សមាជិក​សភា​​​ជំរុញ​​ឱ្យ​បង្កើន​ចំនួន​​ស្ត្រី​ក្នុង​វិស័យ​នយោ​បាយ​​​ខណៈ​​ការ​​បោះ​ឆ្នោត​​​ជិត​មក​ដល់

ស្រប​​ពេល​ដែល​ចំនួន​ស្ត្រី​នៅ​បន្ត​មាន​តំណាង​តិចតួច​នៅ​គ្រប់​ផ្នែក​នៃ​ជីវិត​នយោបាយ ហើយ​ការ​បោះឆ្នោត​ជ្រើស​រើស​​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឆ្នាំ២០២៧ កាន់តែ​ខិត​ជិត​មក​ដល់ គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា បាន​ជំរុញ​​ដល់​​គណបក្ស​​នយោ​​​បាយ បង្កើន​​ចំនួន​​បេក្ខភាព​​ស្ត្រី​​ក្នុង​​កា​រ​បោះ​ឆ្នោត ខណៈ​​តំណាង​​ក្រុម​​ស្ត្រី​​ទាំងអស់​​គ្នា ស្នើ​​ដល់​​រដ្ឋ​សភា​​ធ្វើ​វិសោធន​កម្ម​ច្បាប់​​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ច្បាប់​បោះឆ្នោត​​ជ្រើស​តាំង​​តំណាង​រាស្ត្រ ដើម្បី​ឱ្យ​មាន​​សមភាព​យេនឌ័រ​ក្នុង​ចំណោម​បេក្ខភាព​ដែល​បាន​ឈរឈ្មោះ។

ការ​លើកឡើង​ទាំងនេះ បាន​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី «ពន្លឿន​អភិបាលកិច្ច​មូលដ្ឋាន​ប្រកប​ដោយ​​បរិយា​បន្ន តាមរយៈ​ការ​បង្កើន​បេក្ខភាព​ស្ត្រី​សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​​ទី៧ ឆ្នាំ២០២៧» នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ២០២៦ នេះ។

ប្រធាន​គណៈកម្មការ​ទី៨ នៃ​រដ្ឋសភា ផ្នែក​សុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ និង​កិច្ចការ​នារី លោកស្រី ឡោក ខេង បាន​លើកឡើង​ក្នុង​សិក្ខាសាលា​នោះ​ថា ការ​ដែល​​ស្ត្រី​មាន​​ឱកាស​​​ចូល​រួម​​ក្នុង​ភាព​ជា​អ្នកដឹកនាំ​នៅ​ថ្នាក់​មូលដ្ឋាន គឺ​មាន​សារសំខាន់​ណាស់ ព្រោះ​ស្ត្រី​រស់នៅ​សហគមន៍ ពិតជា​បាន​​ដឹង​ច្បាស់​អំពី​បញ្ហា​ប្រឈម​ក្នុង​គ្រួសារ ការ​ថែទាំ​គ្រួសារ ការ​គ្រប់គ្រង​ជីវភាព​គ្រួសារ និង​ការ​ប្រឈម​នានា​របស់​មនុស្ស​​ទាំងអស់​ក្នុង​សង្គម ដែល​បទពិសោធន៍​ទាំងនេះ អាច​ឱ្យ​ស្ត្រី​ចូលរួម​​​ចំណែក​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​សង្គម និង​ក្នុង​សហគមន៍​មូលដ្ឋាន​ប្រកបដោយ​បរិយាបន្ន។

តែ​យ៉ាងណា លោកស្រី​ថា ស្ត្រី​ជាច្រើន​នៅតែ​ប្រឈម​នឹង​ឧបសគ្គ​សង្គម និង​ចំណុច​ខ្សោយ​របស់​ខ្លួន ដូចជា កង្វះ​ឱកាស​​ទទួលបាន​បទពិសោធន៍​ក្នុង​ការ​ស្វែងយល់​ពី​កិច្ចការ​សាធារណៈ, កង្វះ​ចំណេះដឹង​អំពី​ដំណើរ​ការ​រដ្ឋបាល​និង​ការ​បោះឆ្នោត, ការ​ទទួល​ខុសត្រូវ​ក្នុង​គ្រួសារ, កង្វះ​ការ​គាំទ្រ​ពី​គ្រួសារ​និង​សហគមន៍, ការ​បាត់​ទំនុក​ចិត្ត​លើ​សមត្ថ​ភាព​​របស់​​ខ្លួន និង​ផ្នត់គំនិត​ចាស់គំរិល​របស់​សង្គម ដែល​នៅតែ​ចាត់ទុក​ភាព​​ជា​អ្នកដឹកនាំ​នយោបាយ គឺ​ជា​តួនាទី​របស់​​បុរស។ ការណ៍​នេះ លោកស្រី​ថា ទាំង​ស្ថាប័ន​រដ្ឋ គណបក្ស​នយោបាយ អាជ្ញាធរ​មូលដ្ឋាន ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​​ស៊ីវិល សហគមន៍ និង​ក្រុម​គ្រួសារ សុទ្ធតែ​មាន​តួនាទី​សំខាន់​ក្នុង​ការ​បង្កើត​បរិយាកាស​ដែល​អនុញ្ញាត​ឱ្យ​ស្ត្រី​ចូល​រួម​​ក្នុង​ភាព​ជា​អ្នកដឹកនាំ​ដោយ​ស្មើភាព និង​​មាន​​សុវត្ថិ​ភាព។

លោកស្រី​ក៏​បាន​ជំរុញ​ដល់​គណបក្ស​នយោបាយ​ទាំងអស់ ត្រូវ​បង្កើន​ឱកាស​និង​ផ្តល់​ការ​គាំទ្រ​ដល់​បេក្ខ​ភាព​​ជា​​ស្ត្រី​​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត ជាពិសេស​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៦ ឆ្នាំ២០២៧ ដែល​ខិត​ជិត​មក​ដល់​នេះ។

លោកស្រី​ថា៖ «គណបក្ស​​គួរ​ផ្តល់​ឱកាស​ឱ្យស្ត្រី​ដែលមាន​សមត្ថភាព​ និង​មាន​សក្តា​នុពល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល ការ​​ណែនាំ​ និង​បទពិសោធន៍ក្នុងកិច្ច​កា​រសាធារណៈ​ ព្រមទាំង​អនុវត្តគោល​ការណ៍ឱ្យ​បេក្ខ​ជន​ឈរ​​​ឈ្មោះ​ជា​ស្ត្រី​ ស្ថិត​​ក្នុង​លំដាប់​ដែលមាន​ឱកាសទទួលបាន​ការបោះឆ្នោត​គាំទ្រ»។

សម្រាប់​តំណាង​ក្រុម​ស្ត្រី​ដើម្បី​ទាំងអស់​គ្នា និង​ជា​អ្នកសម្របសម្រួល​កម្មវិធី​អប់រំ​និង​យេនឌ័រ​នៃ​អង្គការ​ខុមហ្វ្រែល លោក​ស្រី សឺនកេត សីរីលក្ខណ៌ បាន​លើកឡើង​ថា ស្ត្រី​មាន​ភាព​សកម្ម​ទាំង​សំឡេង និង​ការ​ចូលរួម​សកម្មភាព​ផ្សេងៗ ប៉ុន្តែ​​អ្វី​ដែល​ធ្វើ​ឱ្យ​ស្ត្រី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នៅ​មាន​ចំនួន​តិច ដោយសារ​តែ​ការ​ដាក់​បេក្ខភាព​ស្ត្រី​នៅ​លេខរៀង​ខាង​ក្រោម ការ​មិន​ដាក់​វត្តមាន​ស្ត្រី​ក្នុង​បណ្តាញ​នយោបាយ និង​មិន​ទាន់​មាន​ច្បាប់​បោះឆ្នោត​ដែល​ឆ្លើយតប​នឹង​យេនឌ័រ ខណៈ​បេក្ខភាព​បុរស​ដែល​ធ្លាប់​ជាប់ឆ្នោត​ជា​មេឃុំ/ចៅសង្កាត់ និង​ឈរ​លេខរៀង​ទី១ មិន​ចង់​ចេញ​ពី​តំណែង និង​មាន​ការ​រើសអើង​ចំពោះ​ស្ត្រី​ជាដើម។

ការ​ចូលរួម​របស់​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹកនាំ មិនមែន​ត្រឹមតែ​មាន​វត្តមាន​ស្ត្រី​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ទេ ប៉ុន្តែ​ត្រូវតែ​ផ្តល់​ឱកាស​ពិតប្រាកដ​ដល់​ស្ត្រី​អាច​ជាប់ឆ្នោត​បាន។

លោកស្រី​ថា៖ «គណបក្ស​នយោបាយ​ គឺ​​តួអង្គ​សំខាន់​ដែល​ធ្វើ​ឱ្យ​មានកា​រផ្លាស់​ប្រែ ​ធ្វើ​ឱ្យ​មាន​សមភាព​យេនឌ័រនៅក្នុង​ការ​ដឹកនាំ ធ្វើឱ្យ​មាន​​សម​ភាព​យេន​ឌ័រនៅក្នុង​វិស័យ​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា»។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី សឺនកេត សីរីលក្ខណ៌ បាន​ឱ្យ​ដឹង​ដែរ​ថា ក្រុម​ស្ត្រី​ដើម្បី​ទាំងអស់​គ្នា ក៏​បាន​ស្នើ​ទៅកាន់​រដ្ឋសភា ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ និង​ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នូវ​មាត្រា​ចំនួន៣ រួមមាន មាត្រា២៧ មាត្រា២៨ និង​មាត្រា៣៩ ដើម្បី​ឱ្យ​ការ​ដាក់​ស្នើ​បញ្ជី​បេក្ខ​ភាព​​ឈរឈ្មោះ​បោះឆ្នោត​ដែល​ស្នើឡើង​ដោយ​គណបក្ស​នយោបាយ គួរ​ដាក់​​ឈ្មោះ​ឆ្លាស់​គ្នា​រវាង​បេក្ខភាព​ជា​ស្ត្រី និង​​បេក្ខភាព​ជា​បុរស ដើម្បី​ឱ្យ​ស្ត្រី​អាច​មាន​ឱកាស​ជាប់ឆ្នោត​បាន​ច្រើន​ទាំង​នៅ​រដ្ឋសភា និង​នៅ​ក្រុមប្រឹក្សា​ឃុំ សង្កាត់។

ប្រធាន​គណបក្ស​ស្ត្រី​ដើម្បី​ស្ត្រី លោកស្រី ស៊ឹង សុធី មាន​ប្រសាសន៍​ថា ក្នុង​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​មុន គណបក្ស​នេះ​បាន​ដាក់​បេក្ខភាព​ជា​ស្ត្រី​បាន ៨០ភាគរយ ហើយ​ចំពោះ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នា​ពេល​ខាងមុខ​នេះ លោកស្រី​នៅ​មិន​ទាន់​ដឹង​ពី​អត្រា​ស្ត្រី​ចូលរួម​ឈរឈ្មោះ​ជា​បេក្ខភាព​ប៉ុន្មាន​ភាគរយ​នៅ​ឡើយ​ទេ ដោយសារ​តែ​កំពុង​​រៀបចំ។

យ៉ាងណា លោកស្រី​ថា៖ «គឺយើង​ផ្តោតឱ្យ​បាន​១០០ភាគរយ បើសិនជា​មានស្ត្រី​ឈរកាន់​តែ​ច្រើន គឺ​យើងនឹង​យក​ស្ត្រីជាចម្បង»។

ជាមួយ​គ្នា​នេះ​ដែរ លោកស្រី ស៊ឹង សុធី ក៏​បាន​ជំរុញ និង​លើកទឹកចិត្ត​ដល់​ស្ត្រី​ទាំងអស់ ត្រូវ​ក្លាហាន បង្កើន​សមត្ថ​ភាព​​ខ្លួន​ឯង និង​ហ៊ាន​ជម្នះ​នូវ​ឧបសគ្គ និង​ការ​រើសអើង​ទាំងឡាយ បើសិនជា​ចង់​ចូលរួម​ក្នុង​វិស័យ​នយោបាយ និង​​ជា​​អ្នក​ដឹក​នាំ។

លោកស្រី វ៉ែន ធុន អាយុ ៤០ឆ្នាំ ជា​បេក្ខភាព​ស្ត្រី​ឈរឈ្មោះ​ការ​បោះឆ្នោត​មកពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​គោកបន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​លើកឡើង​ថា បើទោះបីជា​អ្នកស្រី​បាន​ប្រឡូក​ក្នុង​វិស័យ​នយោ​បាយ​​ប្រមាណ ១៥ឆ្នាំ​មក​ហើយ ប៉ុន្តែ​អ្នកស្រី​នៅ​មិន​ទាន់​ជឿជាក់​លើ​សមត្ថភាព​ខ្លួនឯង ក្នុង​ការ​ប្រកួតប្រជែង​ជាមួយ​​បេក្ខភាព​បុរស​ឈរឈ្មោះ​លេខរៀង​ទី១ ដែល​មាន​បទពិសោធន៍ ៤០ឆ្នាំ​នៅ​ឡើយ។ តែ​យ៉ាងណា អ្នកស្រី​ថា នឹង​ពង្រឹង​​សមត្ថភាព​ខ្លួនឯង​បន្ថែម និង​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​ឈរឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ នៅ​អាណត្តិ​ទី៦ នេះ។

លោក​​ស្រី​ថា៖ «អាណត្តិទី​៤ ខ្ញុំឈរ​ឈ្មោះប៉ុន្តែ​អត់ជាប់ ហើយ​ដល់​ពេល​មក​អាណត្តិ​នេះទើប​បាន​ខ្ញុំ​សម្រេច​​ចិត្តថា​មុះ​មុត​​​ក្នុង​ការ​ចូលជាបេក្ខជន ហើយ​ក៏​ខ្ញុំ​មានការ​ប្រឡូក​ក្នុង​វិស័យ​នយោបាយហ្នឹងបាន​រៀង​ជ្រៅ​ដែរ ហើយ​ណា​មួយ​ខ្ញុំមានសកម្មជា​ច្រើន​ជាមួយនឹងសហគមន៍ ជាមួយនឹង​​ប្រជាពលរដ្ឋ​។ បើសិនជា​ខ្ញុំជាប់ជា​មេឃុំ​ឬចៅ​សង្កាត់​ នាង​ខ្ញុំ​ចង់​ធ្វើការ​កែប្រែ​មួយចំនួន​ដែរ​ ទាក់ទង​នឹង​​ការ​រើស​អើ​ងស្រ្តីក្នុងភាព​ជាអ្នកដឹកនាំ​ ដោយ​សារ​នៅក្នុង​សហគមន៍ ឬ​នៅ​​ក្នុង​​ភូមិ​ឃុំ​យើង​ អ្នក​ដែល​ជា​ស្ត្រី​ក្នុង​ភាព​ជា​អ្នកដឹក​នាំ​ហ្នឹង​នៅមាន​អត្រា​​តិច​ជាង​បុរស»។

ចំណែក លោកស្រី សរ សារ៉ាត់ អនុប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​និង​វិន័យ មកពី​គណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន បាន​សង្កេត​ឃើញ​ដែរ​ថា ស្ត្រី​ជាច្រើន​ចង់​ចូលរួម​ជីវភាព​នយោបាយ ប៉ុន្តែ​ពួកគាត់​នៅ​ជួប​បញ្ហា​ប្រឈម​មួយ​ចំនួន​ពាក់ព័ន្ធ​ចំណេះដឹង​លើ​វិស័យ​នយោបាយ ខណៈ​មួយ​ចំនួន​ទៀត​ខ្លាចរអា​នៅ​ពេល​ឮ​ពាក្យ​ថា​នយោបាយ។

អ្នកស្រី​ថា៖ «ពិបាក​ហ្នឹង​ដោយសារ​តែ​ស្ត្រីយើង​ភាគ​ច្រើន​គាត់​អត់​សូវ​យល់​ពីនយោបាយ​ ហើយ​មួយ​ទៀត​បន្ទាប់​បន្សំ​​ពីកា​រលំបាក​ហ្នឹង គឺ​នៅពេល​ដែល​យើង​ដាក់បេក្ខជនជា​ស្ត្រី យើងទៅរកបេក្ខជន​ ​កា​រធ្វើនយោ​បាយ​​ហ្នឹង គឺគាត់​ខ្លាច មាន​អារម្មណ៍​មួយ​ភ័យ​ខ្លាច ពាក្យថា​នយោបាយ ខ្លាច​មានការ​ចាប់​ចង ការគំរាម​កំហែង​​ផ្សេង​ៗ ចឹង​ធ្វើ​ឱ្យ​គាត់​​ហ្នឹង​ខ្លាច។ ប៉ុន្តែអ្វីដែលយើង​មើល​​ឃើញគឺគាត់ចង់ គាត់​ចង់​ធ្វើ​នយោបាយ​ ហើយ​​យើង​សង្ឃឹមថា កា​រចូលរួម ​ការ​ផ្តល់​​ឱកាស​ឱ្យស្ត្រី ដូចជា​វគ្គបណ្តុះ​បណ្តាល​ថ្ងៃនេះ​ហ្នឹង ការ​ចូលរួម​សិក្ខា​សាលា​ថ្ងៃនេះ​ហ្នឹង ​គឺយើង​នឹង​សង្ឃឹមថា ស្ត្រី​​ចូល​រួម​​ច្រើន​នៅពេល​ដែល​បញ្ចប់»។

បើ​តាម លោកស្រី ឡោក ខេង ដែល​ជា​ប្រធាន​ក្រុម​សភា​ជាតិ​កម្ពុជា​នៃ​អ្នក​នយោបាយ​សភា​ស្ត្រី​ផង​នោះ បាន​កត់​សម្គាល់​​ថា នៅ​ក្នុង​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី៥ ឆ្នាំ២០២២ កន្លង​ទៅ​នេះ បេក្ខភាព​ស្ត្រី​ដែល​ឈរឈ្មោះ​ក្នុង​ការ​បោះឆ្នោត មាន​ការ​កើនឡើង​ច្រើន​ពិតមែន ប៉ុន្តែ​នៅតែ​មាន​ចំនួន​តិចតួច​បើ​ធៀប​នឹង​បេក្ខ​ជន​​បុរស ពោលគឺ​មាន​ត្រឹម ៣២,៣ភាគរយ ក្នុង​នោះ​ជាប់​ជា​មេឃុំ​ជាង ១២ភាគរយ និង​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ជាង ២០​ភាគ​រយ បើទោះបីជា​គណបក្ស​នយោបាយ​មួយ​ចំនួន មាន​គោលការណ៍​លើកទឹកចិត្ត​បេក្ខជន​ជា​ស្ត្រី តាមរយៈ​ការ​​ដាក់​​លេខរៀង​ទី១ ក្នុង​បញ្ជី​គណបក្ស​ក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ