អាជ្ញាធរ​​ជំនាញ​​បន្ត​​សង្គ្រោះ​​ប្រាសាទ​​ព្រះ​វិហារ ក្រោយ​​រង​​ការ​​បំផ្លាញ​​ដោយ​​យោធា​​ថៃ

ក្រោយ​​ការ​​សង្គ្រោះ​​ប្រមាណ ២៣ទីតាំង កាលពី​​​ដំណាក់​កាល​​ទី១ ពេល​នេះ​​អ្នក​ជំនាញ​​នៃ​​អាជ្ញាធរ​​ជាតិ​​ព្រះ​វិហារ បាន​​ចាប់​ផ្តើម «ទល់​ទ្រ​សង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះ​វិហារ» ដំណាក់​កាល​​ទី២ កាល​ពី​​ថ្ងៃ​​​ទី១៩ ខែ​​តុលា។

យោង​តាម​​ការ​ចុះ​ផ្សាយ​​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ គម្រោង​អន្តរាគមន៍​ទល់ទ្រ​សង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះ​វិហារ ដំណាក់​កាល​ទី២​នេះ មាន​ចំនួន ២៩ទីតាំង ក្នុង​នោះ​នៅ​គោបុរៈ​ទី១ មាន ១០ទីតាំង, គោបុរៈ​ទី២ ចំនួន ៨ទីតាំង, ស្ពានហាល​ចន្លោះ​គោបុរៈ​ទី២ និង​ទី៣ ចំនួន ២ទីតាំង, គោបុរៈ​ទី៣ ចំនួន ៥ទីតាំង, គោបុរៈ​ទី៤ ចំនួន ១ទីតាំង, ស្ពានហាល​ចន្លោះ​គោបុរៈ​ទី៤ និង​ទី៥ ចំនួន ១ទីតាំង គោបុរៈ​ទី៥ ចំនួន ១ទីតាំង និង​នៅ​ខឿន​ទ្រ​ក្បាលនាគ​ខាង​លិច (ថ្នាក់​ទី១ ជណ្ដើរ​​បុរាណ​​ខាង​ជើង) ចំនួន ១ទីតាំង។

គម្រោង​អន្តរាគមន៍​ទល់ទ្រ​សង្គ្រោះ​បន្ទាន់​ប្រាសាទ​ព្រះវិហារ​នេះ ធ្វើឡើង​​ក្រោយ​តួ​ប្រាសាទ​បាន​ទទួល​រង​ការ​​វាយ​ប្រហារ​​ពី​អាវុធ​យុទ្ធភ័ណ្ឌ​ធុន​តូច មធ្យម និង​ធំ គ្រប់​ប្រភេទ ដែល​បាញ់​ស្រោច​ដោយ​យោធា​ថៃ​មក​លើ​​ទឹកដី​កម្ពុជា ក្នុង​វិវាទ​ព្រំដែន​កាលពី​ចុង​ឆ្នាំ២០២៥ កន្លងទៅ។

យោងតាម​ការ​វាយតម្លៃ​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ ក្រសួង​វប្បធម៌ និង​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​នៅ​​កម្ពុជា ហៅកាត់​ថា ស៊ីម៉ាក់ បាន​រកឃើញ​ទំហំ​នៃ​ការ​ខូចខាត​ចំនួន ៥៦២ទីតាំង និង​មាន​រណ្តៅ​គ្រាប់​ចំនួន ៥០១​កន្លែង ដែល​ជា​ភស្តុតាង​នៅ​លើ​ដី មិន​អាច​លុបបំបាត់​បាន នៅ​បរិវេណ​ប្រាសាទ និង​តំបន់​ក្បែរ​​ប្រាសាទ​ព្រះវិហារ។

ទិន្នន័យ​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ បង្ហាញ​ថា ការ​វាយប្រហារ​ក្នុង​ខែកក្កដា ឆ្នាំ២០២៥ បាន​បង្ក​ការ​ខូចខាត​​ចំនួន ១៤២ទីតាំង នៅ​លើ​ប្រាសាទ ខណៈ​ការ​វាយប្រហារ​ក្នុង​ខែធ្នូ បាន​បង្ក​ការ​ខូចខាត​បន្ថែម​ចំនួន ៤២០ទីតាំង។

របាយការណ៍ UNESCO និង​ក្រុមប្រឹក្សា​អន្តរជាតិ​ស្តីពី​ប្រាង្គ​ប្រាសាទ និង​រមណីយដ្ឋាន បាន​វាយតម្លៃ​ថា ទំហំ​​នៃ​ការ​ខូចខាត​ពី​ជម្លោះ​ថ្មី​នេះ មិន​អាច​ប្រៀបធៀប​បាន​ជាមួយ​ការ​ខូចខាត​ពី​ជម្លោះ​មុនៗ ហើយ​បាន​ប៉ះពាល់​ដល់​​ភាព​​ពេញ​លេញ ភាព​ដើម និង​តម្លៃ​សកល​លេចធ្លោ​របស់​ប្រាសាទ​ព្រះវិហារ។

បើ​តាម ស៊ីម៉ាក់ បរិវេណ​ប្រាសាទ​ព្រះវិហារ​មាន​រណ្តៅ​គ្រាប់​ហោចណាស់​ចំនួន ៥០១កន្លែង ដែល​បង្កឡើង​​ដោយ​គ្រាប់​បែក​​ទម្លាក់​​ពី​​អាកាស កាំភ្លើងធំ និង​ដ្រូន ក្នុង​នោះ រណ្តៅ​ចំនួន ៧៨ ត្រូវ​បាន​កត់ត្រា​ពី​ការ​​ប៉ះទង្គិច​ក្នុង​ខែកក្កដា និង ៤២៣​រណ្តៅ ពី​ការ​ប៉ះទង្គិច​ក្នុង​ខែធ្នូ ឆ្នាំ២០២៥។

នៅ​ទីតាំង​នោះ CMAC ក៏​បាន​កត់ត្រា​ភស្តុតាង​នៃ​គ្រាប់បែក MK-82 គ្រាប់បែក​ចង្កោម និង​គ្រាប់​កាំភ្លើងធំ ១០៥ មម, ១២៥ មម និង ១៥៥ មម ព្រមទាំង​ការ​ខូចខាត​លើ​ផ្លូវ​បុរាណ គ្រឹះ ជញ្ជាំង សសរ ផ្តែរ ហោ​ជាង និង​​ផ្នែក​នានា​នៃ​គោបុរៈ​ទាំងប្រាំ។

មុន​រង​ការ​បំផ្លិចបំផ្លាញ ប្រាសាទ​ព្រះវិហារ​ធ្លាប់​ឈរ​ខ្ពស់​ត្រដែត​លើ​កំពូល​ភ្នំ​ដងរែក ដោយ​ទទួល​ភ្ញៀវ​ទេសចរ​​ជាតិ និង​​អន្តរ​ជាតិ​​ជាង ២០ម៉ឺន​នាក់ ក្នុង​មួយ​ឆ្នាំៗ។ ប៉ុន្តែ​ការ​បាញ់ប្រហារ​របស់​យោធា​ថៃ បាន​ធ្វើឱ្យ​ប្រាសាទ​ព្រះវិហារ​ធ្លាក់​​ទៅ​ក្នុង​សភាព​កាន់តែ​ទ្រុឌទ្រោម និង​ស្ងប់ស្ងាត់ ដោយ​លែង​បើក​ឱ្យ​មាន​អ្នក​ចូល​ទស្សនា ដោយសារ​កត្តា​សុវត្ថិ​ភាព និង​ភាព​តឹងតែង​ប្រដាប់​អាវុធ​នៅ​តំបន់​ព្រំដែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ