ការ​​បាត់​បង់​​ទឹក​ដី​ និង​​សិទ្ធិ​មនុស្ស​ ត្រូវ​​អ្នក​​តាម​ដាន​​ជំរុញ​​​ឱ្យ​​មេដឹក​នាំ​​គោរព​​កិច្ច​ព្រម​ព្រៀង​​ប៉ារីស

អង្គ​ការ​​សង្គម​​ស៊ីវិល​ និង​​គណបក្ស​​ក្រៅ​​រដ្ឋាភិ​បាល​ ជំរុញ​ឱ្យ​គណបក្ស​កាន់​អំណាច​ ងាក​មក​គោរព​កិច្ចព្រមព្រៀង​​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​ ដើម្បី​បង្ហាញ​ពី​ការ​ឯកភាព​ជាតិ​ ផ្សះផ្សា​ជាតិ​ និង​បង្រួបបង្រួម​​ជាតិ​ ការ​ពារ​​បូរណ​ភាព​ទឹកដី​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង​ និង​ការ​គោរព​សិទ្ធិមនុស្ស​ ខណៈ​​ពួកគេ​សង្កេត​ឃើញ​ថា​ ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​នៅតែ​មាន​ការ​បែកបាក់​ ហើយ​ស្ថានភាព​សិទ្ធិមនុស្ស​ក៏​មិន​ទាន់​បាន​គោរព​នៅ​ឡើយ​ ដែល​​នាំ​​ឱ្យ​មាន​ការ​ចាប់​ខ្លួន​ ឃុំ​ខ្លួន​ និង​ចោទប្រកាន់​លើ​សកម្មជន​នានា​រហូត​ដល់​ទៅ​ជាង​ ១០០​នាក់​។

​ការ​លើកឡើង​នេះ​ ធ្វើឡើង​ក្នុង​កម្មវិធី​ Café Talk ក្រោម​ប្រធានបទ​ «សារៈសំខាន់​នៃ​ការ​ធានា​ឱ្យ​បាន​នូវ​គោល​នយោ​បាយ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដើម្បី​សន្តិភាព​ ការ​បង្រួបបង្រួម​ជាតិ​ និង​ការ​អភិវឌ្ឍ​បែប​សិទ្ធិមនុស្ស​នៅ​​កម្ពុជា»​ ដើម្បី​អបអរ​ខួប​លើក​ទី​៣៥​ នៃ​ទិវា​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ តាមរយៈ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ នៅ​​ថ្ងៃ​​ទី​២១​ ខែ​តុលា​​នេះ​។

​លោក​ សេង សុវឌ្ឍនា​ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ ដែល​ជា​វាគ្មិន​ក្នុង​កម្មវិធី​នេះ​ បាន​លើកឡើង​ថា​ តាម​ស្មារតី​ដើម​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ ការ​ដែល​កម្ពុជា​ទទួលបាន​សន្តិភាព​​នេះ​ មិនមែន​ត្រឹមតែ​ជា​ការ​បញ្ចប់​នូវ​សង្គ្រាម​នោះ​ទេ​ ប៉ុន្តែ​រួមបញ្ចូល​ទាំង​ការ​គោរព​ និង​អនុវត្ត​នូវ​សិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ និង​នីតិរដ្ឋ​ ព្រមទាំង​មាន​ការ​ចូលរួម​ពេញលេញ​ពី​ប្រជា​ពលរដ្ឋ​ និង​មាន​ពហុ​សំឡេង​ពី​គ្រប់​គណបក្ស​នយោបាយ​។

​យ៉ាងណា​ លោក​សង្កេត​ឃើញ​ថា​ បច្ចុប្បន្ន​ កម្ពុជា​នៅ​មិន​ទាន់​គោរព​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​​​ប៉ារីស​នេះ​​​ឱ្យ​បាន​ពេញលេញ​នៅឡើយ​ទេ​ ដោយសារតែ​សិទ្ធិ​សេរីភាព​បញ្ចេញមតិ​ សិទ្ធិ​ប្រមូលផ្ដុំ​ សិទ្ធិ​នយោ​បាយ​ និង​សិទ្ធិ​សេរីភាព​​សារព័ត៌មាន​ជាដើម​ បាន​រង​នូវ​ការ​រឹតត្បិត​ និង​ការ​គំរាមកំហែង​ផ្សេងៗ​។

​លោក​ថា៖​ «នេះហើយ​ដែល​ខ្ញុំឃើញ​ថា ស្មារតី​នៃកិច្ច​ព្រមព្រៀងទីក្រុង​ប៉ារីស​ហ្នឹង ត្រូវ​បាន​​រួមតូច អ្វីដែល​ខុស​ពី​ធាតុដើម ខុស​ពីសំបុត្រ​កំណើត​របស់​គេ​​ដែលគេ​ផ្តល់​ឱ្យ[…] ចឹង​ចំណុច​សំខាន់​ដែល​យើង​ចង់​ឃើញ​ ចង់​រក្សាឱ្យ​សង្គម​មាន​ស្ថិរ​ភាព មាន​និរន្តរ​ភាព​​នៅក្នុង​ការ​អភិវឌ្ឍ​​ហ្នឹង ត្រូ​វតែ​គោរព​នូវ​ស្មារតី​ដើម​នៃកិច្ចព្រម​​​ព្រៀង​​ទីក្រុង​ប៉ារីស​នេះ​ឯង​​ ទី១ គោរពនូវ​សេរីភាព​ពហុបក្ស កាន់គោលការណ៍នូវ​ពហុនិយម ទី​២ គឺការ​គោរព​សិទ្ធិ​មនុស្ស ទី​៣ គឺ​​នីតិរដ្ឋ កា​រដែល​យើង​ផ្តល់​យុត្តិ​ធម៌ទៅ​​ដល់​ជន​រង​គ្រោះ ជាពិសេស​​ទាក់ទង​នឹង​ជនរង​គ្រោះនៅក្នុងការ​ការ​ពារ​ដីធ្លី​ ការ​ពារ​​ធនធាន​ធម្មជាតិ​ ជនរង​គ្រោះ​ដែលរង​ផល​ប៉ះពាល់នៃ​ការ​អភិវឌ្ឍ​​ ហើយ​ជាពិសេស​គឺ​បងប្អូន​ជនជាតិ​ដើមភាគតិច​ដែល​ត្រូវ​កា​រគ្រប់គ្រង និង​ប្រើ​ប្រាស់ដីធ្លី​គាត់​ប្រក​បដោយសុវត្ថិភាព​ហ្នឹង យើង​​ត្រូ​វយក​ចិត្ត​ទុកដាក់បន្ថែម​នៅក្នុង​ការ​អនុវត្ត​នេះ​​ឯង»។

​ស្របពេល​គ្នានេះ​ លោក​ សេង សុវឌ្ឍនា​ ក៏បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ និង​តុលាការ​ ពិចារណា​ក្នុង​ការ​ដោះលែង​សកម្ម​ជន​​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ លោក​ ស៊្រុន ស៊្រន់​ និង​អ្នក​ជាប់​ពាក់ព័ន្ធ​ផ្សេង​ទៀត​ឱ្យ​មាន​​សេរីភាព​វិញ​ និង​ទម្លាក់​​ចោល​នូវ​ការ​ចោទប្រកាន់​លើ​ពួកគេ​ ខណៈ​ដែល​ពួកគេ​ជា​ធនធាន​ដ៏​សំខាន់​ក្នុង​ការ​ផ្សព្វផ្សាយ​នូវ​ច្បាប់​ និង​កិច្ច​ព្រមព្រៀង​ដ៏​មាន​សារៈសំខាន់​នេះ​។

​អ្នកសម្របសម្រួល​ផ្នែក​អង្កេត​ និង​តស៊ូមតិ​ នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​នៅ​កម្ពុជា​ ហៅកាត់ថា​ អង្គការ​ខុមហ្វ្រែល​ (COMFREL)​ លោក​ កង សាវាង្ស​ ក៏បាន​លើកឡើង​ពី​ក្ដី​បារម្ភ​ផងដែរ​ ជុំវិញ​ការ​​អនុវត្ត​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ និង​រដ្ឋធម្មនុញ្ញ​ ដែល​បច្ចុប្បន្ន​មាន​ការ​ប្រឈម​ និង​ការ​រឹតត្បិត​ ដោយសារតែ​គេ​សង្កេត​ឃើញ​គណបក្សនយោបាយ​ ឬ​អ្នកនយោបាយ​មួយចំនួន​បាន​រង​នូវ​ការ​ចាប់​ខ្លួន​ ចោទប្រកាន់​ និង​ឃុំ​ខ្លួន​ ព្រមទាំង​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​ ដោយ​​សារ​តែ​​ភាព​​សកម្ម​​របស់​​ពួក​គេ​​ក្នុង​ការ​បញ្ចេញមតិ​ និង​ការ​ធ្វើ​នយោបាយ​។

​ជាមួយគ្នា​នេះ​ដែរ​ លោកថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​គណបក្ស​កាន់​អំណាច​ ក្នុង​រយៈពេល​ប្រមាណ​ ១០​ឆ្នាំ​មក​នេះ​ ក៏មាន​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ច្បាប់​គណបក្សនយោបាយ​ និង​រដ្ឋធម្មនុញ្ញ​ជាច្រើន​​លើក​ច្រើន​សារ​ ដែល​លោក​បារម្ភ​ថា​អាច​នឹង​មាន​ការ​ប្រាសចាក​ពី​ខ្លឹមសារ​ដើម​មួយចំនួន​ និង​ប៉ះពាល់​​ដល់​ការ​ប្រកួតប្រជែង​ការ​បោះឆ្នោត​ផងដែរ​។

​លោក​ថា៖​ «ចឹងនេះ​ហើយ​គឺ​ជាការ​ឆ្លុះបញ្ចាំងមួយ នៅក្នុង​បញ្ហាប្រឈម​នៅក្នុង​ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​​សេរី​ពហុ​​បក្ស ដែលតម្រូវ​ចាំបាច់ណាស់ ដែល​ភាគីពាក់ព័ន្ធទាំង​សង្គមស៊ីវិល ទាំង​រាជរដ្ឋាភិបាល ឬក៏ដូចភាគីពាក់ព័ន្ធ គឺ​​ថា​​​ត្រូវ​ចូលរួមទាំង​អស់គ្នានៅក្នុង​ការ​ពង្រឹង​​នៅក្នុង​ដំណើរការ​ហ្នឹង»។

​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​១៩៩១​ គឺ​ជា​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ដើម្បី​បញ្ចប់​​សង្គ្រាមស៊ីវិល​ និង​ជម្លោះ​ប្រដាប់​អាវុធ​នៅ​ប្រទេស​កម្ពុជា​ ដោយ​មាន​ការ​ចូលរួម​ចុះហត្ថលេខា​ពី​ភាគី​កម្ពុជា​ទាំង​៤​ (រដ្ឋ​កម្ពុជា​, ហ៊្វុនស៊ិនប៉ិច​, រណសិរ្ស​ជាតិ​រំដោះ​ប្រជាពលរដ្ឋ​ខ្មែរ​របស់​លោកតា​ សឺន សាន​ និង​ខ្មែរក្រហម​)​ និង​ប្រទេស​ចំនួន​​១៨​ រួម​ទាំង​ការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​។ ក៏ប៉ុន្តែ​ មកដល់​ពេល​បច្ចុប្បន្ន​នេះ​ គូភាគី​ជម្លោះ​ផ្ទៃក្នុង​កម្ពុជា​​ដែល​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ ត្រូវ​បាន​រំលាយ​អស់​ទៅ​ហើយ​ ដោយ​ខ្លះ​ត្រូវ​បាន​រលាយ​បាត់​បង់​​រូប​រាង​​ទាំង​ស្រុង​ ដូចជា​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ​ ឬ​ខ្មែរក្រហម​ ហើយ​ខ្លះ​ទៀត​ត្រូវ​រំលាយ​ខ្លួន​ រួច​បង្កើត​ទៅជា​គណបក្ស​នយោបាយ​ ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ហ៊្វុនស៊ិនប៉ិច​។

​ដើម្បី​ឱ្យ​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ត្រូវ​បាន​ធានា​ និង​អនុវត្ត​ដោយ​មាន​ប្រសិទ្ធភាព​ លោក​ អំ សំអាត​ នាយក​​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ បាន​លើកឡើង​ថា​ កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​នីតិរដ្ឋ​ និង​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ ដូចជា​ តុលាការ​ត្រូវ​មាន​ឯករាជ្យភាព​ និង​លុបបំបាត់​អំពើពុករលួយ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ជាដើម​ ហើយ​ត្រូវ​ធានា​ថា​ លំហ​សេរីភាព​ជា​មូលដ្ឋាន​ ឬ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ ត្រូវ​បាន​បើក​ទូលំទូលាយ​ ដូចជា​សិទ្ធិ​បញ្ចេញមតិ​ សិទ្ធិ​នយោបាយ​ និង​សិទ្ធិ​សេរីភាព​ផ្សេងៗ​ដែល​មាន​ចែង​ក្នុង​ច្បាប់​ជាតិ​ និង​អន្តរ​ជាតិ​។

​លោក​ថា៖​ «ដើម្បីឱ្យធានាឱ្យ​ការ​អនុវត្តកិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​នេះ វា​ឱ្យ​​បាន​ត្រឹមត្រូវ យើង​ត្រូវ​ធ្វើសុខដុម បាន​ន័យ​​ថា សុខដុម​កម្ម​នៃ​ច្បាប់​ជាតិ​និង​អន្តរជាតិ ចឹង​ច្បាប់​ជាតិយើង​ត្រូវ​ធ្វើ​ម៉េចត្រូវឱ្យស្រប​តាម​​បទដ្ឋានអន្តរ​ជាតិ​​ដែល​​កម្ពុជា​បាន​ទទួលស្គាល់ ចឹង​ត្រូវ​ធ្វើ​ម៉េច​ឱ្យការ​អនុវត្ត​​ហ្នឹង​ឱ្យមានការ​សម​ស្របគ្នា ចឹង​គឺ​ត្រូវ​ធ្វើ​ពិនិត្យឡើង​​វិញទៅលើ​ច្បាប់​​ កន្លងមក​ មិន​មែនថា ពិនិត្យ​ហើយ ធ្វើឱ្យ​កាន់​តែ​រឹត​ត្បិត​សិទ្ធិរបស់ពលរដ្ឋ​កាន់​តែ​ខ្លាំងទេ ​ត្រូវ​​ធ្វើ​ម៉េច​បើកលំហរ​សិទ្ធិ​របស់​ពលរដ្ឋឱ្យ​ស្របទៅ​តាម​ប្រទេស​យើងដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ សេរីពហុបក្ស​ហ្នឹង​​ឡើងវិញ»។

​វីអូឌី​ មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​រឿងរ៉ាវ​នេះ​ ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ប៉ែន បូណា​ បាន​ទេ​ នៅ​ថ្ងៃ​អង្គារ​នេះ​។

​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន​ លោក​ ប៉ោ មករា​ សង្កេត​ឃើញ​ដែរ​ថា​ ការ​អនុវត្ត​កិច្ចព្រម​ព្រៀង​​ទីក្រុង​​ប៉ារីស​របស់​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ នៅតែ​មាន​ភាព​ខ្វះចន្លោះ​​ជាច្រើន​ ជាពិសេស​​ការ​ស្តារ​ និង​កសាង​កម្ពុជា​ឡើងវិញ​ពាក់ព័ន្ធ​នឹង​ជីវភាព​ និង​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​។ សំខាន់​ជាង​​នេះ​ទៅ​ទៀត​ ប្រទេស​ថៃ​ ដែល​ជា​ប្រទេស​ហត្ថលេខី​មួយ​ដែរ​នោះ​ ក៏បាន​រំលោភ​លើ​ដែន​អធិបតេយ្យភាព​ បូរណ​ភាព​​ទឹក​ដី​​របស់​កម្ពុជា​ ព្រមទាំង​មាន​ការ​រំលោភ​សិទ្ធិ​ពលរដ្ឋ​ខ្មែរ​ផងដែរ​ ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា​ និង​ថៃ​។

​លោក​បន្ត​ថា៖​ «តួអង្គ​សំខាន់ក្នុងការ​យកមក​អនុវត្ត ឬក៏ធ្វើ​ម៉េច​ឱ្យ​វា​មាន​ប្រសិទ្ធ​ភាព​​កាន់តែ​ខ្ពស់​ហ្នឹង កូនសោរ​ដែលសំខាន់គឺ​រដ្ឋាភិបាល​របស់​កម្ពុជា​ផ្ទាល់​តែ​ម្តងណា​ ពីព្រោះនៅក្នុង​កិច្ចព្រម​ព្រៀង​នេះ គឺ​​បាន​ជជែក​អំពី​លក្ខខណ្ឌ​ឱ្យ​មានការ​ធានាទៅលើ​ដែន​អធិបតេយ្យភាព​​ ការ​គោរពសិទ្ធិ​មនុស្ស គឺចាប់បញ្ចូល​រដ្ឋាភិបាល​កម្ពុជា​ផ្ទាល់​តែម្តង អីចឹង​រដ្ឋាភិបាល​ណា​ក៏ដោយ បក្ស​ណា​ដែល​កាន់​អំណាច បក្ស​នោះគឺជា​អ្នក​ដែលដឹកនាំ​ប្រទេស ប៉ុន្តែ​ត្រូវ​តែគោរព​ពាក់ព័ន្ធទៅនឹង​​នឹង​សិទ្ធិសេរីភាព លំហ​លទ្ធិ​ប្រជាធិបតេយ្យ ជាពិសេស​គឺ​ការ​​ការ​ពារដែនអធិបតេយ្យ​ភាព​​បូរណភាពទឹកដីរបស់​កម្ពុជា​តែម្តង»។

​ជាមួយគ្នា​នេះ​ដែរ​ លោក​ ម៉ែន ណាត​ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ក៏បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ គួរ​គប្បី​ងាក​ទៅរក​ការ​គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឱ្យ​បាន​ពេញលេញ​ឡើងវិញ​ ព្រោះ​ស្ថាន​ភាព​​បច្ចុប្បន្ន​ កម្ពុជា​ត្រូវការ​ការ​ឯកភាព​ជាតិ​ ផ្សះផ្សា​ជាតិ​ ដើម្បី​រួមគ្នា​ជា​ធ្លុង​មួយ​រក​មធ្យោ​បាយ​​​ទប់ស្កាត់​ការ​ឈ្លាន​ពាន​​របស់​​ប្រទេស​​ជិត​ខាង​។ ក្រៅពី​នោះ​ លោក​ថា​ រដ្ឋាភិបាល​ក៏ត្រូវ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ ធ្វើ​យ៉ាងណា​ដោះលែង​អ្នក​ទោស​​មនសិការ​ទាំង​ ១០០​នាក់​ ដែល​កំពុង​ជាប់ឃុំ​យ៉ាង​អយុត្តិធម៌​នោះ​ឱ្យ​មាន​សេរីភាព​វិញ​ និង​ត្រូវ​គោរព​សិទ្ធិមនុស្ស​ ព្រមទាំង​រៀបចំ​ការ​បោះឆ្នោត​ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​។

​លោក​បន្ត​ថា៖​ «ក្នុង​ស្ថានភាព​ដែល​កម្ពុជា ងាក​ចាកឆ្ងាយពីខ្លឹមសារ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​នេះ​ហើយ​ ដែល​ធ្វើ​ឱ្យ​កម្ពុជា​​ធ្លាក់ខ្លួនក្នុង​អំណាច​ផ្តាច់ការ ធ្លាក់ខ្លួន​នៅក្នុង​​ការបំពានសិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ ធ្លាក់ខ្លួន​នៅក្នុងកា​រឈ្លាន​ពាន​ពីប្រទេស​ជិត​ខាង​ ជាពិសេស​ថៃកំពុង​ឈ្លាន​ពានកម្ពុជា​ និង​ធ្លាក់ខ្លួន​ទៅក្នុង​កេរ្តិ៍ឈ្មោះ​អាសោធ​​ដោយ​សារបទឧក្រិដ្ឋ​កម្ម​ឆបោក​អនឡាញនៅក្នុងប្រទេស​កម្ពុជា ព្រមទាំង​ធ្វើឱ្យ​សេដ្ឋកិច្ចទទួលរង​នូវ​ផលប៉ះពាល់ ពលរដ្ឋ​​កាន់​តែ​រង​គ្រោះ នីតិរដ្ឋ​ក៏ត្រូវ​បាន​​ចុះ​ខ្សោយ​ និង​អំណាច​ផ្តេស​កាន់តែ​កើន​​ឡើង​ រួមទាំង​ផល​ប៉ះពាល់ទាំង​សេដ្ឋ​កិច្ច​​ ទេសចរណ៍ ពាណិជ្ជ​កម្ម​​អីជា​ដើម គឺធ្ងន់ធ្ងរ ធ្ងន់ធ្ងរ​មែនទែន»។

​ទាំង​ក្រុម​អង្គការ​សង្គម​ គណបក្ស​ក្រៅ​រដ្ឋាភិបាល​ និង​អ្នក​ឃ្លាំមើល​ ក៏បាន​គូសបញ្ជាក់​ដែរ​ថា​ កិច្ចព្រមព្រៀង​សន្តិ​ភាព​​ទីក្រុង​​ប៉ារីស​​នេះ​ មិន​អស់​សុពលភាព​ដូច​ការ​លើកឡើង​របស់​មតិ​មួយចំនួន​ឡើយ​ ដោយ​លើកឡើង​ថា​ កិច្ចព្រម​ព្រៀង​​នេះ​​នៅតែ​មាន​ប្រសិទ្ធភាព​ និង​សុពលភាព​ ក្នុង​ការ​តតាំង​ការពារ​ដែនដី​អធិប​​តេយ្យភាព​​របស់​​​កម្ពុជា​ពី​ការ​ឈ្លានពាន​របស់​ប្រទេស​ជិតខាង​ និង​ជំរុញ​ឱ្យ​មាន​ការ​ស្តារ​ឡើងវិញ​នូវ​លទ្ធិប្រជាធិបតេយ្យ​​សេរី​ពហុបក្ស​ និង​ការ​​គោរព​សិទ្ធិមនុស្ស​ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ