អ្នករងគ្រោះចាញ់បោកក្រុមហ៊ុន ហួយវ័ន ផេ (Huione Pay) របស់លោក ហ៊ុន តូ បានបន្តជួបជុំគ្នាតវ៉ានៅខាងមុខស្ថានទូតចិនប្រចាំកម្ពុជា ដើម្បីជំរុញឱ្យពន្លឿនដំណោះស្រាយ ក្រោយក្រុមហ៊ុននេះបិទដំណើរការដកប្រាក់ទាំងស្រុងច្រើនខែមកនេះ ដោយមិនបង្វិលសាច់ប្រាក់ឱ្យពួកគេជាង ១ពាន់នាក់វិញឡើយ។
អតិថិជនរងគ្រោះជាជនជាតិចិនម្នាក់បានប្រាប់ VOD ក្នុងលក្ខខណ្ឌលាក់អត្តសញ្ញាណនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ថា កញ្ញារួមជាមួយពលរដ្ឋចិនប្រមាណ ៥០នាក់ បានប្រមូលផ្ដុំគ្នាកាន់បដាតូចៗតវ៉ាក្រោមតំណក់ទឹកភ្លៀងនៅមុខស្ថានទូតចិន។
គោលបំណងនៃការតវ៉ានេះ គឺស្នើសុំឱ្យអាជ្ញាធរចិនជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ដើម្បីជួយរំដោះប្រាក់ដែលត្រូវបានក្រុមហ៊ុនបង្កកត្រឡប់មកវិញ។ កញ្ញាបានបន្ថែមថា ក្នុងសកម្មភាពតវ៉ាចុងក្រោយនេះ គ្មានមន្ត្រីស្ថានទូតចេញមកឆ្លើយតប ហើយក៏គ្មានកងកម្លាំងសមត្ថកិច្ចមកហាមឃាត់ដូចលើកមុនៗដែរ ខណៈបដានៃការតវ៉ាមិនមានរូបលោក ហ៊ុន តូ និងលោក ហ៊ុន សែន ដូចសព្វដងឡើយ។
ដោយឡែក សម្រាប់ជនរងគ្រោះជាជនជាតិខ្មែរវិញ បានទម្លាយថា ពួកគេមិនហ៊ានចូលរួមការតវ៉ានៅមុខស្ថានទូតចិននោះទេ ដោយសារតែរងការគំរាមកំហែងចាប់ខ្លួនពីសំណាក់សមត្ថកិច្ច។ ការគំរាមកំហែង និងការរឹតត្បិតនេះ ក៏បានកើតឡើងលើអ្នកសារព័ត៌មានដែលចុះយកព័ត៌មានផងដែរ រួមមានការរឹបអូសសម្ភារៈថតរូប ហើយរាល់បដាទាំងឡាយណាដែលមានរូបលោក ហ៊ុន តូ សហប្រធានក្រុមហ៊ុន តែងតែត្រូវបានសមត្ថកិច្ច ឬក្រុមមនុស្សស៊ីវិលដណ្ដើមយក និងឈានទៅដល់ការប្រទាញប្រទង់ដោយហិង្សា។
ពាក់ព័ន្ធនឹងករណីនេះ VOD មិនអាចសុំការបំភ្លឺពីលោក ហ៊ុន តូ ឬតំណាងរបស់លោកបានទេនៅថ្ងៃទី២១ ខែតុលា។ ទោះជាយ៉ាងណា កន្លងមក លោក ហ៊ុន តូ ធ្លាប់បានចេញលិខិតបដិសេធថា លោកពុំមានពាក់ព័ន្ធនឹងក្រុមហ៊ុន Huione Pay ទៀតនោះទេ ទោះបីជាលោកទទួលស្គាល់ថាធ្លាប់មានភាគហ៊ុនរួមគ្នាជាមួយលោក លី សុង (Li Xong) ដែលជាមេខ្លោងឆបោកតាមប្រព័ន្ធអ៊ិនធឺណិត ត្រូវរដ្ឋាភិបាលកម្ពុជាចាប់បញ្ជូនទៅកាត់ទោសនៅប្រទេសចិនក៏ដោយ។
ជាមួយគ្នានេះ លោក ឯម ច័ន្ទមករា អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានថ្លែងថា លោកមិនទាន់បានដឹងពីករណីនេះនៅឡើយទេ និងបានស្នើឱ្យភាគីអ្នកតវ៉ាផ្ញើលិខិតស្នើសុំមកក្រសួងជាផ្លូវការ។
លោក ប៉ោ មករា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន បានលើកឡើងថា ការទុកឱ្យបញ្ហានេះអូសបន្លាយដោយគ្មានដំណោះស្រាយ គឺជាអយុត្តិធម៌ដ៏ធ្ងន់ធ្ងរសម្រាប់ពលរដ្ឋដែលបាត់បង់ប្រាក់ញើសឈាម។
លោកបានសង្កត់ធ្ងន់ថា៖ «បើសិនជាដំណោះស្រាយនៅតែគ្មាន… ខ្ញុំគិតថាវានៅតែបន្តធ្វើឱ្យមានការរិះគន់ បន្តឱ្យកម្ពុជារងកេរ្តិ៍ឈ្មោះមិនល្អសម្រាប់ឆាកអន្តរជាតិ ក៏ដូចជាក្នុងស្រទាប់ធ្នាប់គំនិតរបស់ប្រជាពលរដ្ឋទាំងមូល»។
លោកបានបន្ថែមថា អាជ្ញាធរគួរតែមានវិធានការជាក់ស្ដែងក្នុងការដាក់សម្ពាធលើក្រុមហ៊ុន Huione Pay ឱ្យទទួលខុសត្រូវ និងផ្តល់សំណងសមរម្យជូនជនរងគ្រោះ ដើម្បីស្តាររូបភាពសិទ្ធិមនុស្ស និងលំហសង្គមស៊ីវិលនៅកម្ពុជា។
ដូចគ្នានេះដែរ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចាត់ទុកករណីនេះថាជាអំពើអយុត្តិធម៌ និងបានចោទជាសំណួរអំពីឥទ្ធិពលខ្សែស្រឡាយតំណវង្សត្រកូលក្នុងការអនុវត្តច្បាប់។
លោកបានអំពាវនាវថា៖ «រឿងទាំងអស់នេះគួរតែរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើការស៊ើបអង្កេតផ្តល់យុត្តិធម៌ និងលាងភាពស្អាតស្អំជូនជាតិកម្ពុជាឡើងវិញ… ត្រូវតែលោក ហ៊ុន តូ និងរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ធ្វើយ៉ាងណាផ្តល់យុត្តិធម៌ដល់ពលរដ្ឋរងគ្រោះក្រុមហ៊ុន ហួយវ័ន ផេ… ហើយជាមួយគ្នាហ្នឹង អ្នកដែលជាប់ឃុំរឿងអយុត្តិធម៌ទាំងអស់ហ្នឹង គួរតែត្រូវបានដោះលែង»។
ក្រុមអ្នកតាមដានផ្នែកភូមិសាស្ត្រនយោបាយ និងមន្ត្រីបក្សប្រឆាំងបានវាយតម្លៃថា វិបត្តិ Huione Pay នេះ អាចនឹងពិបាករកដំណោះស្រាយ ប្រសិនបើរដ្ឋាភិបាលមិនមានវិធានការផ្លូវច្បាប់លើលោក ហ៊ុន តូ ដែលត្រូវជាបងប្អូនជីដូនមួយរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងជាក្មួយប្រុសរបស់លោក ហ៊ុន សែន នោះទេ៕









