ថៃ​បន្ត​ព័ទ្ធ​យក​​ភ្នំ​​បេង​​នៅ​​ស្រុក​​អន្លង់​វែង​​ក្រោម​​ជម្រើស​ ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​ស្ងៀម​​តែ​​មិន​​ស្ងាត់​

ជិត​​​មួយ​ឆ្នាំ​​បន្ទាប់​ពី​​បទ​​ឈប់​​បាញ់​​ត្រូវ​បាន​​បង្កើត​​ឡើង​ ​​ថៃ​​ហាក់​​មិន​​បន្ធូរ​ដៃ​​ក្នុង​​ការ​​ពង្រីក​​ការ​​ឈ្លាន​ពាន​​កម្ពុជា​​នោះ​​ទេ​ ​ដែល​​គេ​​ថា​ ​បាន​​រាល​ដាល​​ដល់​​​ភ្នំ​​បេង​ ​ស្រុក​​អន្លង់​វែង​ ​ធ្វើ​​ឱ្យ​​អ្នក​​ឃ្លាំ​មើល​ ​និង​​អតីត​​អ្នក​នយោ​បាយ​​ប្រឆាំង​ ​សម្តែង​​ការ​​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​​ពី​​ហានិ​ភ័យ​​បូរណ​ភាព​​ទឹក​ដី​ ​ក្រោម​​ការ​​ដឹក​នាំ​រ​បស់​​លោក​ ​ហ៊ុន​ ​ម៉ាណែត​។

​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ​លោក​ ​ម៉ែន​ ​ណាត​ ​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​២០​ ​ខែ​តុលា​ ​ថា​ ​ការ​ដកថយ​របស់​​កងទ័ព​ខ្មែរ​នៅ​​តំបន់​ភ្នំ​បេង​ ​គឺ​ធ្វើឡើង​តាម​បទបញ្ជា​របស់​ក្រសួង​ការពារ​ជាតិ​ ​ក្រោយ​កិច្ចប្រជុំ​គណៈកម្មការ​​ព្រំដែន​ថ្នាក់​យោធ​ភូមិ​ភាគ​ (RBC) ​កាលពី​ថ្ងៃ​ទី​២៩​ ​ខែ​​កញ្ញា​ ​ឆ្នាំ​២០២៦​ ​ដែល​ភាគី​ទាំងពីរ​ព្រមព្រៀង​​ផ្អាក​សកម្មភាព​ឈូសឆាយ​ ​និង​​ការ​​រំលោភ​បំពាន​គ្នា​។​ ​

លោក​ថា​ ​ភាគី​កម្ពុជា​បាន​ផ្អាក​តាម​កិច្ចព្រមព្រៀង​ ​ប៉ុន្តែ​ភាគី​ថៃ​នៅតែ​បន្ត​ឈូសឆាយ​ ​សាងសង់​សំណង់​រឹង​ ​ដាក់​ព្រះ​ពុទ្ធ​​បដិមា​ ​និង​ធ្វើ​ផ្លូវ​ឡើង​ភ្នំ​។​ ​លោក​រិះគន់​ថា​ ​កម្ពុជា​មិន​បាន​បង្ហាញ​ប្រតិកម្ម​ជំទាស់​ច្បាស់លាស់​ចំពោះ​​សកម្ម​ភាព​​ទាំង​នេះ​​ទេ​ ​ហើយ​បែរជា​ឱ្យ​អ្នកគាំទ្រ​តាម​បណ្តាញ​សង្គម​វាយប្រហារ​អ្នករិះគន់​ជំនួស​ការ​បកស្រាយ​ដោយ​ហេតុ​ផល​។

​លោក​ ​ម៉ែន​ ​ណាត​ ថ្លែងថា៖​ «​ខាង​កម្ពុជា​យើង​ ​ពេល​ដែល​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​ការពារ​ជាតិ​ហ្នឹង​បញ្ជា​​ឱ្យ​​ដក​ថយ​ ​ក៏​​ដក​ថយ​តែ​រហូត​ហ្នឹង​ ​ហើយ​សៀម​គេ​ចេះតែ​រំលោភ​ចូល​មករហូត​អញ្ចឹង​ទៅ​ ​ហើយ​គេ​ចេះ​តែ​ឈូសឆាយ​អញ្ចឹង​ទៅ​។​ ​ចំណែក​រាជរដ្ឋាភិបាល​គ្មាន​វិធីសាស្ត្រ​អី​និយាយ​បកស្រាយ​ឱ្យ​សមហេតុផល​កន្លែង​​ហ្នឹង​ ​គាត់​ឱ្យ​ពួក​ខាង​ MMO ​ពួក​​ខាង​​បណ្តាញ​សង្គម​ដែល​គាំទ្រ​គាត់​ (​ហ៊ុន​ ​ម៉ាណែត​) ​ហ្នឹង​មក​ជេរប្រទេច​​តាមរយៈ​ Comment ​ពួក​យើង​អញ្ចឹង​ទៅ​»​។

​អ្នក​ឃ្លាំមើល​រូប​នេះ ​បន្ត​ថា​ ​តំបន់​ភ្នំ​បេង​​ត្រូវបាន​យោធា​ថៃ​ចូល​កាន់កាប់​នៅ​ពាក់កណ្តាល​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​ ​ដោយ​​​គ្រាន់តែ​ភាគី​កម្ពុជា​ព្រមាន​តាមរយៈ​ការ​ប្រើ​ពាក្យសម្តី​។​ ​លោក​ថា​ ​កម្ពុជា​តាមរយៈ​ក្រសួង​ការ​បរទេស​ ​កាលពី​ថ្ងៃ​​ទី​១៨​ ​ខែ​កញ្ញា​ ​បាន​ត្រឹម​ចេញ​លិខិត​តវ៉ា​ទៅ​ភាគី​ថៃ​ ​ប៉ុន្តែ​ភាគី​ថៃ​ ​មិន​ស្តាប់​តាម​ឡើយ​ ​ដោយ​​បន្ត​រុល​ចូល​ក្នុង​ទឹក​ដី​​ខ្មែរ​។

​វីអូឌី​ មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ ​លោក​ ​ឡាំ​ ​ជា​ ​បាន​ទេ​​នៅ​ថ្ងៃ​ទី​២១​ ​ខែ​​តុលា​។​ ​យ៉ាងណា​ ​អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ប៉ែន​ ​បូណា​ ​ធ្លាប់​បញ្ជាក់​ថា​ ​កម្ពុជា​មិន​ទទួល​ស្គាល់​​ដាច់​​ខាត​ ​ចំពោះ​ខ្សែបន្ទាត់​ព្រំដែន​ ​ដែល​ថៃ​បាន​ឈ្លានពាន​។

​លើស​ពី​នេះ​ ​លោក​បាន​ចាត់ទុក​ថា​ ​យោធា​ថៃ​កំពុង​គ្រប់គ្រង​ទឹកដី​ខ្មែរ​មួយចំនួន​ ​នៅ​ខេត្ត​ជាប់​ព្រំដែន​ដោយ​ខុស​​ច្បាប់​ ​និង​រារាំង​ពលរដ្ឋ​ខ្មែរ​ជាង​ ​២​ ​ម៉ឺន​នាក់​ ​មិន​អាច​ឱ្យ​ពួកគេ​វិលត្រឡប់​ទៅកាន់​ផ្ទះសម្បែង​វិញ​ដោយ​​សុវត្ថិភាព​​ទៀត​​ផង​ ​ក្នុង​រយៈពេល​ជិត​ ​១​ ​ឆ្នាំ​មកនេះ​។

​ចំណែក​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ ​លោក​ ​អ៊ុំ​ ​សំអាន​ ​ហៅ​ការ​បាត់បង់​ដីធ្លី​ទៅ​ប្រទេស​ថៃ​ ​និង​ទុក្ខ​វេទនា​​របស់​​ជនភៀសសឹក​ខ្មែរ​រាប់​ម៉ឺន​នាក់​ ​ចេញមកពី​កម្សោយ​របស់​រដ្ឋាភិបាល​ ​លោក​ ​ហ៊ុន​ ​ម៉ាណែត​។

​យ៉ាងណា​ លោក​​នៅតែ​ជំរុញ​ឱ្យ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​ប្រើ​សិទ្ធិ​ស្វ័យ​ការពារ​ ​និង​ប្រញាប់​​​ប្តឹង​ថៃ​​ទៅ​តុលាការ​​​អន្តរ​ជាតិ​ ​ដើម្បី​ទប់ស្កាត់​ទង្វើ​ឈ្លានពាន​នេះ​។

​លោក​ថា​៖​ «​បាទ​ ​ភ្នំ​ ៤៥០ ​ហ្នឹង​ ​គឺ​ថៃ​ឈ្លានពាន​យក​អស់ច្រើន​ ​ហើយ​កំពុង​ធ្វើ​ផ្លូវ​ ​និង​ធ្វើ​ជា​កន្លែង​សម្រាប់​ដាក់​​រូប​ព្រះពុទ្ធ​បដិមា​ ​នៅ​​ស្រុក​អន្លង់វែង​ ​ខេត្ត​ឧត្តរមានជ័យ​។​ ​អញ្ចឹង​ជាមួយ​ខ្មែរ​ ​បង្ក​ជម្លោះ​តែ​ជាមួយ​ខ្មែរ​ ​និង​​អ្នករិះគន់​ហ្នឹង​ឯង​ ​តែ​ជាមួយ​ថៃ​ ​អត់​ហ៊ាន​ជាមួយ​គេ​នោះ​ទេ​ ​ឃើញ​ភាព​ខុសគ្នា​​​អញ្ចឹង​»​។

​លើស​ពី​នេះ​ ​លោក​ថា​ ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​មិន​ត្រឹមតែ​កម្សោយ​ការពារ​ទឹកដី​ទេ​ ​ថែមទាំង​ប្រកាស​ទទួលស្គាល់​​ការ​ឈ្លានពាន​របស់​ថៃ​ថា​ ​ជា​ការ​ស្របច្បាប់​ទៀត​ផង​ ​ពាក់ព័ន្ធ​នឹង​ថៃ​ ​បាន​សង់​របង​បេតុង​ចូល​ដី​ខ្មែរ​ត្រង់​​បង្គោល​​លេខ​ ​៥២​ ​ដល់​ ​៥៩​ ​នៅ​ស្រុក​កំរៀង​ ​ខេត្ត​បាត់ដំបង​។

​បើ​តាម​អ្នកតាមដាន​ ​ទីតាំង​ដែល​ថៃ​វាយ​ដណ្តើម​គ្រប់គ្រង​ ​និង​កំពុង​សម្រុក​ធ្វើ​ហេដ្ឋារចនាសម្ព័ន្ធ​លើ​ដី​ខ្មែរ​នោះ​​កើន​ឡើង​​ដល់​ ​៨៥​ ​ទីតាំង​ ​មាន​ដូចជា​ ​ប្រាសាទ​តាមាន់ធំ​ ​ប្រាសាទ​តាមាន់តូច​ ​ប្រាសាទ​តាក្របី​ ​ប្រាសាទ​​ខ្នារ​ ​ច្រក​អាន​សេះ​ ​ភ្នំ​៣៥០​ ​ភូមិ​ជោគជ័យ​ ​ភូមិ​ព្រៃចាន់​ ​ផ្ទះ​បី​ខ្នង​ ​អូរ​ភ្លុក​ដំរី​ ​ថ្មដា​ ​ភ្នំ​ទ្រព្យ​ ​ថ្ម​ដូន​ ​អូរស្មាច់​ ​បឹងត្រកួន​ចំនួន​ ​៤​ ​ភូមិ​ ​ផ្ទះ​តាម៉ុក​ ​តំបន់​ជាំ​តែ​-​បុស្បូវ​ ​អូរ​ផ្កាស្នេហ៍​ ​តាថាវ​ ​និង​ជប់​អង្គុញ​ ​ជាដើម​។

​យ៉ាងណា​ ​រដ្ឋធម្មនុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​ ​បាន​ចង​កាតព្វកិច្ច​រដ្ឋាភិបាល​ពី​ឆន្ទៈ​ការពារ​ទឹកដី​។​ ​ចំណែក​ ​ក្រម​ព្រហ្មទណ្ឌ​ ​ក៏​ដូចគ្នា​ដែរ​ ​បាន​ចែង​ពី​ការ​ដាក់​ទោសទណ្ឌ​ធ្ងន់ធ្ងរ ​ចំពោះ​អ្នក​ដែល​ធ្វើ​ឱ្យ​បាត់បង់​ទឹក​​ដី​ទៅ​បរទេស​។

​មាត្រា​៥២​ ​នៃ​រដ្ឋធម្មនុញ្ញ​ ​ចែង​ថា​ ​«​រាជរដ្ឋាភិបាល​កម្ពុជា​ ​ប្តេជ្ញា​រក្សា​ការពារ​ឯករាជ្យ​ ​អធិប​តេយ្យ​ ​បូរណ​ភាព​​​ទឹក​ដី​ ​អនុ​វត្ត​​​នយោបាយ​បង្រួប​បង្រួម​ជាតិ​ ​ដើម្បី​ការ​ឯកភាព​ជាតិ​»​។

​ដោយឡែក​ ​ក្រមព្រហ្មទណ្ឌ​មាត្រា​ ​៤៤០​ ​ចែង​ថា​ ​«​អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស​ ​ឬ​ភ្នាក់ងារ​បរទេស​ ​នូវ​ដែនដី​​ជាតិ​ទាំង​​ស្រុង​ ​ឬ​​មួយ​​ផ្នែក​ ​ជា​អំពើ​​ក្បត់ជាតិ​ ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត​»​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ