ពលរដ្ឋ​​​នៅ​​មណ្ឌល​គិរី​​ខក​ចិត្ត​​ចំពោះ​​ការ​​ផ្អាក​​អាជីវ​កម្ម​​រ៉ែ​​មាស​​​សហគមន៍​​តែ​​បើក​​ផ្លូវ​​ឱ្យ​​ក្រុម​ហ៊ុន​​ចិន

ពលរដ្ឋ​​ជាង ២០០គ្រួសារ ​រ​ស់​នៅ​​ភូមិ​​ពូទុង ឃុំ​​ចុង​ផ្លាស់ ស្រុក​​កែវ​សីមា បង្ហាញ​​ពី​​ភាព​​អយុត្តិ​ធម៌ និង​​ការ​​ធ្វើ​​ទុក្ខ​​បុក​​ម្នេញ​​​របស់​​អាជ្ញាធរ បំផ្លាញ​ក្តី​សុខ​របស់​អ្នក​ភូមិ​ដែល​រស់នៅ​លើ​ដី​ភូមិ​កំណើត​​ច្រើន​ជំនាន់​មក​ហើយ។

អ្នក​ភូមិ​ថា តំបន់​ព្រៃ​មាស​ជា​ផ្នែក​មួយ​ក្នុង​តំបន់​មេសំ មាន​​ទំហំ​ជាង ៤០​ហិកតា ដែល​សហគមន៍​តែងតែ​ទៅ​​រែង​​រ៉ែ​​មាស​​​លក្ខណៈ​​គ្រួសារ​​ច្រើន​ឆ្នាំ​មក​ហើយ កំពុង​ប្រឈម​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ។

តំណាង​សហគមន៍​ភូមិ​ចុងផ្លាស់ លោក ច្រាយ ឡូន បារម្ភ​ថា អ្នក​ភូមិ​ស្ទើរតែ​គ្រប់​ក្រុម​គ្រួសារ​មាន​រណ្តៅ​រែង​​រ៉ែ​មាស​ផ្ទាល់​ខ្លួន នៅ​តំបន់​ព្រៃ​មាស ហើយ​ពលរដ្ឋ​ខ្លះ​ទៀត បាន​សង់​ផ្ទះ​នៅ​ទីតាំង​នោះ កំពុង​ប្រឈម​ការ​បណ្តេញ​ចេញ​ដោយ​​បង្ខំ ប៉ះពាល់​ប្រភព​ចំណូល និង​ធ្លាក់ខ្លួន​ក្រីក្រ។ លោក​ថា នៅ​រយៈពេល ២ថ្ងៃ​ដើម​សប្តាហ៍​នេះ សហគមន៍​បាន​លើក​​គ្នា​តវ៉ា នៅ​សាលា​ឃុំ​ចុងផ្លាស់ ដោយ​ស្នើ​ឱ្យ​អាជ្ញាធរ​ឃុំ​ផ្តល់​សិទ្ធិ​ឱ្យ​សហគមន៍​មាន​សិទ្ធិ​រែង​រ៉ែ​មាស​ឡើងវិញ តែ​គ្មាន​​ដំណោះ​ស្រាយ​នៅ​ឡើយ​ទេ។

លោក ច្រាយ ឡូន និយាយថា៖ «គេយកដីកន្លែងតំបន់ព្រៃមាសហ្នឹងទាំងអស់អញ្ចឹងណា។ ទាំង​វត្ត​អីប្រហែល​អនាគត​​ក៏​​គេ​​រុញ​ចោល​ដែរ។ រ៉ែមាសគេទើបមកធ្វើថ្មី ចិនគេហៅអីទេ ឧកញ៉ាអីទេ»។

ក្រសួង​រ៉ែ​ ​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​ឈ្មោះ អេធិច ផៅវ័រ ឯ.ក (APEX POWER CO,.LTD) ធ្វើ​ប្រតិបត្តិការ​ធនធាន​រ៉ែ​មាស លើ​ផ្ទៃដី​ជិត ២ពាន់​ហិកតា (១ ៩៥៧ហិកតា) ស្ថិត​នៅ​តំបន់​មេសំ ឃុំ​ចុងផ្លាស់ ស្រុក​​​កែវ​សីមា ខេត្ត​មណ្ឌលគិរី មាន​រយៈ​ពេល ៥ឆ្នាំ តាម​អាជ្ញាប័ណ្ណ​ចុះ​ថ្ងៃ​ទី៦ ខែ​ឧសភា ឆ្នាំ២០២៦។ នេះ​បើ​​យោង​តាម​សេចក្ដី​ប្រកាស​របស់​មន្ទីរ​រ៉ែ និង​ថាមពល។ ខ្លឹមសារ​ក្នុង​លិខិត​នោះ តម្រូវ​ឱ្យ​អនុវត្ត​​ច្បាប់​​លើ​អាជីវកម្ម​រ៉ែ​មាស របស់​ពលរដ្ឋ​ទ្រង់ទ្រាយ​តូចៗ រាប់រយ​គ្រួសារ ស្ថិត​លើ​ដី​ដែល​ក្រសួង​រ៉ែ​ផ្តល់​​សិទ្ធិ​​ឱ្យ​ក្រុមហ៊ុន​ចិន​វិនិយោគ។

នៅ​ដើម​សប្តាហ៍​នេះ អ្នក​ភូមិ​ជាង ២០០នាក់ បាន​តវ៉ា​នៅ​សាលា​ឃុំ​ចុងផ្លាស់​ស្នើ​ឱ្យ​អាជ្ញាធរ​អនុញ្ញាត​ឱ្យ​សហគមន៍​​រែង​មាស​លក្ខណៈ​គ្រួសារ ជាពិសេស​ស្នើ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង ប៉ះពាល់​ផ្ទះសម្បែង​ឱ្យ​សមរម្យ លើ​គម្រោង​ពង្រីក​ប្រឡាយ​ស្តារ​បរិស្ថាន​នេះ។

ពលរដ្ឋ​តវ៉ា និយាយថា៖ «លក់ដីខ្លួនឯង ក៏មិនឱ្យប្រជាជន​ធ្វើ រស់​ទាំងវេទនា! ហេតុ​អី​យក​ច្បាប់​មក​គាប​សង្កត់​ប្រជាជ​ន​​ទេ»។

វីអូឌី ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​មណ្ឌលគិរី លោក ទី សុផល និង​អភិបាល​ខេត្ត​មណ្ឌល​គិរី លោក គង់ គឹមនី បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ទោះ​យ៉ាងណា នាយករង​រដ្ឋបាល​ខេត្ត​មណ្ឌលគិរី លោក ឈិត សុផល បាន​ប្រាប់​សារព័ត៌មាន​សម្ព័ន្ធ​អ្នក​សារ​ព័ត៌មាន​កម្ពុជា (CamboJA) ថា គម្រោង​​ស្ដារ​បរិស្ថាន​របស់​ក្រុមហ៊ុន APEX POWER CO,.LTD នឹង​​ដំណើរការ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​រ៉ែ។ លោក​ថា គម្រោង​នេះ មិន​ទាន់​ចាប់ផ្ដើម​នៅ​ឡើយ ហើយ​​ការ​ទាមទារ​របស់​ពលរដ្ឋ អាជ្ញាធរ​នឹង​ដោះស្រាយ ប្រសិនបើ​ប៉ះ​ចំ​ដី​កម្មសិទ្ធិ​ស្របច្បាប់។

ប្រជា​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ស្នើ​ឱ្យ​អាជ្ញាធរ​រក​ដំណោះស្រាយ​​​បញ្ហា​​ដីធ្លី​នេះ​ជូន​ពលរដ្ឋ​ឱ្យ​ត្រឹមត្រូវ និង​តម្លាភាព ដោយ​ធ្វើ​យ៉ាងណា​ឱ្យ​ពលរដ្ឋ​មាន​លំនៅឋាន​ច្បាស់​លាស់ និង​ប្រាក់​ចំណូល​​ប្រចាំថ្ងៃ។

លោកថា៖ «ក្នុងនាមជាអាជ្ញាធរមូលដ្ឋានហ្នឹង គួរតែគិតគូររឿងហ្នឹងឱ្យខ្ពស់ ធ្វើម៉េច​គាត់​មាន​ដំណោះ​ស្រាយ​រឿង​ដី​ធ្លី​របស់​គាត់​ហ្នឹង​ឱ្យ​បាន ១០០ ភាគ​រយ ដើម្បី​ឱ្យ​គាត់​រស់​បាន»។

អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស ដីធ្លី និង​ធនធាន​ធម្មជាតិ​នៃ​​សមាគម​​អាដ​ហុក លោក យិន ម៉េងលី យល់​ថា មុន​​នឹ​ង​​អនុ​វត្ត​​គម្រោង អាជ្ញាធរ​ត្រូវ​ផ្តល់​សំណង និង​ដោះស្រាយ​ផល​ប៉ះពាល់​ឱ្យ​បាន​សមរម្យ​ជាមុនសិន។ លោក​ថា អាជ្ញាធរ​គួរ​ទុក​ដី​ចំណែក​ខ្លះ​ក្នុង​តំបន់​ណាមួយ ដើម្បី​ឱ្យ​សហគមន៍ អាច​ប្រកប​របរ​លក្ខណៈ​ប្រពៃ​​ណី​​ចិញ្ចឹម​ជីវិត។

លោក​ យិន ម៉េងលី ថ្លែងថា៖ «ដោះស្រាយនូវចំណែកណាមួយទៅឱ្យពួកគាត់ដើម្បី​​បញ្ចប់​បញ្ហា កុំឱ្យ​បញ្ហា​ហ្នឹង​វា វែង​ឆ្ងាយ​ទៀត។ ហើយ​ក៏​វា​ជា​ការ​អភិរក្ស​មួយ​ដែរ ដែល​គេ​ចង់​ទៅ​មើល​ថា​តើ​ប្រពៃណី​របស់​ខ្មែរ​យើង ឬ​ក៏​ជន​ជាតិ​ដើម​ភាគ​តិច ទាក់​ទង​នឹង​ការ​រែង រែង​មាស រែង​ត្បូង​គេ​ធ្វើ​របៀប​ម៉េច។ ហ្នឹង​ក៏​ល្អ​ដែរ​ បង្រៀន​បច្ចេក​ទេស​ដល់​ប្រជា​ពលរដ្ឋ​ទៅ នៅ​ក្នុង​ការ​ការ​ពារ​បរិស្ថាន​ដែរ»។

អាជ្ញាធរ​ខេត្ត​មណ្ដលគិរី ​​ឱ្យ​ដឹង​ថា ការ​សិក្សា​ពី​ផល​ប៉ះពាល់​បរិស្ថាន (EIA) លើ​គម្រោង​អាជីវកម្ម​រ៉ែ​មាស របស់​​ក្រុម​ហ៊ុន​​​ចិន អេធិច ផៅវ័រ ឯ.ក (APEX POWER CO., LTD.) ត្រូវ​បាន​ធ្វើឡើង​រួចរាល់​ហើយ។ ចំណែក​​សហគមន៍​ចាត់ទុក​ថា ការ​​សិក្សា​ផល​ប៉ះពាល់ EIA របស់​អាជ្ញាធរ​នៅតែ​ខ្វះចន្លោះ​ច្រើន​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ