ការ​ប្រកាស​​ស៊ើប​​អង្កេត​​លើ​​មន្ត្រី​​ជាន់​​ខ្ពស់ ពាក់​ព័ន្ធ​​ឧក្រិដ្ឋ​កម្ម​​ឆបោក​​មិន​​ទាន់​​ផ្តល់​​ជំនឿ​​ដល់​​អ្នក​​តាម​ដាន

ការ​​ដែល​​ក្រសួង​​មហា​ផ្ទៃ​​បង្ហាញ​​ឆន្ទៈ​ពី​​ដំណើរ​ការ​​ស៊ើប​​អង្កេត​​លើ​​ឧក្រិដ្ឋ​កម្ម​​ឆបោក​​អន​ឡាញ​​ខ្នាត​​ធំ នៅ​​ខេត្ត​​កោះ​កុង ​ដែល​​គេ​​រក​​ឃើ​ញ​​ថា ពាក់ព័ន្ធ​ជាមួយ​សែស្រឡាយ​លោក យឹម ឆាយលី ​នោះ ត្រូវ​​បាន​​ក្រុម​​អ្នក​​រិះ​គន់​​ចាត់​ទុក​​ថា ជា​​ល្ខោន​​នយោ​បាយ ដើម្បី​​បិទ​បាំង​​កំហុស​​មេដឹក​នាំ ដរាប​ណា​​ច្បាប់​​នៅ​​តែ​​មិន​​ហ៊ាន​​កាត់​ទោស​​កំហុស​​មេដឹក​នាំ។

ការ​អះអាង​របស់​អ្នក​ឃ្លាំមើល​បែប​​នេះ ខណៈ​ក្រសួង​មហាផ្ទៃ នៅ​មិន​ទាន់​បង្ហាញ​ពី​វិធាន​ការ​ស៊ើប​អង្កេត​ជាក់​លាក់​​លើ​អគ្គស្នងការ​រង​នគរបាល​ជាតិ ​​លោក យឹម លាង ទទួលបន្ទុក​​អង្គ​រក្ស និង​​​មន្ត្រី​ក្រោម​​ឱវាទ លោក​ស្រី ជាតិ មុន្នី ដែល​រង​ការ​សង្ស័យ​ថា ជា​អ្នក​កាង​អាជីវកម្ម​ឆបោក​តាម​អនឡាញ​របស់​មេ​ឧក្រិដ្ឋជន​ឆបោក​​អនឡាញ​ជនជាតិ​ចិន​មាន​សញ្ជាតិ​ខ្មែរ លោក តេង ភីពីង (Deng Pibing) នៅ​​តំបន់​​តារា​សាគរ ខេត្ត​​កោះ​កុង។

អ្នក​តាមដាន ភូមិសាស្ត្រ​នយោបាយ លោក សេង វណ្ណលី ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២៦ ថា ការ​​ប្រកាស​​​ស៊ើប​អង្កេត​​របស់​​ក្រសួង​មហាផ្ទៃ​​លើ​មន្ត្រី​ជាន់​ខ្ពស់ និង​មន្ត្រី​ប្រដាប់​អាវុធ​មួយ​ចំនួន ដូចជា លោក យឹម លាង និង​​អ្នកស្រី ជាតិ មុន្នី អាច​ជា​វិធានការ​ដើម្បី​បន្ធូរ​សម្ពាធ​អន្តរជាតិ និង​សាធារណជន ជាជាង​ការ​ស៊ើប​អង្កេត​ពិតប្រាកដ។ លោក​លើកឡើង​ពី​កង្វល់​ថា សំណុំរឿង​ពាក់ព័ន្ធ​នឹង​អ្នក​មាន​អំណាច​អាច​​ត្រូវ​ទុក​ឱ្យ​ស្ងាត់ ឬ​បញ្ចប់​ដោយ​ការ​ដាក់ទោស​ត្រឹម​មន្ត្រី​ថ្នាក់​ទាប​ប៉ុណ្ណោះ។ លោក​បន្ត​ថា ការ​ប្រញាប់​បដិសេធ​​ការ​ចោទប្រកាន់​មុន​ពេល​មាន​លទ្ធផល​​កោសល្យវិច័យ ក៏​បង្ក​ជា​សំណួរ​អំពី​តម្លាភាព​នៃ​ការ​ស៊ើប​អង្កេត​​ផង​ដែរ។

អ្នក​តាមដាន ភូមិសាស្ត្រ​នយោបាយ រូប​នេះ សង្កត់ធ្ងន់​ថា បើ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត មិន​ចាត់​វិធាន​ការ​ប្រកបដោយ​តម្លាភាព​ចំពោះ​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ការ​លាង​លុយ និង​ការ​​ជួញ​ដូរ​មនុស្ស នោះ​វា​កាន់តែ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​កម្ពុជា ទំនុកចិត្ត​របស់​វិនិយោគិន និង​ជំនឿ​របស់​ប្រជា​ពលរដ្ឋ​លើ​ប្រព័ន្ធ​យុត្តិធម៌។ ដូច្នេះ​បើ​គ្មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ និង​ការ​បង្ហាញ​លទ្ធផល​ជា​សាធារណៈ​ទេ នោះ​នឹង​បង្កើន​ការ​សង្ស័យ​ថា ការ​អនុវត្ត​ច្បាប់​មិន​ស្មើភាព និង​ការ​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ខ្វះ​ប្រសិទ្ធភាព។

លោក សេង វណ្ណលី ថ្លែងថា៖ «ខ្ញុំយល់ថា ការប្រកាសអំពីការស៊ើបអង្កេតរបស់​ក្រសួង​មហា​ផ្ទៃ​លើ​មន្ត្រី​ជាន់​ខ្ពស់​ និង​​មន្ត្រី​ប្រដាប់​អាវុធ ដូច​​ជា លោក យឹម លាង និង​​អ្ន​ក​ស្រី ជាតិ មុន្នី គ្រាន់​តែ​ជា​ល្ខោន​ទំនាក់​ទំនង​សា​ធារណៈ ដើម្បី​បន្ធូរបន្ថយ​សម្ពាធ​អន្តរ​ជាតិ និង​បំប៉ន​ភ្នែក​សាធារណ​ជន​មួយ​គ្រា​ប៉ុណ្ណោះ។ ផ្អែក​លើ​លំនាំ​ប្រវត្តិ​សាស្ត្រនៃ​​ការ​អនុ​វត្ត​ច្បាប់​នៅ​កម្ពុជា រដ្ឋាភិ​បាល​មិន​ដែល​ហ៊ាន​ប៉ះ​មន្ត្រី​ដែល​មាន​ខ្នង​បង្អែក​ធំៗ​នោះ​ទេ​ ហើយ​​ជា​ទូ​ទៅ​សំណុំ​រឿង​ធំៗ​តែង​​តែ​​ត្រូវ​​បាន​ទុក​ឱ្យ​ស្ងាត់ ឬ​ក៏​យ៉ាង​ច្រើន​បំផុត​គឺ​ចាប់​ទោស​អូស​ដំណើរ​ត្រឹម​មន្ត្រីតូ​ច​តាច​មក​ធ្វើ​ជា​តួអ​ង្គ​ទទួល​រង​ជំនួស​ដើម្បី​បិទ​សំណុំ​រឿង»។

ស្រប​នឹង​ការ​លើកឡើង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​​ក្រសួង​​មហាផ្ទៃ បើក​ការ​ស៊ើប​អង្កេត​ទូលំទូលាយ និង​ប្រកបដោយ​តម្លាភាព​លើ​មន្ត្រី​ជាន់​ខ្ពស់ និង​បុគ្គល​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ឬ​ត្រូវ​បាន​លើកឡើង​ក្នុង​ការ​រាយការណ៍​សារព័ត៌មាន​អន្តរជាតិ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​តាម​អនឡាញ។

លោក​ថា ក្រៅពី​អ្នកស្រី ជាតិ មុន្នី លោក យឹម លាង គឺ​គប្បី​ស៊ើប​អង្កេត លោក យឹម លក្ខណ៍ ប្អូន​លោក យឹម លាង លោក ហ៊ុន តូ បងប្អូន​ជីដូនមួយ​នាយក​រដ្ឋ​មន្ត្រី និង​​សមា​ជិក​​ព្រឹ​ទ្ធ​សភា​​បក្ស​​ប្រជាជន​​កម្ពុជា លោក លី យ៉ុងផាត់ លោក កុក អាន ព្រមទាំង​មន្ត្រី​ជាន់​ខ្ពស់ ដូចជា​លោក ស សុខា រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ឧបនាយក​​រដ្ឋមន្ត្រី លោក នេត សាវឿន មេ​​ប៉ូលិស លោក ឌី វិជ្ជា ដែល​​ជា​កូន​ប្រសារ លោក ហ៊ុន សែន និង​​រដ្ឋលេខា​ធិការ​ក្រសួង​​មហា​ផ្ទៃ លោកស្រី ជូ ប៊ុនអេង ជាដើម។

លោក ម៉ែន ណាត ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ អនុវត្ត​ច្បាប់​ដោយ​ស្មើភាព និង​បង្ហាញ​​លទ្ធ​ផល​​ជា​​សាធារណៈ ដើម្បី​ឆ្លើយតប​នឹង​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ និង​ស្តារ​ទំនុកចិត្ត​លើ​កម្ពុជា​ឡើងវិញ ក្នុង​ការ​លើក​ស្ទួយ​​វិស័យ​ទេសចរណ៍ ការ​វិនិយោគ សេដ្ឋកិច្ច និង​ជីវភាព​ប្រជាពលរដ្ឋ​ទូទៅ។ ប៉ុន្តែ លោក​បារម្ភ​ថា រដ្ឋាភិបាល​នឹង​មិន​អើពើ​ចាត់​វិធានការ​លើ​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​ទេ។

លោក ម៉ែន ណាត ថ្លែងថា៖ «ប៉ុន្តែយើងពិបាកជឿជាក់ថា រដ្ឋាភិបាលកម្ពុជានឹង​បើក​ការ​ស៊ើប​អង្កេត​ដោយ​​តម្លា​ភាព យុត្តិ​ធម៌ ជូន​សាធារណ​ជន អំ​ពីពួ​ក​មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​ឧក្រិដ្ឋ​កម្ម​ឆបោក​អន​ឡាញ​​ហ្នឹង​ផង និង​មន្ត្រី​ដែល​ពាក់​ព័ន្ធ​នឹង​ការ​ផ្សព្វ​ផ្សាយ​របស់​ទូរ​ទស្សន៍​ អាល់ចា​ហ្ស៊ីរ៉ា ប្រហែល​ថ្ងៃ​មុន។ ពី​ព្រោះ​រឿ​ង​នេះ​​វា​ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ធំពេក វា​ពាក់​ព័ន្ធ​​នឹង​ក្រុម​គ្រួសារ​លោក យឹម ឆៃលី ទាំង​មូល ហើយ​អ្នក​ណា​ក៏​ដឹង​ដែរ​ថា លោក យឹម ឆៃលី គឺ​អតីត​ដន្លង​របស់ លោក ហ៊ុន សែន។ អញ្ចឹង​កូនៗ​របស់​លោក យឹម ឆៃលី ទាំង​លោក យឹម លាង ទាំង​លោក យឹម លក្ខណ៍ និង​នាង យឹម ឆាយ​លីន ជា​ដើម​ ពិបាក​ក្នុង​ការស៊ើប​​អង្កេ​ត ហើយ​រដ្ឋាភិ​បាល​កម្ពុជា​ប្រហែល​ជា​មាន​ការ​ទើស​ទាល់​ក្នុង​រឿង​ហ្នឹង»។

វីអូឌី ​មិន​អាច​សុំ​ការ​ឆ្លើយតប​ពី​មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ បាន​ទេ​​នៅ​ថ្ងៃ​ទី២២ ខែ​តុលា ឆ្នាំ​២០២៦។

យ៉ាងណា កាលពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០២៦ លោក​បាន​អះអាង​ថា អង្គភាព​ជំនាញ​នឹង​ពិនិត្យ និង​ស៊ើប​​អង្កេត​ដោយ​​ផ្អែក​លើ​​អង្គហេតុ ច្បាប់ និង​ភស្តុតាង​លើ​មន្ត្រី​ពាក់ព័ន្ធ។ លោក ទូច សុខៈ ថា ក្រសួង​មហា​ផ្ទៃ​​មិន​​បាន​​ការពារ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​នោះ​ទេ ប៉ុន្តែ​លោក​ស្នើ​កុំ​ឱ្យ​សន្និដ្ឋាន​ពី​រូបថត​ដែល​បង្ហាញ​​ពី​ការ​ជួប​ជាមួយ​ថ្នាក់​ដឹកនាំ​ក្នុង​កិច្ចការ​វិនិយោគ​ស្របច្បាប់​កាលពី​មុន។

កាលពី​ថ្ងៃ​ទី២១ ខែ​តុលា ឆ្នាំ​២០២៦ ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​​ពិសេស និង​ជា​អនុប្រធាន​ប្រចាំការ និង​​ប្រធាន​លេខាធិការដ្ឋាន​គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំង​​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា លោក ឆៃ ស៊ីណា​រិទ្ធ ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ​កម្ពុជា​បាន​បង្កក​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង Prince Group ដែល​​​មាន​តម្លៃ​ប៉ាន់ស្មាន​ជិត ១ពាន់​លាន​ដុល្លារ និង​ស្នើសុំ​ជំនួយ​ពី​ប៉ូលិស​អាំងតែកប៉ូល (INTERPOL) ដើម្បី​តាម​ចាប់​ជនត្រូវចោទ ២៩នាក់ ដែល​រត់គេច​ខ្លួន​ទៅ​ក្រៅប្រទេស ពាក់ព័ន្ធ​នឹង​បទ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា និង​សម្អាត​ប្រាក់។ ក្នុង​នោះ​ក្រុមហ៊ុន​ពាក់ព័ន្ធ​មាន​ចំនួន ១៩៨ ដោយ​នៅ​កម្ពុជា មាន ៩៨ក្រុមហ៊ុន ខណៈ​តុលាការ​កំពុង​បន្ត​នីតិវិធី​លើ​សំណុំ​រឿង​​ដែល​មាន អតីត​ទីប្រឹក្សា​លោក ហ៊ុន សែន គឺ​អ្នកឧកញ៉ា ចេន ហ្ស៊ី (Chen Zhi) និង​បក្ខពួក។

ជុំវិញ​ករណី​នេះ អនុប្រធាន​គណបក្ស​កម្លាំង​ជាតិ លោក សុខ គឹមសេង យល់ឃើញ​​ថា ការ​​លុបបំ​បាត់​​ឧក្រិដ្ឋ​កម្ម​​ឆបោក​​តាម​​អន​ឡាញ ទាមទារ​ការ​ប្តេជ្ញាចិត្ត​ខ្ពស់ និង​វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព មិនមែន​គ្រាន់តែ​ជា​ការ​ឆ្លើយតប​ដើម្បី​បន្ធូរ​សម្ពាធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ត្រូវ​វាយតម្លៃ​តាម​លទ្ធផល​ជាក់ស្តែង។ លោក​ថា ប្រសិនបើ​គ្មាន​ចំណាត់ការ​ម៉ឺងម៉ាត់ និង​ការ​ទទួលខុសត្រូវ​ទេ កម្ពុជា​អាច​ប្រឈម​នឹង​ការ​បាត់បង់​ទំនុកចិត្ត ដែល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ការ​វិនិយោគ និង​សេដ្ឋកិច្ច​ជាតិ។

លោក​បន្ត​ថា ទោះបីជា​មាន​ការ​គាំទ្រ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​របស់​រដ្ឋាភិបាល​កន្លង​មក​ក៏ដោយ ក៏​​រដ្ឋាភិបាល​​ត្រូវ​​បន្ត​​ពង្រឹង​​វិធានការ​បន្ថែម​ទៀត ជាពិសេស​ការ​ស៊ើប​អង្កេត និង​ចាត់ការ​ឱ្យ​បាន​ច្បាស់​​លាស់ នៅ​ពេល​ទទួលបាន​ព័ត៌មាន និង​ភស្តុតាង​គួរ​ឱ្យ​ទុកចិត្ត​ពី​ប្រភព​ឯករាជ្យ។

លោក សុខ គឹមសេង ថ្លែង​ថា៖ «ជាការពិត រដ្ឋាភិបាលត្រូវតែប្រឹងប្រែងរឿងហ្នឹង ព្រោះ​រឿង​ហ្នឹង​វា​ពាក់​ព័ន្ធ​ច្រើន។ ទី១​រូប​ភាព​កេរ្តិ៍​ឈ្មោះលើ​ឆាក​អន្តរ​ជាតិ ទំនុក​ចិត្ត​លើ​ឆាក​អន្តរ​ជាតិ ទំនុក​ចិត្ត​លើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ សន្តិ​សុខ សុវត្ថិ​ភាព​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ ជាពិសេស​គឺ​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​ជឿ​ជាក់​ទៅ​លើ​ភ្ញៀវ​ទេសចរ ដែល​ត្រូវ​មក​ទស្សន​កិច្ច​នៅ​ប្រទេស​កម្ពុជា ហើយ​បើសិ​ន​ជា​យើង​អត់​មាន​ចំណាត់​ការ​ណា​មួយ​តឹង​រឹង អត់​មាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​បង្រ្កាប​​ឱ្យ​បាន​ម៉ឺង​ម៉ាត់ ពេល​នោះ​ខាង​ភ្ញៀវ​ទេសចរ​អន្ត​រ​ជាតិ​ក៏​គេ​ពិបាក​ក្នុង​ការ​ទុក​ចិត្ត​ ហើយ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​ថយ​ចុះ​នៃ​ភ្ញៀវ​មក​ទស្សនា​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​អ្នក​វិនិយោគ​ក៏​ជា​ចំ​ណុច​មួយ​សំខាន់​​ដែរ»។

ការ​លើកឡើង​នេះ បន្ទាប់ពី​មាន​វីដេអូ ស៊ើប​អង្កេត រយៈពេល​ជាង ២៤នាទី​របស់​អាល់ចាហ្ស៊ីរ៉ា (Al Jazeera) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ២០២៦ បង្ហាញ​ថា លោក តេង ភីពីង និង លោក យឹម លាង ព្រមទាំង​មន្ត្រី​ក្រោម​បង្គាប់ គឺ​អ្នកស្រី ជាតិ មុន្នី មាន​ទំនាក់ទំនង​ជិតស្និទ្ធ ដែល​សង្ស័យ​ថា បាន​រួម​គ្នា​រកស៊ី​ឆបោក​អនឡាញ​នៅ​កម្ពុជា ក្នុង​គម្រោង​ឡុងបេ (Long Bay) នៅ​ខេត្ត​កោះកុង។

ក្នុង​វីដេអូ នោះ​លោក តេង ភីពីង បាន​និយាយ​ដោយ​ទំនុកចិត្ត​ថា លោក​បាន​បង់​ប្រាក់​​ខែ​ឱ្យ​មន្ត្រី​​ប៉ូលិស​ និង​សង់​ប៉ុស្តិ៍​​យាម​កាម​នៅ​​ខាង​មុខ​​អគារ ដើម្បី​​ងាយ​ស្រួល​ផ្តល់​​ព័ត៌​មាន​​អំពី​​ការ​​ចុះ​​បង្ក្រាប​របស់​សមត្ថ​កិច្ច​ ជា​ដើម។ ពួក​គេ​​ថែម​ទាំង​​​ប្រើ​រថយន្ត​មាន​ស្លាក​សញ្ញា​របស់​អគ្គ​ស្នង​ការ​​នគរ​បាល​ជាតិ និង​​អា​ច​​​ហៅ​​មន្ត្រី​​ប៉ូលិស អ្នក​ស្រី ជាតិ មុន្នី មក​​​ជួ​ប​​​ពេល​ណា​​ក៏​បាន។ ជាក់ស្ដែង នៅក្នុង​វីដេអូ​ពិតជា​មាន​រូប​មន្ត្រី​ប៉ូលិស​ស្រី​រូប​​នោះ អម​ដំណើរ​មេ​ឧក្រិដ្ឋជន លោក តេង ភីពីង ស្ទើរតែ​គ្រប់​ពេល​ដែល​អ្នកកាសែត​អាល់ចាហ្ស៊ីរ៉ា បន្លំ​ជា​​មេ​ឧក្រិដ្ឋជន​​ពី​ហ្វីលីពីន ដើម្បី​​ចូល​លួច​ថត។ ក្រោយ​វីដេអូ​បែកធ្លាយ មន្ត្រី​នាំពាក្យ​ក្រសួង​មហាផ្ទៃ បាន​ត្រឹម​​ចេញ​បដិសេធ​ច្រានចោល។

ក្នុង​វីដេអូ​ស៊ើប​អង្កេត​ក៏​បាន​សួរ​អ្នក​ពាក់ព័ន្ធ តែ​ពួកគេ​សុទ្ធតែ​បដិសេធ មុន​ពេល​ទូរទស្សន៍​អាល់ចាហ្ស៊ីរ៉ា សម្រេច​​ទម្លាយ​វីដេអូ​ដែល​បាន​ថត​ជាង ២ឆ្នាំ ដោយ​បង្ហាញ​ទីតាំង​ដែល​​មាន​​កន្លែង​​កម្សាន្ត​​ប្រណីត​​ក្នុង​​តម្លៃ​​ខ្ពស់ រួម​មាន​​បម្រើ​​សេវា​​ផ្លូវ​ភេទ និង​​ប្រើ​ប្រាស់​​គ្រឿង​ញៀន ជា​ដើម។ ក្នុង​​នោះ លោក តេង ភីពីង អះ​អាង​​ថា ពេល​រក​បាន ១០​ដុល្លារ លោក​ទុក​តែ ២ដុល្លារ ខណៈ ៨ដុល្លារ គឺ​ជូន​មេ​របស់​ខ្លួន​ដើម្បី​រ​ក្សា​​ស្ថិរភាព។ ប៉ុន្តែ​លោក​មិន​បង្ហាញ​ថា មេ​នោះ​ជា​អ្នក​ណា​ទេ។

សម្រាប់​​អ្នក​​ឃ្លាំ​មើល ​ដាក់​ការ​សង្ស័យ​ថា មេ​របស់​ឧក្រិដ្ឋជន​ទាំងនោះ មិនមែន​អ្នក​មកពី​ក្រៅ ឬ​ជា​មនុស្ស​សាមញ្ញ​​ធម្មតា អាច​ធ្វើ​រឿង​នេះ​បាន​ឡើយ ហើយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​នេះ ​វា​ស្ថិត​ក្នុង​ភាព​ស្មុគ្រស្មាញ​ដែល​អ្នក​​មាន​​អំណាច​​កំពូល រៀប​ចំ​ទុក​ឡើង​ដោយ​ប្រុងប្រយ័ត្ន​ជាទីបំផុត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ