានពាន៕









