អ្នក​ចាញ់​​បោក​អតីត​​ឧកញ៉ា ហ៊ី គឹម​​ហុង ស្លាប់​​កើន​ឡើង​​ជិត ៤០នាក់ ដោយ​សារ​​វិបត្តិ​​បំណុល

រូបភាព៖ បណ្តាញសង្គម

អ្នក​រង​គ្រោះ​ចាញ់បោក​ក្រុមហ៊ុន​ពិភព​ដីមាស ជំរុញ​ឱ្យ​សាលាឧទ្ធរណ៍​​ពន្លឿន​​វិធាន​ការ​​លើ​​មេ​ឆបោក​​អតីត​​ឧកញ៉ា ហ៊ី គឹម​ហុង ដើម្បី​​ឱ្យ​​សង​​លុយ​​ពួក​គេ​​ជាង ១ពាន់​​គ្រួសារ​​វិញ ដោយ​​សំអាង​​ថា ការ​​ពន្យា​​ពេល​​ច្រើន​​ឆ្នាំ​​មក​​នេះ ធ្វើ​​ឱ្យ​​ជន​រង​​គ្រោះ​​​ស្លាប់​​កើន​​ឡើង​​ដល់​​ជិត ៤០នាក់ ដោយ​សារ​​វិបត្តិ​​បំណុល និង​​រាប់​សិប​​គ្រួសារ​​ទៀត បាន​​លក់​​ដី និង​​ផ្ទះ​សម្បែង ដើម្បី​​សង​​បំណុល​​ធនាគារ។

ក្រុម​ជនរងគ្រោះ​នៅ​ក្រុមហ៊ុន​ពិភព​ដីមាស បាន​ផ្ទុះ​ការ​តវ៉ា ចាប់តាំងពី​ដើម​ឆ្នាំ​២០២៣ ក្រោយ​​ពលរដ្ឋ​​ជាង​ ១ពាន់​​គ្រួសារ នៅ​​​តាម​បណ្តា​​ខេត្ត​​​នានា បាន​​ចង​ការ​​​ប្រាក់ ទៅ​ដាក់​នៅ​ក្រុមហ៊ុន​នេះ ចន្លោះ​ពី ២ម៉ឺន ទៅ ៥ម៉ឺន​​ដុល្លារ​​សហរដ្ឋ​អាមេរិក ដើម្បី​​បាន​ការប្រាក់​ប្រចាំខែ តាម​ការ​បញ្ចុះបញ្ចូល ពី​ភ្នាក់ងារ​ក្រុមហ៊ុន​ពិភព​ដីមាស។

ប៉ុន្តែ​ពួកគេ​ថា ក្រុមហ៊ុន​បាន​ផ្តល់​ការប្រាក់​ឱ្យ​ត្រឹម ២ ទៅ ៣ខែ​ប៉ុណ្ណោះ បន្ទាប់មក​ក៏​ខកខាន​ផ្តល់​ឱ្យ​ច្រើន​ខែ ទើប​ពួកគេ​ដឹង​ថា បាន​ចាញ់បោក​ក្រុមហ៊ុន​នេះ ហើយ​ក៏​មាន​រលក​តវ៉ា​ទាមទារ​ឱ្យ លោក ហ៊ី គឹមហុង ប្រធាន​ក្រុមហ៊ុន​ពិភព​ដីមាស សង​ប្រាក់​ពួកគេ​ត្រឡប់​មក​វិញ ប៉ុន្តែ​ថា ក្រុមហ៊ុន​នោះ មិន​ព្រម​សង​រហូត​បច្ចុប្បន្ន។

លោក សៅ វត្ថា មាន​អាយុ ៥៥ឆ្នាំ រស់នៅ​ខេត្ត​ស្វាយរៀង ដែល​អះអាង​ថា ជា​ជនរងគ្រោះ​ម្នាក់ ក្នុង​ចំណោម​​ជាង ១ ០០០​​គ្រួសារ​​​ផ្សេង​​ទៀត បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២១ ម្សិ​លមិញ​​ថា គាត់​បាន​ដាក់​លុយ​ក្នុង​ក្រុម​ហ៊ុន​​លោក ហ៊ី គឹមហុង អស់​​ជាង ៥ម៉ឺន​ដុល្លារ តាំងពី​ឆ្នាំ២០២៣។

លោក​បញ្ជាក់​ថា ប្រាក់​ដែល​លោក​យក​ទៅ​ដាក់​នៅ​ក្រុមហ៊ុន​នោះ លោក​បាន​ខ្ចី​ពី​ធនាគារ ប៉ុន្តែ​លោក​ថា រហូត​​មក​​ដល់​ពេល​នេះ មិន​ដែល​ទទួលបាន​ផល​ចំណេញ ឬ​ប្រាក់​ដើម​ត្រឡប់​មក​វិញ​នោះ​ទេ។ ហើយ​ថា​បច្ចុប្បន្ន​​ទាំង​​គ្រួសារ​​លោក និង​​ជន​រង​គ្រោះ​​ជា​ច្រើន​​ទៀត កំពុង​​ប្រឈម​មុខ​​នឹង​​បញ្ហា​​នេះ​​យ៉ាង​​ធ្ងន់​ធ្ងរ រហូត​ដល់​​ថ្នាក់​​លក់​​ផ្ទះ លក់​​ដី ដើម្បី​​​យក​​ប្រាក់​​ទៅ​​សង​​ធនាគារ។

លោក​ថា៖ «សំខាន់ឲ្យតុលាការហ្នឹងពន្លឿន ខាងឧទ្ធរណ៍ហ្នឹង សុំពន្លឿនការងារហ្នឹង ដើម្បីជួយប្រជាពលរដ្ឋ​ឲ្យ​លឿន​ទៅ ឆាប់​រហ័ស​ទៅ ក្រែងលោបានលុយមកបង់ធនាគារ បង់អីវិញណា លោះយកប្លង់ យកដី យក​ផ្ទះ​អីវិញ។ សម្រាប់​បង​ប្អូន មិន​ថា​ខ្ញុំ មិនថាបងប្អូនជាង ១ ពាន់​នាក់ហ្នឹង គ្នាវេទនាក្រៃលែង។ ខ្លះលក់​​​ផ្ទះ ខ្លះ​​លក់ដី​អស់ ហើយដើម្បី​បង់​ធនាគារ ហើយខ្លះហ្នឹងក៏ឈឺ គ្មានលទ្ធភាពមើលចឹងណា ហើយខ្លះស្លាប់​​អីចឹង»។

តំណាង​ជនរងគ្រោះ លោក សេង ហាក់ បាន​គូស​បញ្ជាក់​ថា ពេលនេះ​ពលរដ្ឋ​រងគ្រោះ​ទាំងនោះ​កំពុង​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​យ៉ាង​ធ្ងន់ធ្ងរ បណ្តាល​ឱ្យ​គ្រួសារ​ខ្លះ​បែកបាក់ ខ្លះ​រត់ចោលស្រុក និង​ខ្លះ​ទៀត​ធ្លាក់ខ្លួន​ឈឺ រហូត​​មាន​អ្នក​ស្លាប់​កើន​ដល់​ជិត ៤០នាក់ ដោយសារ​គ្មាន​លុយ​ព្យាបាល​ជំងឺ។

លោក​ថា៖ «អ្នកស្លាប់ហ្នឹង គឺកើនឡើង​រហូត បាទ! ឡើង​ជិត ៤០នាក់​ហើយ បាទ!​ [..]​តុលាការ​ធ្វើ​​យ៉ាង​ម៉េច​ពន្លឿន​នីតិ​វិធី ព្រោះ​អី​បណ្ដឹង​របស់​ប្រជា​ពលរដ្ឋ​រង​គ្រោះ​មក​សាលា​ឧទ្ធរណ៍ គឺ​ដាក់​ទៅហើ​យ​​នៅ​រ​ង់​​ចាំ​​​តែ​​ឲ្យ​​​​សាលា​​ឧទ្ធរណ៍​​ហ្នឹង ចេញ​វិធាន​ការ ចាត់​វិធាន​ការ​ឲ្យ​បាន​លឿន​បា​ទ! ធ្វើ​ម៉េច​ឲ្យបា​ន​ចេញ​ជាសំណង​​​ឲ្យ​​ឆាប់ៗមកអញ្ចឹងណា»។

សាលាដំ​បូង​រាជធានី​ភ្នំពេញ កាលពី​ពាក់កណ្តាល​ខែ​សីហា ឆ្នាំ២០២៦ បាន​ប្រកាស​សាលក្រម​កាត់ទោស​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក ដោយ​ផ្តន្ទាទោស​សរុប ១៥ឆ្នាំ ក្នុង​សំណុំរឿង ៣ ដាក់​ដោយឡែក​ពី​គ្នា សំណុំ​រឿងទី​១ កាត់​ឱ្យ​ជាប់ ៥ឆ្នាំ និង​បង្គាប់​ឱ្យ​សង​ប្រាក់​ជាង ៣៣លាន​ដុល្លារ​​អាមេរិក (៣៣,៥ លាន​ដុល្លារ) ត្រឡប់​​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​​ចំនួន ១ ១១៥គ្រួសារ ដែល​បាន​ចាញ់បោក​ការ​វិនិយោគ​ដីធ្លី​នៃ​ក្រុមហ៊ុន​ពិភព​ដីមាស​នេះ។ ប៉ុន្តែ​​មិន​ចេញ​ដីកា​បង្គាប់​​ឱ្យ​ឃុំខ្លួន​មេ​ឆបោក​ទាំងនោះ តាម​បណ្តឹង​របស់​​ពលរដ្ឋ​ជា​ជនរងគ្រោះ​នោះ​ទេ ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​តំណាង​​ពលរដ្ឋ​​រងគ្រោះ​ប្តឹង​តវ៉ា​ទៅ​សាលាឧទ្ធរណ៍ នៅ​​ខែកញ្ញា ឆ្នាំ២០២៦។

យ៉ាងណា តំណាង​រូប​នេះ អះអាង​ថា មក​ដល់​ពេល​នេះ ជនរងគ្រោះ មិន​ទាន់​ទទួល​ដំណឹង ពី​សាលាឧទ្ធរណ៍ ជុំវិញ​​វិធាន​ការ​​នេះ​​នៅ​​ឡើយ​​ទេ ដែល​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​នឹង​វិបត្តិ​បំណុល​កាន់តែ​ធ្ងន់ធ្ងរ​ឡើង។

វីអូឌី មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ជុំវិញ​រឿង​នេះ ពី​អ្នកនាំពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក ឃុន លាងម៉េង បាន​​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន លោក ប៉ោ មករា កត់សម្គាល់​ថា បញ្ហា​នៅ​ក្រុម​ហ៊ុន​​​ពិភព​​​ដីមាស បាន​បង្ក​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ ដែល​ទាមទារ​ឱ្យ​តុលាការ​​ពន្លឿន​នីតិវិធី​​ដោះ​ស្រាយ និង​ចាត់ការ​លើ​ទ្រព្យសម្បត្តិ​របស់​លោក ហ៊ី គឹមហុង ដើម្បី​ផ្តល់​យុត្តិ​ធម៌ និង​សម្រាល​ទុក្ខ​លំបាក​ជូន​ជន​រង​គ្រោះ​​ឱ្យ​​បាន​​ឆាប់​រហ័ស។

លោក​ថា៖ «ជាការបង្កភាពអយុត្តិធម៌សង្គម សម្រាប់អ្នករងគ្រោះ ពិសេសគឺពល​រដ្ឋ​ដែលគាត់ចាញ់បោកទៅ​​លើ​ក្រុម​ហ៊ុន​​ពិភព​​ដី​​មាស​​ហ្នឹងតែម្ដង ហើយបញ្ហាទាំងអស់នេះ ​វាជាការបង្កការឈឺចាប់សម្រាប់ប្រជាពលរដ្ឋ អ្នករងគ្រោះ​ផង ហើយវាជាគំរូមិនល្អសម្រាប់សង្គម»។

លោក ហ៊ី គឹមហុង ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃុំខ្លួន ដាក់​ពន្ធនាគារ​ម្តង​ហើយ អំឡុង​ខែ​សីហា ឆ្នាំ២០២៣ ក្រោយ​មាន​រលក​តវ៉ា​ខ្លាំង​ពី​ជនរងគ្រោះ។ ប៉ុន្តែ​អតីត​ឧកញ៉ា​ដែល​តែងតែ​បង្ហាញ​ខ្លួន​ស្និទ្ធ​នឹង​ឥស្សរជន​នយោ​​បាយ​បក្ស​កាន់​អំណាច​​រូប​នេះ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​វិញ ក្រោយ​ឃុំខ្លួន​បាន​ប្រមាណ​ជា ២ខែ។

បើ​តាម​អាជ្ញាធរ ការ​ដោះលែង​លោក ហ៊ី គឹមហុង ពេលនោះ ដោយ​លោក​បាន​សន្យា​ចេញ​នៅ​ក្រៅ​ឃុំ​នឹង​សង​ប្រាក់​ត្រឡប់​​ទៅ​ជនរងគ្រោះ​វិញ។

ប៉ុន្តែ​ពលរដ្ឋ​ថា​ច្រើន​ឆ្នាំ​មក​នេះ ពលរដ្ឋ​ចោទ​ថា លោក ហ៊ី គឹមហុង នៅតែ​បន្ត​គេចវេស​មិន​ព្រម​សង​ប្រាក់​ត្រឡប់​មក​​ពួក​គេ​វិញ​ដដែល ដែល​ជំរុញ​ឱ្យ​ពួកគេ​ទាមទារ​ឱ្យ​តុលាការ​ចាប់​មេ​ឆបោក​រូប​នេះ​ដាក់​ពន្ធនាគារ ដើម្បី​ដាក់​សម្ពាធ​​ឱ្យ​សង​លុយ​ទៅ​ពួកគេ​វិញ ដើម្បី​បាន​ដោះ​បំណុល​ធនាគារ។

សម្រាប់​នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត លើក​​ឡើង​ថា សំណុំរឿង​នៅ​ក្រុមហ៊ុន​ពិភព​ដីមាស បង្ក​ឱ្យ​ជនរងគ្រោះ​ជាច្រើន​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ រាប់​ចាប់ពី​ការ​ខាតបង់​ថវិកា ធ្លាក់ខ្លួន​ជំពាក់​បំណុល បាត់បង់​មុខរបរ រហូត​ដល់​បាត់បង់​ជីវិត​ដោយសារ​​វិបត្តិ​​សុខភាព និង​ជំងឺ​បាក់ទឹកចិត្ត​ផង​ដែរ ដូច្នេះ​សូម​ឱ្យ​ស្ថាប័ន​តុលាការ​ជួយ​ពន្លឿន​នីតិវិធី​ដោះស្រាយ​ឱ្យ​បាន​ឆាប់រហ័ស ឬ​ស្វែងរក​ដំណោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​ដើម្បី​ទទួលបាន​សំណង​មក​វិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ