ប្រជា​សហគមន៍​ជន​ជាតិ​​ដើម​​ខេត្ត​​ព្រះ​វិហារ​​ត្រូវ​​តុលាការ​​កោះ​​ហៅ​​ក្រោយ​​តវ៉ា​​ការ​ពារ​​ដី​​ព្រៃ​​ជំនឿ

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ៣​នាក់​នៅ​ខេត្ត​ព្រះវិហារ​ ក្នុង​ចំណោម​​ពលរដ្ឋ​ ៣០០​​គ្រួសារ​ ដែល​​បាន​​តវ៉ា​​ជំទាស់​​នឹង​​សកម្ម​ភាព​​ឈូស​​ឆាយ​​ព្រៃ​​ជំនឿ​​ទំហំ​ ១​ពាន់​​ហិកតា​ ត្រូវ​​បាន​​តុលាការ​​កោះ​​ហៅ​​ឱ្យ​​ចូល​​ខ្លួន​​បំភ្លឺ​​នៅ​​ថ្ងៃ​​ទី​​២២​ ខែ​​តុលា​​នេះ​។

​ជនជាតិ​ដើម​ភាគតិច​កួយ​ទាំងនោះ​ ដែល​រស់នៅ​ភូមិ​ដងផ្លិត​ ឃុំ​ឆែបពីរ​ ស្រុក​ឆែប​ បាន​ចាត់​ទុក​ដីកា​កោះ​ហៅ​​របស់​​​តុលាការ​​ថា​ជា​ការ​គំរាម​កំហែង​ និង​បំបាក់​ស្មារតី​អ្នកភូមិ​ ឱ្យ​ខ្លាច​រអា​ឈប់​តវ៉ា​ប្រឆាំង​នឹង​សកម្ម​ភាព​​​ឈូស​ឆាយ​​ដី​ព្រៃ​ជំនឿ​​ទ្រង់ទ្រាយ​ធំ​បន្ថែម​ទៀត​ ដែល​ពួក​គាត់​សង្ស័យ​ថា​ មាន​ការ​គប់​គិត​ ឬ​ពាក់ព័ន្ធ​នឹង​​ឧកញ៉ា​​ម្នាក់​។

​តំណាង​សហគមន៍​ លោក​ សោម ណៃ​ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​​២១​ ខែ​តុលា​ថា​ ពួក​គាត់​កំពុង​រង​ភាព​អយុត្តិធម៌​ជាន់​​លើ​​អយុត្តិ​ធម៌​ ដោយ​មិន​ត្រឹមតែ​បាត់បង់​ដី​ព្រៃ​ជំនឿ​ជាង​ ១​ពាន់​ហិកតា​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​តំណាង​សហគមន៍​ ៣​រូប​ បែរ​​ជា​​ត្រូវ​រង​បណ្ដឹង​តុលាការ​ ដោយសារ​តែ​ការ​តវ៉ា​ជំទាស់​នឹង​ការ​ឈូស​ឆាយ​ព្រៃ​ទ្រង់ទ្រាយ​ធំ​ ដែល​ប៉ះពាល់​ដល់​ប្រពៃណី​ និង​​ប្រភព​ចំណូល​ពី​ផល​ព្រៃឈើ​របស់​សហគមន៍​។

​លោក​សង្ស័យ​ថា​ អ្នកមាន​អំណាច​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ​ មាន​បំណង​បំភ័យ​អ្នកភូមិ​ឱ្យ​ខ្លាចរអា​ ហើយ​​​មក​ទល់​ពេល​នេះ​ អ្នកភូមិ​ណារ៉ុង​ជាង​ ២០០​គ្រួសារ​ ស្ទើរតែ​គ្មាន​នរណា​ម្នាក់​ហ៊ាន​ចេញ​មុខ​តវ៉ា​ឡើយ​ ព្រោះ​ខ្លាច​​អាជ្ញាធរ​ប្ដឹង​ពួក​គាត់​ដាក់​ពន្ធនាគារ។

​លោក សោម ណៃ និយាយថា៖ «អស់ហើយ ដើមឈើធំៗមើលទៅជាប់​ជើង​មេឃ​ហើយ មន្ត្រី​ដើរ​ឆ្លង​កាត់​បំពង់​ស្រឡៅ​​ចុះ​ឡើងៗ មិន​ឃើញ​ណា​មាន​ឆន្ទៈ​ថា​ខុស​ច្បាប់។ បារម្ភៗៗ​មែន​ទែន! ព្រោះ​ខ្ញុំ…ដូច​ខ្ញុំ​ប្រាប់​កន្លង​មក​ថា ជីវិត​​ខ្ញុំ​មិន​ដឹង​ជា​ថ្ងៃ​ណា​ទេ ប៉ុន្តែខ្ញុំ​នៅ​តែឈ​រ​នៅ​លើ​គោលកា​រណ៍​ស្មោះ​ត្រង់ ឆន្ទៈ​មិន​ក្បត់​ខ្លួន​ឯង​ទេ! អាណិត​ពលរដ្ឋ​​ណាស់»។

​កាលពី​ថ្ងៃ​ទី​​៧​ ខែ​តុលា​ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​ លោក​ និល វ៉ាន់ដេត​ បាន​កោះ​ហៅ​តំណាង​​សហគមន៍​ ៣​នាក់​ គឺ​ឈ្មោះ​ សោម ណៃ​ ឈ្មោះ​ សួន សាឃីន​ និង​ឈ្មោះ​ អឹម ឆេន​ ឱ្យ​ចូល​ខ្លួន​បំភ្លឺ​​​នៅ​ថ្ងៃ​ទី​​២២​ ខែ​តុលា​ ពី​បទ​ «គំរាមកំហែង​ថា​នឹង​សម្លាប់»​ និង​ «លួច»​ កាលពី​ថ្ងៃ​ទី​ ២៧​ ខែ​សីហា​ ឆ្នាំ​ ២០២៦​។

​ទោះ​យ៉ាង​ណា​ លោក​ សោម ណៃ​ អះអាង​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​កំហុស​ដូច​ការ​ចោទប្រកាន់​​ឡើយ​ ហើយ​​សហគមន៍​​​ភូមិ​ដងផ្លិត​នឹង​លើក​គ្នា​ទៅ​តវ៉ា​ និង​ឃ្លាំមើល​សវនាការ​នេះ​។ លោក​បន្ថែម​ថា​ ដី​ព្រៃ​ជំនឿ​ ព្រៃ​តំណម​ និង​ព្រៃ​​បម្រុង​​របស់​សហគមន៍​ជាង​ ១​ពាន់​ហិកតា​ នៅ​ចំណុច​អន្លង់ស្វាយអៀ​ ចំណុច​ប្រលានតាដេវ​ និង​ចំណុច​ត្រពាំង​ ត្រូវ​​បាន​​ក្រុមហ៊ុន​ឯកជន​មួយ​ឈូស​ឆាយ​យក​ដើម​ឈើ​ធំៗ​។

​លោក​ សោម ណៃ បន្តថា៖ «តាំងតែប៉ូលិស ឃុំសុទ្ធតែជួយគ្នាហ្នឹងគេទាំងអស់​បាត់​ហើយ ទុក​ឲ្យ​ពលរដ្ឋ​ងាប់​ហើយ? គ្មាន​លេង​ទេ​លោក​អើយ មិន​ថា មន្ត្រី​ណាទេ​ឲ្យ​តែ​មាន​ឆន្ទៈ​ជួយ​រាស្ត្រ​ទេវតា​អើយ ទេវតា​មាន​ភ្នែក​មើល​ពលរដ្ឋ​ស្លូត​ត្រង់​​​ផង ដែល​រង​គ្រោះ​ទុក្ខ​លំបាក។ កាល​ដើម​ឡើយ គ្មាន​រឿង​បញ្ហា​កើត​ឡើង​ទេ​ គាត់​នៅសុ​ខ​ស្រួល​បែប​លក្ខណៈ​ប្រពៃណី​របស់​ពួក​គាត់ តែ​ឥឡូវ​ច្របូក​ច្របល់​ខ្លាំង​ណាស់ ច្របូក​ច្របល់»។

​ទោះជាយ៉ាងណា​ អាជ្ញាធរ​ឃុំ​ឆែបពីរ​ ធ្លាប់​លើក​ឡើង​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ មាន​ក្រុមហ៊ុន​ឯកជន​មួយ​បាន​​ចូល​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​ក្នុង​តំបន់​នោះ​ ដោយ​ឈូស​ឆាយ​ដី​ឱ្យ​ក្លាយ​ជា​វាល​ទំហំ​ ១​ពាន់​ហិកតា​ (១.០០០)​។ លោក​បញ្ជាក់​ថា​ ដី​ដែល​ឈូស​ឆាយ​នោះ​ គឺ​ក្រុមហ៊ុន​បាន​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​។ លោក​បន្ថែម​ថា​ លោក​​មិន​​ស្គាល់​​ឈ្មោះ​ក្រុមហ៊ុន​ឈូស​ឆាយ​នោះ​ទេ​ ប៉ុន្តែ​គ្រាន់តែ​ដឹង​ថា​ ក្រុម​ហ៊ុន​នោះ​ជា​របស់​ឧកញ៉ា​ អ៊ុក គឹមសាន​ អភិបាល​​រង​​ខេត្ត​​ព្រះ​វិហារ​។

​ជុំវិញ​រឿងរ៉ាវ​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​លីកាដូ​ លោក​ អំ សំអាត​ មាន​ប្រសាសន៍​ថា​ មេធាវី​​អង្គការ​លីកាដូ​​នឹង​ការពារ​ក្ដី​ក្នុង​សំណុំរឿង​នេះ​​ជូន​សហគមន៍​ដងផ្លិត​។ លោក​ចង់​ឃើញ​អាជ្ញាធរ​ដោះស្រាយ​​ជម្លោះ​ដីធ្លី​នេះ​ ដោយ​ការ​សម្របសម្រួល​ក្រៅ​ប្រព័ន្ធ​តុលាការ​ និង​មាន​ដំណោះស្រាយ​ដោយ​យុត្តិ​ធម៌​។

​លោក​ អំ សំអាត ថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិល គឺអំពាវនាវទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និង​ភាគី​ពាក់​​ព័ន្ធ​​ហ្នឹង រួម​គ្នា​ដោះ​ស្រាយ​ទៅ​លើប​ញ្ហា​ដីធ្លី​ហ្នឹង ដោយ​តម្លា​ភាព យុត្តិ​ធម៌ ហើយ​និង​ឈរ​លើ​គោល​ការណ៍​តម្លា​ភាព និង​យុត្តិ​ធម៌ ស​ម្រាប់​ដំណោះ​ស្រាយ​​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​​គ្នា វាជា​រឿង​ល្អ​មួយ ដើម្បី​កុំ​ឲ្យ​គេ​រិះ​គន់​ថា សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ហ្នឹង មាន​បញ្ហាដី​ធ្លី​ហើយ ត្រូវ​រង​បណ្តឹង ឬ​ក៏​ត្រូវ​ជាប់​ពន្ធនា​គារ​ទៀត​នោះ»។

​តំណាង​សហគមន៍​បន្ថែម​ថា​ ដី​ព្រៃ​សហគមន៍​តំបន់​ជំនឿ​ដែល​ជនជាតិ​ដើម​ភាគតិច​ក្នុង​ភូមិ​ចំនួន​ពីរ​ គឺ​ភូមិ​ដងផ្លិត​ និង​ភូមិ​ណារ៉ុង​ អាស្រ័យ​ផល​បែប​ប្រពៃណី​ច្រើន​ជំនាន់​មក​ហើយ​នោះ​ ត្រូវ​បាន​ក្រុមហ៊ុន​ សាន់តាណា​ (Santana Agro Products Co., Ltd.)​ របស់​អភិបាលរង​ខេត្ត​ព្រះវិហារ​ លោក​ អ៊ុក គឹមសាន​ ដាក់​គ្រឿងចក្រ​ឈូស​ឆាយ​រំលោភ​យក​អស់​ជាង​ ១​ពាន់​ហិកតា​ ព្រមទាំង​គំរាមកំហែង​ពលរដ្ឋ​មិន​ឱ្យ​ចេញ​តវ៉ា​។

​អ្នកភូមិ​ឱ្យ​ដឹង​ទៀត​ថា​ ក្រោយ​ពី​ឈូស​ឆាយ​ព្រៃ​ជំនឿ​ឱ្យ​ក្លាយ​ជា​វាល​ ដើមឈើ​ធំៗ​រាប់​ពាន់​ដើម​ដែល​សហគមន៍​​ខិត​ខំ​​ថែ​រក្សា​ ត្រូវ​​បាន​គេ​កាប់​រំលំ​លក់​ ហើយ​ដី​មួយ​ចំនួន​ធំ​ត្រូវ​បាន​ទុក​ចោល​ជា​វាលទំនេរ​ ដោយ​មាន​ដាំ​​ស្រូវ​​តែ​បន្តិចបន្តួច​​ប៉ុណ្ណោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ